ការបើក​ដំណើរការ​ស្មុំ​កូន​ឡើង​វិញ​នៅ​កម្ពុជា នាំ​ឱ្យ​មាន​ក្តីបារម្ភ និង​ការរិះគន់

រូបឯកសារ៖ ក្មេងៗ​ដែល​ស្នាក់​​នៅ​ក្នុង​មណ្ឌល​ថែទាំ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប អង្គុយ​នៅក្នុង​បន្ទប់​ដែល​ពួកគេ​គេង​រៀងយប់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បើក​ឱ្យ​មាន​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើង​វិញ​ ក្រោយ​ផ្អាក​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ​ដែល​ការណ៍​នេះ ​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​ពី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ​ដោយ​សារ​ប្រព័ន្ធ​គ្រប់គ្រង​ដំណើរការ​ស្មុំ​កូន​នេះ​ នៅ​ទន់​ខ្សោយ​នៅ​ឡើយ។ នេះ​ ជា​ការ​កត់​សម្គាល់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍ​ចុង​ក្រោយ​នៃ​ការ​ស្មុំ​កូន​ជា​អន្តរ​ប្រទេស​នេះ។​

អង្គការ​លីកាដូ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​២៩​ ខែ​មីនា​ថា​ យោង​តាម​ការ​បង្ហាញ​ច្បាស់ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី ​«ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាង​តិច​ចំនួន​ប្រាំបួន​នាក់​ដែល​អាច​កើត​មាន​ឡើង​ គឺ​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​របស់​ជនជាតិ​អ៊ីតាលី»។​

សេចក្តី​ប្រកាស​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖ ​«យើង​ខ្ញុំ​ព្រួយ​បារម្ភ​ថា ​ការ​សម្រេច​ចិត្ត​ទាំង​នេះ​ នឹង​នាំ​ឱ្យ​គ្រួសារ​ជា​ច្រើន​ទៀត​ ត្រូវ​បែក​បាក់​ មិន​អាច​ជួប​ជុំ​គ្នា​វិញ​បាន​ ដោយ​សារ​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ទន់​ខ្សោយ​នេះ​ មិន​ទាន់​បាន​ការពារ​ផល​ប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លង​មក»។​

អង្គការ​លីកាដូ​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​នេះ​ថា៖​ «បច្ចុប្បន្ន​នេះ​ រាជ​រដ្ឋាភិបាល​នៅ​តែ​ខ្វះ​ប្រព័ន្ធ​ការពារ​កុមារ​ ប្រព័ន្ធ​តុលាការ​ និង​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យបានគ្រប់​គ្រាន់​ ដើម្បី​ធានា​ថា​ ការ​ស្មុំ​កូន​ នឹង​ដំណើរ​ការ​ទៅ​ស្រប​តាម​ផ្លូវ​ច្បាប់​ និង​ក្រម​សីលធម៌»។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​កុមារ​នៅ​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​គ្រោះ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​នីតិវិធី​ស្មុំ​កូន​ ដោយ​ពេល​ខ្លះ​ ពួក​គេ​យក​កុមារ​ទៅ​ដាក់​នៅ​មណ្ឌល​កុមារ​កំព្រា ប៉ុន្តែ​កុមារ​ទាំង​នោះ​មួយ​ចំនួន​បែរ​ជា​ត្រូវ​បាន​គេ​ស្មុំ​យក​ចេញ​ពី​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖​ «ករណី​ហ្នឹង ​គឺ​យើង​ទទួល​បាន​ច្រើន​ កាល​កន្លង​មក​ គឺ​១៥​ករណី​ដែល​ទាក់​ទង​នឹង​កូន​ដែល​មាន​ឪពុក​ម្តាយ​បង្កើត​ ហើយ​ត្រូវ​យក​ទៅ​ដាក់​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ក្រោយ​មក​ស្រាប់តែ​មាន​ដំណើរ​ការ​នៃ​ការ​ស្មុំ​កូន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ហើយ​ធ្វើ​ឱ្យ​ពួក​គាត់​ហ្នឹង​មាន​ការ​តក់​ស្លុត​ ដោយ​សារ​តែ​កូន​របស់​គាត់​ត្រូវ​បាន​បែក​ចេញ​ ហើយ​យក​ទៅ​ប្រទេស​ខាង​ក្រៅ​ធ្វើ​ជា​កូន​ហ្នឹង»។​

