មន្ត្រី​ក្រសួង​កសិកម្ម​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្រោយ​អាមេរិក​ឃាត់​ខ្លួន​ពី​បទ​ជួញ​ដូរ​សត្វ​ស្វា​ក្តាម

រូបឯកសារ៖ សត្វស្វាតោងដើមឈើនៅមុខប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០០៧។

អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ដោះលែង​មន្ត្រី​កសិកម្ម​កម្ពុជា​ ដែល​ជាប់​សង្ស័យ​ពី​បទ​ជួញ​ដូរ​សត្វ​ស្វាក្តាម ​ឱ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។ ក្រសួង​កសិកម្ម​កម្ពុជា​ហៅ​ចំណាត់​ការ​នេះ​ថា​ជាជំហាន​ដ៏​វិជ្ជមាន ​ក្រោយ​ពី​កម្ពុជា​កាលពី​ខែវិច្ឆិកា​បាន​បង្ហាញ​ការ​ខក​ចិត្តខ្លាំងចំពោះ​ការ​ចាប់ខ្លួន​មន្ត្រី​រូប​នេះ​ ពេល​លោក​កំពុង​ត្រៀម​ចេញ​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ John F. Kennedy ក្នុង​បុរី New York ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ប៉ាណាម៉ា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អនុសញ្ញា​ការពារ​សត្វ​ និង​រុក្ខជាតិ​ជិតផុត​ពូជ​ ហៅ​កាត់​ថា ​CITES។

លោក ​គ្រី ម៉ះផល ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​កសិកម្ម ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ឃាត់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ​នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​មួយ​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​ ប៉ុន្តែ​លោក​មិន​អាច​ត្រឡប់​មក​កម្ពុ​ជា​វិញ​បាន​ទេ ​រហូត​ទាល់​តែ​រឿង​ក្តី​របស់​លោក​ឈាន​ដល់​ទី​បញ្ចប់។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម។​

កញ្ញា ​អ៊ឹម រចនា​ អនុ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក ​គ្រី ម៉ះផល ​អនុ​ប្រធាន​នាយក​ដ្ឋាន​សត្វ​ព្រៃ ​និង​ជីវ​ចម្រុះ​នៃ​រដ្ឋបាល​ព្រៃ​ឈើ ​នឹង​បន្ត​ស្នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​តតាំង​នៅ​ក្នុង​សំណុំ​របស់​លោក។​

ក្រសួង​កសិកម្ម​បាន​ចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​មួយ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «នេះ​គឺ​ជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​ដែល​ទើប​សម្រេច​បាន​ និង​ជា​ដំណឹង​ដ៏​រីក​រាយ​សម្រាប់​លោក ​ម៉ះផល​ និង​ក្រុម​គ្រួសារ​ ជាពិសេស​កូនៗ​របស់​លោក​ក្រោយ​ពី​បែក​គ្នា​ និង​ខក​ខាន​មិន​បាន​ទាក់​ទង​គ្នា​អស់​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក»។​

គួរ​បញ្ជាក់​ថា លោក​ គ្រី ម៉ះផល ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២ ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​រត់​ពន្ធ​សត្វ​ស្វាក្តាម​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ ​បុគ្គល​ ៧​ នាក់​ទៀត ​ដែល​រួម​មាន​ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ ​លោក​ កែវ អូម៉ាលីស្ស​ និង​ម្ចាស់​ក្រុម​ហ៊ុន​ Vanny Resources Holdings, Ltd. ​និង​ Vanny Bio Research (Cambodia) Corporation Ltd ​គឺ​លោក​ James Man Sang Lau ​និង​អ្នក​គ្រប់​គ្រង​ទូទៅ ​អគ្គ​នាយក​រង អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​ និង​នាំ​ចេញ​នៃ​ក្រុម​ហ៊ុន​នេះ​ ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ដូច​លោក​ គ្រី ម៉ះផល ​ដែរ៕