ចាប់ពីថ្ងៃអាទិត្យនេះទៅ កម្ពុជានឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃ បន្ទាប់ពីខកខានមិនបានប្រារព្ធពិធីនេះកាលពីឆ្នាំកន្លងទៅ។ អាជ្ញាធរ និងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិអះអាងថា ខ្លួនបានរៀបចំរួចរាល់ ហើយរំពឹងថា ការប្រារព្ធពិធីបុណ្យអុំទូកក្នុងឆ្នាំនេះនឹងប្រព្រឹត្តទៅល្អជាងឆ្នាំមុនៗ។
គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងអាជ្ញាធររំពឹងថា ដំណើរការនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនឹងប្រព្រឹត្តទៅដោយរលូន និងប្រសើរជាងឆ្នាំមុនៗ ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព និងអនាម័យ តែអាជ្ញាធរអំពាវនាវឱ្យមានការចូលរួមពីសាធារណជន។
ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ កម្ពុជានឹងប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរតាំងពីបរមបុរាណនេះ។
លោកឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានប្រាប់ VOA កាលពីសុក្រថា ទូកចំនួន២៥៧គ្រឿងបានចុះឈ្មោះចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ ដោយមានកីឡាករសរុបជាង១៧០០០នាក់។
លោកបន្តថា ដើម្បីរក្សារបៀបរៀបរយ ក៏ដូចជាអនាម័យសម្រាប់កីឡាករ អាជ្ញាធរបានរៀបចំកន្លែងសម្រាប់ឱ្យកីឡាករទាំងអស់ស្នាក់នៅជុំគ្នានៅម្ដុំស្ពានជ្រោយចង្វាត្រើយខាងកើត។
លោកមានប្រសាសន៍ថា៖
«ទើបតែឆ្នាំនេះទេណា! យើងរៀបចំ៥មណ្ឌលដើម្បីឱ្យកីឡាករតាមខេត្តដែលនាំទូកមកហ្នឹង គាត់បាននៅសម្រាកប្រមូលផ្ដុំ។ ឆ្នាំនេះប្រមូលផ្ដុំហើយមានធ្វើរោង ធ្វើបង្គន់ បន្ទប់ទឹក ដាក់ភ្លើងអីចូលដើម្បីឱ្យគាត់បានសម្រាកល្អជាងឆ្នាំមុនៗ»។
លោកឈិន កេតនា បានឱ្យដឹងដែរថា តាមការប៉ាន់ស្មាន មនុស្សប្រមាណ២លាននាក់នឹងចូលរួមក្នុងពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ។
លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ VOA កាលពីថ្ងៃសុក្រថា អាជ្ញាធរបានត្រៀមសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ក្នុងថ្ងៃប្រារព្ធពិធីបុណ្យអុំទូកទាំង៣ថ្ងៃ។ លោកថ្លែងថា លើសពីនេះ អាជ្ញាធរក៏បានត្រៀមកាមេរ៉ាតាមដានតំបន់ដែលមានមនុស្សម្នារកកកុញដើម្បីចៀសវាងបាតុភូតណាមួយដែលអាចកើតឡើងជាយថាហេតុ។
លោកមានប្រសាសន៍ថា៖
«ទាំងកម្លាំងការពារក៏យើងបង្កើន ទាំងតំបន់ការពារ ហើយក្នុងនោះអគ្គស្នងការនគរបាលជាតិបានរៀបចំកាមេរ៉ាដើម្បីធ្វើយ៉ាងណាត្រួតពិនិត្យតំបន់ដែលប្រជាពលរដ្ឋចូលទៅលេងកន្លែងចង្អៀត។ ប្រសិនបើជាមានទីតាំងណាដែលកកស្ទះដោយមនុស្ស យើងនឹងធ្វើការហាមឃាត់ អង្វរគាត់កុំឱ្យគាត់ចូលទៅតំបន់ដែលមិនអាចផ្ទុកមនុស្សបាន ហើយកិច្ចការការពាររបស់កងកម្លាំងមានសមត្ថកិច្ចក៏យើងបង្កើន»។
ពាក់ព័ន្ធនឹងបញ្ហាអនាម័យ លោកឃួង ស្រេង អះអាងថា អាជ្ញាធរបានរៀបចំបង្គន់អនាម័យចំនួន៤២០នៅតំបន់មាត់ទន្លេត្រើយខាងលិច និងជាង៤០០បង្គន់ទៀតនៅត្រើយខាងកើតសម្រាប់ឱ្យសាធារណជន និងកីឡាករអុំទូកប្រើប្រាស់។ លើសពីនេះ អាជ្ញាធរក៏បានពង្រាយធុងសម្រាមនៅតាមដងផ្លូវ និងសួនច្បារសាធារណៈផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកឃួង ស្រេង មានប្រសាសន៍ថា អ្វីដែលអាជ្ញាធរបានរៀបចំគឺមិនគ្រប់គ្រាន់សម្រាប់អ្នកចូលរួមដែលគេរំពឹងថា មានប្រមាណ២លាននាក់នោះទេ។ លោកអំពាវនាវឱ្យមានការចូលរួមពីសាធារណជនដើម្បីឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះប្រព្រឹត្តទៅបានល្អ។
លោកមានប្រសាសន៍ថា៖
«តែទោះជាយ៉ាងណា ដូចគ្នានឹងសម្រាមដែរ យើងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម ឱ្យចូលរួមយ៉ាងម៉េច? ថា មុននឹងចេញ ត្រូវគិតគូរពីបញ្ហាបត់ដៃបត់ជើង។ ប៉ុននេះយើងជឿជាក់ថា វាមិនអាចទទួលបានគ្រប់គ្រាន់ដល់ប្រជាជន២លាននាក់ហ្នឹងទេ។ អីចឹងសូមឱ្យគាត់មាន ហៅថា សុជីវធម៌ (ក្នុងការចោលសម្រាម) មានការគិតគូរខ្លួនឯង។ នៅពេលមុនចេញដើរត្រូវបត់ដៃបត់ជើងឱ្យហើយ ឬយ៉ាងម៉េចយ៉ាងម៉ា ឱ្យគាត់គិតគូរបញ្ហានេះបន្ថែមទៀតផង»។
ទោះបីជាអាជ្ញាធរអះអាងពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរៀបចំឱ្យបុណ្យប្រពៃណីជាតិនេះដំណើរការទៅដោយរលូនក៏ដោយ កាលពីព្រឹកថ្ងៃសុក្រ វេលាម៉ោង៧និង៣០នាទី កីឡាករអុំទូក២នាក់បានបាត់ខ្លួន ក្រោយពេលទូកដឹកភ្ញៀវទេសចរមួយគ្រឿងបានបុកទូកងមួយ ដែលកំពុងត្រូវបានសណ្ដោងយកទៅត្រៀមចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូក មុខព្រះបរមរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែជាពិធីបុណ្យប្រពៃណីជាតិខ្មែរតាំងពីបរមបុរាណដែលគួរត្រូវប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។
កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យប្រពៃណីមួយនេះ៣ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឱ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាបានឡើងកំដៅ តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនេះគឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន៕