ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋមួយចំនួន បាននិយាយថា ពួកគេមិននឹកស្មានដល់ថា មានក្រុមបាតករហិង្សាដែលគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សម្រុកចូលក្នុងអគារសភាដែលកំពុងដំណើរការរាប់សន្លឹកឆ្នោតនៃអង្គបោះឆ្នោត មកពីរដ្ឋនីមួយៗ ក្រោយពេលដែលការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា២រូប នៅរដ្ឋ Georgia ត្រូវគេព្យាករណ៍ចុងក្រោយថា គណបក្សប្រជាធិបតេយ្យនឹងឈ្នះហើយគ្រប់គ្រងព្រឹទ្ធសភា សម្រាប់រយៈពេល២ឆ្នាំខាងមុខនោះ។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋម៉ារីលែន ដែលបានតាមដានពីដំណើរការបោះឆ្នោតនឹងបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតរបស់លោក ត្រាំ បានថ្លែងថា ព្រឹត្តិការណ៍នេះកើតឡើង នៅពេលដែលសមាជិកសភានិងព្រឹទ្ធសភាកំពុងប្រជុំគ្នា ក្រោយពីដកឃ្លាពីកិច្ចប្រជុំរួមនៃសភាទាំងពីរថ្នាក់ទៅប្រជុំរៀងៗខ្លួន។
«បាតុភូតដែលកើតមាននៅពេលនេះ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ជាបាតុភូតចម្លែកដែលកម្រនឹងកើតមាននៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកណាស់»។
លោក គុជ ច័ន្ទលី បានបន្ទរតាមក្រុមអ្នកប្រជាធិបតេយ្យមួយចំនួនដែលថា កិច្ចការបង្កចលាចលដោយបាតុករក្នុងអគាររដ្ឋសភានេះ គឺកើតឡើងដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងតវ៉ារឿងលទ្ធផលបោះឆ្នោតនៅជិតវិមានរដ្ឋសភានោះ បានលើកទឹកចិត្តក្រុមបាតុករដែលគាំទ្រលោកថា មិនត្រូវឲ្យគេលួចសន្លឹកឆ្នោតតទៅទៀតទេ និងត្រូវតែបញ្ឈប់ការលួចសន្លឹកឆ្នោត។
ក្រុមបាតុករដែលគាំទ្រដោយលោកប្រធានាធិបតី ត្រាំ ដែលបានធ្វើបាតុកម្មនៅខាងក្រៅវិមានសភា បានសម្រុកចូលក្នុងសភាធ្វើឲ្យការរាប់សន្លឹកឆ្នោតនៃអង្គបោះឆ្នោតនោះ ត្រូវផ្អាកសភាត្រូវបិទទ្វារជាច្រើនម៉ោង មុនបន្តនីតិវិធី ក្រោយពេលអាជ្ញាធរបានធ្វើឲ្យមានសន្តិសុខដូចដើមវិញ ដោយបន្ថែមកម្លាំងការពារពីប៉ូលិសឆ្មាំការពារជាតិ និងបិទបំរាមគោចរ នៅម៉ោង ៦ ល្ងាច។
លោក ជា មាស ពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងហ្វីឡាដែលហ្វីយ៉ា រដ្ឋភេនស៊ីលវីនៀ បានថ្លែងថា ការតវ៉ាលើកនេះនៅពេលមានការចាញ់ឆ្នោត គឺកើតអំពើហិង្សាធ្ងន់ធ្ងរជាងពេលមុនៗ។
