គណបក្ស​ប្រជាជន​ប្រាប់​សមាជិក​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​​ផ្នែក​នយោបាយ

លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ទៅ​កាន់​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​នៅ​កោះពេជ្រ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក ស ខេង)

គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រៀបចំ​កោះ​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​​ដោយ​មានការ​​ក្រើន​រំឭក​ដល់​សមាជិក​​របស់​ខ្លួន ឱ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​បញ្ហា​ប្រឈម​និង​ហានិភ័យ​ថ្មី​ ដែល​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ខ្លួន។

ក្នុង​សន្និបាត​ថ្ងៃ​ទី​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ក្រើន​រំឭកដល់​សមាជិក​សមាជិកា​របស់​ខ្លួន​ ​មិន​គួរ​សប្បាយ​រីករាយភ្លេច​ខ្លួនជាមួយ​នឹង​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​ឈាន​ទៅ​គ្រប់គ្រង​ប្រទេស​ទាំង​ស្រុង​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ។​

គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ ​ដែល​មាន​សមាជិក​៨៦៥​នាក់​ ​បាន​ជួប​ជុំ​គ្នា​នៅកោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​អង្គារ។​ ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សន្និបាត​ដែល​មានរយៈពេល​បី​ថ្ងៃ​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ថ្នាក់​កំពូល​របស់​គណបក្ស​ផង​ដែរ​ ​ដែល​រួមមាន​ដូចជា​ ​លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្សអនុ​ប្រធាន​របស់​លោក​គឺ​លោក​ ​ស ខេង​ ​និង​លោក​ ​សាយ ឈុំ​ ​និង​លោក​ ​ហេង សំរិន ដែល​ជា​ប្រធាន​កិត្តិយស។

នេះ​ជា​ការ​ជួប​ប្រជុំ​លើក​ដំបូង​នៃ​ស្ថាប័ន​សម្រេច​ចិត្ត​ថ្នាក់​មជ្ឈិម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ចាប់តាំង​តែ​ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ​ដែល​គណបក្ស​កាន់​អំណាច​យូរឆ្នាំ​មួយ​នេះ​ ​បាន​ឈ្នះ​អាសនៈ​ទាំង​ស្រុង១២៥/១២៥​នៅ​សភា​ ក្នុង​ពេល​ដែល​អវត្តមាន​ដៃគូ​ប្រជែង​នយោបាយ​ដ៏​ចម្បង​របស់​ខ្លួនគឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ទាំង​ចម្រូងចម្រាស​ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​ខែ​កក្កដា បាន​នាំ​ឱ្យ​គណ​បក្ស​ប្រជាជនមានអំណាច​អភិបាលកិច្ច​មហាសាល​មិន​ធ្លាប់​មាន​ឡើយ ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​មក។​ ​ក៏ប៉ុន្តែ​ដំណើរ​នៃ​ការ​ជាប់ឆ្នោត​សារ​ជាថ្មី​នេះ​ ​បាន​រង​នូវ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ​និង​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ​ដែល​បាន​ចោទ​សួរ​ពី​ភាព​ស្របច្បាប់​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ខាងលើ។

នៅ​ក្នុង​សន្និបាត​នៃ​គណៈកម្មាធិការ​កណ្ដាល​ ​លោក​ហេង​ ​សំរិន​ ​ប្រធាន​កិត្តិយស​របស់​គណបក្ស​នេះ​ ​បាន​ឡើង​ថ្លែង​ក្រើន​រំឭក​ដល់​បណ្ដា​សមាជិក សមាជិកា​គណបក្សអំពី​បញ្ហា​ប្រឈម​ដែល​នៅ​បន្ត​មាន​ ​បើ​ទោះជា​បាន​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​ក្នុង​ការ​បោះឆ្នោត​ក្ដី។

លោក​ប្រធាន​រដ្ឋសភាបាន​ថ្លែង​ ​និង​ត្រូវ​បាន​បណ្ដា​សារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដក​ស្រង់​សម្ដីថា៖​

