អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចាត់ទុកថាការចាប់ខ្លួនសកម្មជននយោបាយខ្មែរនៅក្នុងប្រទេសថៃ មិនមែនជារឿងត្រឹមត្រូវនោះទេ ហើយស្នើឱ្យអាជ្ញាធរថៃដោះលែងសកម្មជនទាំងនោះ។
សកម្មជននយោបាយខ្មែរចំនួន៣រូប និងក្រុមគ្រួសាររបស់ពួកគេត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ការចាប់ខ្លួននោះ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាងកក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភៈ នាសប្តាហ៍នេះ។
សកម្មជន៣នាក់នោះ រួមមានលោក គង់ រៃយ៉ា លោក ផាន់ ផាណា និងលោក លឹម សុខា ដែលបានភៀសខ្លួនទៅស្នាក់នៅប្រទេសថៃ ក្នុងគោលបំណងគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា។ សកម្មជនមួយចំនួនដែលគេចខ្លួនជ្រកកោនក្នុងប្រទេសថៃត្រូវបានរាយការណ៍ថាពួកគេត្រៀមខ្លួនតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣ ខែកុម្ភៈថាការចាប់ខ្លួនជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដើម្បីផ្គាប់ចិត្តនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាងកក មិនមែនជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ប្រទេសថៃក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិថាខ្លួនសមនឹងទទួលបានកៅអីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះទេ។
លោកបញ្ជាក់ជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «អាជ្ញាធរថៃគួរតែដោះលែងជនភៀសខ្លួនលោក ផាន់ ផាណា លោក គង់ រ៉ៃយ៉ា និងលោក លឹម សុខា ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ហើយបញ្ឈប់ការបង្រ្កាបលើសកម្មជនសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលបានភៀសខ្លួនទៅប្រទេសថៃ»។
លោកបន្ថែមថា៖ «លោក ហ៊ុន ម៉ាណែត កំពុងតែបង្ហាញលោកក៏ជាអ្នករំលោភសិទ្ធិមនុស្សផ្តាច់ការដូចឪពុករបស់លោកដែរ ហើយថៃមិនគួរសហការនៅក្នុងកិច្ចប្រឹងប្រែងណាមួយ ដើម្បីគាបសង្កត់ឆ្លងដែន»។
លោកបញ្ជាក់ក្នុងសារអេឡិចត្រូនិចអ៊ីម៉ែលបន្ថែមទៀតថារដ្ឋាភិបាលថៃគួរតែដោះលែងជនភៀសខ្លួនទាំងនេះជាបន្ទាន់ ហើយបញ្ឈប់ការបង្រ្កាបជនភៀសខ្លួនកម្ពុជាដែលកំពុងលាក់ខ្លួនដោយភ័យខ្លាចពាសពេញទីក្រុងបាងកក និងខេត្តផ្សេងៗទៀត។
បើតាមលោក Phil Robertson ប្រទេសថៃគួរតែគោរពសិទ្ធិជនភៀសខ្លួន ដែលរួមមានសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំជាសាធារណៈដោយសន្តិវិធី។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំប្រទេសកម្ពុជា និងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសថៃ តាមសារអេឡិចត្រូនិចអ៊ីម៉េលបាននៅឡើយទេ។
ចាប់តាំងពីឆ្នាំ២០១៧ ប្រទេសថៃក្លាយជាកន្លែងមួយដែលសកម្មជនសង្គមនិងនយោបាយខ្មែរបានភៀសខ្លួនទៅជ្រកកោន គេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។
លោក គង់ រៃយ៉ា អតីតសកម្មជនរបស់គណបក្សភ្លើងទៀន ដែលគេចខ្លួនទៅនៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំមុន បានប្រាប់វីអូអេមុននឹងអាជ្ញាធរថៃដកហូតទូរស័ព្ទកាលពីថ្ងៃសៅរ៍ថាលោក និងភរិយាដែលមានកូនពីរនាក់ត្រូវបានអាជ្ញាធរថៃយកទៅដាក់នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ហើយពិន័យជាប្រាក់ចំនួន៧ពាន់បាត ដោយសារតែការស្នាក់នៅហួសកំណត់ក្នុងប្រទេសថៃ។ លោកនិងក្រុមគ្រួសារដែលមានកូនស្រីអាយុ៥ឆ្នាំនិងកូនប្រុសអាយុ១ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ វេលាម៉ោងប្រមាណ៤រសៀល។
លោក គង់ រ៉ៃយ៉ា អាយុ៣២ឆ្នាំ ដែលធ្លាប់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានមួយរយៈ រួចលាឈប់វិញ បញ្ជាក់ថាការចាប់ខ្លួនរូបលោក និងសកម្មជន២នាក់ទៀតដែលកំពុងរស់នៅក្នុងប្រទេសថៃ ជា«ហេតុផលនយោបាយ» ដោយសារលោក ហ៊ុន ម៉ាណែត ជិតទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយមិនចង់ឃើញការតវ៉ាណាមួយប្រឆាំងរូបលោក។
