របាយការណ៍​សិទ្ធិ​មនុស្ស៖ អ្នកការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នករិះគន់​នៅ​កម្ពុជា​រង​ការធ្វើ​ទុក្ខ​បុកម្នេញ កាន់តែ​ខ្លាំងឡើង

អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​,​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (អូន​ ឆេង​ប៉រ​​​/ VOA)

​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ទ្រោម​ខ្លួន​ តែ​មិន​ចុះ​ចាញ់» ​ឬ ​DOWN, BUT NOT OUT ​នេះ ​បាន​ពណ៌នា​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​កូវីដ១៩​ គឺ​ជា​ឆុតឆាក​ចុង​ក្រោយ​នៃ​ការ​ប៉ុនប៉ង​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា​ ដើម្បី​បំបិទ​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល ​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ធ្ងន់​ធ្ងរ​តាម​រយៈ​ការ​អនុវត្ត​ច្បាប់ ​ដែល​មាន​«លក្ខណៈ​គាប​សង្កត់»​ និង​វិធាន​ការ​តាម​ដាន​ឃ្លាំមើល​របស់​អាជ្ញាធរ​កាន់​តែ​ធ្ងន់​ធ្ងរ​ ជាពិសេស​អំឡុង​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​មាន​ឈ្មោះ​ថា​ The Observatory for the Protection of Human Rights Defenders។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​បញ្ចេញ​របាយ​ការណ៍​ចុង​ក្រោយ​ថ្មី​មួយ​ ដែល​ពណ៌នា​លម្អិត​អំពី​ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​បរិស្ថាន ​ដីធ្លី ​និង​អ្នក​សារ​ព័ត៌មាន។​ របាយ​ការណ៍​បង្ហាញ​ថា​ ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពីខែ​មីនា​មក​នោះ ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​ឧបករណ៍ ​និង​ទឡ្ហីករណ៍​បន្ថែម​ ដើម្បី​បង្កើន​ការ​បង្រ្កាប​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។ ​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ទ្រោម​ខ្លួន​ តែ​មិន​ចុះ​ចាញ់» ​ឬ ​DOWN, BUT NOT OUT ​នេះ ​បាន​ពណ៌នា​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​កូវីដ១៩​ គឺ​ជា​ឆុតឆាក​ចុង​ក្រោយ​នៃ​ការ​ប៉ុនប៉ង​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា​ ដើម្បី​បំបិទ​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។​

របាយ​ការណ៍​ដែល​មាន​កម្រាស់​៣៦​ទំព័រ​នេះ​ កត់​សម្គាល់​ថា​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ភ្ជាប់​ទៅ​នឹង​«បដិវត្តន៍​ពណ៌»​មួយ ​ហើយ​ត្រូវ​បាន​ចោទ​ថា​ ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។​

របាយ​ការណ៍​បញ្ជាក់​ថា៖ ​«លំហ​សង្គម​ស៊ីវិល​បាន​រួម​តូច​បន្ថែម​ទៀតចាប់​តាំង​ពី​រដ្ឋាភិបាល​ផ្តួច​ផ្តើម​ការ​បង្ក្រាប​របស់​ខ្លួន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨​ ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ធ្វើការ​ក្នុង​បរិយាកាស​គាប​សង្កត់​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ថ្មីៗ​នេះ»។​

នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ​អង្គការ​ The Observatory for the Protection of Human Rights Defenders​ បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​ស្រង់​សម្តី​អគ្គ​លេខាធិការ​របស់​អង្គការ​ដដែល​នេះ​ គឺ​លោក ​Adilur Rahman Khan ​ក្នុង​ន័យ​ដើម​ថា៖​ «ក្នុង​ប្រទេស​កម្ពុជា​ បុគ្គល​និង​សហគមន៍​ជាច្រើន​ត្រូវ​បាន​គេ​វាយ​ប្រហារ​ជា​ប្រក្រតី​ និង​ធ្វើ​ឲ្យ​ក្លាយ​ជា​ឧក្រិដ្ឋ​ជន​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស។​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​កែប្រែ​ការ​អនុវត្ត​ដែល​មិន​អាច​ទទួល​យក​បាន​របៀប​នេះ​ ដោយ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ បាន​ធ្វើ​ការងារ​ដោយ​សុវត្ថិភាព​និង​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ព្រោះ​បើ​មាន​អ្នក​ក្រោក​ឈរ​កាន់​តែ​ច្រើន​ដើម្បី​សិទ្ធិ​មនុស្សនោះ​ ​នោះ​ការ​អភិវឌ្ឍ​និង​យុត្តិធម៌​សង្គម​នឹង​មាន​សម្រាប់​មនុស្ស​ទូទៅ»។ ​

