រដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងការលើកឡើងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងការចុះផ្សាយនាពេលថ្មីៗរបស់សារព័ត៌មានក្នុងប្រទេសជប៉ុនមួយ ដែលបានសម្ភាសអ្នកនយោបាយជើងចាស់រូបនោះ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល អំពីប្រជាធិបតេយ្យកាន់តែចុះខ្សោយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈជាការចោទប្រកាន់មកលើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានដកស្រង់នូវការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia របស់ជប៉ុន កាលពីថ្ងៃទី ៥ ខែកុម្ភៈ និងការផ្សាយបន្តដោយវិទ្យុបារាំង ជាភាសាខ្មែរថា៖ «តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថារាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបដិសេធទាំងស្រុងចំពោះការអះអាងរបស់លោក ទាវ វណ្ណុល និងចោទលោក ទាវ វណ្ណុល ថាមាន«ចេតនាអាក្រក់» ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការលើកឡើងរបស់លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេបន្ថែមថា ការដាក់កាមេរ៉ាតាមទីសាធារណៈ គឺដើម្បីត្រួតពិនិត្យចរាចរណ៍ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម មិនមែនឃ្លាំមើលសកម្មភាពរបស់អ្នកនយោបាយណាម្នាក់នោះទេ។
លោកថ្លែងថា៖ «ហើយបើគេចង់តាមដានគាត់ មានអ្នកណាទៅដាក់កាមេរ៉ាមួយកន្លែង វាអត់ត្រូវ ដូច្នេះការនិយាយហ្នឹងជាការនិយាយមួលបង្កាច់ បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះថា រាជរដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញបានតាមដានគាត់ ខណៈគេដាក់កាមេរ៉ាពេញតែភ្នំពេញ តាមផ្លូវសាធារណៈ ដើម្បីត្រួតពិនិត្យចរាចរណ៍ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្សេងៗសោះ។ នេះជាចេតនាអាក្រក់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទាវ វណ្ណុល បាននៅឡើយទេ។
សារព័ត៌មាន Nikkei បានសម្ភាសលោក ទាវ វណ្ណុល ស្របពេលប្រធានគណបក្សភ្លើងទៀនរូបនេះទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេលមួយសប្តាហ៍។
សារព័ត៌មានរបស់ជប៉ុនបានចុះផ្សាយសម្តីរបស់លោក ទាវ វណ្ណុល យ៉ាងដូច្នេះថា៖ «រដ្ឋបាលរបស់គាត់[លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត] កាន់តែយ៉ាប់ទៅៗក្នុងលក្ខខណ្ឌប្រជាធិបតេយ្យ។ នៅកម្ពុជា មិនប្រជាធិបតេយ្យនោះទេ»។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកមិនទាន់ដឹងព័ត៌មានអ្វីឱ្យពិតប្រាកដនៅឡើយទេ ជុំវិញករណីនេះ ដូច្នេះលោកស្នើឱ្យអ្នកសារព័ត៌មានវីអូអេសួរទៅលោក ទាវ វណ្ណុល ដោយផ្ទាល់។
បើតាមលោក លី សុធារ៉ាយុត្តិ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងជួបជាមួយសកម្មជនគណបក្សភ្លើងទៀន ដើម្បីបញ្ជាក់ពីបច្ចុប្បន្នភាពរបស់គណបក្ស និងជួបមន្ត្រីទូតនានា ដើម្បីនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និងការស្នើសុំឱ្យជួយពង្រឹង និងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដោយលើកឡើងថាការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីពនៅតែកើតមានឡើង។
អង្គការនេះរិះគន់ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមាន«ភាពយ៉ាប់យ៉ឺនបន្ថែមទៀត»ក្នុងឆ្នាំ ២០២៣។ អង្គការនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចចាប់តាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ៕