«ពេល​គណបក្ស​ទទួល​បានជ័យជម្នះ​ ​យើង​រីករាយ​នឹង​ជ័យ​ជម្នះ​ ​តែ​យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ ​ឬ​ស្កប់​ស្កល់​និង​ជ័យជម្នះ​ឡើយ​ ​ព្រោះ​គ្រប់​សមរភូមិ​សេដ្ឋកិច្ច​របស់​យើង​សុទ្ធតែ​នៅ​មាន​បញ្ហា​ប្រឈម​ ​ឬ​យថាហេតុ​នៃ​ហានិភ័យ​ ​ដែល​អាច​កើត​មាន​ឡើង។​ ​ដូច្នេះ​យើង​ទាំងអស់គ្នាត្រូវ​តែប្រុងប្រយ័ត្ន​ខ្ពស់​ ​និង​ប្រឹង​ប្រែង​ជាប់​ជានិច្ច​ ​ដើម្បី​សេចក្ដី​សុខសាន្ត​ ​និង​ភាព​សម្បូរ​រុងរឿង​របស់​ប្រជា​ជន​ ​និង​ប្រទេស​ជាតិ​យើង»។លោក ហេង សំរិន ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជាគួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​រាល់​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​នានា​របស់​ខ្លួន​ ​នៅ​ក្នុង​បរិបទ​ដែល​ស្ថាន​ការណ៍​ពិភព​លោកមាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។​

នៅ​មុន​ការរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​នេះ ​មាន​ពាក្យ​ចចាម​អារ៉ាម​ដែល​បាន​លើក​ឡើង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គមថា​ ​លោក​ ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្សគ្រោង​នឹង​ប្រើ​ប្រាស់​វេទិកា​សន្និបាត​នេះ​ដើម្បី​ដក​តំណែង​អនុប្រធាន​ដ៏​មាន​ឥទ្ធិពល​ទាំងពីរ​រូប​គឺ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​ដែល​ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​ផ្គូផ្គង​ថា​ ជា​បេក្ខជនបន្ត​វេន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​និង​លោក​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធ​សភា។​

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះត្រូវ​បាន​ច្រានចោល​ ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​ ​ដែល​បាន​ប្រើ​ប្រាស់​វេទិកា​សាធារណៈ​មួយ​របស់​លោក​កាលពី​សប្ដាហ៍​មុន​ ​ធ្វើការ​វាយបក​ ​និង​អះអាង​អំពី​វប្បធម៌​ធ្វើការ​បែប​សាមគ្គី​ភាព​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ ​ដែល​បាន​គ្រប់គ្រង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៩​មក។​

មិន​មាន​ការ​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ ​លោក​ ​ហេង​ ​សំរិន ​ចង់​សំដៅ​លើ​អ្វី​ ​នៅ​ពេល​ដែល​លោក​និយាយ​អំពី​«សមរភូមិ​សេដ្ឋ​កិច្ច»​ ​និង​«ហានិភ័យ»​ ​រួម​ទាំង​«បញ្ហា​ប្រឈម»ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​នោះ។​

VOA​ ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​សុំ​ការ​បំភ្លឺ​បាន​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្រោយការ​បោះឆ្នោត​ខែ​កក្កដា​ ​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​បាន​ធ្វើ​ការ​បរិហារ​អំពី​បរិយាកាស​នយោបាយ​ដ៏​អាប់អួរ​នៅ​ជុំវិញ​ការ​បោះឆ្នោត។​

សហភាព​អឺរ៉ុបបាន​ប្រកាស​ថា​ ខ្លួន​បាន​ចាប់​ផ្ដើម​នីតិវិធី​ជា​ផ្លូវការ​ក្នុង​ការ​ពិចារណា​លើ​លក្ខណៈ​សម្បត្តិ​របស់​កម្ពុជា​ ​ក្នុង​ការ​បន្ត​ទទួល​បាន​ឋានៈ​ពាណិជ្ជ​កម្ម​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ចូល​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​ ​ដោយ​បាន​លើក​ឡើង​អំពី​ការ​ធ្លាក់​ចុះ​លំហ​សិទ្ធិ​សេរីភាព​នយោបាយ។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ជំហរ​ផ្ដល់​សម្បទាន​ផ្នែក​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​ ​ដោយ​រួមមាន​ការ​ដោះលែង​អ្នក​រិះគន់​រដ្ឋាភិបាល​ ​ការ​បង្ហាញ​ចេតនា​បើក​ទូលាយ​លំហ​ការងារ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ​និង​បើក​ទូលាយ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ចំណុះ​រដ្ឋ​ ​អាច​ដំណើរការ​បាន​ឡើង​វិញ។​

