ខណៈអាមេរិកប្រកាសពីការរឹតបន្តឹងទិដ្ឋាការសម្រាប់ប្រទេសកម្ពុជា និងប្រទេសចំនួនបីផ្សេងទៀត ដោយប្រហែលជាផ្តោតការរឹតបន្តឹងលើទិដ្ឋាការសម្រាប់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់មន្រ្តីទាំងនោះ នារសៀលថ្ងៃសុក្រនេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលើកឡើងថា កម្ពុជាកំពុងស្វែងរកដំណោះស្រាយជាមួយភាគីអាមេរិក។
កម្ពុជាកំពុងស្វែងរកការចរចាជាមួយអាមេរិក ក្រោយមានការប្រកាសគម្រោងរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់កម្ពុជា និងប្រទេសបីទៀត ដោយចោទថា កម្ពុជាបានផ្អាក ឬពន្យារការទទួលយកពលរដ្ឋខ្មែរដែលត្រូវបានអាមេរិកនិរទេសចេញ កាលពីពេលកន្លងមក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសពីសហរដ្ឋអាមេរិកមកវិញចាប់តាំងពីពេលកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឆ្នាំ២០០២ ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិកត្រឡប់មកកម្ពុជាវិញ។ ជនជាតិខ្មែរទាំងនោះ ភាគច្រើនកើតនៅជំរំភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីគ្រួសាររបស់ពួកគេគេចពីសង្គ្រាមនៅកម្ពុជា ហើយធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពេលពួកគេនៅជាកុមារ។

រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា កម្ពុជាសម្រេចផ្អាកការទទួលយកពលរដ្ឋខ្មែរពីអាមេរិក កាលពីប៉ុន្មានខែមុន បន្ទាប់ពីកម្ពុជាដាក់ការស្នើឲ្យពិភាក្សាក្នុងការកែប្រែអនុស្សរណៈនោះ។ លោកបន្ថែមថា កម្ពុជាបានស្នើឲ្យមានការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-អាមេរិក ក្នុងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ជាជាងបញ្ជូនពួកគេត្រឡប់មកវិញទាំងបង្ខំ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា៖
«សុំឲ្យឈរលើគោលការណ៍ស្ម័គ្រចិត្តបានទេ? ហើយអ្នកខ្លះដែលមកហ្នឹង ដែលមិនអាចធ្វើសមាហរណកម្មចូលពលរដ្ឋបាន សូមឲ្យគាត់ពិនិត្យពិច័យឡើងវិញ។ អ្នកខ្លះមានប្រពន្ធ មានកូននៅឯហ្នឹង។ ថ្វីដ្បិតតែមិនទាន់បានចូលសញ្ជាតិមែន ប៉ុន្តែគាត់មានផ្ទះសម្បែង គាត់មានប្រពន្ធ មានកូនមានអី។ ដល់អីចឹងជំរុញគាត់មក អាហ្នឹងជាការពង្រាត់ពង្រាស់ទៀតហើយ។ អីចឹងយើងគ្រាន់សុំឲ្យគាត់ចរចាគ្នាឡើងវិញមើល MOU ហ្នឹង! ហើយក្នុងពេលចរចាហ្នឹង យើងផ្អាកការទទួលបណ្តោះអាសន្នសិន។ មិនមែនយើងថា មិនទទួលឯណា! តែសុំឲ្យនិយាយគ្នាសិន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកការពិភាក្សាជាមួយអាមេរិក ធ្វើយ៉ាងណាឲ្យមានភាពសមស្របពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជា និងរកដំណោះស្រាយលើការរឹតបន្តឹងទិដ្ឋាការពីកម្ពុជានេះ។លោកអះអាងថា ភាគីអាមេរិកបានទទួលលិខិតស្នើសុំនោះរួចហើយ តែមិនទាន់មានការឆ្លើយតបនៅឡើយ។
