តុលាការ​កំពូល​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​​​លោក​ ថាច់ សេដ្ឋា

រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន កាល​លោកចូលរួមកម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

តុលាការ​កំពូល​ នៅថ្ងៃពុធ​នេះ ​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​ថាច់ សេដ្ឋា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ដោយ​បាន​រក្សា​សាល​ដីការបស់សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ហើយ​បន្ត​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

​កាល​ពី​សប្តាហ៍​មុន​ លោក ថាច់ សេដ្ឋា​ បាន​ស្នើ​ចៅក្រម​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​មួយ​ ឱ្យ​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយ​លើក​ហេតុ​ផល​ថា​ លោក​ត្រូវ​ការ​សម្រាក​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ដែល​បណ្តាល​មក​ពី​ការ​ដាក់​ «បេះ​ដូង​សិប្បនិមិ្មត» ​និង​ដើម្បី​អាច​ឱ្យ​លោក​មាន​ពេល​រក​លុយ​ដើម្បី​សង​ទៅ​ក្រុម​ហ៊ុន ​រិនឆាយ ផនសប​ (Rin Chhay Pawn Shop)​ ដែល​ទាម​ទារជាង​ ៥ ​ម៉ឺន​ដុល្លារ បូក​រួម​សំណង​ជំងឺចិត្ត​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​នឹង​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់។

លោក ថាច់​ សេដ្ឋា ក៏បាន​សូម​តម្កល់​ប្រាក់​ចំនួន ​៣ ​ម៉ឺន​ដុល្លារ​អាមេរិក​ ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​ការ​សម្រេច​របស​ចៅក្រម​តុលាការ​កំពូល​ ដើម្បី​ធានា​ថា​ លោក​នឹង​មិន​គេចវេះ​នីតិវិធី​បន្ត​របស់​តុលាការ​ នៅ​ពេល​លោក​ត្រូវ​បាន​ចៅ​ក្រមអនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន។

ទោះ​ជា​យ៉ាង​ណា​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តំណាង​លោក​ ជីវ កេង​ ប្រធានក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ថាច់​ សេដ្ឋា​ បាន​ប្រកាស​បដិសេធ​បណ្តឹង​សាទុក្ខ​របស់​មេធាវី​ការពារ​ក្តី​លោក ថាច់ សេដ្ឋា ​និង​តម្កល់​សាលដីការបស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការដដែល។

​ការ​ប្រកាស​របស់​តុលាការ​កំពូល​ ធ្វើឡើង​ដោយ​មាន​វត្ត​មាន​លោក​ ថាច់ សេដ្ឋា និង​មេធាវី​ការពារ​ក្តី​របស់​លោក​គឺ​លោក ​កែត ឃី។


លោក​ កែត ឃី សហ​មេធាវី​ការពារ​ក្តី​មួយ​រូប​ឱ្យ​លោក​ ថាច់ សេដ្ឋា ​យល់​ថា ​ការ​បដិសេធ​បណ្តឹង​សាទុក្ខ​របស់​មេធាវីការពារ​សិទ្ធិ​ និង​ការ​តម្កល់​សេចក្តី​សម្រេច​របស់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​លោក។

មេធាវីរូប​នេះ​បន្ត​ថា​ សំណុំ​រឿង​របស់​លោក ​ថាច់ សេដ្ឋា ​ជា​បទ​ល្មើស​មជ្ឈិម​ ដែល​មិន​ធ្ងន់​ធ្ងរ​និង​មិនគួរតម្រូវ​ឱ្យ​ស្ថិត​ក្នុង​ពន្ធនាគារ​នោះទេ។ ​ដូច្នេះ​លោក​ថា​ តុលាការ​គួរ​តែ​អនុញ្ញាត​ឱ្យ​លោក ​ថាច់ សេដ្ឋា បាន​នៅ​ក្រៅ​ឃុំ​ ដើម្បី​ឱ្យ​គាត់អាច​ព្យាបាល​ជំងឺ​បេះ​ដូង។

បើ​តាម​លោក ​កែត ឃី ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ក្នុង​ពន្ធនាគារ ​គឺ​ដើម្បីបញ្ចៀសការ​ប្រព្រឹត្ត​បទល្មើស​ មិន​ឱ្យកើត​ឡើង​សា​ជា​ថ្មី។ ប៉ុន្តែ​លោក​ថា លោក ​ថាច់ សេដ្ឋា គឺ​ជា​អនុ​ប្រធាន​គណបក្ស​ជំទាស់​មួយ​ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ដូច្នេះលោក​ជឿ​ថា​ លោក ​ថាច់​ សេដ្ឋា​ មិន​អាច​ធ្វើ​ឱ្យ​មាន​បទ​ល្មើស​សាជា​ថ្មីនោះ​ទេ។

