ជន​អន្តោប្រវេសន៍​ខ្មែរ​ចង់ក្លាយជាមនុស្ស​ក្នុង​ប្រវត្តិសាស្ត្រ​នៅតៃវ៉ាន់

អ្នកស្រី​ លីន លីចាន់ ​ដែល​បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​ដើម្បី​លុយ​កាល​ពី​១៨​ឆ្នាំ​មុន ​ក្នុង​នាម​ជាកូន​ក្រមុំ​បរទេស​ ​ឥឡូវ​នេះ អ្នកស្រី​​កំពុង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​សៅរ៍​ទី​១៦ ខែមករា ឆ្នាំ២០១៦​​នេះ។

អ្នក​ស្រី​លីន​ថ្លែង​ថា ​ប្តីប្រពន្ធ​អន្តោ​ប្រវេសន៍​មាន​ជំនាញ​ភាសា ​និង​យល់​ពី​វប្បធម៌​ដែល​ជា​ប្រភព​កម្លាំង​សម្រាប់​ខ្លួន​ឯង​និង​តៃវ៉ាន់។ ​ការជួយ​គេ​អាច​កម្ចាត់​ឧបសគ្គ​ខាង​វប្បធម៌​និង​ផ្នត់​គំនិត​អវិជ្ជ​មាន។​

ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន គឺ​រហូត​ដល់​ជាង​៥៥០នាក់ មក​ពី​គណបក្ស​នានា​ជិត​៣០​គណបក្ស កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​អាសនៈ​សភា​តែ​១១៣​កៅអី​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។ អ្នក​បោះឆ្នោត​ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​របស់​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​នោះ​ដែរ។

​ការ​ប្រកួតប្រជែង​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ចំនួន​អាសនៈ​ដែល​គណបក្ស​វឌ្ឍន​ប្រជាធិបតេយ្យ ​ឬ Democratic Progressive Party ដែល​ជា​គណបក្ស​ប្រឆាំង​ អាច​ទទួល​បាន​ និង​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ គឺ​ថា​តើ​គណបក្ស​ប្រឆាំង​នេះ នឹង​អាច​គ្រប់គ្រង​តំណែងសភា​ និង​តំណែង​ប្រធានាធិបតី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ដែរ​ឬ​ទេ។

យ៉ាង​ណា​ក៏​ដោយ នៅក្នុង​ទីក្រុង Changhua ស្ថិត​ចំ​កណ្តាល​កោះ​តៃវ៉ាន់ បេក្ខនារី​តៃវ៉ាន់​ដើម​កំណើត​ខ្មែរ​ម្នាក់ គឺ​លោកស្រីលីន លីចាន់​ (Lin Li-chan) អាច​នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​ការ​ក្លាយ​ទៅជា​អ្នក​តំណាងរាស្ត្រ​ ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍​ដំបូង​គេ​នៅ​លើ​កោះ​នោះ។

នៅ​ពេល​អ្នកស្រី​លីន លីចាន់ ​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​ដើម្បី​លុយ​កាល​ពី​១៨​ឆ្នាំ​មុន​ក្នុង​នាម​ជាកូន​ក្រមុំ​បរទេស​ អ្នកស្រី​មិន​ដឹង​ថា ​តៃវ៉ាន់​នៅ​ទីណា​ទេ។ ​ឥឡូវ​អ្នកស្រី​មានកូន​២​នាក់។ ​អ្នកស្រី​ធ្វើការ​ស្ម័គ្រ​ចិត្ត។ ​អ្នក​ស្រី​ជាពល​រដ្ឋ​ពេញ​សិទ្ធិ ហើយ​តាំង​ខ្លួន​ជា​ជនជាតិ​តៃវ៉ាន់។​ អ្នកស្រី​មិន​ដែល​នឹក​ស្រមៃថា​ មាន​ជីវិត​ដូច្នេះទេ​នៅ​កម្ពុជា។​

«សម្រាប់​ជន​អន្តោ​ប្រវេសន៍​ជាច្រើន យើង​មិន​ដែល​គិត​រឿង​ធ្វើ​នយោបាយ​នៅ​ប្រទេស​កំណើត​ឬ​ជួយសង្គម​នោះ​ទេ។​ យើង​មិនដែល​គិត​ថា​ អាច​ក្លាយ​ជា​អ្នក​ស្ម័គ្រចិត្ត​ផង​ កុំ​ថា​ឡើយ​ដល់ទៅ​ធ្វើ​យុទ្ធនាការ​ក្លាយ​ជា​អ្នក​នយោបាយ​នោះ»។

Your browser doesn’t support HTML5

បេក្ខនារី​ដើម​កំណើត​ខ្មែរ​​​ឈរ​ឈ្មោះ​ក្នុង​​ការ​បោះឆ្នោត​​សភា​​​នៅ​​តៃវ៉ាន់​

អ្នក​ស្រី​លីន​ថ្លែង​ថា ​ប្តីប្រពន្ធ​អន្តោ​ប្រវេសន៍​មាន​ជំនាញ​ភាសា ​និង​យល់​ពី​វប្បធម៌​ដែល​ជា​ប្រភព​កម្លាំង​សម្រាប់​ខ្លួន​ឯង​និង​តៃវ៉ាន់។ ​ការជួយ​គេ​អាច​កម្ចាត់​ឧបសគ្គ​ខាង​វប្បធម៌​និង​ផ្នត់​គំនិត​អវិជ្ជ​មាន។​

«យើង​សង្ឃឹម​ថា អាចប្រើកម្លាំង​នេះ​ជួយ​ស្ត្រី​អន្តោប្រវេសន៍​ គឺ​មិន​ត្រឹមតែ​ជួយ​គាត់​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ជួយ​បញ្ហា​ដទៃ​ទៀត​ ដូច​ជា​ជំនួញជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​និង​អភិវឌ្ឍ​សេដ្ឋកិច្ច»។​

សកម្មជន​ថ្លែង​ថា ​ជំហរ​របស់​តៃវ៉ាន់​ចំពោះ​អន្តោ​ប្រវេសន៍​ប្រឈម​កិច្ចការ​ច្រើន​ទៀត។ ​នៅមាន​ករណី​រំលោភ​ និង​ការ​សង្ស័យ​អំពី​ប្តីប្រពន្ធ​អន្តោ​ប្រវេសន៍។ ​តែ​អ្នក​ខ្លះ​នៅតែ​គិត​ថា ​តៃវ៉ាន់​ជា​សង្គម​បើក​ទូលាយ។​

«ខ្ញុំ​ធ្លាប់​នៅ​សៀងហៃ​ជាង​១០​ឆ្នាំ។​ ​នៅ​ទីនោះ ​ខ្ញុំតែង​គិត​ថា ​ខ្ញុំ​ជា​អ្នក​ក្រៅ។ តែ​នៅ​តៃវ៉ាន់​ជាង​មួយ​ឆ្នាំ​មកនេះ​ ខ្ញុំ​អាច​និយាយ​ថា ​ខ្ញុំ​មិន​ដែល​គិត​ថា ​ខ្ញុំ​ជា​អ្នក​ក្រៅ​ទេ»។​

អ្នកស្រី​លីនឈរ​ឈ្មោះ​ជា​បេក្ខជន​គោរចណ៍​របស់​គណបក្ស​ជាតិ​និយម​ដែល​ជា​គណបក្ស​កាន់​អំណាច។ ​អ្នកស្រី​ឋិត​នៅ​លំដាប់​ទី៤។ ​អាសនៈ​គោចរណ៍​ផ្អែក​លើ​ចំនួន​សំឡេង​ឆ្នោត​ដែល​គណបក្ស​ទទួល​បាន។​ គណ​បក្ស​នេះ​រំពឹង​ថា ​នឹង​ឈ្នះ​បាន​១០​អាសនៈ​ក្នុង​ការ​បោះឆ្នោត​នេះ៕​

លោកពិន ស៊ីសុវណ្ណ​ប្រែសម្រួល