បេក្ខជន​ខ្មែរ-អាមេរិកាំង​ចាប់ផ្តើម​​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច

នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០ បេក្ខនារី​ខ្មែរ​អាមេរិកាំង​រូប​នេះ​កំពុង​ថ្លែង​​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​ពិធី​ឃោសនា​បោះឆ្នោត​មួយ​កន្លែង។

ក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​ -- បេក្ខជន​ខ្មែរ-​អាមេរិកាំង​គឺ​អ្នកស្រី​ ស៊ូលី សារ៉ូ​ (Suely Saro) បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១១​ខែ​មករាដើម្បី​ប្រកួត​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​មណ្ឌល​សង្កាត់​ទី៦ ​នៃ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វញ៉ា​ដោយ​មាន​ការ​រៀបចំ​ពិធី​យ៉ាង​អធិក​អធម​ដែល​មាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​អ្នកស្ម័គ្រចិត្ត។ ពិធី​នេះ​បាន​រៀបចំ​ឡើង​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម (Anaheim) ដែលសម្គាល់ក្រុង​ខ្មែរ។

បេក្ខជន​ខ្មែរ-​អាមេរិកាំង​ដែល​មាន​អាយុ​៣៩ឆ្នាំ​នេះ​មើលឃើញ​ថា ​កន្លងមក​សហគមន៍​ខ្មែរនៅ​ជួប​ការ​លំបាក​ខ្លះ​ក្នុង​ការ​ស្វែងរក​សេវា​នានា​ពី​រដ្ឋ​ដោយសារ​តែ​មិនមាន​តំណាង​នៅ​ថ្នាក់ក្រុង។

អ្នកស្រីស៊ូលី សារ៉ូបាន​បញ្ជាក់​ប្រាប់​ VOA ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពីខែ​តុលា​ថា៖

«ខ្ញុំ​គិត​ថា​សង្គម​ទាំងអស់​មាន​បញ្ហា​ដូចគ្នា​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកខ្មែរ​យើង​គឺ​ពិបាក​និយាយ​ភាសា​អង់គ្លេស​ប្រសិន​បើ​យើង​មាន​បញ្ហា​អី​យើង​ខ្លាចចិត្ត​គេ​ហើយ​អត់​ដឹង​ថា​រកអ្នកណា​គេ​ដែល​យើង​ត្រូវ​និយាយ​ជាមួយ​ហើយ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​មានអ្នកស្គាល់​សង្គម​យើង​ ស្គាល់​វប្បធម៌​យើង​ដើម្បីបង្រៀន​សង្គម​យើង​ត្រូវ​និយាយ​បញ្ហា​អី‍»។

នៅ​ក្នុង​រូបថតពី​គេហទំព័រ​ឃោសនា​បោះឆ្នោត​ផ្លូវការ​របស់​អ្នកស្រី ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច ​កំពុង​ជជែក​ជាមួយ​អ្នក​ក្រុង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង។ (រូប​ថត​ពី​គេហទំព័រ suelysaro.com)

នៅ​ក្នុង​រូបថតពី​គេហទំព័រ​ឃោសនា​បោះឆ្នោត​ផ្លូវការ​របស់​អ្នកស្រី ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច ​កំពុង​ជជែក​ជាមួយ​អ្នក​ក្រុង​នៅតាម​ផ្លូវ​មួយ​កន្លែង​។ (រូប​ថត​ពី​គេហទំព័រ suelysaro.com)

​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​សង្កាត់​ដោះ​ស្រាយ​ក្នុង​នោះមាន​ការ​អត់​ការងារ​ធ្វើ​ ​សុខាភិបាល ​សុវត្ថិភាព ​ឧក្រិដ្ឋកម្ម ​ជន​គ្មាន​ផ្ទះ​សម្បែង​ និង​ការផ្តល់​ផ្ទះសម្បែង។

