កម្ពុជា​ត្រៀម​បោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃ​អាទិត្យ ខណៈ​បញ្ចប់​ការ​ឃោសនា

រូបឯកសារ៖ សមាជិកសភាថ្មីរបស់កម្ពុជាក្នុងអំឡុងសម័យប្រជុំដំបូង នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (AFP/Cambodia National Assembly)

យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិ​ទី​ ៥ ​ដែល​មាន​រយៈ​ពេល​ ១៤ ​ថ្ងៃ ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ​២៣ ​ខែ​កុម្ភៈ​នេះ។​ យុទ្ធនាការ​ឃោសនា​ជា​ទូទៅ​ មាន​សភាព​ធម្មតា ​ស្ងប់ស្ងាត់ ​មិន​មាន​ហិង្សា ​និង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ។​ នេះ​បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប)។​

គ.ជ.ប​ បាន​អំពាវ​នាវ​ដល់​គណបក្ស​នយោបាយ​ អ្នកគាំទ្រ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​ចាប់​ពី​ម៉ោង ​១០ ​យប់ ​ថ្ងៃ​ទី​ ២៣ ​ខែកុម្ភៈ​ រហូត​ដល់​ម៉ោង​ ១២ ​យប់​ថ្ងៃទី​ ២៥ ​ខែកុម្ភៈ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ​៧ ​ព្រឹក ​ដល់​ម៉ោង​ ៣​ រសៀល​ ថ្ងៃ​អាទិត្យ ​ទី​ ២៥​ ខែ​កុម្ភៈ ​ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​មួយ។​

អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​មាន​ប្រមាណ​ ១២.០០០ ​នាក់ ​និង​តំណាង​រាស្រ្ត ​១២៥ ​រូប​ ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ​ការ​បោះ​ឆ្នោត​មួយ​នេះ​មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ដែល​នឹង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ ក្នុង​ការ​ជ្រើស​តាំងសមាជិក​ព្រឹទ្ធ​សភា​ចំនួន​ ៥៨ ​រូប​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​ ៦២។​ សមាជិក​ពីរ​រូប​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ ​និង​ពីរ​រូប​ទៀត​តែង​តាំង​ដោយរដ្ឋសភា។​

ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នេះ​ធ្វើ​ឡើង​ ៦ ​ឆ្នាំ​ម្តង​សម្រាប់​មួយ​អាណត្តិ។ ​កាល​ពី​ ៦ ​ឆ្នាំ​មុន ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នេះ​មិន​មាន​វត្តមាន​គណ​បក្ស​ជំទាស់​ឡើយ ដោយ​សារ​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ ​ហើយ​អង្គ​បោះ​ឆ្នោត​ដែល​ជាប់​ឆ្នោត​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​បែង​ចែកឱ្យគណបក្ស​កាន់​អំណាច។​

គណបក្ស​នយោបាយ​ចំនួន​ ៤ ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​មួយ​នេះ​ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ឆន្ទៈ​ខ្មែរ ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ និង​គណបក្ស​កម្លាំង​ជាតិ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា ​នឹង​ឈ្នះ​អាសនៈ​ភាគ​ច្រើន ​បើ​ទោះ​មាន​គណបក្ស​ជំទាស់​មួយ​ចំនួន​ចូលរួម​ប្រកួត​ប្រជែង​ក៏​ដោយ។​

ចំណែក​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​សរុប​ប្រមាណ​ ២.២០០ ​នាក់​បាន​ជ្រើស​រើស​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​គណ​បក្ស​មួយ​ក្នុង​សម្ព័ន្ធ​របស់​ខ្លួន ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​លើក​នេះ។​ គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​បាន​ ដោយ​សារ​បញ្ហា​បាត់​ឯកសារ​ចុះ​បញ្ជី​ដើម​របស់​គណបក្ស។​

គណបក្ស​ជំទាស់​មួយ​នេះ​រំពឹង​ថា​នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធ​សភា​ចំនួន ​៩ ​ទៅ​តាម​ចំនួន​ក្រុម​ប្រឹក្សា​ដែល​ខ្លួន​មាន​ជាង២ពាន់នាក់។​

ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ពី​គោល​នយោបាយ​របស់​គណបក្ស​ថា​ គណបក្ស​នឹង​ពង្រឹង​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ ​និង​រដ្ឋាភិបាល​ រួមមានកំណែ​ទម្រង់ប្រព័ន្ធ​អប់រំ ​ការ​រៀបចំ​កញ្ចប់​ថវិកា​ជួយ​រដ្ឋាភិបាល​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ ការ​ស្ដារ​ជំនឿ​ប្រជាជន​ទៅ​លើ​វិស័យ​សុខាភិបាល ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​រក្សា​តម្លៃ​វត្ថុ​ធាតុ​ដើម​ឱ្យ​នៅ​ធូរ​ថ្លៃ​ និង​ទទួល​បាន​ផល​កម្រៃ​ច្រើន ​និង​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​នានា។​

