លោក​សម រង្ស៊ី​បញ្ចប់​ការនិរទេស​ខ្លួន​ដោយ​ការលើក​លែង​របស់​ព្រះ​មហាក្សត្រ

  • Robert Carmichael

នៅ​ក្នុង​រូបភាព​ដែល​ថត​នៅ​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០០៨​ នេះ លោក សម រង្ស៊ី សំពះ​ស្វាគមន៍​អ្នកគាំទ្រ​របស់​លោក ក្រោយពី​ពួកគេ​បាន​បោះឆ្នោត។

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​ត្រូវ​បាន​ប្រទាន​ការលើក​លែង​ទោស​រួចហើយ​ ហើយ​លោក​អាច​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​គឺ​លោក​ផៃ ស៊ីផាន បាន​និយាយ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បញ្ជូន​សេចក្តី​ស្នើ​សុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​ដើម្បី ឱ្យ​ព្រះ​អង្គ​ប្រទាន​ការ​លើក​លែង​ទោស​ឱ្យ​លោក​សម រង្ស៊ី។ ការចូលរួម​អន្តរាគមន៍​របស់​ព្រះ​មហាក្សត្រ​ដែល​ជា​ក្សត្រ​សោយរាជ្យ​តាម​រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​ការ​បំពេញ​តាម​ពិធី​ការ​ផ្លូវ​ការ​មួយ។​

អ្នក​នាំពាក្យ​រូប​នេះ​និយាយ​ថា​ការលើក​លែង​ទោស ​គឺ​ដើម្បី​លើក​កម្ពស់​ស្មារតី​នៃ​ការ​ផ្សះផ្សា​ជាតិ​និង​ធ្វើ​ឡើង​ក្រោយ​ពី មាន​សំណើ​ជាផ្លូវ​ការ​មួយ​ដែល​លោក​សម រង្ស៊ី បានផ្ញើថ្វាយ​ព្រះករុណា​កាលពី​ខែ​មុន។

លោក​ សម រង្ស៊ី​បាន​និយាយ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ទី​ដែល​លោក​បាន​ចំណាយ​ពេល​បួនឆ្នាំ​នៅ​និរទេស​ខ្លួន ប្រាប់​វីអូអេថា​លោក​មាន​ការ​សប្បាយរីក​រាយ​ចំពោះ​ដំណឹង​នេះ។

«ខ្ញុំ​សប្បាយ​នេះ​គឺ​មិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិសដៅ​ត្រឹមត្រូវ​មួយ គឺ​ជា​ទិសដៅ​នៃ​ការបង្រួបបង្រួម​ជាតិ ការឯកភាពជាតិ​ ហើយ​បើ​គ្មាន​វា​ទេ​ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ទេ ហើយ​ក៏ មិន​អាច​ទទួល​បាន​ការអភិវឌ្ឍន៍​ពិត​ប្រាកដឡើយ»។

កាលពី​ពេល​មុន​លោក​សម រង្ស៊ី​បាន​ប្តេជ្ញា​ថា​លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ បើ​ទោះបី​ជា​មាន​ទោស​ជាប់​គុក​ចំនួន​១១​ឆ្នាំរង់​ចាំ​លោក​ក៏ដោយ។ នេះ​គឺ​ជា​ជំហរ​មួយ​ដែល​អ្នក​វិភាគ​ម្នាក់​បាន​អត្ថាធិប្បាយ​ថា​អាច​នឹង​ធ្វើ​ឱ្យ​លោក​សម រង្ស៊ី​ក្លាយ​ទុរក្ករៈបុគ្គល​ ឬ​អ្នក​ដែល​ហ៊ាន​ស្លាប់​ដើម្បី​ជាតិ។

ការកាត់​ទោស​លោក​សម រង្ស៊ី​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​និង​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន។

ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​រួបរួម​គ្នា​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​និង​គណបក្ស​សម រង្ស៊ី សប្បាយ​រីករាយ​ក្រៃលែង។

ដំណើរ​វិល​ត្រឡប់​នេះ​គឺ​ជា​ការ​ធូរស្រាល​មួយ​ចំពោះ​បណ្តា​ប្រទេស​អ្នក​ផ្តល់​ជំនួយ បរទេស​ដែល​លោក​សម រង្ស៊ី​បាន​បញ្ជាក់ថា​បាន​ចូលរួមក្នុង​ការ​ព្យាយាម​ឱ្យ​មាន​ដំណោះស្រាយ​មួយ។

លោក​សម រង្ស៊ី​បាន​បន្ថែមថា៖ ​

«តាម​ពិតទៅ​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​ នៃ​ប្រទេស​នានា​ដែល​តំណាង​ឱ្យ​ប្រទេស​ជាច្រើន​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្តី​អំពី​ប្រទេស​កម្ពុជា។ ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រទេស​ទាំង​អស់​នោះ​ចូលរួម​ក្នុង​ការ​បញ្ចប់​ប្រកប​ទៅ​ដោយ​ការសប្បាយ​រីករាយ​នេះ»។

បញ្ហា​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ថា​តើ​លោក​សម រង្ស៊ី​នឹង​ធ្វើ​ដំណើរ​ទៅ វិញ​នៅ ពេល​ណា​ព្រោះ​លោក​មាន​គម្រោង​ថា​នឹង​ធ្វើ​ដំណើរ​ដោយ​កាន់​លិខិត​ឆ្លង​ដែន​សញ្ជាតិ​បារាំង ដែល​ពេល​នេះ​បាន​ផុត​សុពល​ភាព​ទៅ​ហើយ​ហើយ​លោក​កំពុង​សុំ​ថ្មី មួយ​ទៀត។

ប្រែ​សម្រួល​ដោយ​លោក​ម៉ែន គឹមសេង