រដ្ឋាភិបាល​ការពារ​សេចក្តី​ព្រាង​ច្បាប់ថា​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មិន​អាច​ជៀស​រួច​នោះ​ទេ

ប្រជាជន​កម្ពុជា​ពាក់ម៉ាស​ការពារ​វីរុសកូរ៉ូណា​ក្នុង​ទីក្រុង​ភ្នំពេញកាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០។(AP Photo/Heng Sinith)

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ប្រើ​ច្បាប់​នេះ​តែ​ក្នុង​កាលៈ​ទេសៈ​គ្មាន​ជម្រើស​តែ​ប៉ុណ្ណោះ ហើយ​ថា​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន មិន​អាច​ជៀស​ផុត​នោះ​ទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែង​ថា​ប្រទេស​ផ្សេងៗ​ក៏​មាន​ច្បាប់​នេះ​ដែរ ហើយ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ត្រូវ​តែ​មាន​ច្បាប់​នេះ​សម្រាប់​អនុវត្ត។

លោក​បាន​ថ្លែង​ថា៖ «ច្បាប់​នេះ​មាន​សារ​សំខាន់​ជា​ប្រវត្តិសាស្រ្ត​មួយ ដែល​ជា​សារ​សំខាន់​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​យើង»។ លោក​បន្ថែម​ថា៖ «ដូច្នេះ​ការ​ធ្វើ​ច្បាប់​ហ្នឹង​មិន​មាន​និន្នាការ​រឿង​អ្វី​ផ្សេង​នោះ​ទេ។ គ្រាន់​តែ​ជា​លិខិត​តូបករណ៍​មួយ​សម្រាប់​រាជ​រដ្ឋាភិបាល​ដែល​ជា​អង្គភាព​នីតិប្រតិបត្តិ​នេះ​ឯង»។

អ្នក​នាំពាក្យ​រូប​នោះ​បាន​លើក​ឡើង​ទៀត​ថា ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មិន​អាច​ជៀស​រួច​នោះ​ទេ ដូច្នេះ​លោក​ថា​ការ​រៀបចំ​ច្បាប់​ជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា​នា​ពេល​នេះ។

លោក​បញ្ជាក់​ថា៖ «ជៀស​មិន​រួច​ពី​ការ​ប្រកាស​ប្រទេស​ជាតិ​ក្នុងអាសន្ន ជៀស​វា​មិន​រួច​ទេ។ អាច​ដប់​ឆ្នាំ​ទៀត អាច​ម្ភៃ​ឆ្នាំ​ទៀត សាមសែ​សិប​ឆ្នាំ​ទៀត វា​ស្ថិត​លើ​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ស្រុក»។

លោក ផៃ ស៊ីផាន បាន​ការពារ​ថា​កាល​ណា​ប្រទេស​ជាតិ​ត្រូវ​ដាក់ក្នុង​ភាពអាសន្ន សិទ្ធិ​ស៊ីវិល​នឹង​ត្រូវ​កាត់​បន្ថយ ឬ​រឹត​បន្តឹង​ជា​បណ្តោះ​អាសន្ន។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​«ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាពអាសន្ន»​ ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​កើត​ឡើង​ជា​បន្ត​បន្ទាប់​ថា​ ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​ការ​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​និង​ការ​គ្រប់គ្រង​អំណាច​បន្ថែម​ទៀត​របស់​គណបក្សកាន់​អំណាច។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត​ជា​ប្រញាប់​ដោយ​គណៈ​រដ្ឋមន្រ្តី និង​ត្រូវ​ឆ្លង​ដំណាក់​កាលពិនិត្យ​និង​អនុម័ត​ដោយ​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា។​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណជន​ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។

ការ​រៀបចំ​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ នៅ​ចំពេល​ដែល​កម្ពុជា​និង​ប្រទេស​នា​នានៅទូទាំង​ពិភព​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា ហើយ​លោក​ហ៊ុន ​សែន​ លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ក្នុង​ករណី​ដែល​មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

បើ​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ការ​ប្រកាសដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ​អម​ជាមួយ​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​រដ្ឋ​សភា ​និង​ប្រធានព្រឹទ្ធ​សភា។​ ប៉ុន្តែ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​«ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ»​តែ​ប៉ុណ្ណោះ។​

