លោក Prumsodun Ok ជាជនជាតិខ្មែរអាមេរិកម្នាក់ ដែលមានម្តាយឪពុកជាជនភៀសខ្លួន។ លោកដឹងច្បាស់ថា លោកចង់ក្លាយជា អ្នករាំរបាំ «អប្សរា» តាំងពីអាយុ ០៤ឆ្នាំមកម្ល៉េះ នៅពេលដែលលោកបានជក់ចិត្តយ៉ាងខ្លាំងទៅលើការសម្តែងរបាំអប្សរា នៅក្នុងវីដេអូថតសម្រាប់មើលកម្សាន្តជាគ្រួសារមួយ។
មិនថា របាំអប្សរាមានអាយុកាលតាំងពីសតវត្សទី០៧ មក ឬតាំងពីបុរាណកាលមកក្តី ពាក្យថា «អប្សរា» មានន័យថា ទេពធីតា កើតពីឋានសួគ៌ និងមានសម្រស់ស្រស់ត្រកាល ដើម្បីផ្តល់ជូនជាការកម្សាន្តដល់អាទិទេព និងព្រះរាជា នៅប្រាង្គប្រាសាទអង្គរ ក្នុងសម័យកាលអាណាចក្រខ្មែរ។ លោក Prumsodun បានផ្តោតតែទៅលើក្បាច់រាំរបាំអប្សរាតែប៉ុណ្ណោះ និងមិនយកចិត្តទុកដាក់ខ្លាំងលើការណ៍ ដែលថា អ្នករាំរបាំនេះ ជាស្រ្តីនោះទេ ដោយសារតែនៅគ្រានោះលោកជាកុមារម្នាក់នៅឡើយ ហើយលោកមានក្តីស្រមៃខ្ពស់។

លោក Prumsodun Ok ឈរនៅកណ្តាលផ្លូវមួយនៅក្រុងភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ (រូបថតពី Lim Sokchanlina)
លោក Prumsodun បានរក្សាទុកក្តីស្រមៃនេះអស់រយៈពេល ១២ឆ្នាំបន្តមក។ លោកបានកើតនៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលមានពលរដ្ឋខ្មែរចំណាកស្រុកប្រមាណ ២ម៉ឺននាក់រស់នៅ ហើយរូបលោកផ្ទាល់ធ្លាប់ត្រូវបានរងការសម្លុតធ្វើបាប ដោយសារតែលោក «ខុសប្លែក» ពីអ្នកដទៃ។ លោកបានរំឭកពី ការណ៍ដែលខ្លួនលោកត្រូវបានគេហៅថា «ខ្ទើយ» នៅពេលលោកមានអាយុត្រឹមតែ ៥ឆ្នាំ។ ការណ៍នេះបានញ៉ាំងចិត្តលោក ឲ្យកំណត់អត្តសញ្ញាណខ្លួនឯងថា ជាបុរសស្រឡាញ់ភេទដូចគ្នា ពេលលោកស្ថិតនៅក្នុងវ័យជំទង់។
លោក Prumsodunបាននិយាយអំពីការដឹងខ្លួនថា លោកជាបុរសស្រឡាញ់ភេទដូចគ្នាថា «ខ្ញុំមិនដឹងថា ខ្ញុំបានដឹងខ្លួនតាំងពីពេលណាមកទេ»។ លោកបានបន្តថា «ប៉ុន្តែ ខ្ញុំគ្រាន់តែមានអារម្មណ៍ស្រណុកចិត្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅពេលខ្ញុំកំពុងរៀននៅវិទ្យាល័យប៉ុណ្ណោះ។ នេះគឺរូបខ្ញុំ នេះគឺមនុស្សម្នាក់ដែលជារូបខ្ញុំ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរ ឬយកវាពីខ្ញុំបានទេ»។
នៅពេលលោកស្ថិតនៅក្នុងវ័យជំទង់នេះឯង ហើយបន្ទាប់ពីចំណាយពេលរាប់ឆ្នាំមើលប្អួនស្រីរបស់លោកហាត់រាំរបាំប្រពៃណីខ្មែរ ទើបលោកមានភាពក្លាហានមកសុំហាត់រៀនពីគ្រូបង្ហាត់របាំរបស់ប្អូនស្រីរបស់លោក។
ក្រុមរបាំ Prumsodun Ok & NATYARASA សម្តែងរបាំ Santhyea Vehea ដែលបង្ហាញពីរបាំប្រពៃណីខ្មែរ តូរ្យតន្រ្តី និងសម្លៀកបំពាក់បុរាណ ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងអាពាហ៍ពិពាហ៍រវាងបុរសពីរនាក់។ ការសម្តែងរបាំនេះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Lina Goldberg)
តារាកំពុងរះក្នុងចំណោមសិស្សរបាំ
លោក Prumsodun បានសារភាពថា៖ «ខ្ញុំពិតជា ចូលចិត្តរបាំណាស់។ តើអ្នកគ្រូអាចបង្រៀនខ្ញុំបានទេ?» ហើយអ្នកស្រី Sophiline Cheam Shapiro បានយល់ព្រម។ លោក Prumsodun ដែលកាលនោះលោកកំពុងស្ថិតនៅក្នុងវ័យជំទង់នៅឡើយ បានក្លាយជាតារាកំពុងរះយ៉ាងឆាប់រហ័សមួយ នៅវិទ្យាស្ថានសិល្បៈខ្មែរ របស់អ្នកស្រី Sophiline ក្នុងក្រុងឡុងប៊ិច ដែលវិទ្យាស្ថាននេះមានទំនាក់ទំនងជាមួយនឹងក្រុមរបាំនៅកម្ពុជា។
សាលាបង្រៀនរបាំ ដែលអ្នកស្រី Sophiline បានបង្កើតឡើង បានបង្រៀនសិល្បៈប្រពៃណីទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំង។ អ្នកស្រី Sophiline គឺជា និស្សិតបញ្ចប់ការសិក្សាដំបូងគេបង្អស់មួយពី សាលាភូមិន្ទវិចិត្រសិល្បៈ នៅក្រុងភ្នំពេញ បន្ទាប់ពី ការដួលរលំរបបខ្មែរក្រហម ហើយអ្នកស្រី ត្រូវបានគេចាត់ទុកជា អ្នកដឹកនាំផ្នែករបាំឈានមុខគេមួយរូប នៅសម័យថ្មី។
ក្នុងឆ្នាំ ២០១៥ លោក Prumsodun ដែលឥឡូវនេះមានអាយុ ៣០ឆ្នាំ បានផ្លាស់ទៅរស់នៅប្រទេសកម្ពុជា ហើយបានបង្កើតក្រុមរបាំអាជីព Prumsodun Ok &NATYARASA ដែលជាក្រុមរបាំបុរសស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់នៅកម្ពុជា។ អ្នករាំរបាំ ដែលជាបុរស វ័យពី១៨ ទៅ២៤ឆ្នាំ បានបំពេញតួនាទី ដែលពីមុនមកមានតែស្រ្តីប៉ុណ្ណោះ។ ក្រុមរបាំនេះបានបង្ហាញក្បាច់រាំប្រពៃណីខ្មែរ ក៏ដូចជា ស្នាដៃថ្មីៗ ដែលលោក Prumsodun បានបង្កើតឡើង។ លោក Prumsodunបានថ្លែងថា៖
«អ្វីដែលខ្ញុំកំពុងធ្វើ គឺទាញយកពីក្បាច់រាំប្រពៃណីរបស់យើង ហើយប្រើក្បាច់រាំទាំងនោះ ក្នុងបែបផែន ដែលមនុស្សទូទៅមិនអាចនឹកស្មានដល់ ដើម្បីបង្ហាញទិដ្ឋភាពប្រទេសកម្ពុជាមួយ ប្រកបទៅដោយ លក្ខណៈរួមបញ្ចូល យល់ចិត្តគ្នា និងយុត្តិធម៌»។
លោក Prumsodun បានលើកឡើងថា វប្បធម៌ គឺជាកេរដំណែលរបស់មនុស្សជាតិ។ លោកជឿជាក់ថា មិនមានគំរូណាមួយជាក់លាក់ ដែលតំណាងឲ្យវប្បធម៌ទាំងស្រុងនោះទេ ហើយលោកជំរុញឲ្យមានការច្នៃប្រឌិតបែបថ្មី បន្ថែមពីលើអ្វីដែលមានតាំងពីដំណាលដើមមក។
គ្រូបង្រៀនរបាំលោក Prumsodun Ok តម្រែតម្រង់ចលនាបត់បែនរបស់ក្រុមរបាំរបស់លោក អំឡុងពេលហាត់សមមួយ។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)
ការទទួលស្គាល់ពីសង្គមកម្ពុជា
លោក Srun Sorn (ស្រ៊ុន សន) អាយុ ៣៦ឆ្នាំ ស្ថាបនិកសមាគមអនាគតយុវជនកម្ពុជាអាស៊ាន (CamAsean) និងសកម្មជនគាំទ្រសិទ្ធិមនុស្ស បានប្រាប់ VOA ថា ស្របពេលដែលមួយភាគធំនៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ត្រូវបានគេកាត់ផ្តាច់ និងរើសអើង សង្គមកម្ពុជានៅតែទទួលយកតួនាទីរបស់ពួកគេនៅក្នុងវិស័យសិល្បៈ។
លោក Sorn បាននិយាយថា ក្រុមរបាំរបស់លោក Prumsodun «គឺមានលក្ខណៈជាក្រុមរបាំអាជីព ដូច្នេះខ្ញុំគិតថា ការណ៍នេះនឹងមកនូវការឆ្លើយតបវិជ្ជមានពីសហគមន៍»។ លោកបានបន្តថា «មកទល់ពេលនេះ ការសម្តែងរបាំជាផ្នែកមួយនៃសិល្បៈ មិនបានទទួលប្រតិកម្មអវិជ្ជមានណាមួយពីសាធារណជននៅឡើយទេ»។
លោក Prumsodun និយាយថា តួនាទីរបស់លោកជាគ្រូរបាំ គឺមានលើសពីក្នុងថ្នាក់រៀនទៅទៀត។ លោកបានថ្លែងថា៖
«ការធ្វើឲ្យពួកគេរៀនឃើញ ធ្វើឲ្យពួកគេក្លាហានក្នុងការសួរសំណួរ ធ្វើឲ្យពួកគេក្លាហានក្នុងការស្វែងយល់ដោយខ្លួនឯង។ ទាំងអស់នេះហើយជារឿងសំខាន់ ដែលគ្រូបង្ហាត់បង្រៀន មិនថា សិល្បៈនៅក្នុងទម្រង់ណាក៏ដោយ ត្រូវការ ដើម្បីជំរុញទឹកចិត្តសិស្សរបស់ខ្លួន»។
លោក Choung Veasna (ឈួង វាសនា) អាយុ ១៩ឆ្នាំ មកពីភ្នំពេញនិយាយថា លោក Prumsodun បានធ្វើឲ្យលោកមានទំនុកចិត្ត។ លោកបាននិយាយថា៖
«ខ្ញុំបានរៀនពីលោកគ្រូថា មិនថា នរណានិយាយអ្វីពីអ្នកទេ គឺវាមិនសំខាន់ទេ»។
លោក Tes Sokhon (តេស សុខុន) អាយុ ២៤ឆ្នាំ មកពីខេត្តប៉ៃលិន និងជាអ្នករាំរបាំអាយុច្រើនជាងគេនៅក្នុងក្រុម និយាយថា គ្រូរបស់ខ្លួន ជាមនុស្សដែលជួយជំរុញទឹកចិត្ត។ លោកបាននិយាយថា៖
«គាត់ [លោក Prumsodun] គឺលើសពីតារាក្នុងដួងចិត្តខ្ញុំទៅទៀត។ គាត់ជាគ្រូដំបូង ដែលបង្ហាត់បង្រៀនខ្ញុំឲ្យចេះរាំរបាំប្រពៃណី។ គាត់បានផ្តល់ឲ្យពួកយើងនូវប្រាក់ចំណូល និងធ្វើឲ្យជីវិតរបស់យើងប្រសើរជាងមុន»។
លោក Craig Dodge ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមសៀក Phare ថតនៅអំឡុងពេលក្បួនដង្ហែ Giant Puppet Parade នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថតពីក្រុមសៀក Phare)
ការរួមបញ្ចូលគ្នារវាងសោភណភាព និងប្រពៃណី
