សិក្ខាសាលាមួយដែលរយៈពេលបួនថ្ងៃស្តីអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាហៅកាត់ថា STEM (ស្ទែម) នឹងត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៣ មីនាខាងមុខ ជាពេលដែលយុវជនអាស៊ានចំនួន៥០នាក់ គ្រោងនឹងដាក់បង្ហាញស្នាដៃផលិតផលថ្មីរបស់ពួកគេ។
ឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិកតាមរយៈស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ សិក្ខាសាលារបស់ YSEALI ប្រចាំតំបន់ស្តីពីការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានឹងផ្តល់ឱកាសដល់យុវជន៤០នាក់មកពីកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំអាស៊ានវ័យក្មេងក្នុងតំបន់ និងបេក្ខជនចំនួន១០នាក់នៃប្រទេសកម្ពុជាបានពិភាក្សាវិធីសាស្រ្ត និងការបញ្ចូល STEM ទៅក្នុងកម្មវិធីសិក្សា ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា និងស្វែងរកការអនុវត្តល្អបំផុតក្នុងការអប់រំផ្នែក STEM។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិអាស៊ី ដែលជាអ្នករៀបចំសិក្ខាសាលាប្រចាំតំបន់របស់ YSEALI ស្តីពីការអប់រំ STEAM ឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ ថ្ងៃ៣មីនា២០១៨ យុវជនជាតិសាសន៍អាស៊ានទាំង៥០នាក់នេះនឹងត្រូវចូលរួមការពិភាក្សានិងចែករំលែកព័ត៌មាន និងការធ្វើបទបង្ហាញជាក្រុមលើប្រធានបទ ការអប់រំលើវិស័យ STEM និងចូលរួមក្នុងការប្រកួតប្រជែងការច្នៃប្រឌិតរបស់ខ្លួន។
លោក តាន់ អេលែន (Allen Tan) ជាស្ថាបនិក និងជានាយកគ្រប់គ្រង STEM កម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបង្កើតឡើងដើម្បីបង្កើនការយល់ដឹងអំពីវិស័យ STEM និងមហោស្រពវិទ្យាសាស្រ្ត និងវិស្វកម្មនៅកម្ពុជា បាននិយាយថា សិក្ខាសាលាប្រចាំតំបន់របស់ YSEALI ស្តីពី STEM នេះ នឹងអនុញ្ញាតឲ្យកម្ពុជាអាចបង្ហាញពីការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យារបស់ខ្លួន និងការនាំមុខក្នុងវិស័យអប់រំ STEM ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
លោក អេលែនបាននិយាយថា៖
«សិក្ខាសាលារបស់ YSEALI គឺល្អមែនទែនដោយសារតែវាជាឱកាសមួយសម្រាប់កម្ពុជាបង្ហាញអំពីការនាំមុខនិងការវិវឌ្ឍដែលខ្លួនសម្រេចបាននៅក្នុងវិស័យ STEM ជាមួយនិងមហោស្រពស្តីពីបច្ចេកវិទ្យា ហើយនិងជាឱកាសមួយដើម្បីប្រទេសកម្ពុជាបានចែករំលែកជាមួយប្រទេសផ្សេងទៀតក្នុងតំបន់»។
ការអប់រំក្នុងវិស័យ STEM ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យ STEM នៅក្នុងប្រទេសកម្ពុជា តែងតែត្រូវបានឧបត្ថម្ភគាំទ្រ ជាសំខាន់ដោយប្រទេសមហាអំណាចធំៗពីរគឺសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសតាមរយៈស្ថានទូតនៃប្រទេសទាំងពីរប្រចាំកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA ខ្មែរកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៧ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកក៏កំពុងប្រឹងប្រែងយ៉ាងខ្លាំងជួយទីផ្សារសម្រាប់វិស័យបច្ចេកវិទ្យានេះផងដែរ ហើយវិស័យបច្ចេកវិទ្យាកម្ពុជាកំពុងតែកើនឡើងយ៉ាងខ្លាំង។
