ស្ថានទូតកម្ពុជាបានស្នើសុំឱ្យសិស្សនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ជៀសវាងការធ្វើដំណើរវិលត្រឡប់ទៅមាតុភូមិវិញជាបណ្តោះអាសន្ន បើទោះបីជាសាលារៀនជាច្រើននៅសហរដ្ឋអាមេរិកបានផ្អាកការសិក្សាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាក៏ដោយ។
នៅក្នុងសេចក្តីអំពាវនាវមួយ កាលពីថ្ងៃពុធដែលវីអូអេទទួល បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាពុំមានផែនការជម្លៀសសិស្ស-និស្សិតយើងដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានាឡើយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនឹងនេះក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃ COVID-19 នៅកម្ពុជានិងដោយផ្អែកលើហានិភ័យខ្ពស់នៃការធ្វើដំណើរតាមយន្តហោះរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការអំពាវនាវដោយទទូចសូមសិស្ស-និស្សិតជៀសវាងបណ្តោះអាសន្នការធ្វើដំណើរទៅកាន់មាតុប្រទេសនាពេលបច្ចុប្បន្ន»។
សាលារៀននៅក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកបានបិទទ្វារតាំងពីដើមខែមីនា ហើយរដ្ឋខ្លះនឹងបន្តបិទរហូតដល់ដំណាច់ឆ្នាំសិក្សានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។ សាលារៀននិងមហាវិទ្យាល័យខ្លះបានបង្កើតកម្មវិធីបង្រៀនតាមអនឡាញសម្រាប់ពេលវេលាសេសសល់ មុននឹងដល់វិស្សមកាលនៅរដូវក្តៅ។
ស្ថានទូតកម្ពុជាក៏បានស្នើឱ្យនិស្សិតដែលបញ្ចប់ការសិក្សាត្រូវពន្យាការធ្វើដំណើមាតុភូមិនិវត្តន៍មួយរយៈសិន និងបានស្នើឱ្យសិស្សនិងនិស្សិតទាំងអស់ប្រុងប្រយ័ត្នការពារខ្លួនចំពោះគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូរ៉ូណាដោយជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅជាដើម។
នៅក្នុងកម្មវិធីជួបជុំជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថាការវិលត្រឡប់របស់ពួកគេ គឺនឹងនាំគ្រោះថ្នាក់ចំពោះក្រុមគ្រួសារនិងប្រទេសកម្ពុជាទេ។ហើយការបន្តស្នាក់នៅក៏ជាការបង្ហាញពីការរួមសុខរួមទុក្ខជាមួយនឹងពលរដ្ឋអាមេរិកាំងផងដែរ។
កាលពីសប្តាហ៍មុន មានសិស្សនិងនិស្សិតចំនួន១២នាក់ បានសុំឱ្យស្ថានទូតកម្ពុជាជួយសម្រួលដំណើរវិលត្រឡប់របស់គេប៉ុន្តែពួកគេមិនបានចាកចេញទេ ដោយសារតែជើងយន្តហោះដែលពួកគេបានកក់ត្រូវបានលុបចោលអស់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាមកកាន់វីអូអេកាលពីល្ងាចថ្ងៃពុធ។
មានពលរដ្ឋអាមេរិកាំងចំនួនជាង ៧០.០០០នាក់ បានឆ្លងជំងឺកូវីដ១៩ហើយមានអ្នកស្លាប់ចំនួនជាង១០០០នាក់ហើយ។ នេះបើតាមទិន្នន័យសរុបដែលប្រមូលដោយសាកលវិទ្យាល័យសុខាភិបាល Johns Hopkins ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
ប្រទេសកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅឡើយទេនិងមានអ្នកឆ្លងចំនួន៩៨នាក់ក្នុងនោះមានទេសចរអង់គ្លេសនិងបារំាងផងដែរ៕