អាជ្ញាធរកម្ពុជា បានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងទៅកាន់អាកាសយានដ្ឋានរបស់ខ្លួនជាលើកដំបូង។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដឹកជញ្ជូននៅថ្ងៃអង្គារ។
សេវាដឹកអ្នកដំណើរតាមរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ នឹងត្រូវដាក់ឲ្យដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងក្នុងសន្និសីទព័ត៌មាននា ថ្ងៃអង្គារនេះ នៅស្ថានីយរថភ្លើងក្នុងទីក្រុងភ្នំពេញថា៖
«ព្រឹកនេះជាព្រឹក ជាថ្ងៃប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន បានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នការដឹកអ្នកដំណើរ ពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះ ភ្នំពេញរបស់យើង»។
លោកស៊ុន ចាន់ថុលបកស្រាយថានេះជាដំណើរការជាបណ្តោះអាសន្ន ដោយសារថ្ងៃនេះ រដ្ឋាភិបាលប្រើរទេះភ្លើងដែលមានស្រាប់ជារទេះភ្លើងចាស់ៗដើម្បីសាកល្បងសិន។
លោកបានបន្ថែមថា៖
«សាកល្បងឲ្យដំណើរការបានស្រួលទើបយើងគោរពអញ្ជើញសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន លោកមកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។
រថភ្លើងថ្មីចំនួនបីគ្រឿងនឹងត្រូវបានដាក់ឲ្យដំណើរការបន្ទាប់ពីការបញ្ចប់នៃសេវាដឹកជញ្ជូនដោយឥតគិតថ្លៃបណ្តោះអាសន្ននេះហើយ វាមានទម្ងន់ស្រាល អង្គុយបាន៥៦នាក់ និងឈរបានប្រហែលពី៤៥ ទៅ៥០នាក់។នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។
លោកបានបន្តថា រថភ្លើងថ្មីដដែលនេះនឹងមានល្បឿនលឿនជាងរថភ្លើងចាស់ ហើយវាក៏អាចឈប់បានលឿនជាងមុន។ លោកក៏បានអំពាវនាវឲ្យសាធារណជន មានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលើមហាវិថីសហព័ន្ធរុស្ស៊ី៖
«ការធ្វើដំណើរពីភ្នំពេញទៅព្រលានយន្តហោះ ធ្វើដំណើររយៈពេលប្រហែល២២ ទៅ៣០នាទី។ ប៉ុន្តែរទេះភ្លើងថ្មីនេះ ប្រហែលជា២២ ទៅ២៥នាទីប៉ុណ្ណោះឯង។ ពេលយើងឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី យើងចំណាយពេលតែ ២០ទៅ២២វិនាទីយ៉ាងច្រើនបំផុត»។
តាមសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង បានឲ្យដឹងថា រថភ្លើងថ្មីលឿនទាន់ចិត្តរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ នឹងត្រូវបញ្ជូនមកពីប្រទេសម៉ិកស៊ីក(Mexico) មកដល់ប្រទេសកម្ពុជាក្នុងរយៈពេលពីរខែទៀត ហើយនឹងចាប់ផ្តើមដំណើរការនៅខែមិថុនា ឆ្នាំ ២០១៨ខាងមុខនេះ។
រថភ្លើងដើរដោយថាមពលប្រេងម៉ាស៊ូតទាំង៣ គ្រឿងនោះ នឹងធ្វើដំណើរចេញពីស្ថានីយ៍បច្ចុប្បន្នដែលជាស្ថានីយ៍រថភ្លើងកណ្តាលហើយបន្តដំណើរតាមផ្លូវដែកចម្បងមានស្រាប់មួយ មានប្រវែង ៨,៤គីឡូម៉ែត្រ រួចបត់តាមផ្លូវដែលស្របតាមផ្លូវលេខ ១០៥K និងមានប្រវែង១,៦ គីឡូម៉ែត្រ។
នៅពេលអ្នកសារព័ត៌មានសួរលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីថ្លៃសេវារថភ្លើងផ្លូវការ ក្រោយការបញ្ចប់នៃសេវាឥតគិតថ្លៃនោះ លោកបានឆ្លើយថា ក្រុមហ៊ុននឹងធ្វើការសិក្សា។ តែលោកបានធានាថា ការធ្វើដំណើរពីព្រលានយន្តហោះភ្នំពេញ មកស្ថានីយរថភ្លើង នឹងថោកជាងសេវាដឹកជញ្ជូនផ្តល់ដោយរថយន្តតាក់ស៊ី។ យ៉ាងណាក៏ដោយ ទាំងលោក ស៊ុន ចាន់ថុល និងលោក គិត ម៉េង មិនអាចបញ្ជាក់ប្រាប់VOA បានទេ អំពីតម្លៃរថភ្លើងថ្មីបីគ្រឿង ដែលផលិតនៅប្រទេសប្រទេសម៉ិកស៊ីកនោះ។
ក្រៅពីការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនផ្លូវរទេះភ្លើងពីកណ្តាលក្រុងភ្នំពេញ ទៅអាកាសយានដ្ឋានភ្នំពេញ រដ្ឋាភិបាលលោកហ៊ុនសែននៅសប្តាហ៍នេះ ក៏បានដាក់ឱ្យដំណើរការ ការដឹកជញ្ជូនផ្លូវទឹកក្នុងរាជធានីភ្នំពេញផងដែរ ពីសង្កាត់ព្រែកពៅ្ន ក្រុងភ្នំពេញទៅក្រុងតាខ្មៅខេត្តកណ្តាល៕