ពលរដ្ឋខ្មែរអាមេរិកាំង និងឡាវអាមេរិកាំងជាង២០នាក់មកពីរដ្ឋ Florida រដ្ឋ Wisconsin រដ្ឋ Utah រដ្ឋ Washington State រដ្ឋ Virginia រដ្ឋ Maryland និងរដ្ឋ Pennsylvania បានជួបជុំគ្នារៀបចំរំលឹកខួបលើកទី២៨ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និងពិភាក្សាគ្នាអំពីស្ថានការណ៍នយោបាយ លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅប្រទេសកម្ពុជា និងឡាវកាលពីថ្ងៃ សុក្រ និងថ្ងៃសៅរ៍ ទី១៨ និង១៩ ខែតុលា ឆ្នាំ២០១៩ ក្នុងបណ្ណាល័យ George Mason Regional Library នៅក្នុងទីក្រុងAnnandale និង បណ្ណាល័យ Great Falls នៅក្នុងទីក្រុង Great Falls ក្នុងរដ្ឋ Virgina ដែលស្ថិតនៅក្នុងតំបន់រដ្ឋធានី Washington។
ពិធីរំឭកខួបលើកទី២៨ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះ ក៏មានគោលបំណងក្រើនរំឭកពីគុណសម្បត្តិរបស់សន្ធិសញ្ញានេះ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។
លោក ទឹង យ័ប ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងជាអ្នករៀបចំកម្មវិធីមួយរូប បានលើកឡើងថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ហ្នឹង ពីព្រោះកិច្ចព្រមព្រៀងហ្នឹងធ្វើឲ្យប្រទេសយើងកុំឲ្យមានសង្គ្រាមតទៅទៀត ហើយជាសំខាន់ណាស់បើសិនជាយើងមិនគោរពកិច្ចព្រមព្រៀងហ្នឹង យើងអាចមានសង្គ្រាមតទៅមុខទៀត ជួនកាលយើងនឹងយល់ថា កិច្ចព្រមព្រៀងហ្នឹងមិនបានការ ហើយថាយើងធ្វើខុសពីកុងត្រា នៅក្នុងហ្នឹងធ្វើឲ្យប្រជាជនច្រើនគ្នាមិនសប្បាយចិត្ត ហើយថាមនុស្សអត់មានច្រកអ្វីផ្សេងទៀតដើម្បីរើសរដ្ឋាភិបាល គេអាចបង្កើតបញ្ហាមិនល្អនៅក្នុងសង្គមទៅថ្ងៃមុខបាន»។
នៅក្នុងការពិភាក្សានេះ ក្រុមអ្នកចូលរួមបានសម្ដែងការព្រួយបារម្ភពីការមិនគោរពសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ទឹង យ័ប បានកត់សម្គាល់ថា៖ «យើងយល់ថាបញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរយើងសព្វថ្ងៃហ្នឹង មនុស្សភាគច្រើនយល់ថាគឺបានស្លាប់ ព្រោះលោកហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិហើយយកតំណែងដែលគណបក្សសង្គ្រោះជាតិទទួលបានទាំងប៉ុន្មានហ្នឹង យកចេញទាំងអស់។ តំណែងសុទ្ធតែឈ្នះឆ្នោតតាមការបោះឆ្នោត។ ដល់ពេលធ្វើអញ្ចឹងទៅ យើងយល់ថាការណ៍នេះវាមិនល្អ»។
លោកក៏បានបន្ថែមថា៖ «ហើយជាពិសេសហាម១១៨ នាក់បេក្ខជនផ្សេងទៀតមិនឲ្យឈរឈ្មោះបោះឆ្នោតកាលពីបោះឆ្នោតលើកមុន ម្លោះហើយយើងយល់ថា ការបោះឆ្នោតហ្នឹងមិនត្រឹមត្រូវ ជាការបោះឆ្នោតក្លែងក្លាយ។ ឥឡូវនេះប្រជាជនខ្មែរនៅក្នុង និងក្រៅស្រុក ហើយនឹងពួកបរទេសផងដែរ យល់ថារដ្ឋាភិបាលកើតមកថ្មីហ្នឹង មិនអាចរាប់ថាជា [រដ្ឋាភិបាល] ស្របច្បាប់បានទេ»។
