សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានចេញមុខជាសាធារណៈប្រកបដោយមោទនភាពចំពោះខ្លួនឯងផ្ទាល់ ដែលការណ៍នេះមិនធ្លាប់មានពីមុខមកទេ ផ្ទុយស្រឡះពីកាលពីប្រាំឆ្នាំមុន នៅពេលដែលការរើសអើងនិងការធ្វើទុក្ខបុកម្នេញខាងផ្លូវកាយ និងផ្លូវចិត្តជារឿយៗត្រូវបានលាក់បាំង។
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានបង្កើតជាអង្គការក្រៅរដ្ឋាភិបាលនានា ហើយអាជីវកម្មរង្គសាល និងហាងកាហ្វេទាំងឡាយក្នុងក្រុង ដែលមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានជោគជ័យ ស្របពេលដែលបណ្តាញផ្សព្វផ្សាយ និងវិស័យកម្សាន្តពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នាក៏កំពុងចាប់ផ្តើមរីកលូតលាស់ផងដែរ។
ទស្សនាវដ្តី Q Cambodia
នាពេលថ្មីៗនេះ ទស្សនាវដ្តីអ្នកស្រឡាញ់ភេទដូចគ្នាដំបូងនៅកម្ពុជា ឈ្មោះថា Q Cambodia បានអបអរសាទរខួបពីរឆ្នាំរបស់ខ្លួន ដោយមានលោក Sorel Thongvan ជានិពន្ធនាយក។ លោក Thongvan ជាកូនខ្មែរធំដឹងក្តីនៅក្រុងប៉ារីស និងធ្លាប់ជាអ្នកធ្វើការឲ្យក្រុមហ៊ុនសំលៀកបំពាក់ម៉ាកល្បី Giorgio Armani និងAlexander McQueen។
ទស្សនាវដ្តី Q Cambodia ផ្តោតទៅលើអាជីវកម្ម ដែលមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជា ដូចជា ហាងកាហ្វេ Feel Good Cafe II និងហាងដទៃទៀតនៅខេត្តសៀមរាប បាត់ដំបង និងកែប ដោយមានការពិភាក្សាបើកចំហអំពីការស្រឡាញ់ភេទដូចគ្នា និងការភ័យខ្លាចពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នា។
លោក ជ័យ បូឡា អាយុ ២៣ឆ្នាំ ដែលជាមេកាឆុងកាហ្វេ នៅហាង Feel Good Cafe II និយាយថា៖ «ហាងកាហ្វេរបស់ពួកយើងអត់មានបែងចែកគាត់ជាខ្ទើយឬក៏អត់ទេ។ សំខាន់គឺគុណភាពការងារ ត្រូវមកធ្វើការអោយទៀងទាត់។ យើងធ្វើនៅទីនេះ គឺដូចជាក្រុមគ្រួសារអញ្ចឹង ហើយពួកយើងសប្បាយ»។
លោកបន្តថា៖ «ភ្ញៀវគាត់នៅតែមក បើទោះជាដឹងថា កន្លែងនេះមានបុគ្គលិកអញ្ចឹង។ មិនមែនពួកគាត់នាំគ្នានិយាយថា នៅហាងនេះមានបុគ្គលិកខ្ទើយ ហើយប្រាប់គ្នា កុំអោយមកនោះទេ។ អញ្ចឹងខ្ញុំអត់មានអារម្មណ៍ថា គេរើសអើងនោះទេ»។
ការប្រកាន់នៅតែមាន
ទស្សនាវដ្តី Q Cambodia ក៏បានផ្តោតទៅលើបុគ្គលដូចនាង ឡុង ម៉ាឡែន ដែលជាស្រ្តីស្រឡាញ់ភេទដូចគ្នា និងនិស្សិតច្បាប់មួយរូប។ នាងមានការលំបាកជាមួយនឹងគ្រួសារ នៅពេលដែលគ្រួសារនាងដឹងថា នាងជាស្រ្តីស្រឡាញ់ភេទដូចគ្នា។
«ដូចជាថ្ងៃមួយ ពួកគាត់ (ប៉ាម៉ាក់) អង្គុយទន្ទឹមគ្នា ហៅខ្ញុំមកសួរថា ស្រឡាញ់ប្រុសឬស្រី? ខ្ញុំថា ខ្ញុំចិត្តមនុស្សប្រុស ខ្ញុំស្រឡាញ់មនុស្សស្រី។ ចឹងគាត់ឲ្យខ្ញុំរើសទៀតថា យកគ្រួសារ ឬយកខ្លួនឯង?»។
ឡុង ម៉ាឡែន ដែលជ្រើសការស្លៀកពាក់ជាបុរស ចាប់ផ្តើមលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយបន្ទាប់មកនាងបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
កញ្ញា ឡុង ម៉ាឡែន ដែលជាស្រ្តីស្រឡាញ់ភេទដូចគ្នា និងនិស្សិតច្បាប់មួយរូប។
«គ្រប់គ្នាតែងតែមើលពីភាពអវិជ្ជមានរបស់ក្រុមស្រឡាញ់ភេទដូចគ្នា។ យើងចង់បង្ហាញគាត់ឲ្យឃើញមួយជ្រុងទៀតនៃភាពវិជ្ជមានរបស់មនុស្សហ្នឹង បើគាត់មានគោលជំហររឹងមាំ ភាពវិជ្ជមាន ហើយគាត់ក៏អាចនៅតស៊ូនៅក្នុងជីវិតគាត់ ហើយបើគ្រួសារទទួលស្គាល់ទៀតគាំទ្រទៀត គាត់នឹងក្លាយទៅជាសិស្សល្អ អាចរកការងារទីពឹងខ្លួនឯង ហើយអាចជួយគ្រួសារបានទៀត»។
លោកស្រ៊ុន ស្រ៊ន ដែលជាស្ថាបនិកអង្គការសហគមន៍ឥន្ទនូកម្ពុជា (RoCK) និយាយថា៖ «ពួកយើងជឿថា ក្រុមការងារ ដែលយើងរៀបចំឡើងហ្នឺង យើងជឿថា វាអាចផ្លាស់ប្តូរ ហើយយើងចង់ផ្លាស់ប្តូរនូវផ្នត់គំនិត យើងអត់ចង់ផ្លាស់ប្តូរសកម្មភាពទេ»។
របាំងប្រពៃណី
ដោយសារកម្ពុជាជាប្រទេសអភិរក្សនិយមមួយ ប្រជាជនកម្ពុជាពីដើមឡើយតែងយល់ឃើញថា ការស្រឡាញ់ភេទដូចគ្នាជាអ្វីមួយដែលខុសពីធម្មជាតិ និងជាការគំរាមកំហែងមួយទៅលើសណ្តាប់ធ្នាប់សង្គម បន្ទាប់ពីសង្រ្គាមរាំរ៉ៃប្រមាណ ៣០ឆ្នាំកន្លងមកនេះ ដែលបានបង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រឹះសង្គម។
អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនបានប្រឈមមុខជាមួយនឹងការរំលោភបំពាន និងការរើសអើងនៅផ្ទះ សាលារៀន និងកន្លែងធ្វើការ។ មួយចំនួនទៀតត្រូវបានគ្រួសារបដិសេធ ឬរងសម្ពាធដោយសារការរៀបការតាមប្រពៃណី ដែលធ្វើឲ្យពួកគេពិបាកក្នុងអារម្មណ៍។ អ្នកស្រឡាញ់ភេទដូចគ្នាដទៃទៀតត្រូវបានចាប់បង្ខាំងទុកក្នុងផ្ទះ នៅតាមភូមិ របស់ពួកគេ។
លោកស្រ៊ុន ស្រ៊នបាននិយាយថា របាយការណ៍ពីការរំលោភបំពានសិទ្ធិមនុស្ស និងការរើសអើងមានតិចតួច ពីព្រោះអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនជ្រើសរក្សាទុកជម្រើសផ្លូវភេទរបស់ខ្លួនជាការសម្ងាត់ ជាជាងផ្តល់ដំណឹងទៅកាន់អាជ្ញាធរ។ ប៉ុន្តែលោកបាននិយាយថា ការណ៍នេះបានផ្លាស់ប្តូរ ដោយមនុស្សមួយចំនួន ដែលបើកចំហក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នា បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