ចុង​ក្រោយ​បង្អស់​នេះ​ ​សមាជិក​នៃ​រដ្ឋ​សភា​ឯក​បក្ស​បាន​អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ​ដើម្បី​បើក​ផ្លូវ​ផ្ដល់​នីតិសម្បទា​ផ្នែក​នយោបាយ​ឲ្យ​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ ​ដែល​ជាប់​បម្រាមនយោបាយ​ ​អាច​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ខ្លួន​ឡើង​វិញ​បាន។​

ក៏​ប៉ុន្តែ​ជំនឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​បើក​ទូលាយ​សេរីភាព​នយោបាយ​ឡើង​វិញ​ ​នៅតែ​ជា​បញ្ហា​កង្វល់​សម្រាប់​អ្នក​តាមដាន។​ ​បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ទូលាយ​ឱ្យអង្គការ​សង្គម​ស៊ីវិលធ្វើ​ប្រតិបត្តិ​ការ​ដោយ​សេរី​ក៏​ដោយ ក៏ក្រុម​អង្គការ​និង​សមាគម​ ​ដែល​ជួបជុំ​គ្នា​អបអរ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​កន្លង​ទៅ​ ​បាន​ត្អូញត្អែរ​អំពី​ការ​រឹត​ត្បិត​របស់​អាជ្ញាធរ​មូលដ្ឋាន។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​ បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោកក្នុង​ការ​បន្ត​«បោស​សម្អាត»​ក្រុម​ប្រឆាំង​ ​ខណៈ​ដែល​លោក​នៅ​កាន់​អំណាច។​ ​លោក​បន្ត​ថា ​លោក​អាច​នឹង​បន្ត​កាន់​អំណាច​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​១០​ឆ្នាំ​ទៀត។​

ព្រះ​អង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​ធម្មិកោ​ ​អតីត​ព្រះ​លេខា​ផ្ទាល់​របស់​ព្រះបាទ​ ​នរោត្តម​ ​សីហនុ​ ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ ​VOA​ ​ថា ​តាម​ការ​ឈ្វេង​យល់​របស់​ព្រះ​អង្គ​ ​បញ្ហា​ប្រឈម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ការ​កសាង​ទំនុក​ចិត្ត​ពីសំណាក់​ប្រជាជន​កម្ពុជា​ ​និង​ភាព​ស្រប​ច្បាប់​ក្នុង​ក្រសែ​ភ្នែក​សាធារណ​ជន​ ​បន្ទាប់​ពី​ការ​ឈ្នះ​ទាំងស្រុង​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា។

ព្រះ​ញាតិ​វង្ស​ដែល​ស្ថិត​ក្នុង​បញ្ជី​អ្នក​ជាប់​បម្រាមនយោបាយ​១១៨រូប​ដែរ​នោះ​ ​បាន​មាន​ព្រះ​បន្ទូល​យ៉ាង​ដូច្នេះ​ថា៖​

«បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជាមិន​យក​ច្បាប់​យក​មក​អនុវត្ត​ ​សម្រួល​ការ​ងារ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ ​ស្រប​ទៅ​តាម​ច្បាប់​ ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ​បើ​សិន​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​នៅតែ​ធ្វើការ​គំរាម​កំហែង​ ​គាប​សង្កត់​ទៅលើ​ប្រជាពលរដ្ឋ​ ​បើសិនជា​នៅតែ​អនុញ្ញាត​ឱ្យ​មាន​ការ​អភិវឌ្ឍ​អនាធិបតេយ្យ​ ​អាហ្នឹង​អាច​កើត​ជា​ហានិភ័យ​ ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០២២​ ​និង​២០២៣។​ ​ដូច្នេះ​ហានិភ័យ​នេះ​វា​មិន​កើ​ត​ភ្លាមៗ​ទេ​ ​អាច​នឹង​កើត​ក្នុង​អនាគត»។​

