ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលធ្វើឡើងអស់រយៈពេល៩១ថ្ងៃ ចាប់តាំងពីខែកញ្ញាមកនោះ បានបិទបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃ៣០ខែវិច្ឆិកាម្សិលមិញ ដោយមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៧លាន៨សែននាក់ ឬស្មើនឹង៨១.៤៨%។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាល្ងាចថ្ងៃព្រហស្បតិ៍នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ប្រាប់ VOA ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតថ្មីនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីឲ្យសាធារណជនធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា។
លោក ហង្ស ពុទ្ធា អះអាងថា ការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ និងមានបរិយាកាសល្អប្រសើរ។
លោកបន្តថា ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតរយៈពេល៣ខែនេះ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន៩៧បណ្ដឹង ទាក់ទងនឹងការមិនគោរពនីតិវិធីចុះឈ្មោះបោះឆ្នោត ការរំខានដល់ការចុះឈ្មោះបោះឆ្នោត និងការចោទថា មានពីការចុះឈ្មោះពីជនអន្តោប្រវេសន៍ដែលគ្មានឯកសារបញ្ជាក់ច្បាស់លាស់។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនេះគួរឲ្យទុកចិត្តបាន ហើយលោកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះមានភាពឯករាជ្យជាងមុន។
ក៏ប៉ុន្តែលោក គល់ បញ្ញា បានបង្ហាញការសោកស្ដាយ ដែលរដ្ឋាភិបាលកម្ពុជាមិនមានយន្តការណាមួយក្នុងការជួយសម្រួលឲ្យពលរដ្ឋកម្ពុជាទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ជាពិសេសពលករចំណាកស្រុក អាចចុះឈ្មោះបោះឆ្នោតបានដូចពលរដ្ឋខ្មែរក្នុងស្រុក៕