ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​សម្លឹង​មើល​ជា​ចម្បង​លើ​គោលនយោបាយ​​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​របស់​គណបក្ស

រូបឯកសារ៖ ពលរដ្ឋម្នាក់បានបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ភ្នំពេញ — ជា​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​តាំង​ពី​អាយុ ១៨ ឆ្នាំ អ្នកស្រី សន ធីណា ទើប​បាន​យល់​ច្បាស់​អំពី​សារៈសំខាន់​និង​តម្លៃ​នៃ​ការ​អនុវត្ត​សិទ្ធិ​ដ៏​ចាំបាច់​មួយ​នេះ បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង អស់​រយៈពេល​ជាង​បួន​ឆ្នាំ។

អ្នកស្រីថ្លែងថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ប្រទេស​កូរ៉េ​ទៅ​ ខ្ញុំ​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​ខ្លាំង​មែន​ទែន ​សម្រាប់​ការ​បោះ​ឆ្នោត។ ខ្ញុំ​ទៅ​មើល​វិស័យ​ការ​អប់រំ​នៅ​ប្រទេស​គេ ​ហើយ​ការ​អភិវឌ្ឍ​ប្រទេស​គេ​ គឺ​ខុស​ពី​ប្រទេស​យើង។ ហេតុ​អី​បាន​ខ្ញុំ​និយាយ​ចឹង? កាល​ពី​មុន ​ខ្ញុំ​គិត​ថា​ ការ​បោះ​ឆ្នោត​លេង​សើច ក៏​ប៉ុន្តែ​ប្រទេស​គេ​ការ​បោះ​ឆ្នោត​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ពេល​ខ្ញុំ​មើល​ប្រទេស​គេ​ ហើយ​ក្រឡេក​មើល​ប្រទេស​ខ្ញុំ​វិញ​ គឺ​មាន​ការ​ខុស​គ្នា​ត្រង់​ថា ​គ្រប់​វិស័យ​ទាំង​អស់​គឺ​គេ​មាន​ការ​លើក​កម្ពស់​ ក៏​ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ស្ទើរ​នៅ​ឡើយ​ ហើយ​រោង​ចក្រ​ត្រូវ​បាន​បិទ​ជា​ច្រើន»។

អ្នកស្រី សន ធីណា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​វ័យ​ក្មេង​ជាង​ ៦០​ម៉ឺននាក់​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​ខាង​មុខ​នេះ។

ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​លើក​ដំបូង​ ដូចជា​អ្នកស្រី សន ធីណា ត្រូវបាន​ចាត់ទុក​ថា​ជា​ម្ចាស់​សំឡេង​ឆ្នោត​ដែល​មាន​ឥទ្ធិពល​មួយ​លើ​ទស្សនវិស័យ​របស់​អ្នក​នយោបាយ​ដឹកនាំ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ ដែលប្រជាជន​ប្រមាណ​ជា ៦០% នៃ​ប្រជាជន​សរុប​ មាន​អាយុ​ក្រោម ៣០ ឆ្នាំ។ ហើយ​សំឡេង​ឆ្នោត​និង​មតិ​យល់​ឃើញ​របស់​ពួកគេ ​អាច​នឹង​កំណត់​បរិបទ​នយោបាយ​ថ្មី​និង​អាទិភាព​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​នៅ​កម្ពុជា​បាន។

សម្រាប់​អ្នក​ស្រី​ សន ធីណា អ្នក​ស្រី​នឹង​ជ្រើស​រើស​គណបក្ស​ដែល​មាន​មេដឹកនាំ​ប្រកប​ដោយ​គោលការណ៍​បម្រើ​រាស្រ្ត ​និង​អភិវឌ្ឍន៍​ជាតិ​ពិត​ប្រាកដ។

