យុវជនកម្ពុជា ១០ នាក់ ដែលមកពីគណបក្សនយោបាយចម្រុះចំនួន ៩ បានចូលរួមកម្មវិធីយុវជនពាក់ព័ន្ធនឹងនយោបាយ ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនដែលគាំទ្រដោយក្រសួងការបរទេសជប៉ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន និងស្ថានទូតប្រទេសជប៉ុនប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃអង្គារ។
បើតាមសេចក្តីប្រកាសព័ត៌មាន យុវជន ២ នាក់ មកពីគណបក្សប្រជាជនកម្ពុជា និង ៨ នាក់ទៀតមកពីគណបក្សផ្សេងទៀត ដែលមានទាំងគណបក្សជំទាស់។ កម្មវិធីដែលមានឈ្មោះថា បណ្តាញផ្លាស់ប្តូរនិស្សិតនិងយុវជនជប៉ុនអាស៊ីបូព៌ា ឬហៅថា JENESYS (Japan-East Asia Network of Exchange for Students and Youths) មានរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
បើតាមមន្រ្ដីស្ថានទូតប្រទេសជប៉ុនប្រចាំកម្ពុជា គណបក្សដែលមានតំណាងចូលរួមកម្មវិធីនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែររួមជាតិ និងគណបក្សធម្មាធិបតេយ្យ។
មន្រ្ដីស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រាប់វីអូអេថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង«ដើម្បីគាំទ្រការអភិវឌ្ឍតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការសង្កេតមើលការអនុវត្តលទ្ធិប្រជាធិបតេយ្យពហុបក្សរបស់ប្រទេសជប៉ុននៅទីតាំងផ្ទាល់ និងតាមរយៈការជំរុញការសន្ទនារវាងគណបក្សកាន់អំណាច គណបក្សប្រឆាំង និងអ្នកផ្សេងទៀត»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន យុវជនទាំង ១០ នាក់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅវិមានរដ្ឋសភាជាតិ ការផ្លាស់ប្ដូរយោបល់ជាមួយតំណាងរាស្រ្ដជប៉ុននៃក្រុមមិត្តភាពតំណាងរាស្រ្ដជប៉ុន-កម្ពុជា ទស្សនកិច្ចខេត្តគុនម៉ា (Gunma) ដើម្បីសង្កេតមើលការបោះឆ្នោតសភា ក្រុងម៉ែបាស៊ី (Maebashi) និងស្វែងយល់អំពីសកម្មភាពលើកស្ទួយក្រុងម៉ែបាស៊ី។
លោក ថន ចន្ថា យុវជនតំណាងគណបក្សភ្លើងទៀន ប្រាប់វីអូអេតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈប្រយោជន៍សម្រាប់យុវជនដែលមកពីតំណាងគណបក្សនយោបាយចម្រុះ ដើម្បីអាចសិក្សាស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ប្រពៃណី ជាពិសេសសកម្មភាពនយោបាយរបស់ប្រទេសជប៉ុន។
លោក ថន ចន្ថា ថ្លែងថា៖ «បើសិនជាគ្រប់យុវជនមកពីគណបក្សនយោបាយទាំងអស់បើកចិត្តឱ្យទូលាយ រៀនសូត្រហើយនឹងតម្កល់ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍រួមជាធំ ធ្វើដើម្បីជាតិ ធ្វើដើម្បីប្រជាពលរដ្ឋ ហើយយើងយកគំរូទៅតាមប្រទេសជប៉ុនដែលគេមានគោរព និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យខ្ពស់ហ្នឹង ច្បាស់ណាស់ខ្ញុំគិតថា ប្រទេសកម្ពុជានឹងមានការអភិវឌ្ឍជាងហ្នឹង»។