លោក គង់ រ៉ៃយ៉ា ដែលកាន់កាតជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «ការចាប់ខ្លួនខ្ញុំនេះជាហេតុផលនយោបាយ ដោយសារតែលោក ហ៊ុន ម៉ាណែត គាត់ធ្វើដំណើរមកថៃ ហើយគាត់មានការព្រួយបារម្ភថាក្រុមជនភៀសខ្លួននៅប្រទេសថៃ រួមទាំងពលករផងនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានគាត់នៅប្រទេសថៃ។ ដូច្នេះគាត់ខ្លាចបាក់មុខទើបស្នើឱ្យខាងអាជ្ញាធរថៃធ្វើការរិតត្បិតសំឡេងរបស់គណបក្សប្រឆាំងនៅប្រទេសថៃហ្នឹង»។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា បានចាកចេញពីប្រទេសកំណើត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅពេលលោកបានលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា។ លោកបានសម្រេចទៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិផ្នែកជ្រកកោននយោបាយ ដោយសារបារម្ភអំពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។
លោកប្រាប់វីអូអេថាលោកកំពុងព្រួយបារម្ភអំពីការបញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯង កូនៗ ហើយនិងប្រពន្ធមែនទែន គឺព្រួយបារម្ភខ្លាចអាជ្ញាធរថៃបញ្ជូនរូបខ្ញុំទៅប្រទេសកម្ពុជាវិញ ដែលនឹងអាចជាប់ពន្ធនាគារឬក៏មានបញ្ហាធ្ងន់ធ្ងរជាងនេះ»។
លោក ខឹម មុន្នីកុសល ប្រធានគណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ ប្រាប់វីអូអេថាអ្នកដែលត្រូវចាប់ខ្លួនទាំងនោះត្រូវបានអាជ្ញាធរថៃបំបែកកន្លែងឃុំខ្លួនមិនឱ្យនៅជុំគ្នានោះទេ ដោយភរិយា និងកូនរបស់ពួកគេក៏ត្រូវបានបំបែកទៅឃុំនៅកន្លែងផ្សេងគ្នាផងដែរ។ លោកបន្តថាមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃបានសហការជាមួយអាជ្ញាធរថៃក្នុងការស្វែងរកសកម្មជនដទៃទៀត ដែលមាននៅក្នុងរូបថតពេលចូលរួមក្នុងកម្មវិធីជួបជុំមួយកាលពីដើមខែធ្នូ។
លោកថ្លែងថា៖ «នៅពេលនេះគឺមន្រ្តីស្ថានទូតខ្មែរជាមួយនឹងប៉ូលិសមូលដ្ឋានរបស់ថៃនៅតែបន្តស្វែងរកមនុស្សដែលមាននៅក្នុងរូបថត ដែលគេចោទប្រកាន់អំពីព្រឹត្តិការណ៍នៃការរៀបចំការជួបជុំគ្នាមួយរបស់យុវជនយើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។ គេយើងរូបថតទាំងអស់ហ្នឹងនៅតែតាមប្រមាញ់រកមនុស្សដែលមាននៅក្នុងរូបថតហ្នឹងដដែល ហើយមិនដកថយទេដូចអ្វីដែលខ្ញុំបានជម្រាបជូនអ៊ីចឹងគេដើរសួររកគ្រប់កន្លែង»។
កាលពីចុងខែធ្នូ ឆ្នាំ២០២៣ សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន៧នាក់ ដែលជ្រកកោននៅប្រទេសថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន បើទោះពួកគេមានបណ្ណស្នាក់នៅបណ្តោះអាសន្នក្នុងនាមជនភៀសខ្លួន ដែលចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR)ក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា លើកឡើងថាការដែលទៅរស់នៅក្នុងប្រទេសដទៃ ឬបានប្រព្រឹត្តសកម្មភាពណាមួយខុសច្បាប់ក្នុងប្រទេសដទៃនោះ នឹងត្រូវអាជ្ញាធរក្នុងប្រទេសនោះចាត់វិធានការតាមផ្លូវច្បាប់។ លោកបន្តទៀតថាការចោទប្រកាន់របស់សកម្មជនដែលភៀសខ្លួនថារដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញ គ្រាន់ជា«លេស»មួយក្នុងការដែលពួកគេអាចទៅរស់នៅប្រទេសទីបីបាន។
លោកថ្លែងថា៖ «អ្នកដែលព្យាយាមបង្ខូចបង្កាច់ប្រទេសខ្លួនឯង ដោយចោទថារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញគ្រាន់ជាមូលហេតុចង់ទៅរស់នៅប្រទេសទីបី ហើយដោយយកប្រទេសមួយទៀតជិតខាងកម្ពុជាជាឈ្នាន់គឺមិនអាចទៅរួចទេ ដោយសារតែគេមិនមែនចេះតែជឿទេ ពីព្រោះគេយល់ថាប្រទេសកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព មានសេរីភាព ប្រជាពលរដ្ឋរស់នៅសុខសប្បាយ។ ដូច្នេះអត់មានហេតុផលនឹងត្រូវគេជឿ ហើយបញ្ជូនទៅប្រទេសទីបីនោះទេ អ៊ីចឹងដល់ពេលយើងរស់នៅយូរទៅក្លាយទៅជាអ្នកខុសច្បាប់ ច្បាប់របស់គេចាត់វិធានការមានតែប៉ុណ្ណឹងឯង»។
លោក ប៉ែន បូណា មិនបានបញ្ជាក់ថាតើរដ្ឋាភិបាលកម្ពុជាបានស្នើរដ្ឋាភិបាលថៃឲ្យជួយពិនិត្យមើល និងចាប់ខ្លួនសកម្មជនខ្មែរដែលរស់នៅក្នុងប្រទេសថៃឬយ៉ាងណាឡើយ។
គួរបញ្ជាក់ថានាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ«ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃចន្ទនេះ៕