ខេត្តសៀមរាប/រាជធានីភ្នំពេញ — នេះជាសម្រែកសួរឆ្លើយរបស់សកម្មជននិងអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ប្រមាណ ៧.០០០នាក់ ក្នុងអំឡុងសមាជថ្នាក់ជាតិរបស់គណបក្សនេះ កាលពីដើមខែកុម្ភៈ នៅជាយក្រុងសៀមរាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ពួកគេតំណាងឲ្យកម្លាំងប្រជែងខ្លាំងជាងគេមួយ ក្នុងចំណោមគណបក្សប្រឆាំងនានា ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនិងដឹកនាំប្រទេសជាយូរអង្វែងមកហើយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ឆ្នាំ ២០២៣ នេះ។
សម្រែកសួរនិងឆ្លើយនេះក៏បានឆ្លុះបញ្ចាំងពីក្បួនឃោសនាដ៏ទ្រហឹងអឺងកងរបស់អតីតគណបក្សសង្គ្រោះជាតិដែលទទួលបានប្រជាប្រិយភាពនិងជោគជ័យគួរឲ្យកត់សម្គាល់មួយ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០១៧ មុនពេលបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល ដែលបានធ្វើឲ្យមេដឹកនាំមួយចំនួននៃគណបក្សនេះបង្ខំចិត្តនិរទេសខ្លួន។
ប៉ុន្តែមេដឹកនាំខ្លះនៃគណបក្សសង្គ្រោះជាតិនៅតែបន្តសកម្មភាពរបស់ខ្លួននៅក្នុងប្រទេស បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់លើក្រុមប្រឆាំងនៅកម្ពុជាក៏ដោយ ហើយគណបក្សភ្លើងទៀន ក៏បានក្លាយជាគណបក្សដែលមានឈ្មោះបោះសំឡេងជាងគេ នៅក្នុងចំណោមគណបក្សប្រឆាំងនានា ដែលដឹកនាំដោយអតីតមន្ត្រីនៃគណបក្សសង្គ្រោះជាតិ។
បើទោះបីជាគណបក្សភ្លើងទៀនបានយកនិមិត្តរូបពីចលនានយោបាយប្រឆាំង ដែលត្រូវបានចាប់ផ្តើមឡើងដោយមេដឹកនាំនយោបាយប្រឆាំងជើងចាស់ម្នាក់គឺ លោក សម រង្ស៊ី និងរូបទៀនពណ៌សជាមួយនឹងអណ្តាតភ្លើងពណ៌ទឹកក្រូចក្តី ក៏លោក សម រង្ស៊ី មិនជាប់ពាក់ព័ន្ធជាផ្លូវការជាមួយគណបក្សនេះនោះទេ ដោយសារបន្ទុកផ្លូវច្បាប់របស់លោក។ ស្របពេលជាមួយគ្នានោះ ក៏មានការរំពឹងថា គណបក្សភ្លើងទៀននឹងមិនអាចឈ្នះបានអាសនៈរហូតដល់ ៥៥ ដូចដែលគណបក្សសង្គ្រោះជាតិទទួលបានពីការបោះឆ្នោតថ្នាក់ជាតិ កាលពីមួយទសវត្សរ៍មុននោះទេ។
បន្ថែមលើនេះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក៏បង្ហាញជំហរបង្ក្រាបខ្លាំងៗទៅនឹងហានិភ័យនានា ខណៈមេដឹកនាំរូបនេះដែលកាន់តំណែងជានាយករដ្ឋមមន្ត្រីជាង ៤០ ឆ្នាំមកនេះ កំពុងត្រៀមផ្ទេរអំណាចទៅឲ្យកូនប្រុសច្បងរបស់លោក។ ដោយឡែក គណបក្សភ្លើងទៀនអាចរក្សាតំណែងរបស់ខ្លួនជាគណបក្សប្រឆាំងមួយ ដែលមានអាសនៈតិចតួចប៉ុណ្ណោះនៅក្នុងសភា ដែលបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាកំពុងកាន់កាប់អាសនៈសរុប ១២៥ ទាំងស្រុង។
ទោះជាយ៉ាងណាក្តី ក៏គណបក្សភ្លើងទៀននៅតែមានគោលដៅសម្រេចបានជ័យជម្នះធំពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី ៧ នេះ។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងអតីតសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ បានថ្លែងអំឡុងសមាជគណបក្ស ដោយលើកឡើងពីជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២ នៅពេលដែលគណបក្សនេះបានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ១៨ ភាគរយ និងសំឡេងឆ្នោត ២២ ភាគរយ បន្ទាប់ពីបានចាប់ផ្តើមដំណើរការឡើងវិញកាលពីចុងឆ្នាំ ២០២១។
លោក ទាវ វណ្ណុល ថ្លែងថា៖ «យើងសង្ឃឹមថា គណបក្សភ្លើងទៀននឹងទទួលជ័យជម្នះ។ គណបក្សភ្លើងទៀននឹងមានការគាំទ្រអំពីប្រជាពលរដ្ឋទូទាំង ២៥ ខេត្តក្រុងដល់គណបក្សភ្លើងទៀន ហើយយើងនឹងទទួលជ័យជម្នះនាពេលខាងមុខនេះ»។
ជោគជ័យនយោបាយប្រៀបដូចជាកាំបិតមុខពីរសម្រាប់គណបក្សភ្លើងទៀន។ នៅពេលគណបក្សនេះកាន់តែមានប្រជាប្រិយភាព គណបក្សនេះកាន់តែទំនងនឹងរងចំណាត់ការផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កឲ្យកាន់តែងាយស្រួលដល់តុលាការកម្ពុជាក្នុងការរំលាយគណបក្សនយោបាយណាដែលមានជាប់ពាក់ព័ន្ធឧក្រិដ្ឋជន។ កាលពីខែមករា អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងនិងមេដឹកនាំសហគមន៍ជនជាតិភាគតិចខ្មែរក្រោម ត្រូវបានជាប់ឃុំពាក់ព័ន្ធនឹងបទចោទប្រកាន់ចេញសែកខូចកាលពីឆ្នាំ ២០១៩។
បញ្ហានេះបានធ្វើឲ្យគណបក្សភ្លើងទៀនកំពុងដំណើរការដោយភាពផុយស្រួយ ក្នុងនាមជាជម្រើសមួយតំណាងឱ្យលទ្ធិប្រជាធិបតេយ្យ ប្រជែងនឹងគណបក្សប្រជាជនកម្ពុជា ដោយមិនហ៊ានវាយប្រហារ ឬរិះគន់ខ្លាំងក្លាលើគណបក្សកាន់អំណាច ស្របពេលកំពុងស្វែងរកសំឡេងគាំទ្របន្ថែមទៀតរហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ដែលលោក សម រង្ស៊ី និងអ្នកដទៃទៀត យល់ថា នឹងមិនមានលក្ខណៈសេរីនិងយុត្តិធម៌នោះទេ។
ការធ្វើនយោបាយបែបនេះមិនមែនជារូបមន្តសម្រាប់ជ័យជម្នះនោះទេ។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ វីរៈ ស្ថាបនិកវិទ្យាស្ថានសិក្សាគោលនយោបាយវេទិកាអនាគត (Future Forum) នៅរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «មិនមានភាពជាអ្នកដឹកនាំនៅក្នុងជួរគណបក្សភ្លើងទៀននោះទេ ហើយពួកគេក៏មិនមានទស្សនៈវិស័យរឹងមាំ ឬកន្លែង ដើម្បីអនុវត្តទស្សនៈវិស័យផងដែរ»។
នៅក្នុងចំណោមបញ្ហាធំៗរបស់គណបក្សភ្លើងទៀន គឺទំនាក់ទំនងពីពេលមុនរបស់គណបក្សនេះជាមួយនឹងលោក សម រង្ស៊ី ដែលក្នុងអាយុ ៧៤ ឆ្នាំ លោកនៅតែជាមុខមាត់តំណាងឲ្យនយោបាយប្រឆាំងបែបប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីខែតុលា លោក ហ៊ុន សែន បានគំរាមរំលាយគណបក្សភ្លើងទៀន ប្រសិនបើគណបក្សនេះនៅបន្តរក្សាទំនាក់ទំនងជាមួយនឹងលោក សម រង្ស៊ី ដោយការណ៍នេះបានបង្ខំឲ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀនបដិសេធជាបន្តបន្ទាប់លើការមានទំនាក់ទំនងណាមួយ។
លោក អ៊ូ វីរៈ ថ្លែងថា៖ «គណបក្សកាន់អំណាចដឹងថា តាមរយៈការធ្វើដូចនេះ គណបក្សភ្លើងទៀននឹងចុះខ្សោយប្រជាប្រិយភាព និងកម្លាំងកៀរគរសំឡេងគាំទ្រ ក៏ដូចជាជំនួយថវិកាពីក្រៅប្រទេសផងដែរ ដែលការផ្តល់ហិរញ្ញប្បទានជាផ្នែកដ៏សំខាន់មួយសម្រាប់គណបក្សនយោបាយ»។
សំឡេងគាំទ្រ«លាក់មុខ»ពីថ្នាក់មូលដ្ឋាន
កំពុងបីកូនប្រុសអាយុ ១៨ ខែនៅលើភ្លៅ អ្នកស្រី សន ភារម្យ ស្រែកអបអរ ស្របពេលថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានថ្លែងនៅក្នុងសមាជបក្សនៅក្រុងសៀមរាប។
សមាជិកចលនាស្រ្តីប្រចាំគណបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ វ័យ ៣៧ ឆ្នាំរូបនេះបានប្រាប់វីអូអេថា តាមរយៈការប្តេជ្ញារបស់គណបក្សភ្លើងទៀនចំពោះយុត្តិធម៌សង្គម និងឱកាសស្មើគ្នា ប្រជាពលរដ្ឋដូចជាអ្នកស្រី ដែលប្រឈមនឹងអំពើអយុត្តិធម៌ពីសំណាក់អាជ្ញាធរក្នុងស្រុក មានកម្លាំងចិត្តតស៊ូដើម្បីភាពប្រសើរឡើង។
អ្នកស្រីថ្លែងថា៖ «ខ្ញុំជឿជាក់ ១០០% ពីព្រោះអី ខ្ញុំគាំទ្រគាត់តាំងពីដើមមករហូត។ និយាយទៅ សង្ឃឹមថាមានការងារធ្វើនៅក្នុងប្រទេស និយាយទៅដូចថា ចង់បានយុត្តិធម៌ សច្ចធម៌មកវិញចឹង ពីព្រោះអីគេគាបសង្កត់យើងខ្លាំងណាស់ និយាយទៅគេប្រកាន់បក្សតែម្តង»។
លោក កង ដេត អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពគណបក្សដើម្បីស្វែងរកជ័យជម្នះ «កំពុងកក្រើក» នៅតាមមូលដ្ឋាន។ ជាអ្នកគាំទ្រគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ ១៩៩៥ មក លោក កង ដេត ថា លោកមិនរាថយដោយសារតែការរឹតត្បិតកាន់តែខ្លាំងមកលើក្រុមរបស់លោកនោះទេ ហើយលោកបានប្តេជ្ញាជួយគណបក្សភ្លើងទៀន ទទួលជ័យជម្នះក្នុងការបោះឆ្នោត នៅខែកក្កដា ឆ្នាំ ២០២៣ នេះ។
លោកបានថ្លែងប្រាប់វីអូអេថា៖ «មិនខ្លាចទេ ទោះបីថាស្លាប់ ក៏សុខចិត្តស្លាប់ដែរ។ ឥតថា យើងរស់នៅវាលំបាកទៅៗ វាអត់មានភាពទុកចិត្ត។ អ៊ីចឹងបានថា អស់សង្ឃឹម អស់សេចក្តីទុកចិត្ត។ បានជាថាមានតែគណបក្សភ្លើងទៀនហ្នឹងទេ ដែលអាចផ្តល់សេចក្តីទុកចិត្តឱ្យ អាចយើងរស់បាន»។
ក្រៅពីលោក ថាច់ សេដ្ឋា ដែលបានជាប់ពន្ធនាគារនៅខែមករា ហើយដែលត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំចំពោះការចេញសែកខូចកាលពីឆ្នាំ ២០១៩ មេដឹកនាំនិងសកម្មជនរបស់គណបក្សភ្លើងទៀនផ្សេងទៀត ក៏បានរងការធ្វើទុក្ខបុកម្នេញផងដែរ។ កាលពីពេលថ្មីៗនេះ សមាជិកបីនាក់នៃគណបក្សភ្លើងទៀនត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំពីបទចោទប្រកាន់ក្លែងបន្លំ ពាក់ព័ន្ធនឹងការបង្កើតគណបក្សនយោបាយមួយផ្សេងទៀត កាលពីឆ្នាំ ២០២១។