«ខ្ញុំគិតថា បច្ចុប្បន្ននេះមិនត្រូវមានកើតរឿងអីចឹងទេ ហើយចំពោះខ្ញុំជាអ្នកបោះឆ្នោត ទោះអាណត្តិហ្នឹងយើងចាញ់ យើងទៅអាណត្តិក្រោយមួយទៀត»។
លោកថា លោកបានឃើញសេចក្តីរាយការណ៍ព័ត៌មាននានា ដែលបង្ហាញពីឈុតជាច្រើនដែលបាតុករសម្រុកចូលក្នុងសភា ហើយឃើញពីហេតុការណ៍ដែលមានការបាញ់ស្រី្តម្នាក់ឲ្យរបួសដឹកយកទៅមន្ទីរពេទ្យ មានការដកកាំភ្លើងភ្ជង់ពីក្នុងទៅលើក្រុមបាតុករ ដែលចង់វាយបង្អួចចូលអគារសភា និងរូបថតប៉ូលិសចាប់ខ្លួនមនុស្សមួយចំនួន ដែលសម្រុកចូលអគារសភាខុសច្បាប់។
ក្រោយមកមានសេចក្តីរាយការណ៍របស់សារព័ត៌មាន USA Today ឲ្យដឹងថា មនុស្ស ៤ នាក់ស្លាប់ ៥២ នាក់ ត្រូវចាប់ខ្លួននិងប៉ូលិស ១៤ នាក់រងរបួស ដោយសាអំពើហិង្សាដែលលោក ចូ បៃដិន (Joe Biden) ចាត់ទុកថាជាការបះបោរនោះ។
ក្រុមឥស្សរជននយោបាយអាមេរិក ទាំងលោកប្រធានាធិបតីជាប់ឆ្នោត បានស្តីបន្ទោសលោក ត្រាំ ចំៗក្នុងរដ្ឋសភានិងតាមសេចក្តីថ្លែងការណ៍តាមអនឡាញ ចំពោះព្រឹត្តិការណ៍នោះ។
អ្នកខ្លះបាននិយាយពីការចង់ឃើញដំណើរការសភាឆ្អោះទៅរកការដកលោក ត្រាំ ពីមុខតំណែង មុនពេលស្បថចូលកាន់មុខតំណែងរបស់លោក បៃដិន ដោយសារតែលោកមិនបានបំពេញកិច្ចការជាប្រធានាធិបតី។
មានមន្ត្រីសេតវិមានខ្លះបានលាឈប់ពីមុខតំណែង ហើយសមាជិកសភានិងព្រឹទ្ធសភាខ្លះដែលគាំទ្រលោក ត្រាំ ប្រឆាំងនឹងជ័យជម្នះលោក បៃដិន បានផ្លាស់ប្តូរចិត្តលែងប្រឆាំងវិញ ក្រោយមានព្រឹត្តិការណ៍ហិង្សាហ្ហូរឈាម ដោយក្រុមបាតុករនៅអគាររដ្ឋសភា។
ព្រឹត្តិការណ៍នេះបានកើតឡើង នៅពេលដែលមានការបញ្ជាក់ពីលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការថា បេក្ខជនព្រឹទ្ធសភាគណបក្សប្រជាធិបតយ្យចំនួនពីររូប គឺលោក Raphael Warnock ត្រូវគេព្យាករថា ឈ្នះហើយ ដោយផ្តួលគូប្រជែងខាងបក្សសាធារណរដ្ឋ គឺលោកស្រី Kelly Loeffler ។
ហើយបេក្ខជនមួយរូបទៀតគឺលោក Jon Ossoff ត្រូវគេព្យាករណ៍ថាផ្តួលគូប្រជែងរបស់លោកខាងគណបក្សសាធារណរដ្ឋ គឺលោក David Perdue ដែលជាការបញ្ជាក់ច្បាស់ថា គណបក្សសាធារណរដ្ឋចាញ់ការបោះឆ្នោតលើកនេះ ទាំងប្រធានាធិបតីសភានិងព្រឹទ្ធសភា។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះក្នុងរដ្ឋចរចា និងរដ្ឋមួយចំនួនទៀតអះអាងថា ការបោះឆ្នោតផ្តាច់ព្រ័ត្រដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា គឺជារឿងធម្មតាដែលមានការចាញ់ឈ្នះ ដោយបញ្ជាក់ថា នឹងទុកឲ្យដំណើរការនេះប្រព្រឹត្តទៅតាមច្បាប់ជាកាប្រសើរ។
