និស្សិត៦នាក់តំណាងនិស្សិតប្រមាណ៥០នាក់បានសរសេរញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើអន្តរាគមន៍ដើម្បីឲ្យមានការដោះលែងនិស្សិតរួមសាលា និងរួមថ្នាក់របស់ខ្លួនម្នាក់ដែលត្រូវតុលាការចោទប្រកាន់ពីបទអំពាវនាវលើបណ្តាញសង្គម Facebook ឲ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
នាង អៀន សុផន អាយុ២៣ឆ្នាំ តំណាងម្នាក់នៃនិស្សិត៦នាក់ដែលបានផ្តិតមេដៃលើញត្តិ ប្រាប់ VOA ថា គង់ រ៉ៃយ៉ា ជានិស្សិតមានចរិតល្អ ដែលមិនយល់ពីពាក្យបដិវត្តន៍ពណ៌ ហើយមិនមានចេតនា និងមានលទ្ធភាពធ្វើឲ្យមានចលាចលសង្គម ដូចការចោទប្រកាន់នោះទេ។
ញត្តិរបស់ក្រុមនិស្សិតនេះក៏បានសរសេរផ្ញើទៅលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។
ការអំពាវនាវរបស់ក្រុមនិស្សិតសាកលវិទ្យាល័យខេមរៈនេះធ្វើឡើងមួយថ្ងៃមុនពេលតុលាការរាជធានីភ្នំពេញប្រកាសសាលក្រមសម្រាប់យុវជន គង់ រ៉ៃយ៉ា អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទអំពាវនាវលើបណ្តាញសង្គម Facebook ឲ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលរបស់លោកហ៊ុន សែន។
ក្នុងសវនាការកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំនេះ យុវជនឈ្មោះគង់ រ៉ាយ៉ា បានប្រាប់អង្គជំនុំជម្រះថា ខ្លួនមិនយល់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។ ហើយមុនពេលសរសេរលើទំព័រ Facebook យុវនិស្សិតនេះបានសួរសាស្ត្រាចារ្យដែលពន្យល់ថា បដិវត្តន៍ពណ៌មានន័យថា ការប្រមូលផ្តុំតវ៉ាដោយសន្តិវិធី ហើយមានន័យដូចបាតុកម្មអហិង្សាដែរ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ យុវជនឈ្មោះ គង់ រ៉ាយ៉ា បានសរសេរបង្ហោះលើ Facebook ថា៖ «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»
តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនឈ្មោះគង់ រ៉ាយ៉ា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