​រដ្ឋាភិបាល​កម្ពុជា​អះអាង​ពី​ការ​រៀបចំ​ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​ប្រាប់​មន្ត្រី​អង់គ្លេស

រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជំុកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ ប្រាក់ ​សុខុន ​ក៏​បាន​ប្រាប់​លោក​ ​Simon McDonald​ ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋា​ភិបាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សេរី​ ​និង​យុត្តិធម៌​មួយ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ​ប្រាក់ សុខុន​ ​បាន​ប្រាប់​មន្ត្រី​កាទូត​ជាន់​ខ្ពស់​របស់​ចក្រភព​អង់គ្លេស​ លោក​ Simon McDonald ​ពី​វឌ្ឍនភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ​ការ​បោស​សំអាត​មីន​ និង​បាន​អះអាង​ថា​ កម្ពុជា​កំពុង​រៀបចំ​ការ​បោះឆ្នោត​មួយ​ឲ្យ​បាន​សេរី​ ​និង​ត្រឹមត្រូវ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ VOA ​ទទួល​បាន។​

ការ​ថ្លែង​របស់​លោក​ ប្រាក់ សុខុន​ ​អំពី​វឌ្ឍនភាព​ខាងលើ​នេះ ​កើតមាន​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ ​Simon McDonald​ ​អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៨​ ​ដល់​ថ្ងៃទី​១៩ ខែ​ឧសភា។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​ កាល​ពី​ចុង​សប្តាហ៍​នេះ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​លោក​ ​ប្រាក់ សុខុន​ ​និង​លោក​ Simon McDonald​ ​បាន​វាយតម្លៃ​ខ្ពស់​ដោយ​ការ​ពេញ​ចិត្ត​ ចំពោះ​ការ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​បរិមាណ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​រហូត​ដល់​ជាង​១.០០០​លានដុល្លារ​ ក្នុងឆ្នាំ​២០១៧។​

លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​ប្រាប់​លោក​ ​Simon McDonald​ ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បោសសំអាត​មីន​លើ​ផ្ទៃដីចំនួន​១.៦០០​គ.មការ៉េ​ ហើយ​នឹង​បន្ត​សកម្មភាព​ការងារ​លើ​ផ្ទៃ​ដី​នៅ​សល់​ប្រមាណ​១០០០គ.ម​ការ៉េ។ ​លោក​ ​ប្រាក់ សុខុន​ បាន​អរគុណ​លោក​ ​Simon McDonald​ ​អនុ​រដ្ឋ​មន្ត្រី​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​ចំពោះ​ការ​ផ្តល់​ជំនួយ​ដល់​សកម្មភាព​បោស​សំអាត​មីន​នៅ​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស។​ ​លោក​ ​Simon McDonald​ ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​អង់គ្លេស​ នឹង​បន្ដផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា​តាម​រយៈ​អង្គការ​ ​HALO Trust​ ​ដែលមាន​ទីស្នាក់​នៅ​ខេត្ត​សៀមរាប។​

រូបឯកសារ៖ ប្រជាជន​កម្ពុជា ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ប្រាក់ ​សុខុន ​ក៏​បាន​ប្រាប់​លោក​ ​Simon McDonald​ ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋា​ភិបាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សេរី​ ​និង​យុត្តិធម៌​មួយ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៩ ​ខែ​ឧសភា​ ​ត្រូវ​បាន​បញ្ជាក់​ថា៖​

«នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​ការ​ខិត​ខំ​ និង​ការ​ត្រៀម​រៀបចំ​របស់​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ខាង​មុខ​ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​ប្រកប​ដោយ​តម្លាភាព»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​លើកឡើង​ អំពី​ការ​ឆ្លើយ​តប​របស់​ Simon McDonald ​ចំពោះ​បញ្ហា​ការ​រៀបចំ​បោះឆ្នោត​នេះ​ទេ។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ពី​ស្ថានទូត​ចក្រភព​អង់​គ្លេស​ប្រចាំ​កម្ពុជា​ ​អំពី​បញ្ហា​បោះឆ្នោត តាម​តាម​សារ​អេឡិចត្រូនិក​ ​Email តែ​ពុំទាន់​មាន​ការ​ឆ្លើយតប​នឹង​សំណួរ​ផ្ញើ​នោះ រហូតមក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។

VOA​ ​ក៏បាន​ព្យាយាម​សុំការ​អធិប្បាយបន្ថែម​ពីលោក ជុំ សុន្ទរី ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ តែ​ទូរស័ព្ទ​របស់​លោក​រោទ៍​គ្មាន​អ្នក​ទទួល។

