ក្រុមតំណាងសហគមន៍ខ្មែររដ្ឋ North Carolina នឹងប្រមូលផ្តុំគ្នា ដើម្បីជួបសំណេះសំណាលជាមួយនឹងមន្ត្រីគណបក្សសាធារណរដ្ឋ នៅថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០ ក្នុងវត្តមួយកន្លែងនៃទីក្រុងឡិចស៊ីនតុន (Lexington) ក្នុងរដ្ឋភាគខាងកើតសហរដ្ឋអាមេរិកមួយនេះ។
អ្នករៀបចំកម្មវិធី បានចាត់ទុកថា នេះជាលើកទី១ ដែលមន្ត្រីគណបក្សសាធារណរដ្ឋបានធ្វើទំនាក់ទំនងមកកាន់សហគមន៍ខ្មេរ ហើយចុះមកផ្ទាល់ដល់សហគមន៍។ នេះជាការអះអាងរបស់លោកស្រី ទិត គឹមហ៊ុន (Kimhun Thit) អ្នករៀបចំម្នាក់ និងជាតំណាងក្រុមនយោបាយជំទាស់នៃប្រទេសកម្ពុជា។
លោកស្រី ទិត គឹមហ៊ុន បានអះអាងមុនពិធីថា នេះជាការជួបសំណេះសំណាលមួយពីក្រុមមន្ត្រីតំណាងសមាជិកព្រឹទ្ធសភាលោក Thom Tillis ខាងគណបក្សសាធារណរដ្ឋ ដែលកំពុងប្រជែងជាមួយនឹងលោក Cal Cunningham បេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យរដ្ឋ North Carolina នេះ។
ក្រុមអ្នកចូលរួមបានថ្លែងប្រាប់ VOA ថា កម្មវិធីនេះ នឹងមានការធ្វើតាមបែបសាសនាដោយមានការបួងសួងនិងបន់ស្រន់ឲ្យលោក Trump ក្នុងពេលបោះឆ្នោតនេះ។ កម្មវិធីនេះ ត្រូវគេគ្រោងធ្វើចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៣ រសៀលថ្ងៃសៅរ៍ ទោះជំងឺកូវីដ១៩ ឆ្លងរាលដាលយ៉ាងខ្លាំងក្តី។
ក្រុមអ្នករៀបចំបានអះអាងថា ពួកគេនឹងធ្វើដូចគ្នានេះដែរ ប្រសិនបើគណបក្សប្រជាធិបតេយ្យធ្វើទំនាក់ទំនងមកកាន់សហគមន៍ខ្មែរ។
រដ្ឋ North Carolina គឺជារដ្ឋងាករេខាងនយោបាយមួយ ហើយជារដ្ឋដែលគណបក្សសាធារណរដ្ឋ និងលោក Trump បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០១៦៕