លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូបបានស្នើសុំរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកកុំទាញកម្ពុជាចូលក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយថា កម្ពុជាចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាច។
លោក សុខ ឥសាន ថ្លែងបែបនេះ ខណៈសហរដ្ឋអាមេរិកកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ទី ៤៧ របស់ខ្លួន នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
លោក សុខ ឥសាន ថ្លែងថា ការបោះឆ្នោតនៅអាមេរិកជារឿងផ្ទៃក្នុងរបស់ប្រទេសមួយនេះ ហើយជាសិទ្ធិសម្រេចរបស់ប្រជាជនអាមេរិក។ ប៉ុន្តែលោកមើលឃើញថា ការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះមានឥទ្ធិពលនៅក្នុងនយោបាយពិភពលោក។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «វាច្បាស់ជាមានឥទ្ធិពលហើយ ព្រោះយើងដឹងថា ប្រទេសអាមេរិកជាប្រទេសមហាអំណាចទីមួយនៅលើពិភពលោក ដូច្នេះរាល់ការផ្លាស់ប្តូររបត់នយោបាយនៅអាមេរិកនេះ វាមានការជះឥទ្ធិពលចៀសមិនរួចទៅលើសភាពការណ៍អន្តរជាតិ ទៅលើសភាពការណ៍ពិភពលោក»។
សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជារូបនេះក៏ស្នើប្រធានាធិបតីថ្មីរបស់អាមេរិកដែលនឹងជាប់ឆ្នោតនាពេលខាងមុខ កុំទាញកម្ពុជាចូលទៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
លោកថ្លែងថា៖ «ការចង់ឃើញគឺចង់ឃើញថា ធ្វើម៉េចខ្មែរដែលជាប្រទេសតូច ទន់ខ្សោយនេះ គឺចង់បានសេចក្ដីសុខពីប្រទេសធំៗពីប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិកជាដើម។ អ៊ីចឹងទេគឺថា ក្រោយពេលដែលបោះឆ្នោតជ្រើសរើសបានប្រធានាធិបតីហើយ សូមឱ្យនយោបាយរបស់ប្រធានាធិបតីថ្មីហ្នឹង គឺកុំចាត់ទុកខ្មែរជាអរិភាពជាមួយខ្លួន ពីព្រោះខ្មែរជាប្រទេសតូចណា ស់ ហើយខ្សោយទៀត។ អ៊ីចឹងទេ សុំឱ្យគាត់ឱ្យខ្មែរដែលជាប្រទេសតូចប្រទេសទន់ខ្សោយហ្នឹងបានរស់ប្រកបដោយសុខសន្តិភាពនៅក្នុងបរិបទនៅកម្ពុជាផង កុំឱ្យគាត់យកកម្ពុជាហ្នឹងធ្វើជាភូមិសាស្រ្តនយោបាយ ដើម្បីប្រកួតប្រជែងជាមួយហ្នឹងប្រទេសដទៃ។ ខ្មែរសុំសេចក្ដីសុខសេចក្ដីចម្រើននៅក្នុងក្របខណ្ឌនៃប្រជាពលរដ្ឋជាង ១៧ លាននាក់របស់ខ្លួនតែប៉ុណ្ណោះទេ»។
លោក សុខ ឥសាន បន្ថែមថា កម្ពុជានិងសហរដ្ឋអាមេរិកមានទស្សនៈផ្ទុយគ្នាខ្លះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មើលឃើញថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជា «សិទ្ធិស្វ័យសម្រេច» របស់ប្រជាពលរដ្ឋអាមេរិកនៅក្នុងដំណើរការប្រជាធិបតេយ្យមួយ។ លោកបន្តថា ទោះបីជាប្រធានាធិបតីរូបណាកាន់តំណែងក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តជាធម្មតា។
លោកថ្លែងថា៖ «បើទោះបីជាពេលខ្លះ យើងមើលឃើញខុសគ្នាទៅលើបញ្ហាមួយចំនួនក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងមួយល្អប្រសើរ អត់មានបញ្ហាទេ ហើយយើងនៅតែបន្តទំនាក់ទំនងល្អនេះតទៅមុខទៀត និងខិតខំពូនជ្រុំធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer បាននៅឡើយទេ។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពរកាំរកូសជាបន្តបន្ទាប់ ហើយចុងក្រោយនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»រវាងប្រទេសទាំងពីរ។
ប្រទេសកម្ពុជាត្រូវបានមើលឃើញថា កាន់តែស្និទ្ធនឹងប្រទេសចិន ដែលបង្កក្តីព្រួយបារម្ភដល់សហរដ្ឋអាមេរិក។
កាលពីកន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបដិសេធម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ៕