ជា​ធម្មតា ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​អវត្ត​មាន​ក្នុង​ប្រទេស​ លោក ​សាយ ឈុំ ​ ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​អនុ​ប្រធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ជំនួស។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថាការ​ដែល​ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ពុធ មិន​មែន​ដើម្បី​គេច​ពី​ការ​ចុះ​ព្រះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​នេះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំឃើញ​ហើយ​ថា​អ្នក​ខ្លះ​ថា​វា​ជា​ការ​គេច​វេស​របស់​ព្រះមហាក្សត្រ​របស់​យើង គឺ​មិន​មែន​ទេ កុំ​បន្ទោស​ព្រះ​អង្គ កុំ​ដាក់​ទោស​ដល់​ព្រះ​អង្គ ព្រះ​អង្គ​លោក​តែ​ងតែ​ស្រឡាញ់​ជាតិ​លោក​ណាស់។ កាល​វិភាគ​នៃ​ការ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ហ្នឹង គឺ​មាន​តាំង​ពី​មុន​យើង​រៀបចំ​ច្បាប់​ហ្នឹង​រួច​ជា​ស្រេច»។

នៅ​ពេល​សួរ​ថា​តើ​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​អាច​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ឬ​យ៉ាងណា លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​មិន​ចំ​នោះ​ទេ តែ​លោក​មាន​ប្រសាសន៍​ថា​ប្រធាន​ព្រឹទ្ធសភា​អាច​ចាត់​ចែង​ព្រះរាជក្រឹត្យ​ទូទៅ ជំនួស​ព្រះ​មហាក្សត្រ​បាន នៅ​ពេល​ព្រះ​អង្គ​អវត្តមាន។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​អាច​ផ្ដល់​អំណាច​ពេញ​ទី​ឲ្យ​រដ្ឋាភិបាល ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដោយ​របប​អាជ្ញាសឹក​ ក្នុង​ករណី​ចាំបាច់។​

ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់​ទៅ​ដល់​១០​ឆ្នាំ​ចំពោះ​ជន​ណា​ដែល​រារាំង​ដល់​កិច្ច​ប្រតិបត្តិ​ការ​ពេល​ប្រទេស​ជាតិ​ស្ថិត​នៅក្នុង​ភាព​អាសន្ន​ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ថា​«បាន​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ»​និង​បាន​លើក​ឡើង​ជា​រឿយៗ​ អំពី​ការ​លូក​ដៃ​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់ ​ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ​ ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ ការ​ប្រកប​មុខ​របរ​ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ឬ​ដែល​នាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​និង​បើក​សិទ្ធិ​អំណាច​ឱ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល​«ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សAmnesty International បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែ​ទម្លាក់​ចោល​ច្បាប់​នេះ​ជា​បន្ទាន់ ឬ​ក៏​ធ្វើ​សេចក្តី​ព្រាង​ឡើង​វិញ ដោយ​ពួកគេ​លើក​ឡើង​ថា​ច្បាប់​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិមនុស្ស។ នៅ​ថ្ងៃ​នេះ​ផង​ដែរ អង្គការ​Human Rights Watch ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​ពួកគេ​ថា​ច្បាប់​នេះ​នឹង​ផ្តល់​អំណាច​ដល់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​បង្រ្កាប​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ អង្គការ​នេះ​ថា ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កាន់តែ​រឹត​បន្តឹង​សិទ្ធិស៊ីវិល នយោបាយ និង​ដាក់​គោល​ដៅ​បង្រ្កាប​លើក្រុម​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អង្គការ​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​មាន​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារ​ណៈ ​ប្រឆាំង​នឹង​វីរុសកូរ៉ូណា ជាជាង​បង្កើត​ច្បាប់​ដែល​ប៉ះពាល់សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

អង្គការ​នេះ​ក៏​បាន​បញ្ជាក់​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​ងាយ​ស្រួល​នឹង​បកស្រាយ ហើយ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព។

កាល​ពី​ថ្ងៃ​ចន្ទ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ថាច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​នោះ​ទេ ​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ​ដែល​លោក​សំដៅ​លើ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នៅកម្ពុជា។​ លោក​បន្ត​ថា ​បើ​ទោះ​ជា​មាន​ច្បាប់​នេះ ​ក៏​មិន​មែន​មាន​ន័យ​ថា​ នឹង​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែរ៕