ភ្នំពេញ —
រដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះបានការពារការសម្រេចរបស់ខ្លួនក្នុងការដំឡើងការហៅចេញរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រោយពីមានការរិះគន់ជាច្រើនពីអ្នកប្រើប្រាស់។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុនបានបង្គាប់ឱ្យក្រុមហ៊ុនចល័តទាំងអស់ក្នុងប្រទេសឱ្យអនុវត្តតាមសារាចរអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកាលពីឆ្នាំ២០០៩ ដែលកំណត់តម្លៃអត្រាហៅចេញក្នុងប្រព័ន្ធទាបបំផុត៤,៥សេនក្នុងមួយនាទី និងការហៅចេញទៅក្រៅប្រព័ន្ធទាបបំផុត៥,៩៥សេនក្នុងមួយនាទី។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្លែងថាមូលហេតុចម្បងមួយក្នុងការកំណត់តម្លៃការហៅចេញនេះដោយសារដើម្បីពង្រឹងគុណភាព។
«ហានិភ័យនេះកើតឡើងក៏ដោយសារការប្រកួតប្រជែងនេះដែរ។ យើងក៏មើលឃើញដែរពីការធ្លាក់ចុះនៃគុណភាព។ តម្លៃកាន់តែថោក គុណភាពក៏កាន់តែធ្លាក់ចុះ។ គ្មានអ្វីត្រូវសង្ស័យទេ។ កាលណាយើងទិញម៉ូតូថោក គុណភាពវាអត់ល្អដូចម៉ូតូថ្លៃទេ។ អញ្ចឹងទៅឯណាទៅ ការហៅចេញដោយមានគុណភាពនោះ គឺមិនមានទេ»។
លោកប្រាក់ សុខុន បន្ថែមថាមូលហេតុចម្បងផ្សេងទៀតគឺដោយសាររដ្ឋាភិបាលចង់បង្ការហានិភ័យនៃការក្ស័យធនរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដែលនាំឱ្យមានការគ្រប់គ្រងផ្តាច់មុខនិងជាហេតុនាំឱ្យអ្នកប្រើប្រាស់និងអ្នកវិនិយោគបាត់បង់ទំនុកចិត្ត និងដោយសាររដ្ឋាភិបាលចង់ទទួលបានចំណូលបន្ថែមពីវិស័យនេះ។
លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយគូសបញ្ញាក់បន្ថែមថាត្រឹមឆ្នាំ២០១២ មានអ្នកប្រើប្រាស់ទូរស័ព្ទសរុបប្រមាណជាង១៩លាននាក់ ដែលកើនឡើងប្រហែល៥ដងពីឆ្នាំ២០០៨ ប៉ុន្តែចំណូលរដ្ឋមិនមានការកើនឡើងទេ គឺប្រហែល៨០ពាន់លានរៀលឬ២០លានដុល្លារក្នុងមួយឆ្នាំ មូលហេតុដោយសារការបញ្ចុះតម្លៃការហៅចេញទាបពេក។
«បើតាមតួលេខនេះ ចំនួនអ្នកប្រើប្រាស់មានការកើនឡើង ដូច្នេះចំណូលរដ្ឋគួរតែមានការកើនឡើង តែផ្ទុយទៅវិញក្នុងទិដ្ឋភាពជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលពីវិស័យនេះស្ទើរតែមិនមានកំណើនទេ»។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីខែមេសាកន្លងទៅក៏បានចេញសេចក្តីសម្រេចដូច្នេះម្តងហើយ គឺតម្រូវឱ្យក្រុមហ៊ុនទូរស័ព្ទចល័តបញ្ឈប់ការផ្តល់ប្រាក់បន្ថែមដល់អតិថិជន ប៉ុន្តែសេចក្តីសម្រេចនេះត្រូវបានដកចេញវិញភ្លាមៗបន្ទាប់ពីមានការរិះគន់កាន់តែច្រើនឡើងពីសំណាក់អ្នកប្រើប្រាស់ជាពិសេសតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់យល់ថាក្នុងន័យសេដ្ឋកិច្ចសេចក្តីសម្រេចរបស់រដ្ឋាភិបាលជាការខាតបង់មួយ។
«ការកំណត់ថ្លៃអប្បបរមាក្នុងប្រព័ន្ធទូរស័ព្ទនេះ មិនល្អទេសម្រាប់អតិថិជនប្រើប្រាស់ ហើយក៏មិនមែនជាការការពារកុំឱ្យមានការផ្តាច់មុខរបស់ក្រុមហ៊ុនណាមួយដែរ។ ជាក់ស្តែងនាប៉ុន្មានឆ្នាំមកនេះនៅពេលមានការប្រកួតប្រជែងពេញទំហឹងក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឃើញថាពុំឃើញមានការផ្តាច់មុខអ្វីទេ»។
លោក ចាន់ សុផល បន្ថែមថា ប្រសិនបើខ្លួនមានបំណងប្រមូលពន្ធបន្ថែម រដ្ឋាភិបាលគួររកវិធីតំឡើងពន្ធលើអ្នកមានជីវភាពធូរធារ ជាជាងការកំណត់តម្លៃទូរស័ព្ទបែបនេះ៕