ទោះបីជាបេក្ខជនព្រឹទ្ធសភាគណបក្សប្រជាធិបតយ្យឈ្នះ បេក្ខជនព្រឹទ្ធសភាក្នុងមុខតំណែងនៃគណបក្សសាធារណរដ្ឋដែលខុសនឹងអ្វីដែលពួកគេចង់បានក្តី ក្រុមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនបានអះអាងថា ភារកិច្ចរបស់ពួកគេដើម្បីបោះឆ្នោតនោះចប់ហើយ ទោះជាគណបក្សណាឈ្នះនោះជារឿងធម្មតា។
លោក ស៊ីថា ច័ន្ទ ដែលជាអ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងម្នាក់ នៅក្នុងទីក្រុងអាត្លង់តា រដ្ឋចរចា បានថ្លែងថា ប្រទេសនេះជាប្រទេសសេរីដែលត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ។ លោកថា បើសិនជាមានភាពមិនប្រកក្រតីរឿងបោះឆ្នោត ព្រឹទ្ធសភាដែលមួយផ្នែកដើម្បីតុល្យភាពអំណាចនៅព្រឹទ្ធសភា ទោះបើចាញ់ឈ្នះនោះ ជារឿងធម្មតាដែរ។
«យើងជាប្រទេសមួយសេរីភាពចាញ់ក្តី ឈ្នះក្តីហើយ ទោះបីជាយើងមានសំឡេងនៅក្នុងសន្លឹកឆ្នោតភាព ចាញ់ក្តីភាពឈ្នះក្តី យើងត្រូវតែទទួល ថ្វីបើគណបក្សយើងចាញ់ ក៏យើងទទួលថា យើងចាញ់ដែរ ព្រោះយើងមិនអាចនៅតោងរហូតទេ ពីព្រោះនេះជាច្បាប់រដ្ឋធម្មនុញ្ញអាមេរិកាំង។ អីចឹងខ្ញុំអត់មានអីខ្នក់ចិត្តទេ ព្រោះយើងបានធ្វើអស់ពីចិត្តនូវអ្វី ដែលយើងយល់ដឹង ហើយលើសពីហ្នឹងទៅទៀត យើងប្រគល់ឲ្យរដ្ឋការធ្វើចុះ»។
លោកសង្ឃឹមថា គណបក្សប្រជាធិបតេ្យនឹងសន្យាអ្វីដែលខ្លួនបាននិយាយ ដូចជាបញ្ហាកូវីដ១៩ បញ្ហាសេដ្ឋកិច្ចជាដើម ដែលត្រូវដោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋខ្មែរអាមេរិកាំងគឺលោក ពេត្រុស ញ៉ឹប ដែលជាគ្រូគង្វាលព្រះវិហារ Baptist Church មួយកន្លែងក្នុងទីក្រុងអាត្លង់តា បានថ្លែងថា លោកបានបំពេញកិច្ចការរបស់លោករួចហើយ ជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយរំពឹងជឿជាក់ថា ឥស្សរជននយោបាយនឹងមានការយកចិត្តទុកដាក់បំពេញកិច្ចការបានល្អ ទោះជាគ្មានគណបក្សម្ខាងជាប់ឆ្នោតមានតុល្យភាពអំណាចក្តី។
«ខ្ញុំយល់ថា វាអត់អីទេព្រោះខ្ញុំយល់ថា មានអ្នកដែលនៅក្នុងរដ្ឋសភាអ្នកដែលកាន់កាប់ព្រឹទ្ធសភាហ្នឹងនៅទីហ្នុង ទោះបីគណបក្សមួយមិនអាចឈ្នះក៏បានដែរ តែមានសំឡេងអ្នកទាំងអស់នោះនៅក្នុងនោះដើម្បីនឹងជួយការពារការទាំងអស់នោះដែរ ហើយខ្ញុំជឿថា ទោះជាម្ខាងទៀតឈ្នះការបោះឆ្នោត ក៏គេមិនទៅឆ្វេងពេកហើយ។ បើទៅឆ្វេងពេកខ្ញុំជឿថា ប្រជាជនដែលនៅសហរដ្ឋគេនឹងដំឡើងសំឡេងរបស់គេ ដើម្បីឲ្យអ្នកទាំងអស់នោះដឹងដែរ»។
