ព្រះ​មហាក្សត្រ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោតដោយ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច

រូបឯកសារ៖ ព្រះមហាក្សត្រព្រះបាទ​នរោត្តម សីហមុនី យាង​ចូលរួម​ពិធីបុណ្យ​អ៊ុំទូក នៅ​មុខ​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ខាងមុខ ដោយ​មិន​ត្រូវ​បារម្ភ​ពី​ការ​គាបសង្កត់ ឬ​ការ​គំរាម​កំហែង​​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​ណាមួយ​នោះ​ឡើយ។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ ព្រះ​មហាក្សត្រ ព្រះ​បាទ​នរោត្តម​ សីហមុនី បាន​ចេញ​ព្រះ​រាជលិខិត​មួយ​ច្បាប់​ដោយ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា​ ដោយ​កុំ​បារម្ភ​ពី​ការ​គំរាម​កំហែង​ណា​មួយ។

ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ខាងមុខ ដោយ​មិន​ត្រូវ​បារម្ភ​ពី​ការ​គាបសង្កត់ ឬ​ការ​គំរាម​កំហែងពី​ជន​ណា​ម្នាក់ ឬ​បក្ស​ណាមួយ​នោះ​ឡើយ។

តាំងពី​ថ្ងៃ​ទី​៣ ខែ​មីនា រហូត​មក​ដល់​ពេល​នេះ ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី និង​ព្រះ​វរ​រាជ​មាតា កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។

ទោះ​ជា​យ៉ាងណា ព្រះ​រាជ​សារ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ តាំង​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ ដែល​ធ្វើ​នៅ​ព្រះបរមរាជវាំង ត្រូវ​បាន​គេ​បង្ហោះ​ឡើង​វិញ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​នៅ​ថ្ងៃ​ចន្ទ​នេះ។

នៅ​ក្នុង​ព្រះរាជសារ​នោះ​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ដោយ​សម្ងាត់​តាម​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា ​ប្រជាពលរដ្ឋមិន​ត្រូវ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណ​បក្ស​ណាមួយ​ឲ្យ​សោះ។

ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ក្នុង​ព្រះ​រាជសារ​លិខិត​ដោយ​សម្រង់​ន័យ​ដើម​ថា៖ «ខ្ញុំ​សូម​បងប្អូន កូន​ក្មួយ មេត្តា​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោបាយ​ណាមួយ»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ លោក អ៊ុំ ដារ៉ាវុធ អ្នកនាំពាក្យ​ព្រះបរមរាជវាំង​បាន​ទេ នា​ល្ងាចថ្ងៃ​ចន្ទ​នេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប ប្រាប់ VOA ថា ជា​រៀងរាល់​មុន​ពេល​បោះឆ្នោត ព្រះ​មហាក្សត្រ ​តែងតែ​ចេញ​ព្រះ​រាជសារ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត ដើម្បី​ពង្រឹង​ជោគ​វាសនា​របស់​ពួកគេ​តាម​រយៈ​សន្លឹក​ឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយសារ​ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ អញ្ចឹង​សង្គម​កម្ពុជា​ពិតជា​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ពី​ព្រះ​មហាក្សត្រ។ អញ្ចឹង​ព្រះ​សូរសៀង​របស់​ព្រះ​មហាក្សត្រ​គឺជា​ទម្ងន់​មួយ​នៃ​ការ​អំពាវ​នាវ ជា​ទម្ងន់​មួយ​នៃ​តំណាង​ឲ្យ​ភាព​ស្អាត​ស្អំ និង​ត្រឹមត្រូវ ឆ្ពោះ​ទៅ​រក​ការ​ដែល​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ទៅ​បោះ​ឆ្នោត»។

លោក មាស នី អ្នកវិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម លើក​ឡើង​ថា ការ​ចេញ​ព្រះរាជសារ​របស់​ព្រះ​មហា​ក្សត្រ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កម្ដៅ។

លោក​បញ្ជាក់​ថា៖ «ព្រះអង្គ​បាន​ចេញ​សារ​ដ៏​សំខាន់​មួយ​នេះ គឺជា​ការ​ដាស់​តឿន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន។​ ទោះបីជា​ព្រះ​អង្គ​ មិន​សូវ​ជា​មាន​ការ​ចេញ​សារ​អី​សំខាន់ៗ ប៉ុន្តែ​នៅ​ពេល​នេះ​មាន​សារៈសំខាន់​ដោយសារ​តែ​ថ្ងៃ​បោះ​ឆ្នោត ​ក៏​កាន់​តែ​ខិត​ចូល​មក​ដល់​ដែរ ក៏​ចេះ​តែ​មាន​រឿង​ប្លែកៗ​កើត​ឡើង ហើយ​អញ្ចឹង អ្វី​ដែល​ជា​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ ហើយ​ចំ​ពេល​ដែល​ពលរដ្ឋ​ត្រូវ​ការ វា​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ ហើយ​ចំ​ពេល​ដែល​ពលរដ្ឋ​ត្រូវ​ការ»។

ការ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​មហាក្សត្រ​ធ្វើ​ឡើង​ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​ហើយ​នោះ ត្រូវ​បាន​បញ្ជូន​ចូល​ព្រះបរមរាជវាំង។

វិសោធនកម្មច្បាប់​ដែល​គេ​មើល​ឃើញ​ថា​ មាន​បំណង​រំលាយ​ចោល​គណបក្ស​នយោបាយ​ណា​ដែលមាន​មេដឹកនាំមាន​ទោស​ព្រហ្មទណ្ឌ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ប្រើប្រាស់​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី គឺ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ ជំនួស​វិញ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​មហាក្សត្រ​ដែល​បាន​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ​ ដោយ​មិន​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ដែល​ត្រូវ​បាន​អនុម័ត​ទាំង​ចម្រូង​ចម្រាស​ដោយ​រដ្ឋសភា និង​ព្រឹទ្ធ​សភា​កាល​ពី​ខែ​កុម្ភៈ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា កន្លង​ទៅ​ដោយ​សម្រង់​ន័យ​ដើម​ថា៖ «សូម​អរ​ព្រះ​គុណ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​មិន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​តែ​អំពើ​ចិត្ត»៕