យុវជនមួយក្រុមមានគ្នាប្រាំនាក់ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃប្រឆាំងនឹងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនអន្តោប្រវេសន៍ ដែលសំដៅលើជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជា ហើយបានអះអាងថា ពួកគេនឹងធ្វើបាតុកម្មអហិង្សាជាមួយយុវជនប្រមាណ ១០០ នាក់ នៅទីលានប្រជាធិបតេយ្យ ប្រសិនបើក្រសួងមហាផ្ទៃមិនឆ្លើយតបជាវិជ្ជមាននឹងញត្តិរបស់ពួកគេ។
នៅព្រឹកថ្ងៃចន្ទនេះ យុវជនទាំងប្រាំនាក់នោះ បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃជាថ្មីទៀត ក្រោយមានការរារាំងពីអាជ្ញាធររាជធានីមិនឱ្យមានការប្រមូលផ្តុំទ្រង់ទ្រាយធំ។ បើតាមញត្តិនោះ ក្រុមយុវជនស្នើឱ្យក្រសួងបញ្ឈប់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងប្រយោជន៍ផ្សេងៗឱ្យជនអន្តោប្រវេសន៍ គឹជនជាតិវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជា។
អ្នកដាក់ញត្តិម្នាក់ក្នុងចំណោមប្រាំនាក់ គឺលោក អន រតនា ប្រាប់អ្នកសារព័ត៌មាននៅខាងមុខក្រសួងមហាផ្ទៃថា ការដាក់ញត្តិរបស់ក្រុមយុវជន គឺស្នើឱ្យក្រសួងមហាផ្ទៃលុបចោលការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស។ លោកបានបន្ថែមថា ក្នុងចំណងការទូតរវាងកម្ពុជានិងប្រទេសដទៃ ហាក់មិនមានចោទជាបញ្ហាចោទនោះទេ។ ប៉ុន្តែលោកអះអាងថា ក្នុងចំណងទាក់ទងរវាងវៀតណាមនិងកម្ពុជា គឺមានហានិភ័យខ្ពស់។
លោកប្រាប់អ្នកកាសែតថា៖ «ហានិភ័យខ្ពស់ហ្នឹង យើងអាចនិយាយបានថា ការដាក់អាណានិគមមកលើកម្ពុជាដោយប្រយោល ក៏ដូចជាចិត្តសាស្រ្តតាមគ្រប់រូបភាពដែលគេអាចធ្វើទៅបាន ហើយមាននិយមន័យជ្រៅដែលយើងមិនអាចមើលឃើញ ហើយមិនអាចចាក់ធ្លុះ»។
លោកបានថ្លែងបន្ថែមថា ប្រសិនបើមិនមានការឆ្លើយតបទេ នោះក្រុមយុវជននឹងដាក់លិខិតមួយច្បាប់ទៀតទៅសាលារាជធានីភ្នំពេញ អំពីការប្រមូលផ្តុំធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារឱ្យលុបបំបាត់ការចេញបណ្ណអចិន្ត្រៃយ៍ និងទាមទារឱ្យបញ្ឈប់ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ឬមហាវិទ្យាល័យភាសាវៀតណាមក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ធែល ធីលែន យុវជនម្នាក់ទៀតដែលបានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ បាននិយាយថា មន្ត្រីក្រសួងមហាផ្ទៃដែលលោកថាមិនបានប្រាប់ឈ្មោះ និងមិនបានប្រាប់តួនាទី បានទទួលយកញត្តិ តែមិនបានកំណត់ពេលឆ្លើយតប។ លោកបានថ្លែងបន្តថា ប្រសិនបើក្នុងអំឡុងពេលមួយសប្តាហ៍មិនមានការឆ្លើយតបណាមួយពីក្រសួងមហាផ្ទៃ នោះក្រុមយុវជនរបស់លោកនឹងជូនដំណឹងទៅសាលារាជធានីភ្នំពេញ អំពីការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
លោក ធែល ធីលែន បានថ្លែងបន្ថែមថា យុវជនដែលគាំទ្រសកម្មភាពដាក់ញត្តិ មានប្រមាណ ១ ពាន់នាក់ ដែលលោករំពឹងថា យ៉ាងហោចណាស់មានយុវជនប្រមាណជា ១០០ នាក់ នឹងចូលរួមប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «គ្រាន់តែអ្នកត្រៀមខ្លួនចូលមកនេះ មួយថ្ងៃបើសិនជាបើកឱ្យមកវិញអត់ក្រោមមួយ ១ ពាន់នាក់ទេ។ សុទ្ធតែសុំចូលរួម។ យើងព្រួយបារម្ភពីការពាក់ព័ន្ធនឹងហានិភ័យនានាផង អ៊ីចឹងយើងសម្រួលឱ្យគាត់ឱ្យចាំទៅទីលានប្រជាធិបតេយ្យ យើងស្របតាមផ្លូវច្បាប់ និងការអនុញ្ញាតរបស់សាលារាជធានីតែម្តង»។
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃបានណែនាំជាថ្មីឱ្យមន្ត្រីក្រោមឱវាទ អនុវត្ត និងទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ឱ្យស្របទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលក្រសួងមហាផ្ទៃដាក់ចេញ ក្នុងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស យកមកប្រើប្រាស់សម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់ពួកគេនៅលើទឹកដីកម្ពុជា។
បើតាមសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់តួលេខពីរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនជនអន្តោប្រវេសន៍ ដែលមានអាយុ ១៨ ឆ្នាំឡើង ចំនួនជាង ៦ ម៉ឺននាក់។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងគម្រោងជូនដំណឹងអំពីការធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ប្រសិនបើមិនមានការឆ្លើយតបវិជ្ជមានលើញត្តិរបស់យុវជនទាំងនោះបាននៅឡើយ។
VOA ក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ បានដែរ ទាំងតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមនៅថ្ងៃចន្ទនេះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា បើតាមរដ្ឋធម្មនុញ្ញកម្ពុជា រាល់សំណើរបស់ប្រជាពលរដ្ឋត្រូវបានទទួលយកដោយយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋ និងត្រូវមានការឆ្លើយតបដោយមានយោងហេតុផលសមរម្យ។ លោកបានថ្លែងបន្ថែមថា ដោយសារកម្ពុជាតែងរងការរិះគន់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងបទឧក្រិដ្ឋនានាប្រព្រឹត្តឡើងដោយជនបរទេស នោះកម្ពុជាចាំបាច់ត្រូវមានការអនុវត្តច្បាប់ពាក់ព័ន្ធនឹងអន្តោប្រវេសន៍ឱ្យបានតឹងរ៉ឹង។
លោកប្រាប់វីអូអេថា៖ «ទាមទារឱ្យកម្ពុជាយើងហ្នឹងអនុវត្តឱ្យបានតឹងរ៉ឹងជាដាច់ខាតទាក់ទងនឹងច្បាប់ការគ្រប់គ្រងអន្តោប្រវេសន៍ និងបទដ្ឋានផ្សេងទៀតនៅកម្ពុជាយើងហ្នឹង ការគ្រប់គ្រងលើជនប្រទេសហ្នឹងឱ្យមានភាពសុក្រឹត ឬក៏ប្រសិទ្ធភាព»។
កន្លងមក ក្រុមយុវជនដែលបានដាក់ញត្តិទៅក្រសួងមហាផ្ទៃទាំងនេះ បានដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងខែសីហា ដើម្បីជំទាស់នឹងការបើកមហាវិទ្យាល័យភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