គណបក្សប្រឆាំងនិងសកម្មជនសហជីព បានរិះគន់ច្បាប់សហជីពដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តយ៉ាងប្រញាប់ប្រញាល់នៅក្នុងរដ្ឋសភាកាលពីល្ងាចថ្ងៃច័ន្ទ ដោយពួកគេរិះគន់ថា ច្បាប់នេះមិនស្របទៅនឹងច្បាប់ពលកម្មអន្តរជាតិ។
ច្បាប់នេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហជីពនិងអង្គការសិទ្ធិមនុស្សនានា ដែលនិយាយថា ច្បាប់នេះធ្វើឲ្យពិបាកក្នុងការបង្កើតសហជីពនិងពិបាកសម្រាប់កម្មករក្នុងការធ្វើបាតុកម្មតវ៉ា។ ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះមានលក្ខខណ្ឌតម្រូវឲ្យធ្វើរបាយការណ៍ថវិកាពីសហជីព ហើយច្បាប់នេះក៏មានឃ្លាឃ្លោងមួយចំនួនដែលរើសអើងក្រុមមេដឹកនាំសហជីពកម្មករផងដែរ។
គណបក្សប្រឆាំងនឹងក្រុមសហជីពកម្មកររិះគន់ច្បាប់សហជីពថ្មីនៅកម្ពុជា
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជាឯកច្ឆ័ន្ទអនុម័តលើច្បាប់សហជីពនេះនៅក្នុងរដ្ឋសភាជាតិ ខណៈដែលតំណាងរាស្រ្តខាងគណបក្សប្រឆាំងទាំង៥៥នាក់បានសម្រេចមិនបោះឆ្នោតលើច្បាប់ថ្មីនេះទេ ដោយសារពួកគេយល់ថា វាលឿនពេកក្នុងការបោះឆ្នោតក្នុងសភាដោយមិនមានការពិភាក្សាដេញដោលឲ្យបានហ្មត់ចត់។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តខាងគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីថ្ងៃ អង្គារថា «គោលបំណងរបស់រដ្ឋាភិបាលគឺច្បាស់លាស់ណាស់ថា មិនមែនដើម្បីការពារកម្មករដោយស្របច្បាប់នោះទេ គឺដើម្បីត្រួតត្រាសហជីពតែម្តង»។
លោកបានមានប្រសាសន៍ថា អនុសាសន៍ជាច្រើនដែលផ្តល់ដោយសហជីព អង្គការការពារសិទ្ធិកម្មករនិងគណបក្សប្រឆាំងគឺដើម្បីធានាថា ច្បាប់នេះគឺស្របទៅនឹងបទបញ្ញត្តិអន្តរជាតិដែលត្រូវបានគេមើលរំលង។
រាជរដ្ឋាភិបាលការពារច្បាប់សហជីពថ្មី
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានការពារច្បាប់នេះ ដោយនិយាយថា «យើងបានពិនិត្យច្បាប់នេះ ដោយយោងទៅតាមបទដ្ឋានកម្ពុជា។ កម្ពុជាមិនមែនជាសហរដ្ឋអាមេរិកឬចក្រភពអង់គ្លេសនោះទេ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមជំទាស់ក្នុងការពិភាក្សាដេញដោលលើច្បាប់នេះ មុនការបោះឆ្នោតកាលពីថ្ងៃច័ន្ទ។
លោកបាននិយាយអំពីការសម្រេចរបស់គណបក្សប្រឆាំងក្នុងការធ្វើអនុប្បវាទថា «ពួកគេមានឱកាសក្នុងការលើកដៃ»។
កាលពីសប្តាហ៍មុន គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា បានចេញរបាយការណ៍មួយដែលរៀបរាប់លម្អិតអំពីឃ្លាឃ្លោងជាច្រើននៅក្នុងច្បាប់ថ្មីនេះដែលបំពានដល់សន្ធិសញ្ញាពលកម្មអន្តរជាតិ។
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិកាលពីមុន បានសរសេរលិខិតមួយច្បាប់ផ្ញើជូនដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលក្នុងនោះមានអនុសាសន៍មួយចំនួនដែលអាចធ្វើឲ្យច្បាប់នេះស្របទៅនឹងបទដ្ឋានអន្តរជាតិបាន។
អង្គការ ILO បានចេញលិខិតមួយកាលពីល្ងាចថ្ងៃច័ន្ទ ដោយបានស្នើឲ្យរាជរដ្ឋាភិបាលសហការជាមួយនឹងសហជីពនិងនិយោជក ដើម្បីធានាថា ច្បាប់ថ្មីនេះត្រូវបានអនុវត្តប្រកបដោយ«យុត្តិធម៌និងមិនលំអៀង»។
ការតវ៉ាដោយហិង្សា
កាលពីព្រឹកថ្ងៃច័ន្ទ ការប្រតាយប្រតប់គ្នាដោយបង្ហូរឈាមបានកើតឡើង នៅពេលដែលក្រុមសហជីពកម្មករនិងក្រុមសកម្មជនកម្មករបានប្រមូលផ្តុំគ្នានៅក្បែររដ្ឋសភាជាតិ និងត្រូវបានបំបែកដោយហិង្សាដោយកងកម្លាំងសន្តិសុខនៅទីនោះ។ មេសហជីពម្នាក់ត្រូវបានគេច្រានឲ្យដួលទៅនឹងដី ហើយម្នាក់ទៀតត្រូវបានគេវាយចំមុខ។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្ស Central ដែលមានវត្តមាននៅទីនោះដើម្បីឃ្លាំមើលសកម្មភាពតវ៉ានោះ បានពិពណ៌នាការបង្រ្កាបនេះថាជាការឆ្លើយតប«បែបជនអន្ធពាល»របស់រាជរដ្ឋាភិបាល។
លោក តុលា បានហៅ «ច្បាប់នេះថាមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ដោយសារនៅក្នុងច្បាប់នេះបានចែងយ៉ាងច្បាស់ថា កម្មករមិនអាចធ្វើបាតុកម្មតវ៉ាបានឡើយ»។
អង្គការសិទ្ធិមនុស្សលូកដៃចូល
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយថ្កោលទោសទាំងទៅលើអំពើហិង្សានិងច្បាប់ថ្មីនេះ។
លោក Phil Robertson នាយករងការិយាល័យនៅអាស៊ីរបស់អង្គការ Human Rights Watch បានមានប្រសាសន៍ថា «សភាជាតិបោះឆ្នោតដើម្បីអនុម័តលើច្បាប់សហជីព ដែលផ្ទុយទៅនឹងបទដ្ឋានអន្តរជាតិ ដែលនេះបង្ហាញពីការចុះថមថយកាន់តែខ្លាំងនូវសិទ្ធិកម្មករនៅក្នុងប្រទេសកម្ពុជា»។
សិទ្ធិកម្មករគឺជាបញ្ហាដ៏ចម្រូងចម្រាសអស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមានការធ្វើបាតុកម្មពីក្រុមសហជីពដើម្បីស្នើសុំដំឡើងប្រាក់ខែជារឿយៗ ប៉ុន្តែត្រូវបានក្រុមប៉ូលិសឆ្លើយតបយ៉ាងហិង្សាទៅវិញ៕
ប្រែសម្រួលដោយ នាង ហុង ចិន្តា