ក្តីសង្ឃឹមថានឹងមានអន្តរាគមន៍ពីលោកប្រធានាធិបតីអូបាម៉ាគឺដោយសារពេលបច្ចុប្បន្ននេះសហគមន៍អន្តរជាតិមានដូចជាសភាអឺរ៉ុប ព្រឹទ្ធសភាអូស្រ្តាលី និងប្រទេសហ្វីលីពីនជាដើមស្នើឱ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយក្នុងប្រទេសកម្ពុជា។
វ៉ាស៊ីនតោន៖ គណបក្សប្រឆាំងដ៏ធំនៅប្រទេសកម្ពុជាស្នើសុំឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាប្រើប្រាស់ដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេសកម្ពុជានៅចុងខែវិច្ឆិកានេះធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនយោបាយហើយឈានទៅរកការបោះឆ្នោតមួយដែលត្រឹមត្រូវដូចឆ្នាំ១៩៩៣ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
លោកសម រង្ស៊ីមេដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងបទសម្ភាសកាលពីថ្ងៃសុក្រជាមួយនឹងវីអូអេថាក្តីសង្ឃឹមថានឹងមានអន្តរាគមន៍ពីលោកប្រធានាធិបតីអូបាម៉ាគឺដោយសារពេលបច្ចុប្បន្ននេះសហគមន៍អន្តរជាតិមានដូចជាសភាអឺរ៉ុប ព្រឹទ្ធសភាអូស្រ្តាលី និងប្រទេសហ្វីលីពីនជាដើមស្នើឱ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយក្នុងប្រទេសកម្ពុជា។
អនុសាសន៍ទាំងនោះជាការគាំទ្រដល់អនុសាសន៍របស់អង្គការសហប្រជាជាតិដែលស្នើឱ្យមានការរៀបចំការបោះឆ្នោតដែលមិនមានការលួចបន្លំ និងបំផិតបំភ័យព្រមទាំងមានការចូលរួមគ្រប់គណបក្សនយោបាយ។
លោកសម រង្ស៊ីបានបន្ថែមថា៖
«ឥឡូវអង្គការសហប្រជាជាតិបានចេញមុខសុំឱ្យមានការបោះឆ្នោតដោយត្រឹមត្រូវនៅប្រទេសកម្ពុជាខ្ញុំជឿថាលោកបារ៉ាក់អូបាម៉ានឹងគាំទ្រជំហរអង្គការសហប្រជាជាតិដូច្នេះលោកបារ៉ាក់អូបាម៉ានឹងប្រើឥទ្ធិពលរបស់សហរដ្ឋអាមេរិកដើម្បីជំរុញឱ្យមានការបោះ ឆ្នោតដោយត្រឹមត្រូវនៅប្រទេសកម្ពុជានៅឆ្នាំ២០១៣ស្របទៅ នឹងអនុសាសន៍របស់អង្គការសហប្រជាជាតិ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានគ្រោងនឹងធ្វើដំណើរទៅប្រទេសកម្ពុជានៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកានេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីបូព៌ាក្នុងរដ្ឋធានីភ្នំពេញ។
លោក សន ម៉ាក់ស៊ីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបានបញ្ជាក់ថាលោកមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំសហរដ្ឋអាមេរិកនឹងលើកបញ្ហាអ្វីខ្លះមកពិភាក្សាជាមួយនឹងភាគីកម្ពុជាប៉ុន្តែអ្វីដែលជាគោលការណ៍ចម្បងរបស់សហរដ្ឋអាមេរិកនៅ តំបន់នេះគឺ៖
«ការចូលរួមរបស់យើងនៅតំបន់អាស៊ានគឺដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាពនិងវិបុលសុខក្នុងតំបន់នេះ»។
ប៉ុន្តែលោកឃឺត ខេមប៊ល ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអេភីកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីជំហាននានាដែលប្រទេសកម្ពុជាបានប្រកាន់យកប្រឆាំងនឹងក្រុមគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិលនិងបុគ្គលនានា។
យ៉ាងណាក៏ដោយលោកកៅគឹម ហួន រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ផ្សេងពីនេះ៖
«យើងដឹងស្រាប់ហើយឯកឧត្តមបារ៉ាក់អូបាម៉ាគាត់អញ្ជើញមកក្នុងនាមប្រធានាធិបតី សហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំរវាងអាស៊ាននិងកិច្ចប្រជុំអាស៊ី បូព៌ាលើកទី៧អញ្ចឹងការដែលត្រូវលើកយកមកពិភាក្សានោះមិនមែនបញ្ហាសិទ្ធិមនុស្សឬបញ្ហាប្រជាធិបតេយ្យនៅប្រទេសកម្ពុជាទេ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំដែលប្រធានាធិបតី សហរដ្ឋអាមេរិកនឹងអញ្ជើញចូលរួមនោះ ដូច្នេះកុំឱ្យមានការយល់ច្រលំឬភ័ន្តច្រឡំ»។
លោកកៅ គឹមហួនក៏បញ្ជាក់ដែរថាមានការរៀបចំចង់ឱ្យមានកិច្ចប្រជុំទ្វេភាគីរវាងលោកប្រធានាធិបតី បារ៉ាក់អូបាម៉ានិងលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន ប៉ុន្តែនៅ មិនទាន់មានការកំណត់ច្បាស់លាស់នៅ ឡើយទេ។
គណបក្សប្រឆាំងមើលឃើញថានិន្នាការវិវត្តន៍នាពេលបច្ចុប្បន្ននេះមានអំណោយផលល្អច្រើនសម្រាប់កម្ពុជាគិតគូពីការផ្សះផ្សារជាតិដោយប្រើប្រាស់ដំណោះស្រាយនយោបាយ។
គណបក្សប្រឆាំងមើលឃើញថានិន្នាការវិវត្តន៍នាពេលបច្ចុប្បន្ននេះមានអំណោយផលល្អច្រើនសម្រាប់កម្ពុជាគិតគូពីការផ្សះផ្សារជាតិដោយប្រើប្រាស់ដំណោះស្រាយនយោបាយ។
លោកសម រង្ស៊ីបានបន្ថែមថា៖
«ឥឡូវនេះគឺពិភពលោកទាំងមូលចាប់អារម្មណ៍ពីប្រទេសកម្ពុជាមានព្រឹទ្ធសភាប្រទេសហ្វីលីពីន មានរដ្ឋសភានៃសហគមន៍អឺរ៉ុបដែលមាន២៧ប្រទេស មានព្រឹទ្ធសភាប្រទេស អូស្រ្តាលី មានអ្នកតំណាងរាស្រ្តអ្នកដែលមានឥទ្ធិពលខ្លាំងក្នុងពិភពលោកបានចេញមុខជាបណ្តើរៗជាបន្តបន្ទាប់ដើម្បីទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ប៉ុន្តែបេក្ខជនដ៏មានសក្តានុពលម្នាក់ដែលអាចនឹងប្រកួតប្រជែងដណ្តើមតំណែងនេះបានគឺលោកសម រង្ស៊ីកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការដាក់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម៕