អ្នក​សារព័ត៌មាន​កម្ពុជា​បារម្ភ​ថា​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​រឹត​ត្បិត​វិជ្ជាជីវៈ​ខ្លួន

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និយាយ​ជាមួយ VOA បន្ទាប់ពី​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

អ្នក​សារព័ត៌មាន​មួយ​ក្រុម​រក​ឃើញ​ថា ​មាត្រា​មួយ​ចំនួន​ដែល​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​​ទទួល​បាន​ព័ត៌មាន​នឹង​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​ការ​ប្រមូល​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​​​ ប្រសិន​​ក្រសួង​មិន​កែ​សម្រួល​ឲ្យ​បាន​ដិត​ដល់។

អ្នក​ធ្វើ​ការ​ផ្នែក​សារព័ត៌មាន​មួយ​ក្រុម​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​កំពុង​ព្រាង​ ថា​នឹង​ធ្វើ​ឲ្យ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ប្រមូល​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ បន្ទាប់​ពីពួកគេ​រក​ឃើញ​ថា មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​នោះ​មិន​បានការពារ​ដល់​អ្នក​ស្នើ​សុំ​ព័ត៌មាន​តាម​ការ​រំពឹង​ទុក។

អ្នក​សារព័ត៌មាន​មួយ​ក្រុម​រក​ឃើញ​ថា ​មាត្រា​មួយ​ចំនួន​ដែល​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិទទួល​បាន​ព័ត៌មាន​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ ប្រសិនក្រសួង​មិន​កែ​សម្រួល​ឲ្យ​បាន​ដិត​ដល់។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ អ្នកធ្វើ​ការ​ផ្នែក​សារព័ត៌មាន​ប្រមាណ​ជាង​២០​នាក់​បាន​ជួប​ជុំ​គ្នា​ក្នុង​សិក្ខាសាលា​មួយ ​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ក្នុង​ការ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ស្រប​ពេល​ដែល​ច្បាប់​នេះកំពុង​ត្រួត​ពិនិត្យ និង​កែ​សម្រួល​នៅ​ក្រសួង​ព័ត៌មាន។

ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ ភាគ​ច្រើន​បង្ហាញ​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​នីតិវិធីនៃ​ការ​ស្នើ​សុំ​ព័ត៌មាន ការ​ចែង​ពី​ភាព​សម្ងាត់​ដែល​អ្នក​សារព័ត៌មាន​មិន​អាចស្នើ​សុំ និង​ការ​ដាក់​ទោស​លើ​អ្នក​ស្នើ​សុំ​ព័ត៌មាន​ជា​ដើម។

លោក រឿន ភារុណ អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​ថ្មីថ្មី និយាយ​ជាមួយ VOA បន្ទាប់ពី​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្រោយ​បញ្ចប់​ការ​ពិភាក្សា លោក រឿន ភារុណ អ្នក​សារព័ត៌មាន​គេហទំព័រ​ថ្មីថ្មី‍ (ThmeyThmey) ប្រាប់ VOA ថា យោង​តាម​កិច្ច​ពិភាក្សា​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ លោក​រក​ឃើញជាច្រើន​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​មួយ​ចំនួនដែល​អាចបង្អាក់​ការ​ប្រមូល​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដែល​ចាំបាច់​ត្រូវ​មានការ​កែ​តម្រូវ។

លោក ​រឿន ភារុណ បន្ថែម​ថា៖

«ត្រង់​ទម្រង់​បែបបទ​នៃ​ការស្នើ​សុំ​ព័ត៌មាន គឺ​តម្រូវ​ឲ្យ​អ្នក​ព័ត៌មាន​ហ្នឹង​បំពេញ​បែប​បទ​បំពេញ​ទម្រង់​ស្នើ​សុំ​ទៅ​ស្ថាប័ន​សាធារណៈ ស្ថាប័ន​រដ្ឋ អ្នក​ផ្តល់​ព័ត៌មាន​ហ្នឹង​ មាន​មួយ​ចំណុច​ទៀត​ទាក់ទង​នឹង​ការ​ឆាឆៅ​មន្រ្តី​សាធារណៈ កាល​ណា​អ្នក​ព័ត៌មាន​ឆាឆៅ​ មន្រ្តី​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​សម្រាប់​បុគ្គល​ណា​ដែលស្នើ​សុំ​ព័ត៌មាន ចឹង​ចង់​ថា ​កន្លែង​ហ្នឹង​មាន​ន័យ​ថា​ម៉េច ហើយ​ដោយ​ឡែក​ទាក់ទង​នឹង​ទោស​បញ្ញត្តិ​ ក្រសួង​គួរ​តែ​លុប​ចោល​បទបញ្ញត្តិ​ទាក់ទង​នឹង​បទ​ព្រហ្មទណ្ឌ វា​មិន​បណ្តាល​អី ​គ្រាន់​តែ​ស្នើ​សុំ​ព័ត៌មាន​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បទ​ព្រហ្មទណ្ឌ»។