កញ្ញា លី ស្រីស្រស់​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ ​បាន​លើក​ឡើង​ថា​ ​ក្នុង​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៩​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​គួរ​ណាស់​តែ​ផ្ដោត​ទៅ​លើ​ការ​កែ​ទម្រង់​ ​បង្កើន​ប្រសិទ្ធ​ភាព​អភិបាល​កិច្ច​ ​និង​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​ឱ្យ​បាន​ល្អ​ជាង​មុន​ ​និង​ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

អ្នក​វិភាគ​រូប​នេះ​បាន​លើក​ឡើង​ថា៖

«បញ្ហា​ចម្បង​គឺ​ធ្វើ​ម៉េច​កសាង​ទំនុកចិត្ត​របស់​ពលរដ្ឋ​ទៅ​កាន់​គណបក្ស។​ ​អាហ្នឹង​គឺ​បញ្ហា​ចម្បង។​ ​ហើយ​ការ​កសាង​ហ្នឹង​វា​ភ្ជាប់​ទៅ​លើ​អ្វី?​ ​វា​ភ្ជាប់​ទៅលើ​ការ​អនុវត្តទៅលើ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ​ព្រោះ​ថា​ ​យើង​បោះឆ្នោត​ឱ្យ​បក្ស។​ ​បក្ស​មាន​សិទ្ធិ​នៅ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ ​ហើយ​ដឹកនាំ។​ ​អ៊ីចឹង​បើ​សិន​ជា​បក្ស​ដឹកនាំ​ហ្នឹង​ ​វា​អត់​មាន​ការ​រីក​ចម្រើន​ ​វា​មាន​អំពើ​ពុករលួយ​ ​ឬក៏​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​ ​អា​ហ្នឹង​មាន​ន័យ​ថា​ ​គេ​មិន​ជឿ​លើ​បក្ស​ហ្នឹង​ទេ»។

នៅ​ឯ​វេទិកា​សន្និបាត​នៃ​គណៈកម្មាធិការ​កណ្ដាល​ ​ការ​ពិភាក្សា​នានា​ក៏​បាន​និយាយ​អំពី​ការ​រៀបចំ​យុទ្ធ​សាស្ត្រ​គណបក្ស​សម្រាប់​ឆ្នាំ​២០១៩​ ​និង​ការ​រៀបចំ​កែ​សម្រួល​សមាស​ភាព​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ផង​ដែរ។​ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា ​AKP ​ដែល​ជា​គ្រឹះ​ស្ថាន​ព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋ។​

គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​បាន​ធ្វើ​ការ​ពង្រីក​ខ្លួន​យ៉ាង​គំហុក​នា​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​តាម​តួលេខ​ចុង​ក្រោយ​ ​ស្ថាប័ន​នេះ​មាន​សមាជិក​៨៦៥​រូប​ ​បន្ទាប់ពី​បង្កើន​បន្ថែម​សមាជិក​៣០៦​រូប​កាល​ពី​ឆ្នាំ​២០១៥​ ​និង​បន្ថែម​៣៤២រូប​ទៀត​ ​កាលពី​ដើម​ឆ្នាំ​២០១៨​នេះ។​

សមាស​ភាព​គណៈកម្មាធិការ​កណ្ដាល​បច្ចុប្បន្ន​ ​រួមមាន​សមាជិក​ចាស់​វស្សា​ជាន់​ខ្ពស់​របស់​បក្ស​ ​ក្រុម​មន្ត្រី​ជំនាន់​ក្រោយ​ដែល​ជា​កូន​មន្ត្រី​ជំនាន់​ទី​មួយ​ ​មន្ត្រី​រាជការ​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋ​ ​ក្រុម​បញ្ញវ័ន្ត​ក្នុង​ស្ថាប័ន​សិក្សា​ ​ក្រុម​អ្នក​សារព័ត៌មាន​ ​អភិបាល​ខេត្ត​ និង​រាជធានី​ និង​សមាជិក​ជាន់ខ្ពស់​នៃ​រចនា​សម្ព័ន្ធ​សន្តិសុខ​ ​និង​យោធា​របស់​ប្រទេស៕