លោក ហ៊ុន សែន ​ប្រឆាំង​ការប្រើ​គ្រាប់​បែក​ចង្កោម​ក្នុង​សង្រ្គាម​អ៊ុយក្រែន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ បាន​អំពាវ​នាវ​ទៅ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេ​រិក ត្រូវ​រួម​គ្នា​ទប់​ស្កាត់​កុំ​ឱ្យ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​-អ៊ុយ​ក្រែន ដោយ​លោក​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​អាវុធ​ទាំង​នេះ។ នេះ​បើ​យោង​តាម​សារ​នៅ​លើ​គណនី Twitter​ របស់​លោក ហ៊ុន សែន ដែល​លោក​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា ឆ្នាំ​២០២៣។

លោក ហ៊ុន សែន លើក​ឡើង​ថា​៖ «ក្នុង​នាម​ខ្ញុំ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សូម​បន្ត​អំពាវ​នាវ​ដល់​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​អាមេរិក​មួយ​ចំនួន ដូច​ជា​ចក្រភព​អង់​គ្លេស​ អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែល​សុទ្ធ​សឹង​តែ​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ហាម​ឃាត់​គ្រាប់​បែក​ចង្កោម សូម​មាន​ភាព​ទទួល​ខុស​ត្រូវ និង​ចូលរួម​ទប់​ស្កាត់​ឱ្យ​ខាន​តែ​បាន​ ទៅ​ដល់​ប្រធានា​ធិបតី​អាមេរិក ចូ បៃដិន និង​ប្រធានាធិ​បតី​អ៊ុយ​ក្រែន​ កុំ​ឱ្យ​ប្រើប្រាស់​អាវុធ​ដ៏​កាច​សាហាវ​នេះ»។

អូតង់​គឺ​ជា​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង ដែល​មាន​៣១​ប្រទេស​ជា​សមា​ជិក ហើយ​ភាគ​ច្រើន​ជា​រដ្ឋ​នៃ​សហភាព​អឺរ៉ុប។ សហរដ្ឋអាមេរិក និង​កាណាដា ក៏​ជា​សមាជិក​នៃ​អង្គការ​នេះ​ផង​ដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ក៏​បាន​សរសេរ​សារ​នៅ​បណ្តាញ Telegram​ របស់​លោក​ថា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សាយ​ព័ត៌​មាន​យ៉ាង​ច្រើន​ថា​សហ​រដ្ឋ​អាមេរិក​នឹង​ផ្តល់គ្រាប់​បែក​ចង្កោម​ឱ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​រុស្ស៉ី។

លោក​បញ្ជាក់​ថា៖ «ប្រសិន​រឿង​នេះ​វា​ជា​ការ​ពិត​មែន ​វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែន​រាប់​សិប​ឆ្នាំ ឬ​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិន​គ្រាប់​បែក​ចង្កោម​នេះ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ីកាន់​កាប់​ក្នុង​ទឹកដី​អ៊ុយ​ក្រែន»។

លោក ហ៊ុន សែន បន្ថែម​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា​កម្ពុជា​ប្រទេស​តូច​មួយ​ ប៉ុន្តែ​យើង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពលរដ្ឋ​អ៊ុយ​ក្រែន ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក និង​អ៊ុយ​ក្រែន​ចៀស​វាង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​សង្រ្គាម​នេះ ព្រោះ​ជន​រង​គ្រោះ​ពិត​ប្រាកដ ​គឺ​ជា​ពលរដ្ឋ​អ៊ុយក្រែន»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​ថា​ការអំពាវនាវ​នេះ ជា​យោបល់​របស់​លោក​នា​យករដ្ឋមន្រ្តី​ ហ៊ុន សែន ទៅ​ដល់​អន្តរ​ជាតិ ដែល​មិន​ចង់​ឱ្យ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ដែល​ស្រប​តាម​អនុសញ្ញា​មួយ​ចំនួន​ដែល​ចែង​ពាក់​ព័ន្ធ​នឹង​ការ​ហាម​ប្រាម​នៃ​ការ​ប្រើប្រាស់​គ្រាប់​បែក​នេះ។ លោក​បន្ថែម​ថា​គ្រាប់​បែក​ប្រភេទ​នេះ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ទោះ​ជា​ចប់​សង្រ្គាម ប៉ុន្តែ​គ្រាប់​បែក​នេះ នៅ​តែ​បន្ត​ផ្តាច់​ជីវិត​ប្រជាពលរដ្ឋ ដូច​ដែល​កម្ពុជា​ធ្លាប់​ឆ្លង​កាត់។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ការ​អំពាវ​នាវ​នេះ​គឺ​មិន​មែន​ជា​ការ​អំ​ពាវ​នាវ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ឬអ៊ុយ​ក្រែន​ទេ។ គ្រាន់​តែ​សុំ​កុំ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ពីព្រោះ​គ្រាប់​បែក​ចង្កោម​អត់​បាន​ប្រើ​បច្ចេក​ទេស ដើម្បី​ឱ្យ​គ្រាប់​បែប​នេះ​ផ្ទុះ​ខ្លួន​វា​ក្នុងរ​យៈ​ពេល​ណា​មួយ ដែល​នៅ​ពេល​ដែល​តំបន់​សង្រ្គាម​ក្លាយ​ទៅ​ជា​តំបន់​សន្តិភាព នោះ​គឺ​វា​នៅ​តែ​បន្ត​ជា​ឃាតក​ដ៏​អាក្រក់​សម្រាប់​មនុស្ស​ជាតិ​នេះ​ឯង​បាទ»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ថ្លែង​ថា​ការ​អំពាវ​នាវ​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​នាម​ប្រមុខ​ដឹកនាំ​កម្ពុជា ដែល​ជា​ប្រទេស​ធ្លាប់​រង​គ្រោះ ហើយ​វា​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រាម​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម។ លោក​បន្ត​ថា​កាក​សំណល់​នៃ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​នៅ​តែ​បង្ក​ហានិភ័យ​សម្រាប់​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា​៖ «សម្រាប់​ខ្ញុំ​យល់​ថា​វា​មិន​ប៉ះ​ពាល់​ទៅ​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋអា​មេរិក ឬ​រវាង​កម្ពុជា​ និង​អ៊ុយ​ក្រែន​ទេ ពីព្រោះ​ការ​អំពាវ​នាវ​នេះ​ក្នុង​នាម​ជា​ប្រទេស​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​សារ​គ្រាប់​បែក​ចង្កោម​តែ​ប៉ុណ្ណោះ​ហើយ​យើង​ជឿ​ជាក់​ថា​ប្រជាពលរដ្ឋ​ ឬ​ក៏​ជន​ស៊ីវិល​អ៊ុយ​ក្រែន ​ក៏ដូចជា​ជន​ស៊ីវិល​នៅ​ទូទាំង​ពិ​ភព​លោក​នឹង​មិន​ស្វាគមន៍​ការ​ប្រើប្រាស់​អាវុធ​ដែល​នាំ​ឱ្យ​មាន​ការ​ប្រល័យ​ជីវិត​មនុស្ស​ បង្ក​សោកនាដ​កម្ម​ និង​វិនាស​កម្ម​ធំធេង​ដល់​មនុស្ស​ជាតិ​នោះ​ទេ»។