ទីភ្នាក់ងារព័ត៌មានAP ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋបាលរបស់លោកប្រជាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋប្រទេសកម្ពុជា ប្រទេសអេរីត្រេ (Eritrea) ប្រទេសហ្គីណេ (Guinea) និងប្រទេសសេរ៉ាឡេអូន (Sera Leone) ដែលមិនព្រមយកប្រជាជនរបស់ពួកគេដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ក្រោយរងការកាត់ទោសពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។
ទីភ្នាក់ងារព័ត៌មាន AP ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា បានស្រង់សម្តីរបស់ក្រុមមន្រ្តីនៃក្រសួងការបរទេសអាមេរិក ដែលថ្លែងដោយមិនបញ្ចេញឈ្មោះថា ប្រទេសទាំងបួននេះនឹងត្រូវដាក់ទណ្ឌកម្មឆាប់ៗនេះ ដើម្បីឲ្យប្រទេសទាំងនោះយកចិត្តទុកដាក់ក្នុងការទទួលយកប្រជាជន ដែលត្រូវបានអាមេរិកនិរទេសចេញ ទៅប្រទេសពួកគេវិញ។
រូបឯកសារ៖ ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ១២០នាក់ បានធ្វើបាតុកម្មនៅមុខការិយាល័យអន្តោប្រវេសន៍ប្រចាំរដ្ឋ Minnisota ដើម្បីស្វែងរកអន្តរាគមន៍ឲ្យបញ្ឈប់ការបញ្ជូនពលរដ្ឋខ្មែរអាមេរិកាំង៨នាក់ទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ទីភ្នាក់ងារព័ត៌មាន AP បានស្រង់សម្តីក្រុមមន្រ្តីទាំងនោះបន្ថែមថា ផ្អែកលើច្បាប់សហព័ន្ធរបស់អាមេរិក លោក Rex Tillerson ដែលជារដ្ឋមន្រ្តីការបរទេសអាមរិក អាចបញ្ឈប់ការចេញប្រភេទទិដ្ឋាការទាំងអស់ ឬប្រភេទជាក់លាក់ណាមួយ សម្រាប់ប្រទេសទាំងនោះ។ ប៉ុន្តែក្រុមមន្រ្តីទាំងនោះនិយាយថា លោក Rex Tillerson ទំនងជាមិនហាមទិដ្ឋាការទាំងអស់ទេ ផ្ទុយទៅវិញ លោកនឹងផ្តោតលើ «មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ពួកគេ» ដូចដែលសហរដ្ឋអាមេរិកបានធ្វើកាលពីមុន។
លោក David Josar អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយរុញឲ្យសួរក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកវិញ។ រហូតមកដល់ពេលនេះ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកមិនទាន់បានឆ្លើយតបសារអេឡិចត្រូនិចរបស់ VOA នៅឡើយទេ។
ការប្រកាសពីគម្រោងរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់កម្ពុជានេះធ្វើឡើង ស្របពេលដែលទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាហាក់កំពុងមានភាពតានតឹងយ៉ាងខ្លាំង ក្រោយពេលរដ្ឋាភិបាលកម្ពុជាបានបិទវិទ្យាសា្ថនជាតិប្រជាធិបតេយ្យ (NDI) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបានបណ្តេញបុគ្គលិកបរទេសរបស់អង្គការនេះចេញពីកម្ពុជា និងស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាជាច្រើនដែលតែងរិះគន់រដ្ឋាភិបាល កំពុងត្រូវបានផ្អាក និងបិទការផ្សាយជាបន្តបន្ទាប់។
នៅដើមខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ដែលតែងនិយាយថា លោកចូលចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីបំណងចង់ដកសញ្ជាតិអាមេរិកាំងរបស់ចៅលោកម្នាក់ ដែលលោកអះអាងថា បានចាប់កំណើតក្នុងទឹកដីសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ថ្លែងថា លោកមិនចង់ឃើញចៅរបស់លោក ក្លាយជាទាហានជាប់កាតព្វកិច្ចអាមេរិកាំង ដើម្បីត្រៀមធ្វើសង្គ្រាមនោះទេ៕