មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ នៅក្នុងសំណុំរឿង «រួមគំនិតក្បត់» ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្នុងខេត្តព្រះវិហារ ជាប់ប្រទេសថៃ។ នេះបើតាមមេធាវីរបស់កញ្ញា គឺលោក ជូង ជូងី ដែលបានទៅសួរនាំអាជ្ញាធរពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃសុក្រ។
លោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃសុក្រថា បើតាមមន្រ្តីពន្ធនាគារ កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា មកម៉្លេះ គឺមួយថ្ងៃបន្ទាប់ពីកញ្ញាត្រូវបានចាប់ខ្លួន ក្រោយតុលាការប្រកាសសាលក្រម។ លោកបន្ថែមថា ការបញ្ជូនទៅឃុំខ្លួននៅឆ្ងាយបែបនេះ បង្កការលំបាកសម្រាប់រូបលោកក្នុងការទៅជួប និងផ្តល់ការប្រឹក្សាដល់កូនក្តីរបស់លោក។
លោកថ្លែងថាមន្រ្តីពន្ធនាគារមិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ជូនកញ្ញា សេង ធារី ទៅឃុំខ្លួននៅក្នុងខេត្តព្រះវិហារឡើយ។
កញ្ញា សេង ធារី ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ការកាត់ទោសលើកញ្ញា សេង ធារី ក៏នាំឱ្យមានក្តីបារម្ភពីក្រសួងការបរទេសអាមេរិកផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកមានការបារម្ភជាខ្លាំង ចំពោះការកាត់ទោសទ្រង់ទ្រាយធំមួយកាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅនេះទៅលើសកម្មជនគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលក្នុងចំណោមនោះក៏មានមេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី ម្នាក់ផងដែរ»។
លោក Price បន្ថែមទៀតថាការកាត់ទោសនេះ «គឺជាឧទាហរណ៍ចុងក្រោយបង្អស់នៃការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សនិងមេដឹកនាំនយោបាយប្រឆាំង»៕
កញ្ញា សេង ធារី ត្រូវបញ្ជូនទៅឃុំខ្លួននៅខេត្តព្រះវិហារ

កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ភ្នំពេញ —