​អ្នកស្រីស៊ូលី សារ៉ូ​យល់​ថា​៖«ខ្ញុំ​គិត​ថា​មិនមែន​ម្នាក់ខ្ញុំ​អាច​ដោះស្រាយ​ទាំងអស់​ទេ​យើង​យល់​ថា​យើង​ត្រូវ​តែ​និយាយ​ជាមួយ​គេ​យក​យោបល់​គេ​គឺ​យើង​ត្រូវ​ដោះស្រាយ​ទាំងអស់​គ្នា​យ៉ាងម៉េច​ហើយ​យើង​ត្រូវ​មាន​ផែនការ​ជាមួយ​គ្នា​ថា​មួយឆ្នាំនេះ​យើង​ដោះស្រាយ​អ្វី​ហើយ​បួនឆ្នាំទៀត​យើង​ដោះស្រាយ​យ៉ាងម៉េច។ ​យើង​ត្រូវ​ប្រមូល​មនុស្ស​ចេះ​ខាងសេដ្ឋកិច្ច​ ប្រមូលសង្គមយើង​មានយោបល់អី​យើងដាក់​នៅ​ក្នុង​ផែនការ»។

របាយការណ៍​ឆ្នាំ​២០១៨របស់​ក្រុមការងារ​ផ្ទះ​គ្រប់គ្នា​(Everyone Home Task Force) ​បានរក​ឃើញថាជារៀង​រាល់​ឆ្នាំ​ទីក្រុង​ឡុងប៊ិច​មានពលរដ្ឋ​ជិត៤.០០០នាក់បាត់បង់​ផ្ទះ​សម្បែង​ហើយ​មូលហេតុធំ​ជាង​គេ​បំផុត​គឺការបាត់បង់​ការងារនិង​ថ្លៃ​ឈ្នួល​ផ្ទះ​ខ្ពស់​ជាង​ចំណូល។

លោកស្ទីវ វិបុល​ម៉េង ក៏​ជាបេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​ដែល​បានចូល​ប្រកួត​ប្រជែង​ដើម្បីយក​តំណែង​ក្រុម​ប្រឹក្សាក្រុងឡុងប៊ិច​មណ្ឌល​សង្កាត់​លេខ​៦នេះ​ដែរ ​ប៉ុន្តែលោក​បាន​ដកខ្លួន​កាលពីដើម​ខែ​ធ្នូ។​ លោក​ស្ទីវ ម៉េងបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា​ អ្នកស្រី​ស៊ូលី​គឺ​ជា​បេក្ខជន​ត្រឹមត្រូវ​ក្នុង​ការបង្រួប​បង្រួម​សហគមន៍​ខ្មែរ៖

«ស៊ូលី​និង​ខ្ញុំ​បាន​ចំណាយពេលធ្វើការជាច្រើន​ឆ្នាំដើម្បី​លើកកម្ពស់​សហគមន៍​របស់យើង​ ហើយ​ការកសាង​សម្ព័ន្ធភាព​គាំទ្រ​យុទ្ធនាការ​របស់​អ្នកស្រី​គឺ​សំខាន់​ក្នុង​ការ​សម្រេច​គោល​ដៅ​នេះ‍»។ ​

រូប​ឯកសារ៖ លោកស្រី ស៊ូលី សារ៉ូ (ឆ្វេង)​ និងលោក ស្ទីវ វិបុល​ម៉េង ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ពីរ​នាក់​ ដែលបានប្រកួត​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា​ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ដើម​ឆ្នាំ២០២០។ លោក ស្ទីវ វិបុល​ម៉េង បាន​ដកខ្លួន​កាលពីដើម​ខែ​ធ្នូ។

នៅ​ក្នុង​បទសម្ភាស​ជាមួយ​នឹង​ VOA ​កាល​ពី​ខែតុលា​លោក​ស្ទីវម៉េងថា​ ការ​លើកកម្ពស់​សហគមន៍ខ្មែរគឺ​ជា​គោលដៅ​របស់​លោក៖​

«ចំពោះ​ខ្ញុំ​ ខ្ញុំ​តែងតែ​គិត​ថា​ សាមគ្គីភាព​គឺជា​ការធ្វើ​ឱ្យ​សង្គមយើង​រីកចម្រើន​ទៅមុខ។ កាល​ណា​យើងឈ្លោះ​ខាំ​ប្រកែកគ្នា​ សង្គម​យើង​មិន​រីកចម្រើន​ទេ​មានតែ​គេ​មើលងាយ​ថែម។ ដូច្នេះ​ការណ៍ដែល​ខ្ញុំ​ឈរ​នេះ​គឺ​ចង់​ដឹង​សមត្ថភាព​បុគ្គល​របស់​យើង​ថា អាច​ឈាន​ទៅមុខ​បាន​អត់​បើ​សិនជា​បុគ្គល​ទាំងពីរ​អាច​ទៅ​បាន​នោះ​ជា​ការ​សប្បាយ​ទស្សនា​ពី​កន្លែង​ផ្សេងៗ​ដែរ​ប៉ុន្តែ​បុគ្គល​ណា​មួយបាន​ឡើង​ទៅ​គឺ​ខ្ញុំ​ក្តី​ ឬគាត់​ក្តី​យើង​ទាំងពីរ​នឹង​ធ្វើ​ការ​រួមគ្នា​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ខ្មែរ​យើង​ជាប់​ឆ្នោត‍»។

