​មន្ត្រី​កម្ពុជា​មាន​សុទិដ្ឋិនិយម​លើ​កម្មវិធី​នយោបាយ ដើម្បី​លើក​កម្ពស់​សុខមាលភាព​ និង​បង្កើន​ចំណូល​ដល់​ពលរដ្ឋ

កិច្ចពិភាក្សា​ក្នុងកម្មវិធីស្តីពី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ រៀបចំ​ឡើង​ដោយ​ CDRI

គិត​ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សមាសភាព​ភាគ​ច្រើន​ជាមនុស្ស​វ័យ​ក្មេង កម្មវិធី​នយោបាយ​ថ្មីៗជាច្រើន​ត្រូវ​បាន​កំណត់​ឡើង​ នៅក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ និង​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​មាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០។ ​

នៅ​ក្នុង​កម្មវិធី​ស្តីពី​«ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​៖ការ​កំណត់​មាគ៌ា​សម្រាប់​វិបុល​ភាព​ប្រកប​ដោយ​ភាព​ធន់​ និរន្តរភាព និង​បរិយាបន្ន» មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​សេដ្ឋកិច្ច​មួយ​រូប​បាន​ព្យាយាម​ឆ្លើយ​តប​ទៅនឹង​ការ​តាំង​សំណួរ​ផ្សេង​ៗ​ ពាក់​ព័ន្ធ​ការ​សម្រេច​បាន​កម្មវិធីនយោបាយ​សំខាន់ៗ​ចំនួន​៦​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ឡើង ដើម្បីពង្រីក​សេវាថែទាំ​សុខ​ភាព​សាធារណៈ ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ និង​កម្មវិធី​ជំនួយ​សង្គម​ផ្សេង​ទៀត​ ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ ឬ​ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះ​ខាត​ហួស​ពី​បន្ទាត់​ភាព​ក្រីក្រ។

រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ផាន់​ ផល្លា​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​បែង​ចែក​ថវិកា​រួចរាល់ ដើម្បី​បម្រើ​ដល់​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​នានា​ដែល​បាន​ដាក់​ចេញ នៅ​ក្រោម​យុទ្ធសាស្ត្រ​បញ្ចកោណ​តំណាក់​កាល​ទីមួយ។

លោកលើក​ឡើង​ថា៖ «សំណួរ​មួយ​ទៀត​ថា​ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​កម្មវិធី​ទាំង​៦​ត្រូវ​បាន​ដាក់​ចេញ​សម្រេច​បាន​ ខ្ញុំសុំ​ជម្រាប​ឯកឧត្តម​ថា​កម្មវិធី​ទាំង​៦​នេះ​ គឺ​យើង​បាន​រៀប​ចំ​ផែន​ការ​សកម្មភាព​រៀប​អស់​ហើយ​ ហើយ​សម្តេច​លោក​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​អ្វីដែល​ជា​ចំណុច​សំខាន់​នោះ​ គឺកម្មវិធី​ទាំង​៦​នេះ​ មាន​ថវិកា​ allocated [ត្រូវបាន​បែងចែក​] ជូន​អស់​ហើយ ផ្ទេរ​កម្ម​វិធី​ទៅ​ឲ្យ​ តែ​អត់​មាន​លុយ​ធ្វើ​អី​កើត?​»។

ទាក់​ទិន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យមាន​កញ្ចប់​ថវិកា​ជួយ​ដល់​យុវជន​ដែល​មាន​ស្ថាន​ភាព​ជីវភាព​លំបាក​ខ្លាំង​ ហើយ​ត្រូវបោះបង់​ចោល​ការ​សិក្សា។