លោក ​សេង ម៉ារឌី ​បេក្ខជន​នៃ​ភូមិ​ភាគ​ទី ៤ ​ដែល​មាន​ខេត្ត​បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ ឧត្តរ​មានជ័យ​ និង​ខេត្ត​ប៉ៃលិន ​មក​ពីគណបក្ស​ឆន្ទៈ​ខ្មែរ ​ថ្លែង​នៅ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​ថា លោកប្ដេជ្ញា​ចិត្ត​ថា​បម្រើសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ និង​បម្រើ​ប្រទេស​ជាតិ ​ហើយ​បន្ត​បេសក​កម្ម​ក្នុង​ការ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ជួយ​ដល់​ប្រទេស​ជាតិ​បាន​រុង​រឿង។​

លោក ​សេង ម៉ារឌី ​ថ្លែង​ថា៖ ​«អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​ខ្ញុំ​នឹង​ជួយ​បង​ប្អូន។ ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា​ អ្វី​ដែល​បង​ប្អូន​នៅ​ភូមិ​ភាគ​បួន​យើង​ ហើយ​ទូទាំង​ប្រទេស​មាន​បញ្ហា​អី។ ​កាល​បើ​ខ្ញុំ​បាន​ជាប់​ជា​តំណាង​ព្រឹទ្ធ​សភា​ហើយ​ ជា​តំណាង​របស់​បងប្អូន​នៅ​ភូមិភាគ​នេះ​ ខ្ញុំ​នឹង​ជួយ​ព្យាយាម។​ ខ្ញុំ​នឹង​ចុះ​មក​ព្យាយាម​ជួយ​ធ្វើ​អន្តរាគមន៍​ ឬ​ជួយ​គ្រប់​សកម្ម​ភាព​ទាំង​អស់ ​ដើម្បី​ឱ្យ​បង​ប្អូន​យើង​នៅ​មូលដ្ឋាន​មាន​ទំនុក​ចិត្ត​ហើយ​យើង​រក​ដំណោះ​ស្រាយ​ជុំគ្នា»។​

លោក ​សេង ម៉ារឌី ​ដែល​ជា​បង​ប្រុស​បង្កើត​របស់​កញ្ញា ​សេង ធារី ​មេធាវី​ខ្មែរ​អាមេរិកាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ​បន្ថែម​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ជជែក​គ្នា ​និង​ផ្តល់​តម្លៃឱ្យគ្នា ​និងចៀស​វាង​ការ​ជេរ​ប្រមាថ​គ្នា។​

ចំណែក​អតីត​នាយក​រដ្ឋមន្រ្តី ​លោក ​ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​សមាជិក​ព្រឹទ្ធ​សភា​នេះ​ បាន​ចេញ​សារ​លិខិត​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ថា ​គណបក្ស​ប្រជាជន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដើម្បី​រក្សា​សន្ដិភាព​ និង​ការ​អភិវឌ្ឍ។​

លោក​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​បន្ត​ខិតខំ​អស់​ពី​លទ្ធភាព​ពង្រឹង​ពង្រីក​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ ​ហើយ​ធ្វើឱ្យប្រជាជន​មាន​ជីវភាព​កាន់​តែ​សម្បូរ​សប្បាយ​ រស់​នៅ​យ៉ាង​សុខដុម​ក្នុង​សង្គម​ ប្រកប​ដោយ​ការ​គោរព​តម្លៃ​មនុស្ស​ សេរីភាព​ និង​យុត្តិធម៌។​
លោក ​ហ៊ុន សែន ​បន្ថែម​ថា​ បើ​ទោះ​ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​អសកល ​ប៉ុន្តែ​ការ​បោះ​ឆ្នោត​នេះ​កើត​ចេញ​ពី​ឆន្ទៈ ​និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ពិត​ប្រាកដ ​ព្រោះ​តំណាង​រាស្រ្ត​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​អ្នក​បោះ​ឆ្នោត​ផ្ទាល់ ​គឺ​ជា​អ្នក​តំណាង​របស់​ប្រជា​ពលរដ្ឋ​ ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត។​

នៅ​មុន​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី ​លោក ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៥​ ខែ​កុម្ភៈ។​

ទាក់ទិន​នឹង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភាព​លើក​នេះ​ លោក ​កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​យល់​ឃើញ​ថា ​ដោយ​មានការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែល​មាន​សំឡេង​គាំទ្រ​កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​និង​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា ​ដូច្នេះ​ព្រឹទ្ធ​សភា​នឹង​មាន​សំឡេង​ជំទាស់ ​មិន​ដូច​ពី​អាណត្តិ​មុន ​ដែល​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​គណបក្ស​ជំទាស់​រំពឹង​ថា​នឹង​មាន​សំឡេង​តតាំង​ក្នុង​ព្រឹទ្ធ​សភា។​

បើ​តាម ​គ.ជ.ប ​លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២ ​ខែ​មេសា​ ក្រោយ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​រួច​រាល់៕​