លោក​បន្ថែម​ថា៖​ «ហើយ​នៅ​ក្នុង​ហ្នឹង​ គឺ​មាន​ ឪពុក​ម្តាយ​ខ្លះ​ ស្វះស្វែង​ ហើយ​នឹង​អង្គការ​លីកាដូ​ក៏​ស្វះស្វែង​រក​អាសយដ្ឋាន​ និង​ការ​ទំនាក់​ទំនង​ទៅ​ដល់​ឪពុក​ម្តាយ​របស់​គេ​ ហើយ​គេ​អាច​នឹង​ធ្វើ​ទំនាក់​ទំនង​គ្នា​វិញ​បាន។ ​ខ្លះ​ទៀត​មក​ទល់​ឥឡូវ​ គឺ​មិន​មាន​ការ​ទំនាក់​ទំនង​ជាមួយ​កូន​បាន​ទេ»។

បើ​តាម​លោក​ អំ សំអាត ​កន្លង​មក​រដ្ឋាភិបាល​បាន​ផ្អាក​ការ​ស្មុំ​កូន​នេះ ​ក្រោយពី​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ពី​ការ​ក្លែង​បន្លំ​ ​ អំពើ​ពុក​រលួយ​ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្មុំ​កូន​ជា​អន្តរ​ប្រទេស​នេះ ​ដែល​បាន​បង្ក​ផល​ប៉ះពាល់​លើ​ទំនាក់​ទំនង​រវាង​ឪពុក​ម្តាយ​ និង​កូន​ ហើយ​ក៏​អាច​មាន​ការ​ឆបោក​ផង​ដែរ។​

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​លោក​ តូច​ ចាន់នី​ ស្នើ​ឱ្យ​អង្គការ​លីកាដូ​បង្ហាញ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ភ្នាក់ងារ​អន្តរជាតិ​ណាមួយ​នៅ​ឡើយ​ ក្នុង​នោះ ​គឺ​ប្រទេស​អ៊ីតាលីដើម្បី​អាច​ស្មុំ​កូន​ពី​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«បើ​តាម​ដែល​ខ្ញុំ​ដឹង​ ​មក​ដល់​ពេល​នេះ​ ភ្នាក់ងារ​អ៊ីតាលី​គេ​បាន​ស្នើ​សុំ​ដាក់​ បង្កើត​ទីភ្នាក់ងារ​សុំ​កូន​អន្តរ​ប្រទេស​ហើយ។ ​ក៏ប៉ុន្តែ​ក្រសួង​ដូច​មិន​ទាន់​បាន​អនុញ្ញាត។​ មែន​ទែន​ទៅ​ គាត់​បង្កើត​ភ្នាក់ងារ​មក​ស្មុំ​កូន​…​ សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ហើយ​ បាន​ន័យ​ថា​ សុំ ​license ​[អាជ្ញាបណ្ណ] ​ពីក្រសួង ​អាហ្នឹង​ បាន​គាត់​ដំណើរ​ការ​បាន។​ តែ​មក​ដល់​ពេល​នេះ ​តាម​តែ​ខ្ញុំ​ដឹង​ គឺ​គាត់​បាន​ដាក់​ពាក្យ​ស្នើ​ប៉ុន្តែ​ក្រសួង​មិន​ទាន់​បាន​សម្រេច​ថា​ ឱ្យ​គាត់​ជា​ ភ្នាក់​ងារ​ស្រប​ច្បាប់​ សម្រាប់​ស្មុំ​កូន​អន្តរប្រទេស​នៅ​ឡើយ​ទេ​បាទ។ ​នេះ​ ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង។​ អ្វី​ដែល​ខ្ញុំបាន​គ្រប់​គ្រង»។

លោក​ប្រតិកម្ម​ទៅ​នឹង​អង្គការ​លីកាដូ​ថា៖ ​«រឿង​លីកាដូ​នេះ​ បើ​សិន​ជា​គាត់​មាន​ព័ត៌មាន​សុំ​ឱ្យ​គាត់​បង្ហាញ​ព័ត៌មាន​ហ្នឹង​មក​ក្រសួង​ផង​ ព្រោះ​ក្រសួង​អត់​ដឹង​ទេ​…​មិនដឹង​គាត់​ចេញ​តាម​ច្រក​ណា។​ ខ្ញុំ​មិន​ដឹង​ទេ។ គាត់​មាន​ភ្នាក់​ងារ​គាត់​តាម​ច្រក​ណា?​ ខ្ញុំ​មិន​ដឹង​ទេ។ ​ ខាង​ក្រសួង​គឺ​យើង​ប្រើ​យន្តការ​តាម​ច្រក​ ភ្នាក់​ងារ​អន្តរ​ប្រទេស​នេះ​បាទ។​ ហើយ​បើ​គាត់​មាន​ព័ត៌មាន​នេះ​សុំ​ឱ្យ​គាត់​ផ្ញើ​ព័ត៌មាន​មក​ឱ្យ​ក្រសួង​ផង​ ដើម្បី​ឱ្យ​ក្រសួង​ស្រាវជ្រាវ​មើល ។​ តើ​រឿង​នេះ​វាមែន​មិនមែន?​ពិត​មិន​ពិត?​ បាទ!»។​

រដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​ច្បាប់​សម្រាប់​ការ​ស្មុំ​កូន​ជា​អន្តរ​ប្រទេស​នេះ​ កាលពី​ឆ្នាំ​២០០៩ ​ ប៉ុន្តែ​ត្រូវ​មាន​ការ​រៀបចំ​ឯកសារ​គតិ​យុត្តិ​ទាក់ទង​ផ្សេងៗ​ទៀត​ ដើម្បី​ធានា​ថា​ ការ​ស្មុំ​កូន​ធ្វើ​ឡើង​ដោយ​គ្មាន​ហានិភ័យ​លើ​កុមារ​កម្ពុជា។​នេះ​បើ​តាម​លោក​ តូច ចាន់នី។​

យ៉ាង​ណាក៏​ដោយ​ បើ​តាម​អង្គការ​លីកាដូ​ទីភ្នាក់ងារ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​អ៊ីតាលី​មិន​បាន​អើពើ​ទេ​ចំពោះ​សំណើ​សុំ​ព័ត៌មាន​ពី​អង្គការ​លីកាដូ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ​អំពី​ការ​បើក​ដំណើរការ​ស្មុំ​កូន​ជា​អន្តរប្រទេស​ឡើង​វិញ​ ក្នុង​នោះ​រួម​មាន​សំណើ​សុំ​ព័ត៌មាន​អំពី​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ​នីតិវិធី​ពាក់ព័ន្ធ​ ​ក៏​ដូចជា​ពេល​វេលា​រំពឹង​ទុក​ដែល​កុមារ​ទាំង​នេះ​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​កត់ត្រា​ទុក​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រាំមួយ​គ្រួសារ​បាន​ទាក់​ទង​មក​អង្គការ​លីកាដូ ​ដើម្បី​ស្វែង​រក​ព័ត៌មាន​អំពី​កុមារ​ចំនួន​១៥​នាក់​ ​ដែល​ត្រូវ​បាន​គេ​ស្មុំ​ ដោយ​បោក​បញ្ឆោត​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ទស​វត្សរ៍​២០០០។​