លោក​បន្ថែម​ថា​៖ «ពីព្រោះ​ជា​ការ​គិត​គូរ​ បានន័យ​ថា​ ព្រោះ​យុវជន​ដែល​គាត់​ ដូច​ថា​ ឥឡូវ​គាត់​បោះបង់​ចោល​ការ​សិក្សា​ គាត់​ទៅរក​ការ​ងារ​ធ្វើ​ ដោយសារអី? ដោយសារ​គាត់​ខ្វះខាត​ជីវភាព​។ អ៊ីចឹង​ឥឡូវ​បើ​ឲ្យ​គាត់​មក​រៀន​ គាត់​អត់​មក​ទេ បើសិន​អត់​មាន​ប្រាក់​ឧបត្ថម្ភ​...គាត់​បោះបង់​ការ​សិក្សា​ដើម្បី​ទៅ​ធ្វើ​ការ​បាន​លុយ​ តែ​ដល់​ពេល​ឥឡូវ​ ទៅ​ហៅ​គាត់​មក​រៀន គាត់​មាន​លុយ​ឯណា? អ៊ីចឹងហើយ​គឺ​ការ​គិត​គូរ​ បាន​ន័យ​ថា​ បើ​អ្នក​ បើ​ប្អូន​ៗ​ជា​យុវជន​ យុវនារី​ដែល​នៅ​ក្នុង​គ្រួសារ​ក្រី​ក្រ​ ហើយ​នៅក្នុង​គ្រួសារ​ដែល​ងាយ​រង​ហានិភ័យ​ មក​រៀន​...គឺ​គាត់​នឹង​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត​ ៧០​ដុល្លារ​ ក្នុងមួយ​ខែ​ ហើយ​កម្មវិធី​គឺ​សម្តេច​មហាបវរធិបតី​លោក​បាន​ដាក់​បើក​ហើយ​ពី​ថ្ងៃទី​១៤​ខែ​នេះ​»។

នៅ​ពេល​ចូលរួម​ជាអធិបតី​នៃ​កម្មវិធីស្តីពី​ ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀតរៀបចំ​ឡើង​ដោយ​ វិទ្យា​ស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ ក្នុងកិច្ចសហការជាមួយដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ម៉ាណែត​ បាន​លើក​ឡើង​ថា​ ក្នុងរយៈពេល៣ខែ​កន្លងទៅ​នេះ​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​កម្មវិធី​គោល​នយោបាយ​អាទិភាព​ ក្នុង​នោះ​គឺ​កម្មវិធី​ចំនួន​៥ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​រួច​ហើយ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ ម៉ាណែត ថ្លែង​ក្នុងកម្មវិធី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០​ ក្រុង​ភ្នំពេញ​ ថ្ងៃទី​២៣ខែវិច្ឆិកា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី​/វីអូអេ)​

បើ​តាម​លោក​ហ៊ុន​ ម៉ាណែត​ ​ កម្ម​វិធី​គោល​នយោបាយ​ទាំងនោះ​រួមមាន​ យុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឆ្នាំ​២០២៣​ ២០២៨​ ការពង្រឹង​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពីគ្រួសារ​ក្រីក្រ​ ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើក​ស្ទួយ​ផលិត​ផល​កសិកម្មរកទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​ និង​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ទៀតថា​ រដ្ឋាភិបាល​របស់​លោក​ក៏​បាន​ដាក់​ចេញ​កម្មវិធីកែទម្រង់​មួយចំនួន​ទៀត​ដើម្បី​ជំរុញ​ពិពិធកម្ម​សេដ្ឋកិច្ច​ បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ និងឆ្លើយ​តបទៅ​នឹង​កង្វល់​របស់​វិស័យ​ឯកជន​ ជុំវិញ​បន្ទុក​ធ្វើធុរកិច្ច ព្រម​ទាំង​ការ​សម្រាល​បន្ទុក​របស់​ប្រជាជន​ទូទៅ​ ដោយ​ការ​លុប​បំបាត់​ និង​កាត់​បន្ថយ​នីតិវិធីរដ្ឋ​បាល​មិន​ចាំបាច់​នានា​។​

​លោក​បន្ថែមថា​៖«​ជាមួយ​នឹង​ការ​អនុវត្ត​កម្មវិធី​ វិធានការ​គន្លឹះ​ និង​វិធានការ​កែទម្រង់​មុតស្រួច​នានា​ ដែល​ត្រូវ​បាន​ដាក់​ចេញ​កន្លង​មក​ និង​វិធាន​ការ​បុរេសកម្ម​ផ្សេង​ៗ​នៅ​ក្នុង​ពេល​ខាង​មុខ​ កម្ពុជាអាច​នឹង​រំពឹង​ថា​ នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​៥.៦ភាគរយ​ នៅ​ឆ្នាំ​២០២៣​និងបន្ត​ងើប​កាន់​តែ​លឿន​នៅ​ឆ្នាំ​២០២៤ជាមួយ​នឹង​អត្រា​កំណើន​៦,៦ភាគរយ​។ ប្រាកដ​ណាស់​ថា​ ទស្សន​វិស័យ​កំណើន​នេះ​ ក៏​អាច​ប្រឈម​នូវ​ហានិភ័យ​មួយ​ចំនួន​ ក្នុង​ពេល​ដែល​ស្ថាន​ភាព​បច្ចុប្បន្ននៅមាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់​នៅ​ឡើយ​។ ក្នុងន័យ​នេះ​ កម្ពុជា​ចាំចាច់​ត្រូវ​ប្រកាន់​យក​ជំហរ​ស្មារតី​នៃ​ការ​កែ​ទម្រង់ជាប្រចាំ​ និងបុរេសកម្ម​ជានិច្ច​ដោយ​ព្យាយាម​កសាង​ឲ្យ​បាន​នូវ​ភាព​ធន់​និង​ជំរុញ​ពិពិធកម្ម​សេដ្ឋកិច្ច​ផង​»។ ​

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត​ រំពឹងថា​ការផ្លាស់​ប្តូរ​យោបល់​នានាប្រកប​ដោយ​ស្មារតី​ស្ថាបនា​នៅ​ក្នុង​សន្និសីទ​ស្តីពី​ចក្ខុ​វិស័យ​កម្ពុជានៅ​ឆ្នាំ​២០២៣​នេះ នឹង​រួមចំណែក​ដល់​ការ​ទទួល​ខុស​ត្រូវ​ជោគវាសនា​របស់​កម្ពុជា​។

លោក​ក៏ឲ្យ​ដឹង​អំពី​ក្តី​សង្ឃឹម​ថាលទ្ធផល​ស្រាវជ្រាវ​របស់ វិទ្យា​ស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)នៅ​ពេល​ខាង​មុខ​នឹងក្លាយ​ជា​ការ​តម្រង់​ទិស​ឲ្យរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​នានា ក៏ដូច​ជាវិធានការ​គោលនយោបាយ​ដើម្បីដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​កំពុង​កើត​មាន​ ​និង​នាពេល​បន្តបន្ទាប់​រួមទាំងបញ្ហា​ប្រឈម​នៅ​ពេល​ដែល​កម្ពុជា​រំពឹង​ថា​នឹង​ឆ្លង​ផុត​ពី​ឋានៈជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅឆ្នាំ​២០២៧​ខាងមុខ​ និង​ការ​ពង្រឹងមូលដ្ឋាន​សេដ្ឋកិច្ច​ដែលមានពិពិធកម្មជាង​ពេលមុន​ និង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ចដើម្បី​ឈានទៅសម្រេច​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​កម្ពុជា។

នៅ​ត្រង់​បញ្ហា​សម្រេច​ឲ្យ​បាន​គោល​ដៅ​ឆ្នាំ​២០៣០​របស់​កម្ពុជា​ មានកា​រចោទសួរ​ពីមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​មួយរូប​អំពីលទ្ធភាព​ដែល​កម្ពុជា​អាច​សម្រេចបានគោលដៅ​នៅ​រយៈ​ពេល​៧​ឆ្នាំ​ទៀត​នោះ​ គ្រាមាន​ការ​ដាក់​ចេញ​គោល​នយោបាយ​ថ្មី​ៗ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​។

រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​ផាន់​ ផល្លា​ ថ្លែង​ថា​ធនាគារ​ពិភពលោក​បាន​និង​កំពុង​រៀបចំ​កំណត់​កម្រិត​ចំណូល​ជា​២ប្រភេទ​គឺមួយ​ ​«ចំណូល​មធ្យមកម្រិតទាប» និង​ «ចំណូល​មធ្យម​កម្រិត​ខ្ពស់​» តែ​ថា​គិតត្រឹម​ឆ្នាំ​២០២៣​នេះ​ ចំណូល​ជា​មធ្យមប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជាខ្លះឥឡូវ​អាច​មាន​កម្រិត​ប្រហែល​៤.៤០០​ដុល្លារ​អាមេរិក​ ក្រោយ​ការ​គណនា​លើ​ការ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋក្នុង​ប្រទេស​។

លោកថ្លែងថា៖ ​«$4440 បាន​ន័យ​ថា​ ៤.៤០០​[ដុល្លារ] អ្នក​ណា​ដែល​ដូចថា​ដែល​មាន​ចែក​ទៅ​ចំណូល​បាន​ហ្នឹង​ គឺ​យើង​ជាប់​ទៅជា​ higher middle income​ country [ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​]។ អ៊ីចឹង​ សម្រាប់​២០៣០​ លេខ​ ព្រោះ​លេខ​នេះវាគឺប្តូរ​ វាមាន​ការ​ផ្លាស់​ប្តូរ...វា​មិនមែន​ជា​ fixed term [រយៈពេល​កំណត់​]។ អ៊ីចឹង​ហើយ​ អាហ្នឹង​មាន​ការ​ផ្លាស់​ប្តូរ​រាល់​ឆ្នាំ។ ប៉ុន្តែ ខ្ញុំ​ថា​ ក៏វា​ក្នុង​រង្វង់​ប្រហែល​ប៉ុណ្ណុងហើយ នៅ​ពេល​នោះ​ មិន​អាច​ មិន​អាច​លើស​នោះ​ [ឬ] ក៏​ខ្វះ​ ប្រហែល​ជា​លើស​»។

លោក​ឡាច សាវី នាយកប្រតិបត្តិការ​នៃអង្គការមូលនិធិកុមារកម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA​ ក្រុង​ភ្នំពេញ​ ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣។

ទោះយ៉ាង​ណា​ នាយក​ប្រតិបត្តិការ​នៃអង្គការមូលនិធិកុមារកម្ពុជា​លោក ​ឡាច សាវី​ ប្រាប់​វីអូអេ​ថា​ ការសម្រេច​បាន​ឋានៈ​ជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ អាច​ជួប​ការ​រំខាន​ខ្លះ​ៗ ដោយ​សារ​តែ​វិបត្តិ​ផ្សេងៗ​ដែល​កំពុង​កើត​ឡើង​នៅ​ក្រៅ​ប្រទេស​ និង​បញ្ហា​ប្រឈម​ក្នុង​ស្រុក​មួយ​ចំនួន។

លោក​ថ្លែង​ថា​៖ «សេដ្ឋកិច្ច​ពិភព​លោក​ក៏វា​មិន​ទាន់​ ដូច​ថា recover [ងើប​ឡើងវិញ] ខ្ញុំ​គិត​ថា​ វា​អាច​មាន​ការ​ប្រឈម​ខ្លាំង​។ គ្រាន់​ថាបើការ​ដើរ​ឆ្ពោះ​ទៅ​មុខវា​ វា​មិន​រលូន​ដូចការ​រំពឹង​ទុក​ទេ​។ ហើយ​ចំពោះ​នៅ​ក្នុង​អន្តរ​កាល​នេះ​ វា​មាន​ការ​ប្រឈម​ខ្លាំង​ តែ​គ្រាន់​ថា ទៅ​រួច មិន​ទៅ​រួច​ ខ្ញុំគិត​ថា​ យើង​អាច​ចាំ​មើល​ទាំង​អស់​គ្នា​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​... វា​មា​នការ​ challenge [ប្រឈម​ ]ខ្លាំង​»។