កាលពីខែកុម្ភៈ លោក សុន ឆ័យ អនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានទាំងប្រាំនាក់នៃគណបក្សភ្លើងទៀន ត្រូវបានរកឃើញថាមានទោសពីបទបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះការអះអាងរបស់លោក អំពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន ហើយលោកក៏ត្រូវបានបង្គាប់ឲ្យបង់សំណងជាទឹកប្រាក់ប្រមាណ ១ លានដុល្លារ។
ទោះជាយ៉ាងណាក្តី គណបក្សភ្លើងទៀននៅតែបន្តសកម្មភាពរបស់ខ្លួនទៅមុខទៀត ដោយមេដឹកនាំនានាបានធ្វើដំណើរទៅក្រៅប្រទេសដើម្បីរៃអង្គាសថវិកា ជួបជាមួយសកម្មជនមូលដ្ឋាននិងអ្នកគាំទ្រ និងរៀបចំវេទិកាសាធារណៈជាច្រើន ក្នុងនោះរួមមានវេទិកាអំពាវនាវឲ្យរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការវាយប្រហារដោយគ្រាប់បែកដៃកាលពីឆ្នាំ ១៩៩៧ នៅក្រុងភ្នំពេញ មកលើការជួបជុំរបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី។
លោក សុន ឆ័យ បានថ្លែងថា៖ «ខ្ញុំនិយាយហើយថា យើងនឹងចូលរួមការបោះឆ្នោត ហើយយើងខ្ញុំក៏ខំសម្រួលដែរ សម្រួលឱ្យកិច្ចសហការគ្នាបានប្រសើរទៅ កុំឱ្យមានរឿងអាស្រូវកើតមាន ដើម្បីឱ្យយើងបំពេញការងារយើងជាគណបក្សប្រជែងហ្នឹងឱ្យអស់ពីលទ្ធភាពទៀត។ យើងចង់បានតែប៉ុណ្ណឹងទេ។ ហើយបើវាទល់ លែងឃើញថា យើងទៅចូលរួមបោះឆ្នោតកើត នោះមិនបាច់ប្រកាសទេ គឺឈប់តែម្តងទៅ បើសិនណាស្ថានភាពវាអាក្រក់ខ្លាំងពេក ទៅបោះឆ្នោតមិនកើត ហើយរាស្ត្រមិនហ៊ានបោះឆ្នោតឱ្យយើងទេ»។
លោក សុន ឆ័យ បានថ្លែងបន្ថែមថា គណបក្សភ្លើងទៀន ចង់ចាប់ផ្តើមវប្បធម៌នយោបាយថ្មីមួយ។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំចង់ឃើញ ហើយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក៏កំពុងតែគិតដើម្បីអនុវត្តជាក់ស្តែងដែរ ថា យើងធ្វើនយោបាយបែបថ្មី របៀបថ្មី។ ហើយរបៀបថ្មីហ្នឹងគឺថាយើងធ្វើម៉េចឱ្យឃើញថា អ្នកនយោបាយគេមិនយកគ្នាជាសត្រូវទេ»។
អ្នកស្រី លី គឹមហ៊ាង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សភ្លើងទៀនប្រចាំឃុំរអាង ខេត្តកំពង់ចាម បានប្រាប់វីអូអេថា អ្នកស្រីបាននិងកំពុងបំពេញការងារនៅរៀងរាល់ចុងសប្តាហ៍ ចាប់តាំងពីសមាជគណបក្ស «ដោយជួបជាមួយនឹងសកម្មជន និងសមាជិកគណបក្សដទៃទៀតនៅថ្នាក់ស្រុក ដើម្បីអនុវត្តគោលដៅនយោបាយដើម្បីជួយគណបក្ស [ភ្លើងទៀន] ត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតនៅខែកក្កដា»។
អ្នកស្រី លី គឹមហ៊ាង បានថ្លែងថា៖ «គាត់នឹងគាំទ្រទាំងអស់ហ្នឹង តែបញ្ហាសំខាន់នោះ គឺគាត់អត់ហ៊ានចេញមុខគាំទ្រ អត់ហ៊ានចេញមុខទេ ខ្លាចមានសម្ពាធពីអាជ្ញាធរមូលដ្ឋាន កាលណាគាត់ដឹងថា គាតហ្នឹងចេញមុខគាំទ្រគណបក្សភ្លើងទៀន គឺគាត់មានបញ្ហា រងការគំរាមកំហែង គាត់បានតែត្រឹមបោះឆ្នោតសម្ងាត់។ បើគាំទ្រលាក់មុខ ត្រឹមមកបោះឆ្នោតឱ្យ អាហ្នឹងគាត់នឹងបោះឆ្នោតឱ្យ»។
គណបក្សប្រឆាំងដែលប្រេះស្រាំ
គណបក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយនោះទេក្នុងការស្វះស្វែងធ្វើជាគណបក្សប្រឆាំងដ៏សមស្របមួយ តែមិនគំរាមកំហែងខ្លាំងដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះ។
លោក កឹម សុខា អ្នកនយោបាយប្រឆាំងជើងចាស់ម្នាក់ ដែលធ្លាប់ជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិនិងជាដៃគូរបស់លោក សម រង្ស៊ី ក្នុងអំឡុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ក្នុងសំណុំរឿងមួយដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលលោកខាងលិច និងអង្គការការពារសិទ្ធិមនុស្ស។
មន្ត្រីជាន់ខ្ពស់ខ្លះដែលស្និទ្ធនឹងលោកក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានបង្កើតគណបក្សផ្ទាល់ខ្លួន ក្នុងនោះរួមមាន គណបក្សកែទម្រង់កម្ពុជា ដែលបានប្រើប្រាស់សញ្ញាព្រះអាទិត្យដូចទៅនឹងគណបក្សសង្គ្រោះជាតិដែរ។ លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បានឱ្យដឹងថា គណបក្សនេះកំពុងប្រតិបត្តិការប្រកបដោយការប្រយ័ត្នប្រយែង ឆ្ពោះទៅកាន់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី ៧ នាខែកក្កដា ឆ្នាំ ២០២៣ នេះ។
លោក ប៉ុល ហំម ថ្លែងថា៖ «គឺយើងនៅតែត្រៀមលក្ខណៈ និងតាមសង្កេតមើលដែរថា ចាប់តាំងពីពេលនេះទៅរហូតដល់ពេលបោះឆ្នោត តើស្ថានភាពនឹងអនុគ្រោះឱ្យគណបក្សកែទម្រង់កម្ពុជានឹងចូលរួមបោះឆ្នោតបាន ឬមិនបាន។ គណបក្សកែទម្រង់កម្ពុជាត្រៀមខ្លួនរៀបចំការរួបរួមជាមួយគណបក្សនយោបាយណាក៏បានដែរ ឱ្យតែគណបក្សនយោបាយនោះដើរនៅលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ»។
អ្នកជំនាញអភិបាលកិច្ចនិងសង្កេតការណ៍នយោបាយ លោក ឱក សេរីសោភក្តិ៍ យល់ថា ការរួមបញ្ចូលគ្នានិងសហការគ្នារវាងគណបក្សប្រឆាំងខ្លះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមុនការបោះឆ្នោត អាចជួយពង្រឹងចរន្តគាំទ្រនិងជួយតតាំងនឹងយុទ្ធសាស្រ្តដ៏មាំទាំរបស់គណបក្សកាន់អំណាចនៅក្នុងការក្តាប់អំណាច។
លោក ឱក សេរីសោភក្តិ៍ បានថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថា ក្រោយនយោបាយជាអ្វីដែលដាក់បន្ទុកជាសាលក្រមធ្ងន់ធ្ងរមកលើលោក កឹម សុខា ហើយនៅពេលដែលលោក សម រង្ស៊ី នៅតែត្រូវនិរទេសខ្លួនឯងនៅបរទេសនៅឡើយ ខ្ញុំគិតថា គណបក្សដែលមិនចូលរួមសហប្រតិបត្តិការជាមួយនឹងគណបក្សកាន់អំណាច អត់មានផ្លូវអីជ្រើសរើស ក្រៅតែពីមួយគត់ គឺរួមគ្នាតែម្តង រួមក្នុងសភាពប្របាច់ចូលគ្នាក៏ដោយ ឬក៏រួមក្នុងសភាពគិតគូរពិចារណាដើម្បីកុំឱ្យប៉ែងជើងគ្នានៅក្នុងតំបន់ភូមិសាស្ត្រដើម្បីកុំឱ្យខាតសំឡេង និងធ្វើយ៉ាងណាដើម្បីនឹងជ្រេរកសំឡេង កុំឱ្យដណ្តើមសំឡេងគ្នា គឺថា យុទ្ធសាស្ត្រនៅមាន ប៉ុន្តែយុទ្ធសាស្ត្រយ៉ាងណាក៏ដោយ ក៏ចៀសមិនរួចពីសហប្រតិបត្តិការ និងរួមគ្នាដែរ»។