កំណត់​ត្រា​របស់​អង្គការ​លីកាដូ​បង្ហាញ​ថាកុមារ​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ទីតាំង​ថា​ កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បន្ទាប់ពី​ការ​ស៊ើប​អង្កេត​យ៉ាង​ទូលំទូលាយ​ ​ប៉ុន្តែ​សម្រាប់​កុមារ​ផ្សេង​ទៀត​ គឺ​មិន​មាន​ការ​បញ្ជាក់​ពី​ទី​កន្លែង​ដែល​ពួក​គេ​កំពុង​រស់​នៅ​ ​អ្នក​ដែល​មើល​ថែទាំ​ពួកគេ​ ឬ​ថា​តើ​ពួកគេ​នៅ​រស់​ឬ​យ៉ាងណា​ ​ដោយ​ទុក​ឱ្យ​គ្រួសារ​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​និង​បន្ត​រង​ការ​ឈឺ​ចាប់។

អ្នកស្រី​ នាង ផល​វ័យ​៤២​ ឆ្នាំ​ ជា​ម្តាយ​កូន​ប្រាំនាក់​ ហើយ​ដែល​ក្នុង​ចំណោម​កូន​ប្រាំនាក់​នោះ​គឺ​មាន​បី​នាក់​ត្រូវ​បាន​គេ​សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​អ៊ីតាលី។​

អ្នក​ស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ គាត់​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​កូន​អស់​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​ ក្រោយ​យក​កូនៗ​ដែល​មាន​ស្រី​២​ នាក់​និង​ប្រុស​ម្នាក់​មក​ដាក់​នៅ​មណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​សារ​បញ្ហា​ជីវភាព។ ​

អ្នកស្រី ​នាង​ ផល​ ដែល​សព្វ​ថ្ងៃ​ជា​កម្មករ​សំណង់​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​ខេត្ត​កំពង់ធំ​ បន្ត​ថា​ បន្ទាប់​ពី​អង្គការ​លីកាដូ​ជួយ​ស្វះ​ស្វែង​រក​កូន​ ​ អ្នកស្រី​ទើប​តែ​បាន​ឃើញ​រូបថត​កូនៗ​កាល​ពី​អំឡុង​ខែ​តុលា​ ឬ​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ អ្នកស្រី​មិន​ទាន់​បាន​ទាក់​ទង​កូន​តាម​មធ្យោបាយ​ទំនាក់​ទំនង​ណាមួយ​ ឬ​មិន​ទាន់​ជួប​កូន​ផ្ទាល់​នៅ​ឡើយ។​

«ទៅ​យក​រូប​ថត​ហ្នឹង​ អង្គការ​លីកាដូ​គេ​ បាញ់​អាហ្វេសប៊ុក​ អា​ម៉ែ​ធម៌​ឪធម៌​ឱ្យ​យើង​ចូល​មក។ ​ ហើយ​យើង​ហ្នឹង​ក៏​មិន​ចេះ​អង់គ្លេស​ចុច​ទៅ​វិញ។​ តើ​គេ​តប​វិញ​ឬ​អត់? អ៊ីចឹង»។

គិត​ចាប់តាំង​ពី​ឆ្នាំ​ ​២០២០​ មកអង្គការ​លីកាដូ​បាន​ធ្វើការ​លើ​ករណី​ចំនួន​៤​ពាក់ព័ន្ធ​នឹង​កុមារ​ចំនួន​១០​នាក់​ ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​មណ្ឌល​កុមារ​កំព្រា​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​មិន​មាន​តម្លាភាព។​ បើតាម​អង្គការ​លីកាដូ​ នៅ​ក្នុង​ករណី​នីមួយៗ​ ​អាជ្ញាធរ​បាន​បដិសេធ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មិន​ប្រាប់​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ថា​ កូនៗ​របស់​ពួកគេ​នៅ​ទីណា​ ទេ។​ក្នុង​ករណី​មួយ​ ​កុមារ​ម្នាក់​បាន​បាត់​ខ្លួន​ពី​មណ្ឌល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ​ហើយ​ដំណើរការ​នៃ​ការ​ស្មុំ​កូន​ក្នុង​ប្រទេស​បាន​ចាប់​ផ្តើម​ដោយ​ពុំ​មាន​ការ​ដឹង​ឮ​ ​ឬ​ការ​យល់ព្រម​ពី​ម្តាយ​របស់​កុមារ​នោះ​ទេ​ ​ហើយ​ទោះ​បី​ជា​គាត់​ចង់​ជួប​ជុំ​ជាមួយ​កូន​របស់​គាត់​វិញ​ក៏ដោយ។​ កុមារ​ម្នាក់ៗ​ បាន​ជួប​គ្រួសារ​របស់​ពួក​គេ​វិញ​ ​បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​ជា​ច្រើន​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​អង្គការ​លីកាដូ។​

