កម្ពុជា​ស្នើ​​ការ​«គោរព​គ្នា»​ក្នុង​លិខិត​ផ្ញើ​ជូន​​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​អាមេរិក

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមហោស្រព Queen ក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក លោក​ Antony Blinken ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី ជាមួយ​នឹងការ​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ាស៊ីងតោន​ គោរព​ទីក្រុង​ភ្នំពេញ​ស្មើ​មុខ​ស្មើ​មាត់​ជា​រដ្ឋ​អធិបតេយ្យ​ដូចគ្នា។​

«ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ជា​ពន្លឹក​ដើម្បី​ផ្ញើ​ជូន​នូវ​ការ​ជូនពរ​ដ៏​ស្មោះស្ម័គ្រ​អំពី​ខ្ញុំ​ចំពោះ​ឯកឧត្តម​ ដែល​បាន​ទទួល​ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក»។ នេះ​ជា​ខ្លឹមសារ​នៃ​លិខិតចុះ​ថ្ងៃ​ទី​២៧ ខែ​មករា របស់​លោក ប្រាក់ សុខុន ដែល​វីអូអេ​ទទួល​បាន។​

ក្រៅតែ​ពី​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ ​«ផ្សា​ភ្ជាប់​ទៅ​នឹង​ធម្មនុញ្ញភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស» និង​ថ្លែង​អំណរ​គុណ​អាមេរិក​ដែល​ជួយ​កម្ពុជា លោក ប្រាក់ សុខុន ថា​កម្ពុជា​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក «ផ្អែក​លើ​ប្រយោជន៍​ទាំង​សង​ខាង ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​យុត្តិធម៌»។​

សហរដ្ឋ​អាមេរិក​ជា​រដ្ឋ​បរទេស​ ដែល​បាន​រិះគន់​ការ​បង្ក្រាប​នយោបាយ​រយៈ​កាល​បួន​ឆ្នាំ​កន្លង​មក​នេះ​នៅ​ប្រទេស​កម្ពុជា ដែល​បក្ស​ជំទាស់​ត្រូវ​បាន​រំលាយ ហើយ​អ្នក​ប្រឆាំង​ត្រូវ​រង​ទុក្ខ​ទោស​និង​បណ្ដឹង​រ៉ាំ​រ៉ៃ​ខណៈ​បក្សប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​កាន់​អំណាច​ពេញ​ទី។

រដ្ឋាភិបាល​កម្ពុជាតែង​តប​តការ​រិះគន់ទាំងនោះ ថា​ជា​ការបំពាន​អធិបតេយ្យភាព​នៃប្រទេស​ខ្លួន។

ស្ថានទូត​អាមេរិក​នៅភ្នំពេញ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​លោក ប្រាក់ សុខុន ហើយ​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន តែ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​លើ​ខ្លឹមសារ​សំបុត្រ​នោះ​ទេ។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy បាន​ទៅ​ដល់​គេហដ្ឋាន​លោក កឹម សុខា ដើម្បី​ជួបអតីតមេ​បក្ស​ជំទាស់​រូប​នេះ​ពិភាក្សា​អំពី​ការ​ពន្យារពេល​សវនាការ​ក្ដីក្ដាំ​របស់​លោក កឹម សុខា ដែល​រង​ការ​ចោទ​ថាបាន​សមគំនិត​នឹង​សហរដ្ឋ​អាមេរិក ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ ទាំង​លោក កឹម ​សុខា​ និង​សហរដ្ឋ​អាមេរិក បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