អង្គការ​យុវជន​ទាមទារ​ឲ្យ​បន្ថែម​បេក្ខជន​យុវជន​ក្នុង​ការ​បោះឆ្នោត

Warga bergerak ke arah lapangan terbuka di Redcross Marg, Kathmandu, setelah gempa 7,4 Skala Richter mengguncang kota itu Selasa siang (12/5). (VOA/Bikas Rauniar)

អង្គការ​យុវជន​ចំនួនប្រាំមួយ​បាន​ដាក់​ញ្ញត្តិ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ជំរុញ​ឲ្យ​គណបក្សជាប់​ឆ្នោត​ទាំង​ពីរបញ្ចូល​បេក្ខភាព​យុវជន​ឲ្យ​បាន​យ៉ាង​តិច​ចំនួន​២០​ភាគ​រយ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់​រាជធានី ​ខេត្ត​ស្រុក ​និង​ខណ្ឌ​ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨​ខែ​ ឧសភា​ខាង​មុខ​នេះ។​

ថ្លែង​ក្នុង​សន្និសីទកាសែតក្រោយ​ពី​បាន​ប្រគល់​ញ្ញត្តិ​ជូន​តំណាង​គណបក្ស​ទាំង​ពីរនោះ​ លោក​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​និយាយ​ថា​ យុវជន​គឺ​ជា​កម្លាំងជំរុញ​ការ​អភិវឌ្ឍសង្គម​យ៉ាង​សំខាន់។​

«នេះ​ជា​កត្តា​សំខាន់​ ពី​ព្រោះ​យុវជន​ជា​កម្លាំងមួយ​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​តម្លាភាព​នៅ​ថ្នាក់​ក្រោម​ជាតិ ​ហើយ​យុវជន​ជា​កម្លាំង​មួយ​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល ​ធ្វើ​ឱ្យ​មាន​ការ​វិវត្ត​ថ្មីៗ ​និង​អាច​យក​ចំណេះ​ដឹង​ទាំង​អស់​នេះ​ទៅ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ»។​

ញ្ញតិ្ត​នេះ​មាន​ស្នាម​មេដៃ​របស់​យុវជន​ជាង​២​ម៉ឺន​៧​ពាន់​នាក់។ តំណាង​យុវជន​ចំនួន​៦០០​នាក់​នៃ​អង្គការ​ទាំង​៦ ​រួម​មាន​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ សមាគម​យុវជន​ខ្មែរ ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យ​ភាព​សង្គម ​និង​អង្គការ​យុវជន​ខ្មែរ​ និង​ការ​អភិវឌ្ឍន៍​សង្គម​ បាន​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​ទាំង​នេះនៅ​តាម​ខេត្ត​ក្រុង​ចំនួន​១២ក្នុង​ប្រទេស។​

នៅ​ក្នុង​ញ្ញត្តិ​ដដែល​នេះ ​ក្រុម​អង្គការ​ទាំង​ប្រាំមួយ​ក៏​បាន​ជំរុញឱ្យ​គណបក្ស​ទាំង​ពីរប្តូរ​ទម្រង់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់​រាជធានី​ ខេត្ត ​ស្រុក ​និង​ខណ្ឌ​ពី​អសកល​ទៅ​ជា​ការ​បោះ​ឆ្នោត​សកល​វិញនៅ​អាណត្តិ​ក្រោយ។​

បើ​យោង​តាម​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ឲ្យ​ដឹង​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅឆ្នាំ​២០១៣​មាន​យុវជនជាប់​ឆ្នោត​ប្រមាណ​ជា​៥​ភាគ​រយ​ប៉ុណ្ណោះ។​

ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់​រាជធានី​ ខេត្តកាលពី​ប្រាំ​ឆ្នាំ​មុន​មានយុវជន​ជាប់​ឆ្នោតតិច​ជាង​មួយ​ភាគ​រយ។​

លោក​យ៉ង់ គឹមអេង​យល់​ថា​ ការ​បោះឆ្នោត​អសកល​មិន​អាច​បំពេញ​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ដោយ​ប្រសិទ្ធិភាព​នោះ​ទេ ​ដោយ​សារ​ពួកគេ​មិន​បាន​ជ្រើស​រើស​ដោយ​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់។​

យុវជន​ ងួន ត្រែង​ ជា​និស្សិតសកល​វិទ្យាល័យ​ម្នាក់ ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​នេះ។ លោក​គាំ​ទ្រ​សំណើ​របស់​អង្គការ​យុវជន​ខាង​លើ។​

«បើ​គិត​ដល់​ពេល​បច្ចុប្បន្ន​ គណបក្ស​នយោបាយ​មួយ​ចំនួន​ ដូចជា​គ្មាន​ផ្តល់​សិទ្ធិ​អំណាច​អ្វី​ដល់​យុវជន​ទេ ​មាន​តែ​កៀប​សង្កត់​យុវជន​ដើម្បី​កាន់​អំណាច​ខ្លួន​ឯង។ ​ខ្ញុំ​ចង់​ឱ្យ​គណបក្ស​នយោបាយ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​សម្រាប់​យុវជន​ ដើម្បី​ឱ្យ​យុវជន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​តំណាង​ឱ្យ​យុវជន»។​

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា​ ពលរដ្ឋ​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​៣០​ឆ្នាំ​គឺ​ជា​យុវជន។​ ដោយ​ឡែក​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​តម្រូវ​ឱ្យ​អ្នក​ឈរ​ឈ្មោះ​ទាំង​អស់​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ។​

លោក​ជ គឹមស៊ន ​អភិបាល​រង​ខណ្ឌ​ចំការ​មន​ និង​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មក​ទទួល​ញ្ញត្តិ​ ថ្លែង​ថា​ លោក​នឹង​ដាក់​សំណើ​នេះ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​លោក​សម្រាប់​ធ្វើ​ការ​ពិចារណា។​

«បញ្ហា​នេះ​ខ្ញុំ​នឹង​យក​ទៅ​ដាក់​នៅ​ទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឱ្យ​បាត់​ទេ ​ព្រោះ​ខ្ញុំ​មក​ទទួល​ជា​ផ្លូវ​ការ។​ ការ​សម្រេច​ចិត្ត​របស់​គណបក្ស​នឹង​ប្រគល់​ជូន​ទៅ​តាម​ក្រោយ»។​

ចំណែក​ឯ​លោក​ ហូ វ៉ាន់ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​ដែល​បាន​ទៅ​ទទួល​ញ្ញត្តិ​ បាន​ថ្លែងគាំទ្រសំណូមពរ​ទាំង​ពីរ​នេះ​ ហើយ​គណបក្ស​លោក​កំពុង​ពិចារណា​បញ្ចូល​ចំនួន​យុវជន​បន្ថែម​ទៀត​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​ខាង​មុខ​នេះ៕​