មេដឹកនាំ​កម្ពុជា​​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​ និង​អាមេរិក​តបតាម​ការអញ្ជើញ​របស់​លោក Joe Biden​​​​​​​​​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន​និង​ចិន តាម​អនឡាញ​ពី​វិមាន​សន្ដិភាព​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២២។ (An Khoun SamAun/National Television of Cambodia via AP)

នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​លិខិត​មួយ​ថា ​លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។​

យោង​តាម​លិខិត​ចុះ​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០២២​ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាលគឺ​ Fresh News ​មេដឹក​នាំ​ទីក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន ​នឹង​ចូលរួម​កិច្ច​ប្រជុំ​នោះ​ ចាប់​ពី​ថ្ងៃទី​១២ ​និង​១៣ ​ខែ​ឧសភា​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden (ចូ បៃដិន)។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ សរសេរ​នៅក្នុង​លិខិត​នោះ​យោង​ដល់​លោក​ប្រធានាធិបតី​អាមេរិក​ថា៖ ​«ខ្ញុំជឿ​ជាក់​ថា​ ការ​បញ្ជាក់​ជាថ្មី​នូវ​កា​រប្តេជ្ញាចិត្ត​របស់​ឯកឧត្តម​ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ ជាពិសេស​ក្នុង​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥​ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋ​អាមេរិក​នឹង​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​មួយ​ឈាន​ទៅ​រក​ការ​ដំឡើង​ភាព​ជា​ដៃ​គូរបស់​យើង​ឱ្យ​ឡើង​ដល់​កម្រិត​មួយថ្មី​ទៀត»។​

លោក​បន្ថែម​ថា៖ «ក្នុង​ន័យ​នេះ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​ការ​លើក​កម្ពស់​ទំនាក់ទំនង​អាស៊ាន​សហរដ្ឋ​អាមេរិក​ពីដៃ​គូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។​

បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ (ទទក) ​លោក​ប្រធានាធិបតី​ Biden​ បាន​ផ្ញើ​លិខិត​អញ្ជើញ​លោក ​ហ៊ុន សែន​ តាំងពី​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០២២។ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​ប្រជុំ​ពិសេស​នេះ​នឹង​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការ​ចូលរួម​របស់​លោក​ Biden នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​កាលពី​ខែ​តុលាឆ្នាំ​មុន ​ដែល​នៅ​ពេល​នោះ​លោក​បាន​ប្រកាស​នូវ​ថវិកា​ចំនួន​១០២​លាន​ដុល្លារ​ ក្នុង​គម្រោង​ផ្ដួចផ្ដើម​ថ្មី​ដើម្បី​ពង្រីក​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន​លើ ​«ការ​ស្ដារ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩​ និង​សន្តិសុខ​សុខាភិបាល​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាទូទៅ ​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ​និង​ការ​ពង្រឹង​ឱ្យ​បាន​ជ្រាលជ្រៅ​នូវ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ»៕ ​