របាយ​ការណ៍​បន្ថែម​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដែល​មាន​លក្ខណៈ​បង្ក​ហានិភ័យ​ជា​ច្រើន​ ហើយ​បាន​ធ្វើ​វិសោធន​កម្ម​បទ​បញ្ញត្តិ​ដែល​កំពុង​មាន​ស្រាប់​ដើម្បី​រាំង​ខ្ទប់​និង​ដាក់​ទោសទណ្ឌ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដោយ​ការ​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​នូវ​លំហ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សហជីព​និង​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិន​មាន​ភាព​ស្រប​ច្បាប់។ របាយ​ការណ៍​សង្កត់ធ្ងន់​ថា៖​ «ជា​លទ្ធផល​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​ប្រឈម​ការ​យាយី​តាម​ផ្លូវ​ច្បាប់​និង​ការ​ជាប់ឃុំ​ឃាំង​កាន់​តែ​ច្រើន​ឡើង»។

អង្គការ​ The Observatory for the Protection of Human Rights Defenders ​ក៏​បាន​ពិនិត្យ​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ ដែល​ជា​ច្បាប់​ទើប​តែ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ក្នុង​គ្រា​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ និង​ប្រទេស​បារាំង​នេះ​និយាយ​ថា​ ច្បាប់​នេះ ​«នឹង​នាំ​ទៅ​រក​ការ​ឲ្យ​មាន​ការ​រាំង​ខ្ទប់​បន្ថែម​នូវ​សិទ្ធិ​ស៊ីវិល​និង​សេរីភាព​ផ្សេង​ទៀត ​ដូច​ជា​សេរីភាព​ដើរ​ហើរ​ ការ​បញ្ចេញ​មតិ​ ការ​ជួប​ប្រជុំ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ ក៏ដូច​ជា​សិទ្ធិ​ក្នុង​ការ​ជូន​ដំណឹង​ ឬ ​ត្រូវ​បាន​ជូន​ដំណឹង»។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ការពារ​វិធាន​ច្បាប់​របស់​កម្ពុជា​ ដោយ​ថា​ អ្នក​រិះគន់​មិន​បាន​ដឹង​លម្អិត​អំពី​នីតិវិធី​ដែល​មាន​ជាធរមាន​នៅ​កម្ពុជា​នោះ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ វិធាន​ការ​ច្បាប់​ដែល​ធ្វើ​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ ​គឺ​ផ្អែក​ទៅ​តាម​មូលដ្ឋាន​ច្បាប់​ដែល​គាំទ្រ​ដល់​ការ​បង្ក្រាប​បទ​លើ្មស​ជាក់​លាក់។​

«ក្រុម​សកម្មជន​មួយ​ចំនួន​ដែល​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ដោយ​សារ​តែ​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​បញ្ជាក់​ថា​ គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស។​ អ៊ីចឹង​គួរតែ​ពិចារណា​ទៅ​លើ​សកម្មភាព​ និង​ទិដ្ឋភាព​ច្បាប់​ផង​ថា ​តើ​មាន​មូលដ្ឋាន​ច្បាប់​អី​ខ្លះ​ដែល​គេ​ចោទ​ប្រកាន់​ហ្នឹង​មិន​ថា​ក្នុង​ស្ថាន​ភាព​កូវីដ​ ឬ​ ក៏​មិន​កូវីដ​នោះ​ទេ»។​ ​

ទាក់ទិន​នឹង​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះ​លោក ​ជិន ម៉ាលីន​ លើក​ឡើង​ថា​ ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព​សាធារណៈ។​

ទោះ​ជា​យ៉ាង​ណា​ លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ​មាន​ប្រសាសន៍​ថា ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​មួយ ព្រោះ​គ្រាន់តែ​ការ​ជួប​ជុំ​តស៊ូ​មតិ​ដែល​មាន​ចំនួន​មនុស្ស​តិចតួច ​ក៏​រង​ការ​រំខាន​ពី​អាជ្ញាធរ​ដែរ។​ លោក​លើក​ឧទាហរណ៍​ថា​ សកម្មភាព​របស់​ក្រុម​យុវជន​ការពារ​បរិស្ថាន​មួយ​ក្រុម ​ដែល​ជិះកង់​ស្វែងរក​ការ​គាំទ្រ​ពី​មហាជន​ ដើម្បី​ការពារ​តំបន់​កោះ​កុង​ក្រៅ ​និង​ការ​ជួប​ជុំ​រំឭក​ខួប​ការ​ស្លាប់​របស់​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ គឺ​លោក ​កែម ឡី​ នោះសុទ្ធតែ​ត្រូវ​បាន​រារាំង។​

របាយ​ការណ៍​របស់​អង្គការ​ The Observatory for the Protection of Human Rights Defenders ក៏​បាន​លើក​ឡើងអំពី​ករណីក្តីក្តាំជាច្រើន​របស់សកម្មជនសិទ្ធិមនុស្ស និង​អ្នកការសែត​ ​និងការ​ចាប់​ឃុំខ្លួន​អ្នកការពារ​បរិស្ថាន​មួយចំនួន។ របាយ​ការណ៍​បាន​កត់ត្រាករណី​ចាប់ខ្លួន​សកម្មជន​ការពារ​បរិស្ថានចុង ក្រោយ​មួយ​ គឺ​ការចាប់​ឃុំខ្លួន​លោក ​អ៊ូច​ ឡេង​ ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​បីនាក់​ផ្សេង​ទៀត​នៅ​តំបន់​ព្រៃ​ឡង់។​

រូបឯកសារ៖ យុវជន​គង់​ រ៉ៃយ៉ា (កំពុងលើកដៃ)​ ស្ថិត​ក្នុង​រថយន្ត​ដឹក​អ្នកទោស​ពី​ពន្ធនាគារ​ព្រៃស មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ចំណែក​លោក​ គង់ រ៉ៃយ៉ា ​ដែល​តែង​រិះគន់​រដ្ឋាភិបាល ​ហើយ​ដែល​ត្រូវ​បាន​ចង​ក្រង​ក្នុង​របាយ​ការណ៍​នេះ​ដែរ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​ដោយ​សារ​មិន​អាច​ទ្រាំទ្រ​បាន​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​កម្ពុជា ​ ខណៈ​លោក ​ត្រូវ​បាន​ចោទ​ប្រកាន់​រឿង​លក់​អាវ​យឺត​ដែល​មាន​រូប​លោក ​កែម ឡី។ ​

«បើ​សិន​ជា​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ ទោះ​ខ្ញុំ​ធ្វើ​អី​ក៏ខុស​ដែរ​ ឲ្យ​តែខ្ញុំ​នៅតែ​បន្ត​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ ជា​ពិសេស ​គឺ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង។ អ៊ីចឹង​ហើយ​ ទើប​ខ្ញុំ​រត់​គេច​ រត់​ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយនៅ​ប្រទេស​ថៃ​នេះ​បាទ»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ឆាយ គឹមខឿន​ អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​កម្ពុជា​គ្រាន់​តែ​បាន​អនុវត្ត​នីតិវីធី​ចាប់​ខ្លួន​តែ​ទៅ​តាម​ដីកា​របស់​តុលាការ​ និង​បទល្មើស​ប៉ុណ្ណោះ។ ​

«ការ​ចាប់​ខ្លួន​គឺ​សុទ្ធ​តែ​អនុវត្ត​ទៅតាម​ដីកា​តុលាការ។ ​ បើ​អត់​មាន​រឿង​អត់​មាន​កំហុស​ គេ​អត់​ចាប់​ទេ។​ ​ នែ៎​អា​នេះ​ជា​គោល​ការណ៍​នែ៎!​ ហើយ​បើ​ថា​ ចង់​ដឹង​ថា​ ការ​ចាប់​ខ្លួន​ហ្នឹង​ វា​ត្រឹម​ត្រូវ​ មិន​ត្រឹម​ត្រូវ​អាហ្នឹង​យើង​ អាឡូវ​ប្រទេស​នីតិ​រដ្ឋ​តើ! ​យើង​ឡើង​តុលាការ។​ យើង​រក​ហេតុផល​បំភ្លឺ​បង្ហាញ​ទៅ!»​

នៅ​ក្នុង​ករណី​ចាប់​ឃាត់​ខ្លួន​មនុស្ស​ពាក់​ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​នោះ​ លោកមាន​ប្រសាសន៍​ថា​ ការ​ឃាត់​ខ្លួន​ ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។​

បើ​តាម​ការ​បញ្ជាក់​របស់​លោក ​អំ សំអាត​ មន្រ្តី​អង្គការ​លីកាដូ ​មាន​ករណី​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​មនុស្ស​មិន​តិច​ជាង​៣០​ករណី​ទេ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អត្ថាធិប្បាយ​ និង​ចែក​រំលែក​ព័ត៌មាន​នានា​ ដែល​មាន​ទំនាក់​ទំនង​នឹង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​នេះ៕​