នៅ​ក្នុង​ការបោះ​ឆ្នោត​បឋម​ដើម្បីតែងតាំង​បេក្ខជន​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែមីនា​ គឺ​ក្រៅពី​អ្នកស្រី​ស៊ូលី សារ៉ូ នៅមាន​បេក្ខជន​បួននាក់​ទៀត​កំពុងប្រកួត​នឹង​ចៅសង្កាត់​បច្ចុប្បន្ន​គឺ​លោក​ឌី​ អែនឌ្រូ​ (Dee Andrews)។ បេក្ខជន​ទាំង​បួននាក់នោះគឺ​អ្នកស្រី​អាណា អាស (Ana Arce) លោកក្រេក យួស៊ុយ (Craig Ursuy) អ្នកស្រី​ចូសេហ្វីន​ វីឡាសេណ័រ (Josephine Villasenor) និង​អ្នកស្រី​ស្សារីហ្វា ហាឌី (Sharifah Hardie)។ ​លោក​ឌី អេនឌ្រូ​ កាន់តំណែង​នេះ​តាំង​ពី​ឆ្នាំ​២០០៧​ ហើយ​លោក​ក៏​ជា​អភិបាល​រងក្រុង​ឡុងប៊ិច​ផងដែរ។

ទីក្រុង​ឡុងប៊ិចមាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំងរស់នៅក្រៅ​ប្រទេសច្រើន​ជាង​គេ​បំផុត​រហូត​ដល់​ជាង​៥ម៉ឺន​នាក់​ដែល​ត្រូវជា​១០ភាគរយ​នៃ​ពលរដ្ឋនៃទីក្រុងទាំងមូល។

នៅ​ក្នុង​ពេល​អតីតកាល​កន្លង​មក​នេះ​យ៉ាងហោច​ណាស់​ក៏​មាន​បេក្ខជន​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរនាក់​ដែរ​ដែល​បាន​ឈរឈ្មោះប្រកួតប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​ក៏​ប៉ុន្តែ​ពួកគេ​មិន​បាន​ទទួល​ជោគជ័យ​នោះទេ។

លោក គួច គឹម​ថៃ នាយកប្រតិបត្តិ​សមាគម​ខ្មែរនៅទ្វីបអាមេរិកពន្យល់​ថា ការណ៍​នេះ​ដោយសារ​តែសហគមន៍​ខ្មែរ​ត្រូវ​បាន​បំបែក​ចូលក្នុង​សង្កាត់៥​ផ្សេងៗគ្នា​និង​កត្តា​សមត្ថភាព​របស់​បេក្ខជន​ផង​ដែរ​ ប៉ុន្តែ​សហគមន៍​ខ្មែរ​បាន​ជម្នះ​បញ្ហា​នេះ​ហើយ៖

«ដូច្នេះ​យើង​សង្ឃឹម​ថា​នៅឆ្នាំ​២០២០​នេះ​នឹង​មាន​ការ​បោះឆ្នោត​រើស​ចៅសង្កាត់​នេះ​គឺ​យើង​អាច​មាន​សំឡេង​ច្រើន​ដូច្នេះ​យើង​មាន​សង្ឃឹមច្រើន។ ហើយ​ម្យ៉ាងទៀត​ខាងផ្នែក​ចំណេះ​ចេះដឹង។ ស៊ូលី​មាន​សញ្ញាបត្រ​បណ្ឌិត​ហើយ​ស្ទីវម៉េង​ក៏ធ្លាប់​ធ្វើការ​បម្រើ​សហគមន៍​ខ្មែរ​យើង​ជា​យូរ​មក​ហើយ​គឺ​គាត់​មាន​គេ​ស្គាល់ច្រើន​‍»។​

អ្នកស្រី​ ចាន់ ហប់សុន ​ប្រធាន​សមាគម​មាតាបិ​តាខ្មែរ​ដែល​បាន​ធ្វើ​ការងារ​សហគមន៍​ជាង​២៥ឆ្នាំហើយ​មានទីលំនៅ​ក្នុង​សង្កាត់​លេខ​៦​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន​ដែល​បាន​ឃើញ​កូនខ្មែរ​យើង​ទាំងពីរ​នាក់​គឺ​ស្ទីវម៉េង​និង​នាងស៊ូលី។ ជាពិសេស​ខ្ញុំ​មាន​មោទនភាព​ជាទីរីករាយ​បំផុត​ដែលបាន​ឃើញ​កូនស្រី​របស់​យើង​ដែល​ងើបឈរ​ឡើង​ហើយ​ឈាន​ជើង​ទៅមុខ​ដើម្បីឈរ​ឈ្មោះបោះឆ្នោត​ដើម្បី​នឹង​ប្រកួត​ប្រជែង​យក​កៅអី​នៃ​សង្កាត់​ទី៦​នេះ‍»។​

ដោយ​លោក​ស្ទីវម៉េង​បាន​ដកខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង​នេះ​គឺ​សហគមន៍ខ្មែរមាន​ការ​ងាយ​ស្រួល​សម្រេច​ចិត្ត​ជាង​មុន។

អ្នកស្រី​ស៊ូលី សារ៉ូ​ក៏​បាន​អំពាវនាវ​ទៅ​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​ថា៖

«ខ្ញុំ​សូម​និយាយ​សុភាសិតខ្មែរ​មួយ​ថា​នៅ​ផ្ទះម្តាយ​ទីទៃ​ នៅ​ព្រៃម្តាយ​តែមួយ។ ខ្ញុំ​យល់​ពាក្យ​នេះ​ពី​ស្រុក​ខ្មែរ​ដោយសារ​ខ្ញុំ​ធំ​ឡើង​នៅ​ទី​នេះ​មិនដែល​ស្គាល់​ស្រុកខ្មែរ​ដូច​ម៉ាក់ប៉ា​ខ្ញុំ​ទេ​ ប៉ុន្តែ​យើង​គិត​ថា​នៅ​ទីនេះ​ជា​ផ្ទះ​យើង​ហើយ​ត្រូវ​តែ​គិត​ជាគ្នា​យើង​បងប្អូនគ្នា។ ខ្ញុំ​ទុកខ្លួនឯង​ជា​ខ្មែរ​ប៉ុន្តែ​ខ្មែរ​អាមេរិកាំង​ ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ខ្មែរ​មាន​អារម្មណ៍​មោទនភាព​នឹង​ខ្ញុំ​ហើយ​នឹង​ផ្តល់​អ្វី ដល់​សហគមន៍​របស់ខ្ញុំ​ ថា​តើ​ខ្ញុំ​លើក​ខ្មែរ​យើង​ឡើង​នៅស្រុក​នេះ​យ៉ាងណា​ហើយ​បាន​អីចឹង​ខ្ញុំ​ខំ​ទៅ​រៀន ខ្ញុំ​បាន​បណ្ឌិត​ហើយ​ធ្វើ​ការ​ខាងរដ្ឋ​ដើម្បី​ឱ្យ​គេ​ស្គាល់​ខ្មែរ​យើង​ថា​អាច​ធ្វើ​ការ​គ្រប់​យ៉ាង​ដែរ‍»។​

អ្នកស្រី​ ស៊ូលី សារ៉ូ​ មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែកអប់រំ​សិក្សាធិការពី​សាកលវិទ្យាល័យ​ឡាវែន​និង​បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​លើក​កម្ពស់​សហគមន៍​ក្រុងឡុងប៊ិច។ ក្នុងនោះ​ជា​នាយិកា​ប្រតិបត្តិនៃសមាគម​សកម្មភាព​យុវនារី​ខ្មែរ​ដែល​ជា​អង្គការ​មួយ​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ជាអ្នកដឹកនាំ​ដល់​យុវជន​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ​ប្រធាន​គណៈកម្មការ​ទទួល​បណ្តឹង​របស់​ពលរដ្ឋ​ប៉ូលិសហើយ​ក៏​ជា​តំណាង​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​នៃ​ការិយាល័យ​លោក​ រីកាដូ ឡារ៉ា ដែល​ជាសមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋកាលីហ្វញ៉ា៕