ក៏ប៉ុន្តែមានសញ្ញាតិចតួចប៉ុណ្ណោះនៃសាមគ្គីភាពនៅក្នុងជួរគណបក្សប្រឆាំងនានាដែលបានរងការប្រេះស្រាំទៅហើយនោះ។ នេះបើតាមការវិភាគរបស់លោក អ៊ូ វីរៈ។
លោក អ៊ូ វីរៈ ថ្លែងថា៖ «សូមចាំថា លោក កឹម សុខា មិនបានគាំទ្រគណបក្សភ្លើងទៀននោះទេ។ តាមពិតទៅ លោកបានចេញមករិះគន់គណបក្សភ្លើងទៀនទៅវិញ។ នេះបណ្តាញបក្សប្រឆាំងមានការប្រេះស្រាំរួចទៅហើយ»។
លោក អ៊ូ វីរៈ បានបន្ថែមថា កិច្ចប្រឹងប្រែងរបស់លោក កឹម សុខា នៅក្នុងការ«បន្តប្រកាន់ជំហរ» ជាប់នឹងគណបក្សសង្គ្រោះជាតិ «បញ្ជាក់ថាមានការបែកខ្ញែកគ្នាយ៉ាងច្បាស់នៅក្នុងចំណោមគណបក្សប្រឆាំង»។
ហើយនេះជាចរន្តមួយ ដែលគណបក្សកាន់អំណាចពិតជាដឹងច្បាស់។ នេះបើតាមការលើកឡើងរបស់លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen's Cambodia)។
លោក Strangio បានថ្លែងថា៖ «យើងត្រូវចោទសួរថា ហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចចុះឈ្មោះនិងចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ បាន។ ខ្ញុំចង់មានន័យថា នេះមិនមែនជាអ្វីដែលគណបក្សប្រជាជនកម្ពុជាត្រូវធ្វើឲ្យគ្រាន់តែមានបក្សប្រឆាំងនោះទេ។ តែវាជាជម្រើសមួយ ដែលគណបក្សកាន់អំណាចបានសម្រេចចិត្តធ្វើឡើង ដែលទំនងជាមានគោលដៅយុទ្ធសាស្រ្តមួយបង្កប់ក្នុងនោះ»។
លោក Strangio បានបន្ថែមថា យុទ្ធសាស្ត្រនេះក៏នាំនូវផលប្រយោជន៍បន្ថែមទៀតដល់គណបក្សកាន់អំណាច ដើម្បីបង្ហាញពីដំណើរការបោះឆ្នោត «ដែលស្របច្បាប់និងប្រកបដោយប្រជាធិបតេយ្យជាងមុន» ទៅកាន់បណ្តាប្រទេសលោកខាងលិចដែលបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើសាលក្រមកាត់ទោសលោក កឹម សុខា និងដែលបានស្នើឱ្យមានការធានានូវការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
លោក Sebastian Strangio ថ្លែងថា៖ «ខ្ញុំយល់ថា នេះជាយុទ្ធសាស្ត្រមួយដើម្បីបង្ហាញដល់ពិភពលោកឱ្យឃើញដំណើរការបោះឆ្នោតដែលស្របច្បាប់និងប្រកបដោយលទ្ធិប្រជាធិបតេយ្យជាងមុន ដែលអាចនឹងបន្ថយសម្ពាធរបស់បណ្តាប្រទេសលោកខាងលិច លើរដ្ឋាភិបាលកម្ពុជា។ តែខ្ញុំក៏គិតថា មូលហេតុចម្បងនោះ គឺដើម្បីផ្តល់ប្រជាជនកម្ពុជានូវស្មារតីមួយថា ពួកគេមានជម្រើស[បក្សនយោបាយ]មួយទៀត»។
«គ្មានរឿងភ្ញាក់ផ្អើលនោះទេ»
ចាប់ពីចុងខែមេសារហូតដល់ចុងខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិងកំពុងចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនរបស់ពួកគេ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ។
ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ គេក៏សង្កេតឃើញថា លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងជើងចាស់និរទេសខ្លួននៅក្រៅប្រទេស កំពុងមមាញឹកកៀរគរការដាក់សម្ពាធអន្តរជាតិលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយអះអាងថា សាលក្រមមកលើលោក កឹម សុខា គឺជាសញ្ញាមួយនៃការដើរឆ្ពោះទៅរក«ការបោះឆ្នោតក្លែងក្លាយ»។
នៅក្នុងសារអេឡិចត្រូនិកឆ្លើយតបមកកាន់វីអូអេ លោក សម រង្ស៊ី បានរៀបរាប់ថា៖ «លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ជាប់ឃុំ និងកាត់ផ្តាច់ពីការជួបជាមួយនឹងមេធាវីរបស់លោក។ រីឯគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់។ ដូច្នេះ «ការបោះឆ្នោត» [ខាងមុខ] គឺជាការអនុវត្តក្លែងក្លាយមួយ នាពេលបច្ចុប្បន្ន»។
លោកបានបញ្ជាក់ជាលាយលក្ខណ៍អក្សរបន្ថែមទៀតថា៖ «សម្រាប់គណបក្សប្រឆាំងមួយដើម្បីអាចទទួលយកលទ្ធផលបោះឆ្នោតបាន គឺត្រូវមានបរិយាកាសបោះឆ្នោតមួយដែលប្រកបដោយភាពសេរីនិងយុត្តិធម៌ ដែលត្រូវធ្វើឲ្យមាននៅមុនពេលបោះឆ្នោត»។ លោក សម រង្ស៊ី បានថ្លែងដូច្នេះ ដោយជំរុញឲ្យមានការកែទម្រង់ជាមូលដ្ឋានលើសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលលោកចាត់ទុកថា ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
លោក អៀរ សុផល ព្រឹទ្ធបុរសរងនិងសាស្ត្រាចារ្យជំនួយនៃវិទ្យាស្ថាន Thunderbird School of Global Management នៃសាកលវិទ្យាល័យ Arizona State University ក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថា អ្វីដែលច្បាស់នោះគឺថា គណបក្សប្រជាជនកម្ពុជា នឹងធានាថា ខ្លួននឹងឈ្នះការបោះឆ្នោតនេះ។
លោក អៀរ សុផល បានសរសេរឆ្លើយតបនឹងសំណួររបស់វីអូអេតាមសារអេឡិចត្រូនិកថា៖ «គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនឹងកើតឡើងនោះទេ ហើយគណបក្សប្រឆាំងដែលអាចមានលទ្ធភាពតទល់តែមួយគត់នោះគឺ គណបក្សភ្លើងទៀន ដែលនឹងត្រូវរំលាយចោលដូចគណបក្សប្រឆាំងពីមុន ហើយមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ»។
ក៏ប៉ុន្តែអ្នកស្រី Astrid Norén-Nilsson សាស្ត្រាចារ្យជំនួយជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Lund នៅប្រទេសស៊ុយអែត បានបង្ហាញមន្ទិលជុំវិញរឿងនេះ។
អ្នកស្រី Astrid Norén-Nilsson បានសរសេរឆ្លើយតបនឹងសំណួររបស់វីអូអេតាមសារអេឡិចត្រូនិកថា៖ «អ្វីដែលមិនទាន់ដឹងច្បាស់នៅចំណុចនេះគឺថា តើគណបក្សភ្លើងទៀននឹងប្រឈមមុខនឹងការរំលាយ ឬអាចចូលរួមប្រកួតនៅក្នុងការបោះឆ្នោត។ ប៉ុន្តែមិនថាកាលៈទេសៈណាមួយឡើយ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ បើករណីទាំងពីរនេះកើតឡើងនោះ»៕