រូបឯកសារ៖ ទាហាន​ម្នាក់​រើស​គ្រាប់បែក​ចង្កោម​ដែល​សល់​ពី​ការ​ឈ្លានពាន​រុស្ស៊ី​នៅក្បែរ​ភូមិ Motyzhyn, ក្នុង​តំបន់ Kyiv ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១០ មេសា​ ឆ្នាំ២០២២។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ចំណែក​ក្រសួង​ការ​បរទេស​ឡាវ កាល​ពី​ថ្ងៃ​ចន្ទ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ជន​រង​គ្រោះ​នៃ​គ្រាប់​បែក​ចង្កោម​កាល​ពី​អតីតកាល។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​ឡាវ។

រដ្ឋាភិបាល​ឡាវ​បញ្ជាក់​ថា៖ «ដូច្នេះ​ហើយ ឡាវ​សូម​អំពាវ​នា​វដល់​រដ្ឋ​ ឬ​តួ​អង្គ​ណា​មួយ​ ចៀស​វាង​រាល់​ការ​ប្រើ​ប្រាស់ ការ​ផលិត​ ការ​ផ្ទេរ និង​ការ​ស្តុក​ទុក​គ្រាប់​បែក​ចង្កោម​ ដូច​ដែល​បាន​កំណត់​ក្នុង​អនុ​សញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោម ដើម្បី​កុំ​ឱ្យ​នរណា​ម្នាក់​ក្នុង​ពិភព​លោក​រង​គ្រោះ​ដោយ​សារ​អាវុធ​ដ៏​ប្រល័យ​នេះ»។

រដ្ឋាភិបាល​កាណាដា​ដែល​ជា​សមាជិក​អង្គការ​អូតង់ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មិន​គាំទ្រ​នឹង​ផែន​ការ​របស់​អាមេរិក​ក្នុង​ការ​ផ្ដល់​គ្រាប់​បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយ​ក្រែន​ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​អន្តរ​ជាតិ Reuters​ នៅ​ថ្ងៃ​ទី៨​ ខែ​កក្កដា ឆ្នាំ​២០២៣។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋបាល​របស់​លោ​កប្រធានាធិបតី​ Joe Biden បាន​អះ​អាង​ថា​ខ្លួន​កំពុង​ពិចារណា​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ជួយ​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​កង​កម្លាំង​រុស្ស៊ី។ គ្រាប់​បែក​ប្រភេទ​នេះ​អាច​បាញ់​ចេញ​ពី​កាណុង​កាំភ្លើង​ធំ​ ​ហើយ​បែក​ចេញ​ទៅ​ជា​គ្រាប់​តូចៗ​ជា​ច្រើន​បន្ត​ទៀត​ ដែល​អាច​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដ៏​ធំ​មួយ។ គ្រាប់​ប្រភេទ​នេះ​ក៏​អាច​ធ្វើ​ឱ្យ​រង​គ្រោះ​ជា​បន្ត​ទៀត នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់។

គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ហាម​ប្រាម​មិន​ឱ្យ​ប្រើ​ប្រាស់ ដោយ​ប្រទេស​ចំនួន​១២៣​នៅ​លើ​ពិភព​លោក ដោយ​សារ​តែ​ឥទ្ធិពល​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល។ ប៉ុន្តែ​សហរដ្ឋអាមេរិក អ៊ុយ​ក្រែន​ និង​រុស្ស៊ី​ មិន​បាន​ហាម​ប្រាម​លើ​ការ​ប្រើ​ប្រាស់​គ្រាប់​ប្រភេទ​នេះ​ឡើយ៕