ចំណែក​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​លោក ​វន់ ពៅ យល់​ថា​អ្វីៗ​គឺនៅ​លឿនពេក​ដើម្បី​ធ្វើ​ការ​វាយតម្លៃ​លើ​លទ្ធភាព​នៃ​ការ​សម្រេច​បាន​នូវ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិទី​៧​នេះ។

លោក​ថ្លែង​ថា​៖ «បើ​យើង​និយាយ​ពី​ការ​ចូលរួមចំណែក​ក្នុង​ការ​ជួយ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បើសិន​ខ្ញុំ​មើល​គោល​នយោបាយ​គឺ​ល្អ​ ល្អ​មែន​ទែន​ដែល​យក​ចិត្ត​ទុកដាក់​ ទៅ​លើ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ យើង​មើល​គោល​នយោបាយ​អភិវឌ្ឍន៍ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​២០២៣​ ២០២៨ឃើញ​ថា​ មាន​ខ្លឹមសារ​ទ្រទ្រង់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជំរុញ​ឲ្យ​ចុះបញ្ជី​ដើម្បី​ទទួល​បាន​ក្លាយ​ទៅ​ជា​អ្នកនៅក្នុង​ប្រព័ន្ធ​ ហើយ​រដ្ឋមាន​គោល​នយោបាយ​ក្នុងការ​រៀបចំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​លំនឹង​សេដ្ឋកិច្ច​ លំនឹង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ យើង​មើល​គោល​នយោបាយ​។​»

លោក​បន្ថែមថា​៖ «​ប៉ុន្តែ​ការ​អនុវត្ត​ទៅមុខ យើង​មិនដឹង​យ៉ាង​ម៉េច ​ព្រោះ​ឥឡូវ​ហ្នឹង​គោល​នយោបាយ​កំពុង​តែ​រៀបចំ​ និង​អនុវត្ត​ នៅ​ពេល​ដែល​អនុវត្ត​បាន​ពាក់​កណ្តាល​ទី​ ឬបាន​កម្រិត​ណា​ អាហ្នឹង​បាន​យើង​និយាយ​វាយតម្លៃ​ថា​ តើអនុវត្ត​វា​ប្រសិទ្ធភាពកម្រិត​ណា​នោះ​ យើង​នឹង​តាម​ដាន​មើល​ទាំង​អស់​គ្នា​ទៀត​»។

កម្មវិធី​ស្តីពីចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ កើត​ឡើង​នៅក្រោយ​ការ​ចេញ​របាយ​ការណ៍​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក ដែល​បាន​បង្ហាញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ ​នឹងមាន​កំណើន​៥,៤​ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣​ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី​៥,៥​ភាគរយ​ ដែល​ត្រូវ​បាន​ព្យាករ​ទុក​កាល​ពីខែ​ឧសភា​កន្លងទៅ​។

ដើម្បីជំរុញ​កំណើន​បន្តទៀត​នោះ ធនាគារ​នេះ បានផ្តល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​កែទម្រង់​មួយចំនួន​ ដូចជា​ ការ​កែលម្អ​បរិយាកាស​ធុរកិច្ច ដើម្បីបង្កើន​ផលិតភាព​ និងការប្រកួត​ប្រជែង ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ពន្ធ​ និងបណ្តាញ​តភ្ជាប់​ផ្លូវ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់​កម្លាំង​ពល​កម្មជាដើម​។

អ្នកជំនាញសេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ថ្លែងថា​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​បើក​ចំហ​ទទួល​យក​ការ​វិនិយោគ​ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នានា​។ ហើយ​ប្រទេស​នេះ​ក៏ត្រូវ​បន្តពង្រឹង​វិស័យ​អប់រំ​ចាប់​តាំង​ពី​ការ​អប់រំ​នៅ​មុនវ័យ​កុមារភាព​ ដល់​កម្រិត​វិទ្យាល័យ​ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ និង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ទៅ​ថ្ងៃខាង​មុខ​៕