លោក ឡុក សំរិត និពន្ធ​នាយក​រង​នៃ​បណ្តាញ​ព័ត៌មាន​អប្សរា ANN និយាយ​ជាមួយ VOA បន្ទាប់ពី​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ឡុក​ សំរិត​ និពន្ធ​នាយក​រង​នៃ​បណ្តាញ​ព័ត៌មាន​អប្សរា​ ANN លើក​ឡើង​ថា អ្នក​សារព័ត៌មានត្រូវ​ការ​ព័ត៌មាន​ទាន់​ពេល​និង​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ផ្សព្វផ្សាយ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោក​ថា ច្បាប់​ដែល​ចែង​ មាន​ការ​រឹត​បន្តឹង​នេះនឹង​ធ្វើ​ឲ្យ​ដំណើរការ​ប្រមូល​ព័ត៌មាន​ត្រូវ​ជាប់​គាំង​ដោយ​សារការ​បក​ស្រាយ​មិនបាន​ច្បាស់​លាស់​ពី​មាត្រា​នីមួយៗ។

លោក ​ឡុក​ សំរិត បញ្ជាក់​ប្រាប់​ VOA ថា៖

«ច្បាប់​មួយ​បើ​សិន​យើង​ចេញ​ទៅ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ អញ្ចឹង​កុំ​មាន​ល្អ​ជាង ប៉ុន្តែ​បើ​សិន​ជា​យើង​រៀបចំ​ហើយ​ជា​រឿង​មួយល្អ ប៉ុន្តែ​យើង​ត្រូវ​មើល​ច្បាប់​នេះ​បម្រើ​ប្រយោជន៍​សាធារណៈ​ហើយ​លម្អិត​ពាក់ព័ន្ធ​អ្វី​ទៅ​ជា​ដំណឹង​ដែល​ប្រជាជន មែនទែន​ទៅ​ប្រជាជន​គាត់​ពឹង​អ្នក​ព័ត៌មាន អញ្ចឹង​អ្នក​ព័ត៌មាន​ហ្នឹង​ហើយ​ដែល​ជា​អ្នក​នាំសារ​ពី​រដ្ឋាភិបាល​ពី​ស្ថាប័ន​សាធារណៈ​បញ្ជូនទៅ​ឲ្យ​គាត់​ដឹង អញ្ចឹង​បើ​សិន​ជា​យើង​នាំ​គ្នា​រឹតត្បិតជាច្រើន​មិន​ឲ្យ​អ្នកកាសែត​ដឹង អ្នក​សារ​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​អី​ខុស​ពី​រឿង​ដែល​យើង​បិទ​បាំង​ដំណឹង​ហ្នឹង​ពី​ប្រជាពលរដ្ឋ»។​

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លើក​ឡើង​ថា ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន មាន​សារៈសំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ស្នើសុំ​ព័ត៌មាន​ពី​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា​លោក​ថា មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ ហើយ​ត្រូវ​កែ​សម្រួល​ដើម្បី​ធានា​ដល់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។

លោក ប៉ា ងួនទៀង ​មាន​ប្រសាសន៍​ប្រាប់ VOA ថា៖

«ការ​ចែង​អំពី​ទោស​ទណ្ឌ​ដាក់​ទៅ​លើ​អ្នក​ស្នើ​សុំ ខ្ញុំ​ថា​ ជា​រឿង​មួយ​មិន​គួរ​មាន​ ព្រោះ​ធម្មតា​គេ​មាន​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​វិញ ហើយ​បើ​យើង​ឃើញ​ថា​ ការចូលរួម​ពី​ប្រជាពលរដ្ឋ​ខុស យើង​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ឬ​ក៏​ប្រើ​យន្តការ​ក្នុង​ការ​អប់រំ​វិញ អា​ហ្នឹង​វា​ប្រសើរ​ជាង​ការ​ដាក់​ទោស​ទណ្ឌ ហើយទី២​គឺសំខាន់​ណាស់​គឺ​រឿង​ព័ត៌មាន​សម្ងាត់​ហ្នឹង គឺ​មាន​ការ​ចែង​ទូលំទូលាយ​ពេក​វា​ធ្វើ​ឲ្យ​អ្នក​កាន់​ព័ត៌មាន មាន​លេស​ក្នុង​ការ​ផ្តល់​ឲ្យ​ឬ​មិន​ផ្តល់​ឲ្យ»។

លោក ប៉ា ងួនទៀង បន្ថែម​ថា៖

«បើ​សិន​ជា​សេចក្តី​ព្រាង​ច្បាប់​វា​នៅ​មាន​មាត្រា​ទាំងអស់​ហ្នឹង​ដែល​អាច​បង្កើត​ជា​ឧបសគ្គ អញ្ចឹង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​វា​នៅ​តែ​មាន​បញ្ហា បាន​ន័យ​ថា ​វា​អត់​បាន​ល្អ ហើយ​អត់​បាន​ល្អ សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​តែ​មាន​បញ្ហា​ដដែល ហើយ​កាលណា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​មាន​បញ្ហា​សង្គម​យើង​វា​ប្រឈម​នឹង​អំពើ​ពុក​រលួយ និង​ការ​ខ្វះ​តម្លាភាព​នឹង​កាន់​តែ​ខ្លាំង»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រ​សាសន៍​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការ​ផ្តល់​មតិ​យោបល់​របស់​អ្នក​សារព័ត៌មាន ប៉ុន្តែ​លោក​ថា ការ​សម្រេច​ថា​នឹង​កែប្រែ ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​ក្រុម​ការងារ​ផ្នែក​តាក់តែង​ច្បាប់​របស់​ក្រសួង។

លោក​បញ្ជាក់​ថា៖

«អ្នក​សារព័ត៌មាន​ដែល​គាត់​យល់​យ៉ាងណា​នោះ គាត់​គួរ​តែ​ចងក្រង​ជា​សំណើ សំណូមពរ មក​ដល់​ក្រុម​ការងារ​បច្ចេកទេស​ដែល​ដឹកនាំ​ដោយ​ក្រសួង​ព័ត៌មាន ហើយ​រឿង​ទោស​បញ្ញត្តិ​កន្លែង​នេះ ការ​តាក់​តែង ការ​សរសេរ​នេះ​គឺ​ផ្អែក​លើ​ក្រមព្រហ្មទណ្ឌ​ទាំងស្រុង ហើយ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គណៈ​កម្មការ​បច្ចេកទេស​នឹង​ពិចារណា​តាម​ការ​យល់​ឃើញ​របស់​អ្នក​សារព័ត៌មាន​ហ្នឹង​ថា​ យើង​គួរ​ធ្វើ​យ៉ាងណា តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​ធ្វើ​អី​រំលង​ក្រម​ព្រហ្មទណ្ឌ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ដែរ»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន​៩ជំពូក និង​៣៦​មាត្រា។ ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ចូល​រួម​ក្នុង​ការ​ផ្តល់​យោបល់​បាន​ព្រមព្រៀង និង​អនុម័តបាន​ចំនួន​ប្រមាណ​១៤​មាត្រា និង​កំពុង​ពិភាក្សា​បន្ត។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​បាន​អះអាង​ថា ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​ក្លាយ​ជា​ច្បាប់​មួយ​ដែល​អាច​ទទួល​យក​បាន​គ្រប់​ភាគី​ក្នុង​ការ​ផ្តល់​ព័ត៌មាន ទៅ​កាន់​សាធារណជន។ ក្រសួង​ព័ត៌មាន​គ្រោង​នឹង​បញ្ចប់​ច្បាប់​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧៕