Your browser doesn’t support HTML5
សារៈសំខាន់នៃមីក្រូជីវសាស្ត្រក្នុងការស្រាវជ្រាវផ្នែកសុខាភិបាល
វ៉ាស៊ីនតោន៖ មីក្រុបវិទ្យាជួយវេជ្ជបណ្ឌិតកំណត់អំពីមូលហេតុនៃជំងឺ។ នេះបើតាមសម្តីរបស់នាង ហូ ស៊ាងហួយ ដែលជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ នាង ស៊ាងហួយ បានប្រាប់កម្មវិធីសំឡេងជំនាន់ថ្មី New Voices ប្រចាំខែរបស់វីអូអេថា មីក្រុបវិទ្យាក៏ជួយដល់ការស្រាវជ្រាវសម្រាប់ផលិតឱសថ និងវ៉ាក់សាំង។«ផ្នែកមីក្រុបវិទ្យាហ្នឹង យើងអាចសិក្សាស្រាវជ្រាវទាញយកអង់ទីប៊ីយូទិក ឬថ្នាំថ្មីៗតាមរយៈចំណេះដឹងមីក្រុបវិទ្យានេះផងដែរ។ មីក្រុបវិទ្យាក៏ជួយធ្វើឲ្យមានការផលិតវ៉ាក់សាំងការពារជំងឺមួយចំនួនដូចជំងឺកញ្ជ្រឹល ឬជំងឺស្វឹតដៃជើងជាដើម»។
នាង អាំ សោភា និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកមីក្រុបវិទ្យា ឬមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ RMIT University នៃប្រទេសអូស្ត្រាលី បានប្រាប់វីអូអេតាមទូរសព្ទថា ការសិក្សាស្រាវជ្រាវផ្នែកមីក្រុបវិទ្យានៅមានកម្រិតទាបបំផុត និងទទូចឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមលើវិស័យនេះ។
«មានតែមន្ទីរពេទ្យធំៗឬអង្គការក្រៅរដ្ឋាភិបាលដែលមានមន្ទីរពិសោធផ្នែកមីក្រូជីវសាស្ត្រ។ តាមមន្ទីរពេទ្យទូទៅអត់មានតែម្តង។ ប៉ុន្តែពេលនៅឃើញមានបណ្តើរៗដូចជានៅខាងកំពង់ចាម បាត់ដំបង និងសៀមរាប។ តែពេលនេះខ្ញុំឃើញមានក្រសួងសុខាភិបាលជំរុញឲ្យបង្កើតមន្ទីរពិសោធបណ្តើរៗហើយ»។
ដោយសារតែមានសិស្សានុសិស្សតិចតួចមានចំណាប់អារម្មណ៍លើមុខវិទ្យាសាស្ត្រ នាង ហូ ស៊ាងហួយ តាមរយៈកម្មវិធីសំឡេងជំនាន់ថ្មីរបស់វីអូអេ បានស្នើឲ្យក្រសួងអប់រំលើកទឹកចិត្តនិងបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រដល់ក្មេងៗតាំងពីថ្នាក់ក្រោមនិងបង្កើតមន្ទីរពិសោធវិទ្យាសាស្ត្រឲ្យបានច្រើន ដើម្បីជាកត្តាជំរុញឲ្យមានកូនខ្មែរចាប់យកអាជីពខាងវិទ្យាសាស្ត្រឲ្យបានច្រើន។
«នៅពេលគាត់បានធ្វើដោយខ្លួនឯង គាត់ចាប់ផ្តើមមានចំណាប់អារម្មណ៍។ ជៀសវាងការប្រើប្រាស់តែទ្រឹស្តីអត់មានការអនុវត្ត។ បើគាត់បានធ្វើដោយផ្ទាល់ដៃនិងបង្ហាញគាត់ឲ្យឃើញអំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ គឺធ្វើឲ្យគាត់ចាប់អារម្មណ៍កាន់តែខ្លាំង»។
ទាំងនាង ហូ ស៊ាងហួយ និងនាង អាំង សោភា ក្រោយបញ្ចប់ការសិក្សា សុទ្ធតែប្តេជ្ញាចិត្តត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីជួយផ្តល់វិភាគទានដល់ការអភិវឌ្ឍផ្នែកមីក្រូជីវសាស្ត្រនេះ៕