មេដឹកនាំប្រទេសកម្ពុជា និងវៀតណាមនៅថ្ងៃអង្គារនេះ បានចុះកិច្ចព្រមព្រៀងជាច្រើនក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបានប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលមានខ្សែបន្ទាត់ព្រំដែនរួមគ្នា ឲ្យដល់៥.០០០លានដុល្លារអាមេរិកនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ដែលមានរយៈពេលបីថ្ងៃនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ដើមទស្សនកិច្ចផ្លូវការនៅក្នុងកម្ពុជាកាលពីថ្ងៃចន្ទ ដោយបានចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ ខេត្តកណ្ដាលនៃប្រទេសកម្ពុជា និងឡុងប៊ិញ ខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដែលមានតម្លៃប្រមាណជាង ៣៦លានដុល្លារអាមេរិក។
នៅថ្ងៃអង្គារនេះ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានចូលជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាជាច្រើនរួមមាន ការសិក្សារួមគ្នាអំពីការកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ ម៉ក់បៃ ការឧបត្ថម្ភការសាងសង់មហាវិថី ភ្នំពេញ-ហាណូយ ដែលជាជំនួយឥតសំណងរបស់វៀតណាម ការកសាងមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ និងការបន្តអនុស្សរណៈយោគយល់ ស្ដីពីសហប្រតិបត្តិការទ្វេភាគីលើវិស័យជលផល។ នេះបើតាមការបញ្ជាក់ពីលោក កៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីកម្ពុជា។
លោក កៅ គឹមហួន ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាទាក់ទិន ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ការអភិវឌ្ឍនៅតាមខ្សែបណ្ដោយព្រំដែនប្រទេសទាំងពីរ និងបញ្ហាភាពស្របច្បាប់នៃជនជាតិវៀតណាម ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា។
លោកថា រដ្ឋាភិបាលវៀតណាម បានផ្ដល់ថវិកាចំនួន២លានដុល្លារអាមេរិក ដើម្បីកសាងផ្សារមួយនៅខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើជំនួញតាមព្រំដែន។
«សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកត្រឡប់មកវិញ រឿងព្រំដែនថា អ្វីដែលសំខាន់រឿងព្រំដែននេះ យើងត្រូវប្រែក្លាយឲ្យព្រំដែនរវាងប្រទេសទាំងពីរនេះ ជាព្រំដែនប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសភូមិបងរបងជាមួយគ្នា និងការអភិវឌ្ឍន៍។ ដូច្នេះ ជាព្រំដែនមួយដែលមានសុខសន្តិភាព»។
លោក កៅ គឹមហួន បានឲ្យដឹងបន្តថា មេដឹកនាំប្រទេសវៀតណាម បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការបង្កើតសទ្ទានុក្រមភាសាខ្មែរ និងវៀតណាម ដើម្បីការសិក្សាស្រាវជ្រាវ និងកសាងធនធានមនុស្សរវាងប្រទេសទាំងពីរ។
«នេះជាការគាំទ្ររបស់សម្ដេចដែរ គឺថា លោកគាំទ្រការអភិវឌ្ឍធនធានមនុស្ស ហើយនិងវិស័យអប់រំនេះ»។
លោក កៅ គឹមហួន បានបន្ថែមថា មេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការបន្តកសាងស្ពាននៅតំបន់ផ្សេងទៀត ដើម្បីតភ្ជាប់ប្រទេសទាំងពីរ។ លោកបញ្ជាក់បន្តទៀតថា ភាគីទាំងពីរបានយល់ព្រមលើការបន្តស្វែងរកអដ្ឋិធាតុរបស់ទាហានវៀតណាម ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីជំនួបជាមួយលោក ហ៊ុន សែន លោក ង្វៀន សួនហ៊្វុកនាយករដ្ឋមន្ត្រីវៀតណាម បានចូលជួបពិភាក្សាដាច់ដោយឡែកជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។ លោក ង្វៀន សួនហ៊្វុក ក៏គ្រោងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងចូលថ្វាយបង្គំសម្ដេចព្រះសង្ឃរាជ ទេព វង្ស ផងដែរ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមប្រាប់ VOAនៅថ្ងៃអង្គារនេះថា ផែនការអភិវឌ្ឍនៅតាមព្រំដែន ជាយន្តការមួយនៃការរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយ លោកថា ប្រទេសវៀតណាម នឹងធ្វើកិច្ចការនេះ បានល្អប្រសើរជាងប្រទេសកម្ពុជា។
«យើងឃើញកន្លងមក បើសិនជាគេនិយាយថា ឥឡូវនេះ ព្រំដែនគេហ្នឹងកម្រិតបង្គោលព្រំដែនគេ ដល់ប៉ុណ្ណា គឺការអភិវឌ្ឍគេ គេធ្វើឲ្យដល់ត្រង់ហ្នឹង ទោះបីជាមិនទាន់មានការព្រមព្រៀងហើយក៏គេអាច រៀបចំការអភិវឌ្ឍហ្នឹងជារួចស្រេចទៅហើយនៅខាងគេ។ ប៉ុន្តែយើងព្រួយបារម្ភ ព្រួយតែខាងខ្មែរយើង ព្រោះខ្មែរយើង ពីមុនមកដល់ឥឡូវនេះ វាច្រើនតែថាច្រើនជាងធ្វើ។ នេះជាការសង្កេតឃើញសម្រាប់ការអភិវឌ្ឍព្រំដែន»។
លោក មាស នី បានបន្តថា ការកសាងស្ពាន និងផ្លូវថ្នល់ដើម្បីតភ្ជាប់ប្រទេសទាំងពីរ នឹងបើកផ្លូវឲ្យប្រទេសទាំងពីរនេះ បង្កើនល្បឿនពាណិជ្ជកម្ម។ តែលោកបារម្ភថា ប្រទេសកម្ពុជា នឹងរងសំពាធខាងពាណិជ្ជកម្មពីវៀតណាម ដោយសារផលិតកម្មក្នុងស្រុកនៅកម្ពុជា នៅមានកម្រិតនិងតម្លៃទាបនៅឡើយ ដែលនឹងមិនអាចឆ្លើយតបលំហូរផលិតផលរបស់ប្រទេសវៀតណាម។
ប្រទេសវៀតណាម បានចូលឈ្លានពានកម្ពុជាកាលពីឆ្នាំ១៩៧៩ ដើម្បីបណ្ដេញក្រុមខ្មែរក្រហម ហើយលើកបន្តុបរដ្ឋាភិបាលកម្ពុជាមួយ ចេញពីក្រុមខ្មែរក្រហមមួយផ្នែក ដែលវៀតណាមគាំទ្រ។ នេះបើយោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួន។ ទំនាក់ទំនងដ៏ខ្លាំងរវាងប្រទេសទាំងពីរ ក្រោយមក ត្រូវគេមើលឃើញថា ហាក់ដូចជាចុះខ្សោយបន្តិចម្តងៗ នៅពេលកម្ពុជាបានបង្កើនទំនាក់ទំនងដល់កម្រិតខ្ពស់ជាមួយនឹងចិន ទាំងនយោបាយនិងសេដ្ឋកិច្ច។
ការមកបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា កើតមានឡើងតែជាងមួយសប្ដាហ៍ ក្រោយលោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនអានសៀវភៅស្ដីពីការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក្នុងការដឹកនាំប្រទេសចិនដែលជាប្រទេសកុម្មុយនិស្តរាប់ទសវត្សរ៍ ដើម្បីរៀនសូត្រពីចំណុចសំខាន់ៗយកទៅអភិវឌ្ឍសេដ្ឋកិច្ចរបស់សង្គមកម្ពុជា៕