លោក Morton Sklar មេធាវីសិទ្ធិមនុស្សមួយរូប និងវាគ្មិនម្នាក់នៅក្នុងពិធីរំលឹកខួបលើកទី២៨ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះ ក៏បានលើកស្រដៀងគ្នាទៅនឹងលោកទឹង យ័ប ផងដែរ។
លោក Sklar បាននិយាយថា៖
«ឥឡូវនេះគ្មានទេសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោក ហ៊ុន សែនបានលុបបំបាត់សិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជារក្សាអំណាចផ្ដាច់ការ។ ជាង ៣០ ឆ្នាំមកហើយ ដែលលោកហ៊ុន សែន បានប្រើការលុបបំបាត់សិទ្ធិមនុស្សជាមធ្យោបាយប្លន់សំឡេងឆ្នោត រំលាយគណបក្សប្រឆាំងសំខាន់ៗ និងបំភិតបំភ័យជនទាំងឡាយណាដែលរិះគន់លោក»។
យ៉ាងណាក៏ដោយអ្នកចូលរួមខ្លះ លើកឡើងថាបើមើលជ្រុងមួយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ នៅមានដង្ហើមនៅឡើយទេ ប៉ុន្តែបើមើលពីជ្រុងម្ខាងទៀត កិច្ចព្រមព្រៀងនេះ ហាក់ជាកំពុងតែរលាយបន្តិចម្ដងៗ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានអនុកម្មការមាតុភូមិនិវត្តន៍ និងជាស្ថាបនិកទូរទស្សន៍ព្រះអាទិត្យមានសង្ឃដីកាថា៖
«បើយើងមើលជារួមក្នុងកិច្ចក្នុងមាត្រានីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទីមួយគឺការបោះឆ្នោត បើសិនជាការបោះឆ្នោតនៅតែមាន មានន័យថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែរស់។ បើសិនជាយើងនិយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងវាងាប់ ទាល់តែឈប់បោះឆ្នោត។ ហើយនិយាយពីរឿងប្រទេសកម្ពុជាត្រូវមានសិទ្ធិស្វយ័តដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន សម្រេចជោគវាសនារបស់ខ្លួន ប្រជាពលរដ្ឋខ្មែរនៅតែមានបំណងសម្រេចជោគវាសនាការពារទឹកដីរបស់ខ្លួន នោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែរស់»។
ព្រះតេជគុណបានបន្តថា៖ «ដូច្នេះអាត្មាជឿថា ដោយសារខាងអ្នកដឹកនាំរដ្ឋាភិបាល ព្យាយាមបកស្រាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ បានចម្រាញ់ចូលទៅក្នុងច្បាប់កំពូលរបស់ជាតិអស់ហើយ គឺច្បាប់រដ្ឋធម្មនុញ្ញ ហើយបើសិនជាច្បាប់រដ្ឋធម្មនុញ្ញនៅរស់ ហើយបើនិយាយថាយកកិច្ចព្រមព្រៀងដាក់ចូលក្នុងរដ្ឋធម្មនុញ្ញហ្នឹង មានន័យថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែរស់»។
និយាយពីជ្រុងមួយទៀតដែលថាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ត្រូវបានគេចាត់ទុកថាកំពុងតែរលាយបណ្ដើរៗហើយនោះ ព្រះតេជគុណ ប៊ុនតិញ មានសង្ឃដីកាថា៖ «ក៏ប៉ុន្តែយើងមើលឃើញទិដ្ឋភាពបីសំខាន់ ដែលធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាន់តែបាត់ខ្លឹមសារ ហើយជាន់ឈ្លី។ ទី១ ច្បាប់រដ្ឋធម្មនុញ្ញ ជាន់ឈ្លីចោល បញ្ហាមិនឲ្យមានទ័ពបរទេស នៅក្នុងផ្នែកទី៤ ដែលនិយាយឲ្យដកទ័ពបរទេសចេញពីកម្ពុជា។ ឥឡូវយើងជំរុញឲ្យមានទ័ពបរទេសចូល នៅក្នុងខេត្តកោះកុង ការណ៍នេះរំលោភមួយបាត់ហើយ រំលោភទាំងកិច្ចព្រមព្រៀង រំលោភទាំងច្បាប់រដ្ឋធម្មនុញ្ញ»។
ព្រះតេជគុណបានបន្តទៀតថា៖ «ទិដ្ឋិភាពមួយទៀតដំណើរការនៃការបោះឆ្នោតមិនបានធ្វើដោយសេរី និងយុត្តិធម៌តាមគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។ អាហ្នឹងហើយដែលធ្វើឲ្យប្រជាជនមើលមកឃើញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះងាប់។ ងាប់នេះមិនមែនងាប់ដោយស្រួលទេ គឺព្យាយាមធ្វើរដ្ឋប្រហារធម្មនុញ្ញ ព្យាយាមមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ហើយទិដ្ឋិភាពទីបី ដែលយើងមើលឃើញថាងាប់ គឺថាភាគីខ្លះដែលជាប្រទេសហត្ថលេខី ព្យាយាមរំលោភក្រុងប៉ារីសដែរ ឧទាហរណ៍ដូចចិនជាដើម ចិនជាម្ចាស់ហត្ថលេខី ប៉ុន្តែហេតុអ្វីចិនមកធ្វើព្រលានយន្តហោះ ដី៤ម៉ឺនហិចតា ហេតុអីបានចិនបញ្ជូនពួកឈ្មួញទុច្ចរិតមកធ្វើរឿងខុសឆ្គងនៅខេត្តកោះកុង»?
អ្នកជំនាញខាងច្បាប់សិទ្ធិមនុស្សជឿជាក់ថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យការការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង ទាំងអតីតគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវចូលកសាងមូលដ្ឋានគ្រឹះនៃការយល់ពីលទ្ធិប្រជាធិបតេយ្យអោយបានគ្រប់គ្រាន់ជាមុនសិន។
លោក Morton Sklar មេធាវីសិទ្ធិមនុស្សបានប្រាប់វីអូអេថា៖ «អ្វីដែលគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូលអាចធ្វើបានគឺការបញ្ចេញមតិតាមគ្រប់រូបភាព ដើម្បីទាមទារបដិសេធគោលនយោបាយផ្ដាច់ការរបស់លោកហ៊ុន សែន។ ខ្ញុំគិតថា ការណ៍ដែលលោកសម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ គឺជាជំហានដ៏សំខាន់ និងជានិមិត្តរូបមួយ ប៉ុន្តែខ្ញុំមិនគិតថាវានឹងមានប្រសិទ្ធភាពនោះទេ បើគ្មានការកសាងមូលដ្ឋានគ្រឹះនៃការយល់ពីលទ្ធិប្រជាធិបតេយ្យ ដើម្បីគាំទ្រអ្វីដែលគាត់កំពុងធ្វើ។ បើសិនជាគាត់គ្រាន់តែវិលទៅវិញដោយខ្លួនគម្រោងការណ៍ច្បាស់លាស់ នោះគាត់នឹងទៅចូលគុកជាមួយអ្នកផ្សេងៗទៀត ឬក្លាយជាគោលដៃនៃការវាយប្រហារតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្រោមការឃុំឃាំងក្នុងគេហដ្ឋាន ក្រោមការចោទប្រកាន់ថា លោកបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកហ៊ុន សែន។ មិនតែប៉ុណ្ណោះចាប់តាំងពីពេលដែលលោក សម រង្ស៊ី ប្រកាសថានឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកាវិញ មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាង ៥០នាក់ត្រូវបានចាប់ខ្លួនពីបទរួមគំនិតក្បត់មាន ហើយសកម្មជនជាច្រើននាក់ទៀតកំពុងត្រូវបានសមត្ថកិច្ចតាមច្បាប់ខ្លួនជាបណ្ដើរៗផងដែរ៕