លោកថ្លែងថា៖ «រឿង​បទ​ល្មើស​មជ្ឈិម​ ហើយ​អ្វី​ដែល​ជា​បទ​ល្មើសកើត​ឡើង​នេះ​ ​វា​បទស្រាល​មិន​មែន​ជា​ធ្ងន់​ទេ។ ហើយ​គួរ​ណាស់​តែ​អនុញ្ញាត​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ។ ហើយ​ការ​ឃុំ​ខ្លួន​មនុស្ស​ បិទ​សិទ្ធិ​សេរីភាព​មនុស្ស ​គឺ​ចៀស​វាង​បទ​ល្មើស​ជាថ្មី​កើត​ឡើង។ ​ហើយ​ចំពោះ​គាត់​មិន​អាច​ឱ្យ​មាន​បទល្មើស​ជា​ថ្មី​កើត​ឡើង​ទេ​ ពីព្រោះគាត់​ជា​អនុ​ប្រធាន​គណបក្ស​ គាត់​ជា​ប្រធាន​សមាគម​ខ្មែ​រកម្ពុជា​ក្រោម​ ដែល​ហៅ​ថា​មាន​តួនាទី​ក្នុង​សង្គម​មួយ​ដែរ»។

​លោក​បន្ថែមថា៖ «អ៊ីចឹង​ គាត់​មាន​ជំងឺ​បេះដូង​ដែល​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ចាំ​បាច់​ផង​ដែរ។ ​ហើយ​ការ​ឃុំខ្លួន​គាត់​នេះ ​ធ្វើ​ឱ្យ​សុខ​ភាព​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៅ​ទៀត។ ​អ៊ីចឹង​យើង​សុំ​នេះ សុំ​ដើម្បី​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ហើយ​ការ​ទាម​ទារ​ប្រាក់​របស់​ដើម​បណ្ដឹងគឺ​ចំនួន ៣ ​ម៉ឺន​[ដុល្លារអាមេរិក]​ជាង​បន្តិច​បន្តួច​ យើង​សុខ​ចិត្ត​តម្កល់​ប្រាក់​ដើម្បី​ឱ្យ​បាន​មនុស្ស​ចេញ​ ប៉ុន្តែ​តុលាការ​នៅ​តែ មិន​ព្រម​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​គាត់»។

ព័ត៌មាន​ទាក់ទង៖ លោក ​ថាច់ សេដ្ឋា​ សុំ​តុលាការ​កំពូល​​​នៅ​ក្រៅ​ឃុំ​ដើម្បី​​​ព្យាបាល​ជំងឺ​ដោយ​​តម្កល់​ប្រាក់​ប្រមាណ​៣​ម៉ឺនដុល្លារ


លោក ថាច់ សេដ្ឋា ​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ នៅ​ថ្ងៃ​ទី ​១៦​ ខែ​មករា ​ឆ្នាំ​ ២០២៣។ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ដាក់​លោក​ ថាច់ សេដ្ឋា ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ជុំវិញ​រឿងចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​ ៥​ សន្លឹក ដែល​លោក​ចេញ​ឱ្យ​ក្រុមហ៊ុន ​រិនឆាយ ផនសប។ ​តុលាការ​បញ្ជាក់​ថា ​លោក​ ថាច់ សេដ្ឋា ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​ចំនួន​ពីរ​លើក ​ដោយ​ពុំ​មាន​មូល​ហេតុ​ ក្រោយ​ការ​ប្តឹង​ផ្តល់​របស់​ក្រុមហ៊ុន ​រិនឆាយ ផនសប។

ក្នុង​សវនាការ​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន លោក ថាច់ សេដ្ឋា ​បាន​បញ្ជាក់ថា លោក​មិន​ដែល​ទទួល​បាន​ដីកា​កោះឱ្យ​ចូល​បំភ្លឺ​ម្តងណា​ឡើយ​ ស្រាប់​តែមាន​ការចាប់​ខ្លួន​តែ​ម្តង។ ហើយមេធាវី​របស់​លោក​មួយ​រូបគឺ​លោក​ សំ សុគង់​ បាន​ប្រាប់​ចៅក្រម​ថា​ កូនក្តី​របស់​លោក​បាន​ដាក់​ប្លង់​បញ្ចាំ​ចំនួន​ ៦ នៅ​ក្រុមហ៊ុន ​រិនឆាយ ផនសប។ ដូច្នេះ​បើ​កូនក្តី​របស់​លោក​មិន​សង​ប្រាក់ ​គួ​រណាស់​តែ​ក្រុម​ហ៊ុន​ប្តឹង​ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី ដើម្បី​ទាម​ទារ​រឹប​អូស​ ជំនួស​ការ​ចាប់​ឃុំខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន​លោក​ គីមសួរ​ ភិរិទ្ធ យល់​ថា​ ការ​ឃុំខ្លួន ​និង​ចោទ​ប្រកាន់​លើ​លោក ថាច់ សេដ្ឋា ​គឺ​ជា​ «​រឿង​នយោបាយ» ព្រោះ​ការ​ខិតខំ​របស់​ក្រុម​មេធាវី​សុំ​ឱ្យ​លោក​ ថាច់​ សេដ្ឋា ​នៅ​ក្រៅ​ឃុំ​ គឺ​ស្របតាម​នីតិវិធី​ និង​អាច​ធ្វើ​ទៅបាន។ លោក​បន្តថា តុលាការ​កំពូល​មិន​សម្រេច​ឱ្យ​លោក​ ថាច់​ សេដ្ឋា​ បាន​នៅ​ក្រៅ​ឃុំ​ ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថែម​ទាំង​បន្ថែម​ការចោទ​ប្រកាន់​លើ​លោក ​ថាច់ សេដ្ឋា ​ពីរ​ផ្សេង​ទៀត​ គឺ​បទ​ញុះញង់​ និង​រើស​អើង។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ករណី​[រឿង]ជំពាក់​ប្រាក់​ទេ​ តែ​ចូល​ទៅ​ករណី​នយោបាយ​ហើយ​ ព្រោះអី​យើង​បាន​ធ្វើ​គ្រប់វីធី​ទាំង​អស់​ ដើម្បី​ធ្វើ​ម៉េច​ធានា​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ។ ទន្ទឹម​ហ្នឹង​គេ​ចោទ​ករណី​ពីរ​ទៀត រឿង​ញុះញង់​ អី​[ពាក់​ព័ន្ធ]​នៅ​កូរ៉េ។ ​អ៊ីចឹង​ទៅ​វា​ធ្វើឱ្យ​បញ្ហា​ហ្នឹង​កើត​មាន​បន្ត​ [និង]ស្តែង​ចេញ​បន្ថែម​ទៀត [ដែល]ថា​វាជា​រឿង​នយោបាយ»។​

​លោក គីមសួរ​ ភិរិទ្ធ​ បន្ថែម​ថា ​ការ​ឃុំ​ខ្លួន​មេដឹក​នាំ​គណ​បក្ស​ភ្លើង​ទៀន​ បង្ហាញ​ឱ្យ​ឃើញថា ​បរិយា​កាស​នយោបាយ​នៅកម្ពុជាមាន​សភាព​អាប់​អួ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​អ្នកគាំទ្រ​ និងអ្នក​បោះឆ្នោត។ ​លោកស្នើទៅ​អ្នក​នយោបាយ​ទាំងអស់គួរតែ​ចាត់​ទុក​អ្នក​នយោបាយ​ដែល​មកពី​គណបក្ស​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ ថា​ជា​គូ​ប្រកួត​ប្រជែង ​ដោយ​កុំ​ចាត់​ទុក​ជា​គូ​សត្រូវ​ក្នុង​ការ​ធ្វើ​នយោបាយ​បម្រើ​ជាតិ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​លើក​ឡើង​ថា បើតាម​ការ​សង្កេត​លើ​សំណុំ​រឿង​លោក ​ថាច់ សេដ្ឋា​ អនុប្រធាន​បក្ស​ភ្លើង​ទៀន​នេះ សំណុំ​រឿង​នេះ​មាន​ចរិតនយោបាយ​ ​និង​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើសិន​ជា​មិន​មាន​លក្ខណៈ​ចរិត​នយោបាយ ឬ​ជាការ​គាបសង្កត់​ផ្នែក​នយោបាយ​ គឺថា​គ្រាន់​តែ​ជំពាក់​លុយ ជំពាក់​កាក់​ប៉ុណ្ណឹង គេអាច​ដោះស្រាយ​បាន​ហើយ។ គេ​អាច​ផាក​ពិន័យ គេ​អា​ច​សង​ជំងឺ​ចិត្ត​ទៅ​លើ​ម្ចាស់​បំណុល​គឺ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​យើង​មើល​ឃើញ​ហាក់​ដូច​ជា​ម្ចាស់​បំណុល​មិន​ទាម​ទារ​ឱ្យ​ដាក់​ទោស​ទណ្ឌ​អី​ខ្លាំងក្លា​ទេ ​បើ​តាម​មើល តែ​វា​ទៅ​ជា​តុលាការ​លោក​អ្នក​វិនិច្ឆ័យ​វិញ»។