ក្តីស្រឡាញ់របស់ក្រុមរបាំលោក Prumsodun សម្រាប់របាំប្រពៃណីខ្មែរ គឺមិនមែនគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះទេ។
លោក Craig Dodge ប្រធានផ្នែកលក់ និងទីផ្សារក្រុមសៀក Phare (ហ្វារ) ដែលជាក្រុមសម្តែងសៀកប្រចាំនៅខេត្តសៀមរាប បាននិយាយថា៖
«ខ្ញុំបានស្រក់ទឹកភ្នែក នៅពេលខ្ញុំបានមើលវីដេអូនៅលើគេហទំព័ររបស់ក្រុមរបាំរបស់លោក Prumsodun ហើយបានឭ បុរសវ័យក្មេងទាំងនោះនិយាយអំពីអត្ថន័យ ដែលការសម្តែងមានសម្រាប់ពួកគេ អត្តសញ្ញាណរបស់ពួកគេ និងកម្លាំងចិត្តរបស់ពួកគេ»។
វីដេអូរបស់ Prumsodun Ok and NATYARSA
លោក Dodge បានធ្វើការជាមួយលោក Prumsodun ដើម្បីនាំក្រុមរបាំរបស់លោកមកធ្វើការសម្តែងដំបូងនៅក្រុងសៀមរាប ដែលជាមណ្ឌលវប្បធម៌ដ៏ធំមួយ។ លោកបានពណ៌នាសហគមន៍ជនបរទេសនៅក្រុងសៀមរាបថា «ជាកន្លែងដ៏ល្អឥតខ្ចោះមួយសម្រាប់ការបំប៉ន និងបង្ហាញការច្នៃប្រឌិតបែបប្រពៃណី និងបែបថ្មីនៅកម្ពុជា»។
លោក Darryl Collins ប្រវត្តិវិទូផ្នែកសិល្បៈ បានផ្តល់កន្លែងសម្តែង ដោយឥតគិតថ្លៃ។ លោកយល់ឃើញថា «ការដាក់បញ្ចូលគ្នារវាងផ្ទះខ្មែរបុរាណអាយុ ១០០ឆ្នាំ ដ៏ស្រស់ស្អាតរបស់លោក ជាមួយនឹងទម្រង់បែបសម័យថ្មីនៃរបាំប្រពៃណី ហាក់ដូចជា ការដាក់បញ្ចូលគ្នាដ៏គួរឲ្យចាប់អារម្មណ៍មួយ»។
អាជីវកម្មដទៃទៀតនៅខេត្តសៀមរាប ក៏បានជួយជ្រោមជ្រែងផងដែរ ជាមួយនឹងការឲ្យស្នាក់នៅដោយមិនគិតថ្លៃ ការដឹកជញ្ជូនធ្វើដំណើរ សន្តិសុខ និងការរៀបឆាកសម្តែងនៅថ្ងៃទី១៤ និង១៥ ខែកក្កដា កន្លងទៅ។
លោកដួង វាសនា និងលោកចំរើន ដារ៉ា អ្នករបាំនៃក្រុមរបាំ Prumsodun Ok & NATYARASA ធ្វើការសម្តែងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Tom Whittaker)
ក្រុមរបាំអាជីព Prumsodun OK & NATYARASA បានសម្តែងរបាំចំនួនបីផ្សេងគ្នា ដែលរួមមាន របាំ PRUM x POP ដែលមានចាប់ពីរបាំប្រពៃណីខ្មែរ រហូតដល់ចម្រៀងប៉ុប របាំ Beloved ដែលបង្ហាញពីក្តីស្រឡាញ់របស់ព្រះរាជាខ្មែរនៅសតវត្សទី ១៣ ទៅលើទឹកដីខ្មែរ និងរបាំ Santhyea Vehea ដែលបង្ហាញពីក្តីស្រឡាញ់ និងការរៀបការរវាងបុរសពីរនាក់។
លោក Prumsodun សង្ឃឹមថា ទស្សនិកជនដែលមានការបើកចិត្តទូលាយ នឹងគិតថា ការសម្តែងនោះជា ការវាស់វែងមួយ នៃការណ៍ដែលអ្នកស្រឡាញ់ភេទដូចគ្នា អាចបង្កើតសិល្បៈនៅក្នុងសហគមន៍របស់ពួកគេ។ លោកបាននិយាយថា៖
«ខ្ញុំចង់ឲ្យក្រុមរបាំនេះក្លាយជាគំរូមួយសម្រាប់ក្តីស្រឡាញ់ ភាពក្លាហាន និងសោភណភាព»៕