អ្នកស្រី​នាង​ ផល​ ដែល​ទន្ទឹម​រង់​ចាំ​ផ្លូវ​កូន​នោះ​ ក៏​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ កូនៗ​របស់​អ្នកស្រី​ត្រូវ​គេ​ស្មុំ​យក​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​អ៊ីតាលី​ ដោយ​គ្មាន​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ទេ។​អ្នកស្រី​បន្ថែម​ថា​អ្នក​គ្រប់គ្រង​មណ្ឌល​កុមារ​កំព្រា​ដែល​អ្នកស្រី​យក​កូន​ទៅ​ផ្ញើ ​ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ​នោះ​ បាន​ត្រឹម​តែ​ប្រាប់​អ្នកស្រី​ថា​ ថ្ងៃណា​មួយ​អ្នកស្រី​គង់​តែ​នឹង​បាន​ជួប​កូនៗ​របស់​អ្នកស្រី​វិញ​ទេ។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​ចេះ​តែ​ថា​ ហឺម​គេ​សើច​ គេ​យំ​ខ្ញុំ។ គេ​ថា​ ខ្ញុំលក់​កូន​អីអ៊ីចឹង ​ហើយ​ទៅ​ គាត់​ថា ​តែ​កូន​យើង​មក​វិញ​គេ​លែង​ថា​ហើយ!»។

គិត​ត្រឹម​ឆ្នាំមុន​ កុមារ​កម្ពុជា​យ៉ាងតិច​ណាស់​ចំនួន ​៥.៤៤០​នាក់ ​បាន​រស់​នៅ​ក្នុង​មណ្ឌល​នានា​ ​ខណៈ​កុមារ​មួយ​ចំនួន​មាន​ឪពុក​ម្តាយ​រស់​នៅ​នៅ​ឡើយ។​ នេះ​បើ​តាម​អង្គការ​លីកាដូ។​

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ​ថា​ ការ​ថែទាំ​កូន​តាម​គ្រួសារ​នៅ​ក្នុង​ប្រទេស​ ​ដូចជា​ការ​បង្រួប​បង្រួម​ឱ្យ​ជួបជុំ​គ្រួសារ​ការ​ថែទាំ​ដោយ​សាច់ញាតិ​ ​ការ​ថែទាំ​ដោយ​ឪពុក​ម្ដាយ​ធម៌​ ​និង​ការ​ស្មុំ​កូន​ក្នុង​ប្រទេស​ ​ទាំងអស់​នេះ ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ស្មុំ​កូន​ជា​អន្តរ​ប្រទេស។ ​ប៉ុន្តែ​ប្រព័ន្ធ​ទាំង​នេះ​មិន​ទាន់​ដំណើរ​ការ​បាន​ស្រួល​បួល​ពេញ​លេញ​នោះ​ទេ​ ​ហើយ​ប្រព័ន្ធ​នីមួយៗ​ក៏​នៅ​ខ្វះ​ធនធាន​បុគ្គលិក​សង្គមកិច្ច​ ហើយក៏​មិនទាន់​បណ្តុះ​បណ្តាល​បុគ្គលិក​ឱ្យ​បាន​គ្រប់​គ្រាន់​ផង​ដែរ៕​