ថ្លែងតាមរយៈអ្នកបកប្រែផ្ទាល់ខ្លួន លោក William Heidt បានមានប្រសាសន៍ថា៖
«ជាជំហានស្នូលបន្ទាប់ទៅទៀតនោះគឺខ្ញុំព្យាយាមតភ្ជាប់នូវវិស័យបច្ចេកវិទ្យាកម្ពុជាជាមួយនឹងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដែលកំពុងតែមានការអភិវឌ្ឍខ្លាំងនៅតាមមូលដ្ឋានមួយចំនួនដូចជាប្រទេសសិង្ហបុរីនិងទីក្រុងហូជីមីញ»។
ក្រសួងអប់រំយុវជន និងកីឡាក៏កំពុងផ្តោតខ្លាំងក្នុងការជំរុញគាំទ្រ STEM និងបានបង្កើតគោលនយោបាយដើម្បីបញ្ចូល STEM ទៅក្នុងវិស័យអប់រំ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីពង្រឹងជំនាញយុវជនកម្ពុជាអាយុក្រោម៣០ឆ្នាំ ដែលមានចំនួនជាង៦០ភាគរយក្នុងចំណោមប្រជាជនសរុបជាង១៥លាននាក់។
នៅក្នុងសន្និសីទស្តីពីថាមពលពន្លឺព្រះអាទិត្យនៅខេត្តសៀមរាបកាលពីសប្តាហ៍មុន ហើយដែលត្រូវគេស្រង់សម្តីផ្សាយតាមគេហទំព័រក្រសួង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងន័យដើមថា៖
«វិទ្យាសាស្រ្តគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់ឲ្យយើងវិវឌ្ឍទៅមុខ។ បច្ចេកវិទ្យាបានជំរុញយើងទៅមុខកាន់តែខ្លាំងទៀត។ វិស្វកម្មបានបំពេញនូវសេចក្តីស្រេកឃ្លានរបស់ពួកយើងដើម្បីបង្កើតការច្នៃប្រឌិតថ្មី។ ចំណែកឯគណិតវិទ្យាជាអ្នកពង្រឹងសុបិនមួយនេះ»។
មិនតែប៉ុណ្ណោះ លោក តាន់ អេលែន ជាស្ថាបនិក និងនាយកគ្រប់គ្រង STEM កម្ពុជា បាននិយាយថា អ្នកជំនាញផ្នែក STEM នៅកម្ពុជាត្រូវការការពង្រឹងនិងពង្រីកសមត្ថភាពឲ្យខ្លាំងបន្ថែមទៀតដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាអាចប្រកួតប្រជែងនៅក្នុងតំបន់បាន។
លោក អេលែន បាននិយាយប្រាប់ VOA តាមទូរសព្ទថា៖
«បើសិនជាយើងមើលជុំវិញខ្លួនយើង យើងអាចមើលឃើញថា ពិភពលោកដំណើរការប្រើប្រាស់ម៉ាស៊ីន។ ហើយដើម្បីចេះប្រើប្រាស់ម៉ាស៊ីនទាំងនេះ ដើម្បីចេះជួសជុលវាបាន និងអាចឲ្យវាដំណើរការបានល្អប្រសើរ នោះគឺជាគន្លឹះសំខាន់មួយដើម្បីឲ្យសេដ្ឋកិច្ចមានដំណើរការល្អផងដែរ»។
ថ្ងៃសិក្ខាសាលាប្រចាំតំបន់របស់ YSEALI ស្តីពីការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ធ្វើឡើងនេះគឺជាទិវាមហោស្រពបច្ចេកវិទ្យា និងវិស្វកម្មកម្ពុជាលើកទីបួនដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ហើយបេក្ខជនអាស៊ានទាំង៥០រូបនៃសិក្ខាសាលា STEM ប្រចាំតំបន់របស់ YSEALI នឹងបង្ហាញពីគម្រោងរបស់ខ្លួនទៅកាន់សាធារណជន និងភាគីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨៕