កម្ពុជា​គាំទ្រ​យុទ្ធនាការ​អាមេរិក​កម្ទេច​ពួក​ ISIS

ស្ត្រី​មីូស្លីម​​ឥណ្ឌូនេស៊ី​មួយ​រូប​ប្រលែង​ព្រាប​ស​ជា​និមិត្តរូប​នៃ​សន្តិភាព​ក្នុង​អំឡុង​បាតុកម្ម​មួយ​​នៅ​រដ្ឋធានី​​ហ្សាការតា​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ជ្រុល​និយម​ឈ្មោះ​«រដ្ឋ​អ៊ីស្លាម»។ បដា​ជា​ភាសា​អង់គ្លេស​សរសេរ​ថា​«ការ​សម្លាប់​អ្នក​កាសែត​មិន​មាន​លក្ខណៈ​ឥស្លាម​ទេ»។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ បាន​ប្រកាសជា​ផ្លូវការ​ចូល​រួមជា​ទឹក​ចិត្ត​និង​នយោបាយ​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវករ​អ៊ីស្លាម​ជ្រុល​និយម​នៅ​មជ្ឈិមបូព៌ា​ប្រទេស​ដែល​ហៅ​ខ្លួន​ឯង​ថា​ រដ្ឋ​អ៊ីស្លាម​ Islamic State​ ឬ ​ISIS។​

ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​ ​ISIS​ បាន​វាយ​លុកយក​ទឹកដី​នៅ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ស៊ីរី​និង​តំបន់​មួយ​ចំនួន​ទៀត។​ ក្រុមនេះ​បាន​គំរាម​វាយ​ប្រហារ​ស.រ.អា. ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ក្រៅពី​បាន​សម្លាប់​ដោយ​កាត់​ក្បាល​អ្នក​កាសែត​អាមេរិកាំង​ពីរ​នាក់​ និង​ចំណាប់​ខ្មាំង​ជនជាតិ​អង់គ្លេស​ម្នាក់​ ដែល​ធ្វើការ​ជា​បុគ្គលិក​អង្គការ​មនុស្ស​ធម៌​មួយ​ ហើយ​គំរាម​កាត់​ក្បាល​ចំណាប់​ខ្មាំង​ជនជាតិ​អង់គ្លេស​ទី​ពីរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​ ពួកគេ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ ជនជាតិ​ភាគ​តិច​នៅ​តំបន់​ភ្នំ​ជា​ច្រើន​ទៀត ​ដែល​ពួកគេ​បាន​វាយ​យក​បាន​ពី​ប្រទេស​មួយ​ចំនួន​រួមទាំង​ប្រទេសអ៊ីរ៉ាក់​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​របស់លោក​ហ៊ុន សែន ​ធ្វើ​ឡើង​ក្រោយ​ពីលោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា ​បាន​ប្រកាស​ពី​យុទ្ធនាការ​វាយប្រហារនិង​បោស​សម្អាតក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម​កាល​ពី​សប្តាហ៍​មុន។

​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​ប្រើប្រាស់ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​រយៈ​ពេល​ប្រាំ​ឆ្នាំ២០១៤-២០១៨ ក្នុង​ទី​ក្រុង​ភ្នំពេញ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរបញ្ជាក់​ថា​ថ្វី​ដ្បិត​តែ​កម្ពុជា​មិន​មាន​ធន​ធាន​សម្រាប់​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ដើម្បី​ចូលរួ​មកម្ចេច​ក្រុម​ភេរវករ​ជ្រុល​និយម​ISIS​ផ្ទាល់​នៅ​អ៊ីរ៉ាក់ ​ប៉ុន្តែ​កម្ពុជាគាំទ្រ​ផ្លូវ​ចិត្ត​ចំពោះ​បេសកកម្ម​នេះ។

លោក​ហ៊ុន សែន​បាន​ប្រកាស​ថា៖ «យើង​រក្សា​តាំង​ពី​ដើម​រហូត​ដល់​ចប់​ ​ចូលរួម​ចំណែក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម»។

​លោក​ហ៊ុន​សែន​បាន​បន្ថែម​ថា៖​ «ជំហរ​របស់​កម្ពុជា​ចំពោះ​ពួក ​ISIS​ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា ​អំពី​យុទ្ធ​នា​ការ​វាយ​ពួក ​ISIS​ ខ្ញុំ​សូម​បញ្ជាក់​(ថា)​យើង​គ្មាន​លទ្ធភាព​ទៅ​ចូលរួម​ផ្ទាល់​នៅ​ទីនោះ​ទេ។ ​ក៏​ប៉ុន្តែ​ជា​ផ្លូវ​ចិត្ត​យើង​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​បំផ្លាញ​ដល់​ពួក​ភេរវកម្ម។​យើង​គាំទ្រ​ជានយោបាយ​និង​ស្មារតី។​ ហើយ​យើង​នឹង​ខិតខំ​ការពារ​ខ្លួនឯង​នៅ​ទីនេះ​និង​សហប្រតិបត្តិការ​ដែល​អាច​ធ្វើ​ទៅ​បាន​លើ​វិស័យ​ព័ត៌មានក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ភេរវកម្ម​គ្រប់​ប្រភេទ​ទាំង​អស់»។​

លោក​ ហ៊ុន សែន ​បាន​ប្តេជ្ញាមិន​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​នានា​ឬ​ការ​លាង​លុយ​របស់​ភេរវករនៅ​ក្នុ​ងប្រទេស​របស់​ខ្លួន​នោះ​ឡើយ។

«យើង​មិន​យោគ​យល់​និង​មិន​អត់ឱន​ចំពោះ​ភេរវកម្ម​ណា​មួយ»។

​កាល​ពី​ពេល​ថ្មីៗនេះ​រដ្ឋការក្រុង​វ៉ាស៊ីនតោន ​បាន​អំពាវនាវ​ស្វែង​រក​ការគាំទ្រ​ជា​អន្តរជាតិ​ក្នុង​ការវាយប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ភេរវកម្ម​ជ្រុល​និយម​ដែល​ហៅ​ខ្លួនឯង​ថា​រដ្ឋ​អ៊ីស្លាម​នេះ។

សហគមន៍​អន្តរជាតិ​ដូចជា​ប្រទេស​អង់គ្លេស​ អូស្ត្រាលី ​បណ្តា​ប្រទេស​អារ៉ាប់​និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ប្រកាស​គាំទ្រ​ជា​បន្តបន្ទាប់​ដល់​ការ​អំពាវនាវ​នោះដែរ។

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិបញ្ជាក់​ថា​ ជំហរ​របស់​រដ្ឋាភិបាល​ស្រប​គ្នា​នឹង​ជំហរ​របស់​គណបក្ស​ជំទាស់ដែរ។

«យើង​គាំទ្រ​ឲ្យ​មាន​ការ​ទប់​ស្កាត់​កុំឲ្យ​មាន​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​នៅ​ក្នុង​សាកលលោក»។

ជាមួយ​គ្នា​នេះដែរ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ត្រឹម​ត្រូវ​ចំពោះ​នយោបាយ​ប្រឆាំង​ភេរវកម្ម​នេះ។

«ខ្ញុំ​ថា​ត្រឹម​ត្រូវ​ហើយ​យើង​គួរ​គាំទ្រ​ទាំង​អស់​គ្នា​នូវ​ជំហរ​ប្រឆាំង​ភេរវកម្មគ្រប់​បែប​យ៉ាង​ហើយ​យើង​ចាត់វិធាន​ការ​ព្រោះ​នៅ​ប្រទេស​កម្ពុជា​យើ​ង​ក៏មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែរ​គឺ​យើង​ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​បំផុត​កុំ​ឲ្យ​មាន​ឥទ្ធិ​ពល​នៃ​ក្រុម​ហ្នឹងមក​លើ​អ៊ីស្លាម​របស់​យើង»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រំលឹក​ថា​កម្ពុជា​ធ្លាប់​បាន​ចូលរួម​សហប្រតិបត្តិការ​រួម​ចំណែក​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក្នុង​តំបន់​និង​សកល​លោក​នា​ពេល​កន្លង​មក៕