អ្នកស្រីថ្លែងថា៖ «គណបក្ស​ដែល​ខ្ញុំ​គិត​ថា​បោះ​ឆ្នោត​ឱ្យ​ គឺ​គណ​បក្ស​ដែល​មាន​គោលការណ៍​ច្បាស់​លាស់​ ភាព​ស្មោះ​ត្រង់ ​ហើយ​គណបក្ស​ដែល​មាន​មនសិការ​ជាតិ ​គាត់​បម្រើ​រាស្រ្ត​ច្រើន​ជាង​បម្រើ​ខ្លួន​ឯង។ ហើយ​ខ្ញុំ​គិត​ថា​ គណ​បក្ស​មួយ​ហ្នឹង​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្ញុំ​រីក​ចម្រើន​បាន ​ហើយ​នឹង​មាន​ការ​អភិវឌ្ឍ ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ អា​ហ្នឹង​ខ្ញុំ​បោះ​ឱ្យ។​ ខ្ញុំ​ចង់​មាន​ការ​ផ្លាស់​ប្តូរ​ពី​អ្នក​ដឹក​នាំ​ចាស់​ទៅ​អ្នក​ដឹកនាំ​ថ្មី ​បាន​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»។

ពលរដ្ឋម្នាក់ជ្រលក់ម្រាមដៃក្នុងទឹកថ្នាំក្រោយពីបានបោះឆ្នោតហើយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ស៊ុន ណារិន/វីអូអេ)

យុវតី ម៉ា សុភាវី អាយុ ២៤ ឆ្នាំ បុគ្គលិកអង្គការផ្នែកសម្របសម្រួលគម្រោងសុខភាពរស់នៅក្រុងភ្នំពេញ មានស្រុកកំណើតនៅខេត្តសៀមរាប ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

យុវតី​ ម៉ា​ សុភាវី ​អាយុ​ ២៤​ ឆ្នាំ​ បុគ្គលិក​អង្គ​ការ​ផ្នែក​សម្រប​សម្រួល​គម្រោង​សុខភាព​រស់​នៅ​ក្រុង​ភ្នំពេញ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​ បាន​ខកខាន​បោះឆ្នោត​ ពេល​នាង​គ្រប់​អាយុ​ពេញ​សិទ្ធិ​បោះឆ្នោត​ ដោយសារ​ជាប់​សិក្សា​នៅ​ប្រទេស​ថៃ ក្រោម​កម្មវិធីអាហារ​រូប​ករណ៍​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​សុខភាព​សាធារណៈ បន្ទាប់​ពី​នាង​បានប្រលង​ជាប់​និទ្ទេសន៍ A សម្រាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ ២០១៧។

សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​នេះ យុវតី ​ម៉ា​ សុភាវី នឹង​ចូលរួម​បោះឆ្នោត​ដើម្បី​ធ្វើ​ឱ្យ​គណបក្ស​ដែល​នាង​ចង់​បោះ​ឆ្នោត​ឱ្យ​ ទទួល​បាន​ជោគជ័យ​ ដើម្បី​កែ​ប្រែ​នូវ​ចំណុច​ខ្វះ​ខាត​ឱ្យ​កាន់​តែ​ល្អ​ឡើង​ថែម​ទៀត​ ដែល​ជា​ការ​ប្រសើរ​ជាង​ការ​ផ្លាស់​ប្តូរ​គណបក្ស។

កញ្ញាថ្លែងថា៖ «គណ​បក្ស​ដែល​ពួក​គាត់​គិត​ពី​ប្រជាជន​ ដែល​គាត់​គិត​ថា​ឱ្យ​សិទ្ធសេរី​ភាព​ដល់​ប្រជាជន ​ហើយ​ការ​ដែល​និយាយ​ហើយ ​ការ​ធ្វើ​របស់​គាត់​ គឺ​ទៅ​ព្រម​គ្នា។ គាត់​បាន​ធ្វើ​ការ​អភិវឌ្ឍ​ជួយ​ដល់​ប្រជាជន​ ក៏​ប៉ុន្តែ​នៅ​មាន​ចំណុចច្រើន​ទៀត​ ដែល​ខ្ញុំ​រំពឹង​ទុក ​ចង់​ឱ្យ​គាត់​ជួយ​ថែម​ទៀត​ គឺ​ទាក់​ទង​ជាមួយ​នឹង​ផ្នែក​សុខភាព ​ហើយ​នឹង​ផ្នែក​បរិស្ថាន។ ផ្នែក​ហ្នឹង​វា​សំខាន់​ខ្លាំង​ ខ្ញុំ​មើល​នៅ​ទិដ្ឋភាព​ជុំវិញ​ឃើញ​ថា​ មាន​ការ​ខ្វះ​ខាត​ច្រើន»។

យុវតី សុភាវី ក៏បាន​ប្រាប់​វីអូអេ​បន្ថែម​ថា នាង​ចាត់​ទុក​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ជា​លើក​ដំបូង​របស់​នាង​ថា​មាន​តម្លៃ ហើយ​នឹង​ប្រើ​វា​ឱ្យ​មាន​ប្រសិទ្ធភាព​ដល់​គណបក្ស​ដែល​នាង​ពេញ​ចិត្ត។

កញ្ញាថ្លែងថា៖ «បើ​ទោះ​វា​តែ​មួយ​សំឡេង ​ក៏​ប៉ុន្តែ​វា​ក៏​ជា​គំនិត​ដែល​យើង​អាច​បញ្ចេញ។ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រៀន​ ខុស​គ្នា​តែ​ ១​ ពិន្ទុ ​ពេល​ខ្លះ​ ១​ ពិន្ទុ​ជាប់​ ១​ ពិន្ទុ​ធ្លាក់ ហើយ​ដល់​ពេល​បោះ​ឆ្នោត​ក៏​ដូច​គ្នា​ដែរ។ មួយ​សំឡេង​យើង​គិត​ថា ​តិច​ណាស់ ​យើង​គិត​ថា​មើល​ទៅ​អត់​កែ​ប្រែ​អី​បាន។ តែ​វា​ក៏​អាច​ជា​សំឡេង​មួយ​ដែរ​បញ្ចេញ​ទៅ​ ហើយ​ពេល​ខ្លះ​អាច​រុញ​គណបក្ស​ដែរ​យើង​ចង់​បោះ​ឆ្នោត​ឱ្យ​ ឱ្យ​គាត់​ទទួល​បាន​សំឡេង​នឹង​ទៀត ​ហើយ​ក៏​ជា​កម្លាំង​ចិត្ត​ធ្វើ​ការ​ដែរ»។

ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​វីអូអេ​បាន​សម្ភាសន៍​ភាគ​ច្រើន​សម្លឹង​មើល​គោល​នយោបាយ​របស់​បក្ស ​និង​សកម្មភាព​អនុវត្ត​ជាក់​ស្តែង​របស់​អ្នក​នយោបាយ​ទាំង​នោះ។ ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​នេះ​តទៅ​ ពួកគេ​នឹង​បាន​ឃើញ និង​ស្តាប់​ឮ​ពី​គោលនយោបាយ​ជា​ច្រើន​ចំណុច​របស់​គណបក្ស​នយោបាយ​នានា ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ។

យុវជន ​សែម​ ជាតារ៉ាវិបុល ​អាយុ​ ២២ ​ឆ្នាំ​ ​និស្សិត​ឆ្នាំ​ទី​ ៤ ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​មក​ពី​ខេត្ត​តាកែវ​ បាន​ឱ្យ​ដឹង​ថា​ វិស័យ​អប់រំ​គឺ​ជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​រូប​លោក​ ក្នុង​ការ​សម្លឹង​មើល​លើ​គណបក្ស​ដែល​លោកត្រូវ​គាំទ្រ។

លោកថ្លែងថា៖ «សម្រាប់​ខ្ញុំ ​អ្វី​ដែល​ខ្ញុំ​ផ្តោត​សំខាន់​ដំបូង​ គឺ​ការ​បម្រើ​ទៅ​លើ​ផ្នែក​វិស័យ​អប់រំ ​ថា​ពួក​គាត់​នឹង​មាន​គោលនយោបាយ ​និង​មាន​ផែនការ​យ៉ាង​ម៉េច​ខ្លះ​ទៅ​លើ​វិស័យ​អប់រំ ​ដោយ​សារ​ខ្ញុំ​មើល​ឃើញ​ថា​ មាន​តែ​វិស័យ​អប់រំ​ទេ​ ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ទាំង​មូល​ មាន​ឱកាស​អាច​បង្កើន​នូវ​គំនិត​របស់​គាត់។ បើ​សិន​ជា​យើង​ទទួល​បាន​នូវ​ចំណេះ​ដឹង​គ្រប់​គ្រាន់ ​ចឹង​មាន​ន័យ​ថា​ ពួក​គាត់​នឹង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ»។

យុវជន​រូប​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ គណបក្ស​ឈ្នះ​ឆ្នោត​គួរ​គោរព​ និង​អនុវត្ត​តាម​គោល​នយោបាយ​របស់​ខ្លួន ​ដែលយក​មកឃោសនា​រក​សំឡេង​គាំទ្រ នៅ​មុន​ការ​បោះ​ឆ្នោត។

លោកថ្លែងថា៖ «ខ្ញុំ​រំពឹង​សំខាន់​ជាង​គេ​ បើ​សិន​ជា​គណបក្ស​គាត់​មាន​គោល​នយោបាយ​បែប​ម៉េច​ ចង់​ឱ្យ​គាត់​សម្រេច​គោលនយោបាយ​បែប​ហ្នឹង​ឱ្យ​បាន​សម្រេច។ កុំ​ឱ្យ​នៅ​ពេល​មុន​បោះឆ្នោត​ គឺ​គាត់​ឃោសនា​ទៅ​លើ​គោលនយោបាយ​អញ្ជេះៗ ​ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទទួល​បាន​សំឡេង​ឆ្នោត ​បែរ​ជា​គាត់​មាន​ការ​អនុវត្ត​ខុស​ពី​គោលនយោបាយ។ ចឹង​ខ្ញុំ​អត់​ចង់​បាន​ចឹង​ទេ ​ចង់​ឱ្យ​គាត់​អនុវត្ត​និង​មាន​ភាព​សច្ចៈ ​និង​ស្មោះ​ត្រង់​ទៅ​លើ​គោល​នយោបាយ​របស់​ពួក​គាត់​ចឹង ​ដើម្បី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។

សន្លឹក​ឆ្នោត​របស់​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​លើក​ដំបូង​ ដូចជា​យុវជន ​សែម​ ជាតារ៉ាវិបុល នឹង​ក្លាយ​ជា​គោលដៅ​ចម្បង​មួយ​របស់​គណបក្ស​នយោបាយ​ជាច្រើន ដែល​នឹង​ប្រជែង​គ្នា​ទាក់ទាញ​យក។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​ភ្លើងទៀន​ ដែលមាន​អ្នក​គាំទ្រ​ស្រែក​ជ័យឃោស​ នៅ​ក្នុងក្បួនដង្ហែនៅរាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)។

រូបឯកសារ៖ សកម្ម​ជន​ និងក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ចូលរួម​ក្បួន​ឃោសនា​គណបក្ស​ខ្លួន នៅ​រាជធានីភ្នំពេញ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

សម្រាប់​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​បោះសំឡេង​មួយ ការ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​បាន​ក្លាយ​ជាគោលដៅ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​សន្លឹក​ឆ្នោត​ពី​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​លើក​ដំបូង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក សុន ឆ័យ អនុ​ប្រធាន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន។

លោកថ្លែងថា៖ «យុវ​ជន​យើង​ទទួល​បាន​ការ​អប់រំ​បាន​ច្រើន​ហើយ ​មាន​ការ​យល់​ដឹង​ពី​នយោបាយ ​ពី​ពិភពលោក​ហ្នឹង​ក៏​ទូលំ​ទូលាយ​ដែរ។ ម៉្លេះ​ហើយ​អ្នក​ចង់​បាន​ការ​គាំទ្រ​ពី​យុវជន​ហ្នឹង ​ត្រូវ​តែ​ធ្វើ​ឱ្យ​យុវជន​មាន​សង្ឃឹម​ មិន​អាច​ឱ្យ​យុវជន​ហ្នឹង​ត្រូវ​តែ​រក​សែ​ដើម្បី​បាន​តួនាទី​ក្នុង​ការងារ​រដ្ឋ​ ឬ​ក៏​សូក​ប៉ាន់​ដើម្បី​បាន​តួ​នាទី​ ដូច្នេះ​បាន​ធ្វើ​ឱ្យ​យុវជន​ជា​ច្រើន​ហ្នឹង​ គឺ​ថា​ស្វះ​ស្វែង​រក​គណបក្ស​នយោបាយ​ណា ​ដែល​មាន​គោលនយោបាយ​ឆ្ពោះ​ទៅ​រក​ដំណើរ​ការ​ពង្រឹង​នូវ​សង្គម​ដែល​មាន​ភាព​ស្អាត​ស្អំ»។

