ភ្នំពេញ៖ រថភ្លើងបានចាប់ផ្តើមចរាចរនៅលើផ្លូវដែកមួយខ្សែ ដែលធ្លាប់ត្រូវបានបោះបង់ចោលនៅក្នុងប្រទេសកម្ពុជា។ ព័ត៌មាននេះគឺជាលើកដំបូងបង្អស់ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលរថភ្លើងដំណើរការរកស៊ីនៅក្នុងប្រទេសនេះ ហើយធ្វើឲ្យក្តីសុបិន្តអំពីការពង្រីកផ្លូវដែកទូទាំងអាស៊ីកាន់តែជិតក្លាយជាការពិត។
ជម្លោះជាច្រើនទសវត្សរ៍ បានធ្វើឲ្យខ្ទេចខ្ទាំដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរួមមាន ផ្លូវថ្នល់ កំពង់ផែ និងផ្លូវរថភ្លើង។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានកសាងឡើងវិញ ហើយកាលពីថ្ងៃសុក្រមុន នៅឯស្ថានីយអយស្ម័យយានរាជធានីភ្នំពេញ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ បានធ្វើជាអធិបតីក្នុងពិធីមួយ ដើម្បីបង្ហាញពីការបើកឡើងវិញនូវសេវាកម្មផ្លូវដែកនេះ។
បណ្តាញផ្លូវដែកកម្ពុជាធ្លាប់ជាខ្សែតភ្ជាប់មួយដែលអវត្តមានជាយូរមកហើយ សម្រាប់ក្តីស្រម៉ៃថា នឹងតភ្ជាប់ពីប្រទេសសឹង្ហបូរីទៅវៀតណាម និងចិន ហើយចុងក្រោយទៅកាន់ទ្វីបអឺរ៉ុប។
សង្គ្រាម និងការមិនអើពើ ធ្វើឲ្យប្រព័ន្ធផ្លូវដែកចម្ងាយ៦០០គីឡូម៉ែត្ររបស់កម្ពុជា ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ដែលរថភ្លើងដ៏មានសម្លេងកងរំពង កាលពីមុន បានប្រែមកជារំកិលគើមៗក្នុងល្បឿន៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើគន្លងផ្លូវដែលខ្ទេចខ្ទាំ។ ការកសាងបណ្តាញផ្លូវដែកឡើងវិញ ត្រូវចំណាយប្រាក់១៤២លានដុល្លារ ដែលមួយផ្នែកធំនៃប្រាក់ចំណាយនេះបានមកតាមរយៈប្រាក់កម្ចីពីធនាគារអភិវឌ្ឍអាស៊ី ហើយនៅសល់ប៉ុន្មាន បានពីរដ្ឋាភិបាលអូស្រ្តាលី និងរាជធានីភ្នំពេញ។
លោកពូទូ កាម៉ាយ៉ាណា (Putu Kamayana) ដែលជាប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅកម្ពុជា បានព្យាករណ៍ថា សេចក្តីសម្រេចចិត្តផ្តល់សម្បទានផ្លូវដែករយៈពេល៣០ឆ្នាំទៅឲ្យក្រុមហ៊ុនអូស្រ្តាលី ឈ្មោះថូល ហូលឌីងស៍ (Toll Holdings) នឹងទទួលបានប្រយោជន៍រយៈពេលវែងក្នុងវិស័យជាច្រើនទៀតក្រៅពីសេវាកម្មផ្លូវដែកនេះ។ លោកថ្លែងថា៖
«នោះជាវិធានការដ៏ល្អ និងសំខាន់មួយរបស់រដ្ឋាភិបាល។ ជាការពិតណាស់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចសកលលោក និងជំរុញឲ្យមានការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា។»
កាលពីថ្ងៃពុធមុន សាខាក្នុងស្រុករបស់ក្រុមហ៊ុន Toll ដែលមានឈ្មោះថា Toll Royal Railway បានដឹកក្រុមអ្នកកាសែតតាមរថភ្លើងដឹកអ្នកដំណើរដែលត្រូវបានជួសជុលឡើងវិញ ពីរាជធានីភ្នំពេញទៅទីរួមខេត្តតាកែវ ដែលមានចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគខាងត្បូងរាជធានីនេះ។
លោកដេវីត ឃើរ (David Kerr) នាយកប្រតិបត្តិនៃក្រុមហ៊ុន Toll Royal Railway បានរួមដំណើរជាមួយគ្នានេះដែរ។ បច្ចុប្បន្ននេះ ទំនិញភាគច្រើននៅកម្ពុជាត្រូវបានដឹកជញ្ជូនតាមផ្លូវថ្នល់។ លោកឃើរ បានបញ្ជាក់ច្បាស់ថា សេវាកម្មផ្លូវដែកថ្មីនេះនឹងមានទិសដៅកាត់បន្ថយការដឹកទំនិញតាមផ្លូវថ្នល់ ហើយបង្កើតបណ្តាញផ្លួវដែកដែលមិនសូវបំពុលបរិយាកាស។ លោកបន្តថា៖
«ជាការពិតណាស់ រថភ្លើងរត់មួយខ្សែ ក្នុងមួយថ្ងៃដឹកតែស៊ីម៉ង់ត៍មួយមុខ ដូច្នេះមានស៊ីម៉ង់ត៍យ៉ាងច្រើននៅកម្ពុជា។ ហើយ តភ្ជាប់ជាមួយការដឹកតាមកប៉ាល់ ដែលជាសេវាកម្មដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសចិន អាមេរិក និងឆ្លងកាត់តាម សឹង្ហបូរី។ ដូច្នេះយើងនឹងអភិវឌ្ឍយុទ្ធសាស្ត្ររបស់យើង ដោយសហការជាមួយនឹងការដឹកតាមកប៉ាល់ ដើម្បីអភិវឌ្ឍសេវាកម្មបែបនោះ។ មានអំបិលច្រើន ដែលត្រូវបានដឹកឆ្លងកាត់តាមកម្ពុជា ព្រមទាំងការដឹកអង្ករក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាការដឹកអំពៅទៀតផង»។
ផលប្រយោជន៍មួយទៀតនោះគឺថា ផ្លូវថ្នល់នឹងមានសុវត្ថិភាព និងជាប់បានយូរអង្វែងជាងមុន។ លោកឃើរ បានថ្លែងថា សេវាកម្មផ្លូវដែកនេះ បានកាត់បន្ថយការដឹកទំនិញតាមផ្លូវថ្នល់ក្នុងអត្រា១ភាគ៥។ ប៉ុន្តែ ដោយសារការដឹកទំនិញជាប្រភពចំណូល សេវាកម្មដឹកអ្នកដំណើរធម្មតា ប្រហែលជាមិនទាន់អាចធ្វើទៅបានទេ។ ជំហានដំបូងរបស់ក្រុមហ៊ុន Toll គឺត្រូវធ្វើឲ្យប្រសើរឡើងនូវផ្លូវរថភ្លើងចម្ងាយ១១០គីឡូម៉ែត្រ ដែលចរាចរទៅភាគខាងត្បូងនៃរាជធានីនេះ ឆ្ពោះទៅកាន់ទូកមាស។ នោះជាខ្សែរថភ្លើង ដែលបើកឲ្យប្រើប្រាស់កាលពីសប្តាហ៍មុន។ ផ្លូវរថភ្លើងបន្ទាប់ ដែលចរាចរក្នុងចម្ងាយ១៤០គីឡូម៉ែត្រ ពីទូកមាសឆ្ពោះទៅកាន់ក្រុងព្រះសីហនុគ្រោងនឹងជួសជុលឲ្យរួចរាល់នៅខែឧសភា។
នៅពេលខ្សែរថភ្លើងនេះសង់រួចហើយ ក្រុមហ៊ុន Toll នឹងចាប់ផ្តើមជួសជុលខ្សែរថភ្លើងចម្ងាយ៣៩០គីឡូម៉ែត្រទៀត ដែលចរាចរឆ្ពោះទៅទិសខាងលិច ចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តបាត់ដំបង មុននឹងចូលទៅក្នុងប្រទេសថៃ។ ខ្សែរថភ្លើងនោះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១២។
បន្ទាប់មក ចន្លោះតែមួយគត់ដែលត្រូវភ្ជាប់ផ្លូវរថភ្លើងទូទាំងអាស៊ី គឺខ្សែតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថា នឹងសាងសង់ខ្សែតភ្ជាប់មួយនេះ ប៉ុន្តការសាងសង់មិនទាន់ចាប់ផ្តើមនៅឡើយទេ។
រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នាំឲ្យមានអ្នកឈ្នះ និងអ្នកចាញ់។ អ្នកចាញ់ក្នុងគម្រោងនេះ គឺសហគ្រិនមូលដ្ឋាន ដែលដំណើរការសេវាកម្មផ្លូវដែកក្រៅផ្លូវការ ក្នុងរយៈចម្ងាយជិតៗ នៅលើផ្លូវដែកដែលខ្ទេចខ្ទាំនៅកម្ពុជាភាគខាងលិច។ គ្រឿងយន្តរបស់ពួកគេ ត្រូវបានស្គាល់ថាជា ណូរី ដែលមានរាងដូចគ្រែរនាបឬស្សីយ៉ាងធំមួយ ដែលដាក់បន្តុបនៅលើកង់ពីរជួរផលិតពីដែកថែប។ អ្នកដំណើរអង្គុយលើគ្រែរនាបឬស្សីនេះជាមួយនឹងឥវ៉ាន់របស់គេ។ គ្មានកៅអី និងគ្មានរបងខ័ណ្ឌទេ។ វាដំណើរការដោយម៉ាស៊ីនតូចមួយ ដែលអាចចរាចរនៅលើផ្លូវដែកក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
គេត្រូវការពេលតែមួយនាទីប៉ុណ្ណោះ ក្នុងការរុះរើណូរី។ ការរុះរើធ្វើឡើងនៅពេលដែលណូរីពីរជួបទល់មុខគ្នានៅលើផ្លូវដែកតែមួយ ដោយទាមទារឲ្យមានការអធ្យាស្រ័យដល់គ្នា ដែលអ្នកបើកបរដឹករបស់ស្រាលជាង ត្រូវរុះរើកម្រាលហោះរបស់ខ្លួន ដើម្បីទុកឲ្យណូរី ដែលដឹករបស់ធ្ងន់ជាងឆ្លងកាត់។
លោកប្រាក់ ភា ដែលបានប្រកបរបរនៅលើផ្លូវដែកនេះអស់រយៈពេល១៦ឆ្នាំមកហើយ នៅខាងក្រៅទីរួមខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគពាយព្យនៃរាជធានីភ្នំពេញ និងរកប្រាក់ចំណូលបានរហូតដល់៥០ដុល្លារក្នុងមួយសប្តាហ៍ បានដឹងអំពីការជួសជុលផ្លូវដែក ប៉ុន្តែមិនទាន់សម្រេចចិត្តនៅឡើយ ថាតើលោកនឹងធ្វើការងារអ្វីនៅឆ្នាំក្រោយនេះ។
ច្បាប់ស្តីពីការជួសជុលហេដ្ឋារចនាសម្ព័ន្ធ បានចែងថា ជនណាដែលទទួលផលប៉ះពាល់ ត្រូវតែមានសំណង។ លោកប្រាក់ ភា ដែលខឹងសម្បារ បាននិយាយថា អ្នកបើកបរណូរីភាគច្រើននៅតាមទីក្រុងដទៃៗ បានទទួលប្រាក់ចំនួន២៥០ដុល្លារសម្រាប់ម្នាក់ៗ ប៉ុន្តែនៅកន្លែងរបស់លោក មានតែ៤នាក់ ក្នុងចំណោម១៥នាក់មិនបានទទួលអ្វីសោះ ដោយសារគ្មានអ្នកណាប្រាប់ពួកគេ អំពីរបៀប និងកាលបរិច្ឆេទនៃការចុះឈ្មោះ។ លោកបន្តថា៖
«កាលពីគេចុះមកសម្ភាស គេបើកមកជួបណូរីមួយណា គេសម្ភាសណូរីហ្នឹង។ ហើយខ្ញុំអត់បានរត់ រវល់នៅផ្ទះ។ អញ្ចឹងអត់ បាន»។
លោកពូទូ កាម៉ាយ៉ាណា បានសន្យាថា ធនាគារនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយរដ្ឋាភិបាល។ តែទោះយ៉ាងណា ក្នុងរយៈពេល១២ខែទៀត លោកប្រាក់ ភា អាចបន្តរបរចិញ្ចឹមជីវិត នៅលើផ្លូវដែកដែលខ្ទេចខ្ទាំនោះដដែល។ស៊ីរ៉ែនរថភ្លើងដឹកទំនិញចាប់បន្លឺឡើងពីរាជធានីភ្នំពេញ គឺជាសញ្ញានៃការផ្តើមដំណើរការជាផ្លូវការឡើងវិញនូវបណ្តាញអយស្ម័យយាន បន្លឺស៊ីរ៉ែននេះក៏ជាសញ្ញាអវសាននៃណូរី ដែលដំណើរការអស់រយៈពេលពីរទសវត្សរ៍មកហើយនោះដែរ៕
ប្រែសម្រួលដោយ លី សុខឃាង