ភ្នំពេញ៖ ប្រទេសកម្ពុជាបានជួយបន្តក់ទម្ងន់មួយបន្ថែមទៀតលើប្រតិកម្មរបស់សហគមន៍អន្តរជាតិដោយសម្តែងការសោកស្តាយចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតភ្ជាប់ជាមួយផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ។
របបកុម្មុយនិស្តដ៏រឹងត្អឹងក្រុងព្យុងយ៉ាងបានបាញ់បង្ហោះដោយជោគជ័យចេញពីឆ្នេរសមុទ្រខាងលិចនៃប្រទេសនូវគ្រាប់រ៉ុក្កែតកាលពីវេលាម៉ោង៩និង៤៩នាទីម៉ោងនៅក្នុងស្រុកហើយបានបង្កឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិជាខ្លាំងនិងជាបន្ទាន់បំផុត។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសលើកឡើងថាកម្ពុជាសោកស្តាយចំពោះការមិនអើពើដល់ប្រតិកម្មអន្តរជាតិពីសំណាក់កូរ៉េខាងជើង។
«កម្ពុជាសម្តែងនូវការសោកស្តាយដែលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េមិនបានយកចិត្តទុកដាក់ដល់ការព្រួយបារម្ភរបស់ប្រទេសនានាពីព្រោះការបាញ់គ្រាប់រ៉ុក្កែតនេះអាចធ្វើឲ្យឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹងបន្ថែមទៀត»។
ប្រទេសកូរ៉េខាងជើងបានប្រកាសថាគ្រាប់រ៉ុក្កែតបាននាំផ្កាយរណបទៅដល់តារាវិថីរួចហើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ក្នុងន័យដូចគ្នានេះដែរ។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយនានារបស់បរទេស។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន រុស្ស៊ី ប្រទេសអង់គ្លេសបានផ្តន្ទាទោសកូរ៉េខាងជើងភ្លាមៗចំពោះទង្វើនៃការបាញ់កាំជ្រួចវង់ប្រតិបត្តិការរយៈចម្ងាយឆ្ងាយដើម្បីបង្ហោះផ្កាយរណបនេះ។
កម្ពុជាបានភ្ជាប់ទំនាក់ទំនងល្អជាមួយក្រុងព្យុងយ៉ាងតាមរយៈស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុ។
កាលពីថ្ងៃច័ន្ទលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន ដែលនឹងត្រូវបញ្ចប់អាណត្តិប្រធានប្តូរវេនរបស់អាស៊ាននៅចុងខែធ្នូនេះបានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើងបញ្ឈប់ជាស្ថាពរនូវការបាញ់បង្ហោះកាំជ្រួចនាំផ្លូវផ្កាយរណបនេះហើយជាមួយគ្នានេះរដ្ឋមន្ដ្រីការបរទេសកម្ពុជាលោកហោ ណាំហុង បានបរាជ័យក្នុងការប្រមូលនូវកិច្ចព្រមព្រៀងជាឯកឆន្ទក្នុងចំណោមក្រុមរដ្ឋមន្ដ្រីការបរទេសអាស៊ានទាំងដប់ប្រទេសដើម្បីស្នើដល់កូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពដែលសហគមន៍អន្តរជាតិទប់ស្កាត់នេះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យកម្ពុជាមានប្រសាសន៍ថាការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើងបង្ហាញមួយផ្នែកនូវយុទ្ធសាស្ដ្រផ្នែកយោធានិងដើម្បីប្រាប់ពិភពលោកពីសមត្ថភាពទប់ទល់នឹងការគំរាមកំហែងណាមួយប៉ុន្តែជាមួយគ្នានេះកូរ៉េខាងជើងអាចបង្កឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យកម្ពុជាមានប្រសាសន៍ថាការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើងបង្ហាញមួយផ្នែកនូវយុទ្ធសាស្ដ្រផ្នែកយោធានិងដើម្បីប្រាប់ពិភពលោកពីសមត្ថភាពទប់ទល់នឹងការគំរាមកំហែងណាមួយប៉ុន្តែជាមួយគ្នានេះកូរ៉េខាងជើងអាចបង្កឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។
«ការណ៍នេះធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ដោយសារតុល្យភាពនៃអំណាចនឹងមានការប្រែប្រួលដោយសារមានអាវុធថ្មីៗ»។
សូមបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានប្រើប្រាស់កាំជ្រួចវង់ប្រតិបត្តិការឆ្ងាយឈ្មោះUnha-3ដើម្បីបាញ់នាំផ្លូវផ្កាយរណបKwangmyongsong3 ដោយបាញ់ចេញពីមជ្ឈមណ្ឌលអវកាសCholsan Chounty នៅខេត្តPyongan ខាងជើង។ នេះជាប្រភេទផ្កាយរណបភូមិសាស្ដ្រដើម្បីត្រួតពិនិត្យមើលផែនដី ជាពិសេសការត្រួតពិនិត្យអាកាសធាតុ។
ការបាញ់បង្ហោះផ្កាយរណបនេះបានបរាជ័យម្តងរួចមកហើយកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១២៕