លោក ថន ចន្ថា យល់ឃើញថា កម្ពុជាគួរតែបើលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយគណបក្សនយោបាយទាំងអស់គួរតែងាកមករកដំណោះស្រាយបញ្ហាជុំគ្នា។
លោកបន្ថែមថា៖ «ប្រសិនបើគ្រប់គណបក្សនយោបាយ គ្រប់ភាគីនយោបាយតម្កល់ផលប្រយោជន៍រួម គិតផលប្រយោជន៍ជាតិជាធំ ហើយងាកមកជជែកគ្នា ងាកមកដោះស្រាយបញ្ហាជាតិជាមួយគ្នា ហើយយើងលើកយកបញ្ហាជាតិមកដាក់លើតុដើម្បីជជែកគ្នា ហើយយើងបើកលំហលទ្ធិប្រជាធិបតេយ្យឱ្យមានលំហសេរីភាពនៅក្នុងការបញ្ចេញមតិល្អជាងនេះ ដែលយើងអាចផ្ដល់ឱកាសឱ្យតំណាងគណបក្សគណបក្សនយោបាយជំទាស់ ជាពិសេស អាចមានសំឡេង អាចនិយាយដោយទូលំទូលាយ ដោយមិនពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ការចាប់ចង គ្រាន់តែបញ្ចេញមតិ បញ្ចេញទស្សនៈទៅនឹងរឿងបញ្ហាសង្គមជាតិនោះទេ ច្បាស់ជានឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់យើងល្អជាងនេះទៅទៀតនាពេលខាងមុខ»។
គណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំមុនឡើយ ដោយសារកង្វះឯកសារដើមនៃការចុះបញ្ជីគណបក្ស។
លោក ស៊ីម ជឿង យុវជនតំណាងគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា កម្មវិធីនេះផ្ដល់ផលសំខាន់ដល់យុវជនគណបក្សនយោបាយ ក្នុងការតស៊ូមតិចំពោះបញ្ហាសង្គម ជាពិសេសគឺការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស។ លោកបន្តថា យុវជនដែលមកពីបណ្ដាគណបក្សនយោបាយទាំងអស់គួរតែរួបរួមគ្នា ចេះជជែកគ្នា លើយកបញ្ហាដាក់នៅលើតុ និងរកដំណោះស្រាយរួមគ្នា ចៀសជាងការជជែកក្រៅផ្លូវការ ដោយមិនមានដំណោះស្រាយ។
លោក ស៊ីម ជឿង ថ្លែងថា៖ «បច្ចុប្បន្នយើងឃើញថា យុវជនមានការផុសផុលពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គមជាតិជាច្រើន ប៉ុន្ដែពាក់ព័ន្ធជាមួយការជជែករកដំណោះស្រាយរួមគ្នា រកមតិរួមគ្នា ខ្ញុំគិតថា នៅមានកម្រិត។ ដូច្នេះហើយខ្ញុំសុំលើកទឹកចិត្តដល់យុវជនមកពីបណ្ដាគណបក្សនយោបាយទាំងអស់ បើសិនជាយើងចេះឈឺឆ្អាល មានគំនិតស្រឡាញ់សង្គមជាតិយើងហើយ យើងត្រូវតែចេះរកវិធីធ្វើយ៉ាងណានិយាយគ្នាដោយសន្ដិវិធីនៅក្នុងការរកដំណោះស្រាយជូនជាតិរបស់យើង»។
គួរបញ្ជាក់ថា នេះជាកម្មវិធីដំណើរទស្សនកិច្ចលើកទី ៦ ដែលប្រទេសជប៉ុនបានរៀបចំឡើងសម្រាប់យុវជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ ដែលមកទល់ពេលនេះមានយុវជនកម្ពុជាចូលរួមសរុប ៦០ នាក់។
កាលពីកន្លងទៅ រដ្ឋមន្រ្តីការបរទេសជប៉ុនបានជំរុញឱ្យកម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសាកលតាមបែបប្រជាធិបតេយ្យ និងពហុបក្ស។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានជំរុញបែបនេះទៅកាន់លោក ហ៊ុន ម៉ាណែត ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន មុនពេលលោកឡើងកាន់អំណាចជានាយករដ្ឋមន្រ្តី៕