លោក​បន្ថែម​ថា៖ «ធម្មតា​ម្ចាស់​បំណុល ​នៅ​ពេល​ដែល​កូន​បំណុល​យក​លុយ​ទៅ​សង ទាំង​គេ​ទាំង​ខ្ញុំ គឺ​អរ​ណាស់​ឱ្យ​តែ​បាន​លុយ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ករណី​មួយ​នេះ ហាក់​ដូច​ជា​មិនសូវ​ជា​សប្បាយ​ចិត្ត​ទៅ​នឹង​កូន​បំណុល ​នៅ​ពេល​គេ​យក​លុយ​ទៅ​សង»។

លោក យី សុខសាន្ត ​យល់​ថា​ តុលាការ​គួរ​តែ​សម្រេច​ឱ្យ​លោក ថាច់ សេដ្ឋា បាន​នៅ​ក្រៅឃុំ ដើម្បី​បញ្ចៀស​កម្តៅ​នយោបាយ កុំ​ឱ្យកើន​កាន់​តែឡើងខ្លាំង​ និង​បង្ក​ការ​បែក​បាក់​ជាតិ​។

​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែលលោក​ កន សាវាង្ស ចង់​ឱ្យអាជ្ញាធរ​រៀប​ចំការ​បោះឆ្នោត និង​អ្នក​ពាក់​ព័ន្ធ​យកចិត្ត​ទុក​ដាក់​ សម្រប​សម្រួលស្ថានភាព​នយោបាយ​ ដើម្បីធ្វើ​ឱ្យ​លម្ហ​នៃ​ការ​ចូល​រួម​របស់​ពលរដ្ឋ​ និង​ភាគី​ពាក់​ព័ន្ធ​មាន​ភាព​ល្អ​ប្រសើរ និង​អាច​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោតប្រព្រឹត្ត​ទៅ​ដោយ​រលូន។

​លោក​ថ្លែង​ថា៖ «ជា​គោលការណ៍ មាន​ន័យ​ថា ទាំង​សមត្ថកិច្ច​ ទាំងអាជ្ញាធរ​រៀប​ចំការ​បោះ​ឆ្នោត​ហ្នឹង ត្រូវ​សម្របសម្រួល ឬត្រូវ​ម៉េច​ពិនិត្យ​មើល​ទៅ​លើ​ច្បាប់ ព្រម​ទាំង​សម្រប​សម្រួល​នូវ​ស្ថាន​ភាព​ធ្វើ​ម៉េច​ឱ្យ​លម្ហនៃ​ការ​ចូលរួម​របស់​ភាគី​ពាក់​ព័ន្ធ​ ទាក់​ទង​ដំណើរ​ការ​បោះ​ឆ្នោត ក៏ដូចជា​រឿង​នយោបាយ​ហ្នឹង​ ធ្វើម៉េច​ឱ្យ​មាន​ការ​ប្រសើរ។ ជាពិសេស​រឿង​ភ័យខ្លាច ការ​ព្រួយបារម្ភ​ហ្នឹង​ គឺគេ​ប្រយ័ត្ន​ប្រយែង​ណាស់ ក្នុង​ដំណើរ​ការ​ហ្នឹង​គឺ​គេ​បើក​លម្ហ​ឱ្យ​មាន​ការ​ចូល​រួម»។​

លោកបន្ថែម​ថា​ អ្នក​គាំទ្រ ​សកម្ម​ជន ​និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ ដោយ​ហេតុ​ថា ​ពួកគេ​ខ្លះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​និង​ពេល​ខ្លះអាជ្ញាធរ​មូលដ្ឋានស្លៀក​ពាក់​ជា​ជន​ស៊ីវិល​ទៅ​ថត​រូប និង​បញ្ជី​ឈ្មោះ​នៃ​ការ​ជួបជុំ​របស់​គណបក្ស​ជាដើម៕