ក្រៅ​ពី​វិស័យ​ពាណិជ្ជកម្ម​ និង​កិច្ច​ការងារ​សម្រាប់​បុព្វហេតុ​មនុស្ស​ធម៌​នោះ​ ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទាំង​ពីរ​លើក​ឡើង​ពីវិស័យ​ទេស​ចរណ៍​ ​និងការងារ​អប់រំ។ លោក ប្រាក់ សុខុន​ និង​លោក​ ​Simon McDonald​ ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​កើនឡើង​នូវ​ចំនួន​អ្នក​ទេសចរ​អង់គ្លេស ​មក​កាន់​កម្ពុជា​ ​រហូត​ដល់​ចំនួន​ ​១៧១.០០០​ ​នាក់​ក្នុង​ឆ្នាំ​២០១៧​ ហើយ​និង​បំណង​ប្រាថ្នា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការលើ​វិស័យ​ទេសចរណ៍។

ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Simon McDonald (រូបភាពតាមបណ្តាញ Twitter របស់លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស Bill Longhurst)

ទាក់ទិន​បញ្ហា​អប់រំ​សិក្សា​ធិការ លោក ​ប្រាក់​ សុខុន​ បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​អង់គ្លេស​ដែល​បាន​ផ្ត​ល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​ ១៣៦នាក់​ ពីឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០១៧​ និង​បាន​លើក​សំណូមពរ​ឲ្យ​អង់គ្លេស​បង្កើន​អាហារូបករណ៍​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ លោក​ Simon McDonald បានឆ្លើយ​តប​ទៅ​លោក​ ប្រាក់​ សុខុន ថា​ រដ្ឋាភិបាល​អង់​គ្លេស​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ។

ក្នុង​ជំនួប​ដដែល​នោះ​ មន្ត្រីការទូត​ជាន់​ខ្ពស់​ទាំងពីរ​ បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​ពង្រឹង​បន្ថែម​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​អង់គ្លេស ​លើ​ឆាក​អន្តរជាតិ​ ពិសេស​ការ​ផ្លាស់​ប្តូរ​ការ​គាំទ្រ​បេក្ខភាព​ទៅវិញ​ទៅមក។​ ​លោក​ ​ប្រាក់ សុខុន​ បាន​លើក​ឡើង​ពី​បំណង​ចង់ឲ្យ​មាន​ការ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់​ទំនង​អន្តរជាតិ​របស់​ក្រសួងការ​បរទេស​កម្ពុជា​ ជាមួយ​វិទ្យាស្ថាន​របស់​ក្រសួង​ការ​បរទេស​ និង​សកល​វិទ្យាល័យ​នានា​របស់​អង់គ្លេស។​ ​បំណង​របស់​ លោក​ ​ប្រាក់ សុខុន​ ​ទទួល​បាន​ការគាំទ្រពី​លោក​ ​Simon McDonald​ ​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​នេះ។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ប្រទេស​អង់គ្លេស​គឺជា​ប្រទេស​មួយ​ស្ថិតក្នុង​ចំណោមប្រទេស​ចំនួន៤៥ ដែល​បាន​សេចក្តី​ថ្លែង​ការណ៍​រួម​ បង្ហាញ​ពី​ក្តីបារម្ភ​ជាខ្លាំង​នៃ​ការ​ធ្លាក់​ចុះយ៉ាង​គំហុក​នៃ​ដំណើរការ​អនុវត្ត​ប្រព័ន្ធប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។ ពួកគេ​បាន​បង្ហាញ​ការ​ព្រួយចិត្ត​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការរៀបចំ​បោះ​ឆ្នោត​ខែ​កក្កដា​ផងដែរ។

សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​អន្តរាគមន៍​ដោយ ​អ្នកស្រី ​Jillian ​Dempster ​នៃ​ប្រទេស​នូវែល​សេឡង់ ​ត្រូវបាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​បាន​នូវ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ​រាល់​ការ​បោះ​ឆ្នោត​ត្រូវ​តែ​រៀប​ចំ​ឡើង​ដោយ​សេរី ​យុត្តិ​ធម៌ ​និង​ត្រឹម​ត្រូវ។​ ​... ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ ​ដែល​គណបក្ស​ជំទាស់​ដ៏​ធំ​ចម្បង ត្រូវ​បាន​ដក​ចេញតាម​តែ​អំពើ​ចិត្ត​[មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង] ​មិន​អាច​ត្រូវ​បាន​ពិចារណា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​បាន​នោះ​ទេ»។

សេចក្តី​ថ្លែងការណ៍​រួមនេះ​ ត្រូវបាន​អាន​ដោយ​ ​អ្នកស្រី ​Jillian ​Dempster ​ប្រមុខ​ការទូត​នូវែល​សេឡង់​ប្រចាំ​ទី​ស្នាក់ការ​ ​អ.ស.ប.​ ​ក្នុង​ទីក្រុង​ហ្សឺណែវ ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ​អង្គ​ការ​សហ​ប្រជាជាតិ​ ​នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដែល​បាន​ធ្វើឡើង​កាលពី​ខែ​មីនា​កន្លង​ទៅ៕