ផលិតករភាពយន្តខ្មែរអាមេរិកាំងតាំងចិត្តបង្ហាញអត្តសញ្ញាណជនអន្តោប្រវេសន៍
Your browser doesn’t support HTML5
អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។ នៅក្នុងតំបន់សង្រ្គាមនោះ អ្នកស្រី Caylee So បានរកឃើញចំណង់ចំណូលចិត្តក្នុងការនិទានរឿងតាមរយៈភាពយន្ត បន្ទាប់ពីអ្នកស្រីត្រូវបានបំផុសគំនិតដោយខ្សែភាពយន្តមួយ។ ហើយក្រោយមក អ្នកស្រីបានត្រឡប់ទៅសិក្សាផ្នែកផលិតភាពយន្តនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ សំឡេងពិសេសស្តីអំពីអត្តសញ្ញាណជនអន្តោប្រវេសន៍ បានដឹកនាំអាជីពជាផលិតករភាពយន្តរបស់អ្នកស្រី Caylee So។ អ្នកស្រី Caylee So ធ្លាប់បានដឹកនាំផលិតភាពយន្តជាប្រាំភាសា និងបានដឹកនាំផលិតភាពយន្តខ្មែរអាមេរិកាំងដែលទទួលបានការសរសើរចំនួនពីរ។ ឥឡូវនេះ អ្នកស្រី Caylee So កំពុងដឹកនាំភាពយន្តថ្មីអំពីសាច់រឿងគ្រួសារអន្តោប្រវេសន៍មួយចំណងជើងថា «The Harvest» ដែល និពន្ធនិងសម្តែងដោយតារាភាពយន្តជនជាតិម៉ុងអាមេរិកាំងលោក Doua Moua។ ភាពយន្តអំពីជនអន្តោប្រវេសន៍ជនជាតិម៉ុងថ្មីនេះ ត្រូវបានរំពឹងថានឹងចាក់បញ្ចាំងជាលើកដំបូងនៅឆ្នាំ២០២៣។