អាជ្ញាធរ​​ថា​នឹង​ឈ្លប​មើល​តាម​ទូរស័ព្ទ​ដើម្បី​កំណត់​ច្រក​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី

រូបឯកសារ​​៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការិយាល័យ​VOA Khmer ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ២០១៨។ (សាយ មុន្នី/VOA)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា ការ​ស្វែង​រក​និងចាប់​ខ្លួន​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រកាស​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ មិនមែន​ជា​រឿង​ពិបាក​ដែល​ត្រូវ​ប្រើ​កម្លាំង​សមត្ថកិច្ច​ច្រើន​នោះ​ទេ។

លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់ VOA នៅ​ថ្ងៃអង្គារ​នេះ​ថា សមត្ថកិច្ច​មាន​សមត្ថភាព​គ្រប់​គ្រាន់ដឹង​អំពី​ពេល​វេលា និង​ទីតាំង​ជាក់​លាក់​របស់​លោក សម រង្ស៊ី នៅ​មុន​ពេល​ដែល​លោក​ សម រង្ស៊ី ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា។

លោក​បន្ត​ថា សមត្ថកិច្ច​កម្ពុជា​បាន​និង​កំពុងតាម​ដាន​ និងត្រៀម​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ចាំ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​បរទេស​រូប​នេះ។

«ឥឡូវ​ក៏​យើង​ដឹង​ថា​គាត់​នៅ​ទីណា​ដែរ ហើយ​ដល់​ទៅ​ថ្ងៃ​៥​គាត់​នៅ​ទីណា ថ្ងៃ៥ ៦ ៧ ៨ ​៩​ យើង​ដឹង​ទាំង​អស់​ហ្នឹង។ អញ្ចឹងការ​ត្រៀម​មិន​ពិបាក​ទេ​សម័យ​នេះ​ហើយ។ មិនមែន​ពិបាក​យក​ការណ៍ ផ្ញើ​សារ​តាម​លលក ព្រាបឯណា ជា​ជំនាញ​របស់​យើង​មាន​គ្រប់​សព្វ។ ដូច​គេ​ថា​ដរាប​ណា​មាន​ទូរស័ព្ទ ដរាប​នោះ​ ផ្ទះ​នោះ​ចំហ​ទ្វារ​ទេ​តើ»។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី ​អំពី​គម្រោង​ទីតាំង​ចូល​មក​ប្រទេស​កម្ពុជា​របស់​លោក និង​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ក្នុង​ការ​ឈ្លបមើល​ទីតាំង​ច្រក​ចូល​របស់លោក​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ពី​លោក សម រង្ស៊ី។

ក្រោយ​ការ​ប្រកាស​របស់លោក សម រង្ស៊ី កាល​ពី​ខែ​សីហា កន្លង​មកថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ ​មិន​ដែល​បញ្ជាក់ថា​លោក​នឹង​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ប្រទេស​ណា​មួយ​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នៅ​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី បញ្ជាក់​ថា ការ​បង្ហាញ​ពី​ទីតាំង ឬ​ច្រក​ដែល​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​រៀបចំ​គម្រោង​របស់​លោក។

ការណ៍​នេះ​បាន​នាំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ព្យាយាម​ស្វះស្វែងកំណត់​ទី​តាំង​ច្រក​ចូល​របស់​លោកដើម្បីត្រៀមវិធានការណ៍​សន្តិសុខ រហូត​ដល់​រដ្ឋាភិបាល​បាន​អះអាង​ថា​បាន​ផ្ញើ​លិខិត​ទៅ​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន)​ឲ្យ​ជួយ​សហការ​ចាប់​លោក ​ប្រសិន​បើ​លោក​មាន​វត្តមាន​ចូល​មក​កម្ពុជា​តាម​ច្រក​ប្រទេស​របស់​ខ្លួន។

កញ្ញា លី ស្រីស្រស់ ប្រធាន​អ្នកវិភាគ​វ័យ​ក្មេង​លើក​ឡើង ការ​តាមដាន​ទំនាក់ទំនង​ទូរស័ព្ទ​របស់​លោក សម រង្ស៊ី បង្ហាញ​ថា​ រដ្ឋាភិបាល​អាច​តាម​ដាន​រាល់​ការ​ទំនាក់ទំនងរវាង​លោក​និង​រាល់​អ្នកគាំទ្រ​ទាំង​អស់របស់​លោក សម រង្ស៊ី។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ​លោក​ សម រង្ស៊ី មាន​គម្រោង​ចូល​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​សម្រុក​ចាប់​ខ្លួន​សកម្មជន​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​មិន​លោះ​ថ្ងៃ។ តួលេខ​ចុង​ក្រោយ​ដែល VOA ទទួល​បាន​ ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ដល់​ជិត​៦០​នាក់។

សេចក្ដី​រាយការណ៍​ព័ត៌មាន​កន្លង​មក ​បាន​បង្ហាញ​ថា រដ្ឋាភិបាលបាន​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ទូរស័ព្ទ​ដើម្បី​តាម​ដានឈ្លប​មើល​និង​ចាប់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិទាំង​នេះ​រួច​ទៅ​ហើយ។ ​

កញ្ញា ​លី ស្រីស្រស់ បន្ត​ថា ការ​ប្រើ​បច្ចេកវិទ្យា​ទូរស័ព្ទតាម​ដាន​នេះ បង្ហាញ​ថា ​ជា​ការ​រឹតត្បិត​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ អ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ​ បន្ថែម​ថា រដ្ឋាភិបាល​គួរ​ចំណាយ​ពេល​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ជាជាង​ចំណាយ​ពេល​ចាប់ខ្លួន​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង។

«មូលហេតុ​ដែល​ប្រជាពលរដ្ឋ​គាត់​ចាប់​ផ្ដើម​មាន​និន្នាការ​ហាក់​ដូច​ជា​មិន​គាំទ្រ​ហ្នឹង​ គឺ​ដោយសារ​អសមត្ថភាពរដ្ឋាភិបាល​ខ្លួន​ឯង​ទេ នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ ការ​អភិវឌ្ឍ​ប្រទេស។​ មាន​ន័យ​ថា​វា​មាន​បញ្ហា​ច្រើន ដូច្នេះ​ហើយ​សាធារណជន​គេ​មិន​គាំ​ទ្រ មិន​ពេញ​ចិត្ត ហើយ​តែងមាន​គំនិត​ផ្ទុយ។»

​កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាបញ្ឈប់​ការ​ចាប់​ និង​ឃុំ​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។ អង្គការ​ដដែល​បន្ថែម​ថា ការ​បង្ក្រាប​ដោយ​មិន​បន្ធូរ​ដៃ​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បន្ត​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាប់អួរ។​

​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ច្រានចោល​ការ​លើក​ឡើង​របស់​អង្គការ Human Rights Watch ថា​គឺជា​ការ​លើក​ឡើង ​«ខុស​ពី​ការ​ពិត» ហើយ​ថា​ រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​ដែល​ចូលរួម​ធ្វើ​រដ្ឋ​ប្រហារ​ប៉ុណ្ណោះ៕