«ទាក់ទងទៅនឹងអំពើហិង្សា ទាំងផ្លូវកាយ និងផ្លូវចិត្ត ទៅកាន់ពួកគេ គឺមានការកើនឡើងដែរ។ខ្ញុំឃើញថា ការហ៊ានចេញមុខបង្ហាញថា ខ្លួនឯង ជាមនុស្សស្រីចរិតប្រុស ឬប្រុសចរិតស្រីគឺមានការចេញមុខច្រើន តែអំពើហិង្សា និងសម្ពាធដែលឪពុកម្តាយដាក់មក ដូចជាការនាំទៅឲ្យគ្រូខ្មែរព្យាបាល គឺនៅតែកើតមាន»។
រូបឯកសារ៖ បាតុករម្នាក់បានបិទពាក់ស្លោកនៅលើមាត់របស់ខ្លួន នៅក្នុងបាតុកម្មមួយប្រឆាំងនឹងការរើសអើងលើសហគមន៍ស្រឡាញ់ភេទដូចគ្នា នៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២។
ការប្រោសប្រទានទទួលស្គាល់ពីព្រះមហាក្សត្រ
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុបានជ្រោមជ្រែងក្នុងការលុបបំបាត់ចោលទស្សនៈបែបប្រពៃណីលើអ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងឆ្នាំ ២០០៤ ព្រះអង្គទទួលបានការសាទរពីការប្រទានការគាំទ្រទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការយល់ព្រមចំពោះការរៀបការរវាងអ្នកមានភេទដូចគ្នា។ ព្រះរាជបន្ទូលរបស់ព្រះអង្គនៅតែដដែល ក្រោមរជ្ជកាលព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះបាទនរោត្តម សីហមុនី។
លោកនួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោងជម្រើសផ្លូវភេទនិងអត្តសញ្ញាណយេនឌឺរ (SOGI) នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ការគាំទ្ររបស់ព្រះបាទនរោត្តម សីហនុ បានជំរុញចិត្តសកម្មជនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ឲ្យងើបឈរឡើង និងលើកកម្ពស់សិទ្ធិរបស់ពួកគេ ជាលើកដំបូង។
«ច្បាប់ដែលបានហាមឃាត់ការរៀបការភេទដូចគ្នាត្រូវបានលុប ក្រោយការថ្លែង សុន្ទរកថា របស់ព្រះវិរបិតាក្នុងឆ្នាំ២០០៤។ វាជាផ្នែកមួយដែលជួយទៅដល់ ក្រុមស្រឡាញ់ភេទដូចគ្នា។ បើទោះជាគ្មានច្បាប់ ក្នុងការការពារពួកគាត់ក៏ដោយ តែវាក៏ជាសញ្ញាវិជ្ជមានមួយដែរ»។
លោកស្រ៊ុន ស្រ៊នបាននិយាយថា នេះជាជំហានដំបូង ដែលត្រូវបានជ្រោមជ្រែងដោយសម័យកាលនិងបណ្តាញទំនាក់ទំនងតាមប្រព័ន្ធអ៊ឺនធឺណិត ក៏ដូចជាប្រព័ន្ធអប់រំនៅកម្ពុជា ដែលបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងអ្នកស្រឡាញ់ភេទដូចគ្នាដែលទទួលបានជោគជ័យ មិនថាក្នុងអាជីវកម្ម ឬជីវិតនោះទេ។
«កត្តាទីមួយដែលធ្វើឲ្យគាត់ក្លាហាន ចេញមុខគឺ ប្រព័ន្ធតិចណូឡូជី។ ខ្ញុំនិយាយតែមនុស្សក្មេង ដែលកើតក្រោយឆ្នាំ៩០ គាត់កើតមកក្នុងយុគសម័យតិចណូឡូជី។ គាត់រស់នៅប្រកបដោយការទំនាក់ទំនង ដែលបចេ្ចកវិទ្យានេះ ជួយឲ្យគាត់ ទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញខ្លួនឯង»៕
រាយការណ៍បន្ថែមដោយលោក Luke Hunt