ដោយឡែក លោក ​ឈឹម ​ផលវរុណ​ ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ថ្លឹង​ថ្លែង​របស់​អ្នក​បោះឆ្នោត​ទៅ​លើ​គោលនយោបាយ​និង​ការ​អនុវត្ត​ជាក់​ស្តែង​ មាន​ភាព​ចាំបាច់ តែ​ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​រៀងៗ​ខ្លួន​ផងដែរ។

លោកថ្លែង៖ «យើង​គ្រាន់​តែ​មើល​ទៅ​លើ​ទ្រឹស្តី​នៃ​សំណេរ​ គោលនយោ​បាយ​កម្ម​វិធី​នយោបាយ​ក៏​ប៉ុន្តែ​យើង​មិន​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​សមត្ថភាព​នៃ​បេក្ខជន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ក្នុង​រូបភាព​ជាក់​ស្តែង។ អា​ហ្នឹង​វា​អត់​ទាន់​គ្រប់​ទេ ​អាហ្នឹង​ទាល់​តែ​យក​ទៅ​ថ្លឹង​ទាំង​សង​ខាង​ពី​ខ្លឹម​សារ​នៃ​កម្មវិ​ធី​នយោបាយ​របស់​គណបក្ស​នីមួយៗ ​ពី​ខ្លឹមសារ​នោះ​ វា​ល្អ​ ក៏​ប៉ុន្តែ​អាច​ថ្លឹង​ទៅ​ទៀត​ថា​ តើ​ទិដ្ឋភាព​អនុវត្ត​ជាក់​ស្តែង​ប៉ុណ្ណា​ អា​ហ្នឹង​ជា​សមត្ថភាព​របស់​ម្ចាស់​ឆ្នោត​រៀងៗ​គ្នា»។

លោក​ ញឹក​ ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ សំឡេង​របស់​ក្រុម​យុវជន ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​ ដូច្នេះ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​យុវជន​នោះ​គួរ​ឈរ​លើ​គោលការណ៍​កណ្តាល ​និង​មើល​លើ​ការ​អនុវត្ត​ឱ្យ​បាន​ច្រើន​ជាង​គោលនយោបាយ។

លោកថ្លែងថា៖ «សំខាន់​យើង​ធ្វើ​យ៉ាង​ណា​ ឱ្យ​យុវជន​មិន​ថា​ នៅ​បក្ស​ណា​ មិន​ថា​អី​ទេ​ គឺ​យើង​ចេះ​ការ​រួប​រួម​សាមគ្គី ចេះ​ធ្វើ​ការ​ជាមួយ​គ្នា​ឱ្យ​បាន​ កុំ​យក​គ្នា​ជា​សត្រូវ។ អាហ្នឹង​ជា​ចំណុច​សំខាន់។ ​របប​ដែល​យើង​ឆ្លង​កាត់​មក​ កាល​ណា​លម្អៀង​ទៅ​ខាង​ណា​ដាច់​មុខ ​យើង​អត់​សុខ​ទេ​ យើង​ត្រូវ​នៅ​កណ្តាល​ចឹង​ទៅ។ យើង​ត្រូវ​មើល​លើ​ការ​អនុវត្ត​ជា​សំខាន់ ​តើ​គាត់​អនុវត្ត​ឬ​អត់ ​បើ​គាត់​ថា​គាត់​ជា​គណបក្ស​មួយ​ដែល​ទៅ​រក​លទ្ធិ​ប្រជាធិតេយ្យ ​ក៏​ប៉ុន្តែ​ដល់​ពេល​ការ​អនុវត្ត ​គាត់​អនុវត្ត​ផ្ទុយ ​អនុវត្ត​ផ្សេង​ចឹង​ទៅ»។

​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម ​ចាត់​ទុក​ថា​ ខ្លឹមសារ​នៃ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​គ្រាន់​តែ​ជា​ការ​ទាក់​ទាញ​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​ ពី​ព្រោះគោលនយោបាយ​មួយ​ចំនួន​របស់គណបក្ស​នយោបាយ​ខ្លះ​ហួស​ពី​សមត្ថភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ឬ​លើស​ពី​លទ្ធភាព​ដែល​ប្រទេស​កម្ពុជា​អាច​ធ្វើ​បាន​ ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន។

លោក​ ប៉ា ចន្ទរឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ការ​បោះ​ឆ្នោត​ដោយ​ផ្តោត​លើ​គោល​នយោ​បាយ​និង​ការ​អនុវត្ត​ អាច​នឹង​ជំរុញ​ដំណើរ​ទៅ​រក​លទ្ធិប្រជា​ធិតេយ្យ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​ហើយ​ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ចាំបាច់​ត្រូវ​តែ​មាន​ការ​តាម​ដាន​ជា​បន្ត​ទៀត​ផង​ដែរ ដោយ​ពួកគេ​ត្រូវ​ពង្រឹងចំណេះ​ដឹង​ ចេះ​ថ្លឹង​ថ្លែង​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​ពី​ព្រោះ​គោលនយោបាយ​ខ្លះ​គ្រាន់​តែ​ប្រជាភិថុត​ប៉ុណ្ណោះ​។

លោកថ្លែងថា៖ «គណបក្ស​នីមួយៗ​ គេ​តែង​តែ​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​ ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ ​និង​ជ្រើស​រើស​គោលនយោបាយ​ដែល​មាន​ភាព​ទាក់​ទាញ ​ដែល​យើង​មើល​ឃើញ​ថា​អាច​ជា​ក្តី​សង្ឃឹម​ ការ​លើក​ឡើង​អំពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយ​ៗ​ហ្នឹង​សឹង​ថា​ កម្ពុជា​ហ្នឹង​អាច​ក្លាយ​ជា​កោះ​សន្តិភាព​ពិត​ប្រាកដ​នៅ​ក្នុង​ពិភព​លោក​ហ្នឹង​នៅ​ក្នុង​អាណត្តិ​ក្រោយ ​ប៉ុន្តែ​ក្នុង​នាម​ជា​យុវជន​ពលរដ្ឋ​ទូទៅ​ដែល​ជា​ម្ចាស់​ឆ្នោត​ហ្នឹង​ក៏​ត្រូវ​ចេះ​ពិនិត្យ​ ចេះ​ពិចារណា​ផង​ដែរ​ ពី​ព្រោះ​គោលនយា​បាយ​ខ្លះ​វា​គ្រាន់​តែ​ជា​ប្រជាភិថុត​ទេ»។

លោក​ ប៉ា​ ចន្ទរឿន ​បាន​បន្ថែម​ទៀត​ថា ​គណបក្ស​កាន់​អំណាច​ក៏​គួរ​តែ​ស្តាប់​មតិ​ចម្រុះ​របស់​ម្ចាស់​ឆ្នោត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​អាណត្តិ​ក្រោយ​នេះ។

លោកថ្លែងថា៖ «បើសិន​ជា​គណបក្ស​កាន់​អំណាច​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់ ​និង​ទទួល​មតិ​ត្រឡប់​មក​វិញ​ ក៏​ដូច​ជា​ការ​រិះ​គន់ ​និង​អនុសាសន៍​ឱ្យ​មាន​ការ​កែ​លម្អ ​ឬ​ក៏​កែ​ប្រែ​ខ្ញុំ​ជឿ​ថា​ នឹង​អាច​រក​ចំណុច​រួម​មួយ​ដែល​គណបក្ស​កាន់​អំណាច​ កន្លែង​ខ្លះ​អាច​ផ្លាស់​ប្តូរ​ កន្លែង​ខ្លះ​អាច​ធ្វើ​ការ​កែ​ប្រែ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ គុណភាព​នៃ​ការងារ​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​យើង​នៅ​អាណត្តិ​ក្រោយ»។

គិតត្រឹម​ថ្ងៃទី ៨ ខែ​ឧសភា គណបក្ស​នយោបាយ​ចំនួន ១១ ក្នុង​នោះ​រួមមាន​គណបក្ស​នយោបាយ​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ត្រូវបាន​ចុះ​ក្នុង​បញ្ជី​គណបក្ស​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ ខណៈ​គណបក្សចំនួន ៩ ផ្សេង​ទៀត រួមមាន​គណបក្ស​ភ្លើងទៀន កំពុង​ត្រូវបាន គ.ជ.ប ​ពិនិត្យ​មើល មុន​នឹង​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​គណបក្ស​ជា​ផ្លូវការ៕