លោកថា លោកមិនមានបញ្ហាអ្វីទេ នៅពេលចេញលទ្ធផលឆ្នោតព្រឹទ្ធសភាដែលខុសពីការចង់បានរបស់លោក ដែលត្រូវការតុល្យភាពអំណាច តែលោកថាជារឿងធម្មតាចំពោះការឈ្នះនិងចាញ់។
លោក សេក កុសល ពលរដ្ឋខ្មែរ-អាមរិកាំងនិងជាប្រធានាអង្គការ IKARE នៅរដ្ឋមីនីសូតា បានថ្លែងថា លោកតែងតែសង្កេតឃើញមានការតវ៉ាពីអ្នកចាញ់ជាយូរឆ្នាំមកហើយ ក្រោយការបោះឆ្នោតម្តងៗ តែអ្វីដែលពលរដ្ឋចង់បាននោះ គឺប្រព័ន្ធផ្ទៀងផ្ទាត់និងមានភាពចម្រុះបក្ស មិនមែនបក្សតែមួយដឹកនាំទេ។
«មហាជនគេអត់ចង់បានគណបក្សណាមួយគ្រប់គ្រងទាំងអស់ទេ ដូច្នេះខ្ញុំដូចគេអីចឹង ខ្ញុំអត់ចង់បានគណបក្សណាមួយគ្រប់គ្រង ខ្ញុំអត់ចង់បានគណបក្សណាមួយធ្វើអីស្រេចតែចិត្តបានទេ ពីព្រោះបើសិនជាមនុស្សម្នាក់អាចចង្អុលឲ្យរដ្ឋសភា ឲ្យតំណាងរាស្ត្ររបស់យើង ឲ្យតុលាការកំពូលធ្វើតាមចិត្តគាត់ រឿងហ្នឹង វាប្រឆាំងនឹងរដ្ឋធម្មនុញ្ញហើយ ព្រោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមរិកគេបង្កើតមកតាំងពីដើមមកឲ្យមានការថ្លឹងថ្លែង»។
លោកថ្លែងដូច្នេះ ដោយមិនចង់ឃើញមានការគ្រប់គ្រងរដ្ឋរបស់សហរដ្ឋអាមេរិក ឈានទៅរកការគ្រប់គ្រងដោយបក្សតែមួយនាពេលអនាគតទេ។
ពលរដ្ឋខ្មែរ-អាមរិកាំងម្នាក់ទៀត នៅទីក្រុងអាត្លង់តាដែរ គឺលោក សាង គីម បានអះអាងថា លោកមានការស្រងាកចិត្តខ្លះដែរ តែមិនដឹងធ្វើម៉េចបើរឿងនេះចេញជាលទ្ធផលបោះឆ្នោត ដែលពលរដ្ឋសម្រេចចិត្ត ដូច្នេះដែលតម្រូវឲ្យលោកត្រូវតែទទួលយក។
«ខ្ញុំយល់ថា សម្រាប់ប្រជាពលរដ្ឋ ទោះបីជាយ៉ាងណា ក៏ត្រូវទទួលយកទៅទាមច្បាប់ដែលគេប្រកាស ព្រោះអីអាហ្នឹងជាច្បាប់ បើនិយាយឲ្យចំមួយម៉ាត់ទៅ គឺពលរដ្ឋអាមេរិកាំងគោរពច្បាប់ ហើយគេធ្វើអ្វីទៅតាមកាតព្វកិច្ចរបស់គេចំពោះជាតិគេ»។
លោកជឿថា បញ្ហាចលាចលបាតុកម្មនេះនឹងថមថយវិញ នៅក្រោយពេលលោក Biden និង លោកស្រី Kamala Harris ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ទោះជាលោក ត្រាំ ដែលនៅតែបដិសេធលទ្ធផលអង្គបោះឆ្នោត ៣០៦ ទល់ ២៣២ ក្តី ហើយដែលជាចុងក្រោយ បានប្រកាសភ្លាមៗពីការព្រមផ្ទេរតំណែងតាមលំដាប់លំដោយ ក្រោយសភាទាំងពីរថ្នាក់បានបញ្ជាក់ថា លោក បៃដិន ជាប្រធានាធិបតី៕