សង្គមស៊ីវិលបារម្ភ ក្រោយស៊ុយអែតសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកអភិវឌ្ឍន៍

រូបឯកសារ៖ កម្មករ​សំណង់​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​ នៅជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៣០​នឹង​រង​ផល​ប៉ះពាល់ ដោយ​សារ​ការ​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ផ្នែក​អភិវឌ្ឍន៍ ​របស់​រដ្ឋាភិបាល​ស៊ុយអែត​ជាមួយ​កម្ពុជា នា​ចុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ។

ក្នុង​គ្រា​ដែល​ស៊ុយ​អែត​ប្រកាស​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ដែល​ពង្រឹង​ផ្នែក​សិទ្ធិ​មនុស្ស ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យរដ្ឋាភិបាល​ស៊ុយ​អែត​ពិចារណា​ឡើង​វិញ ដោយ​មើល​ឃើញ​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ផ្តល់​សេវា​ដែល​មាន​សារៈ​សំខាន់សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

កញ្ញា ស្តើង ភារ៉ុង នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​បន្ទាយ​ស្រ្តី​ដែល​ធ្វើ​ការ​លើក​កម្ពស់​ស្រ្តី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ថ្លែង​ថា ​អង្គការ​បន្ទាយស្រី​ទទួល​បានថវិកា​ទ្រទ្រង់​ស្ថាប័ន​ពី​ជំនួយ​របស់​ស៊ុយ​អែត​ក្នុង​ចំណែក​១៥​ទៅ​៣០%​នៃ​ការ​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​របស់​អង្គការ។ កញ្ញា​បន្ថែម​ថា ​រដ្ឋាភិបាល​ស៊ុយ​អែត​តាម​រយៈ​ទីភ្នាក់ងារ​ស៊ីដា​បាន​គាំទ្រ​ផែន​ការ​យុទ្ធសាស្រ្ត​របស់​អង្គការ​របស់​អ្នកស្រី​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

អ្នកនាង ស្តើង ភារ៉ុង ប្រធាន​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ចូលរួម​ជាវាគ្មិន ពិភាក្សា​អំពី «ការពង្រឹង​អំណាច​ស្រ្តី​ក្នុង​ភាព​ជា​អ្នកដឹកនាំ» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី៣ ខែសីហា

កញ្ញា​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «ដល់​ពេល​ការ​សម្រេច​ចិត្ត​របស់​គាត់​ភ្លាមៗ​ហ្នឹង វា​ដូច​ធ្វើ​ឱ្យយើង​មិន​បាន​នឹង​ត្រៀម​ខ្លួន​ទុក​ជា​មុន។ យើង​ក៏​ដឹង​ហើយ កន្លង​មក ស៊ីដា​ក៏​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ទៅ​លើ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស ប្រជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

អង្គការ​បន្ទាយស្រី​ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​សង្គម​ស៊ីវិល​ប្រមាណ​៣០​ទៀត​ ដែល​នឹង​រង​ផល​ប៉ះពាល់​នៃ​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​អភិវឌ្ឍន៍នេះ។ អង្គការ​បន្ទាយ​ស្រី​ធ្វើ​ការ​លើ​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្រ្តី​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ ភាព​អង់​អាច​របស់​ស្រ្តី​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ ដោយ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ អង្គការ​នេះ​ក៏​ជួយ​ស្រ្តី​រង​គ្រោះ​ដោយ​ហិង្សា​លើ​យេនឌ័រ ផ្តល់​វគ្គបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពង្រឹង​ចំណេះ​ដឹង និង​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដល់​ស្រ្តី​រង​គ្រោះ​ដោយ​ហិង្សា។

អង្គការ​នេះ​មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បាត់ដំបង។

នាយិកា​នៃអង្គការ​បន្ទាយស្រី​ថ្លែង​ថា ​អង្គការ​របស់​កញ្ញា​ដែល​ទទួល​បាន​ជំនួយ​ពី​ទីភ្នាក់ងារ​ស៊ីដា​ជាង​១០​ឆ្នាំ​មក​ហើយ ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត។

កញ្ញា​បញ្ជាក់​ថា៖ «យើង​ក៏​អត់​ចង់​ឱ្យការ​បាត់​បង់​ជំនួយ​ពី​ម្ចាស់​ជំនួយ​ធំ ដូច​ជា​ស៊ីដា​ឬ​ក៏​ម្ចាស់​ជំនួយ​ផ្សេងៗ ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ វា​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​ស្រ្តី​គាត់​រង​គ្រោះ​ផ្សេង​ទៀត ដែល​គាត់​ត្រូវ​ការ​ជំនួយ​ពី​យើង»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​ថា​អង្គការ​របស់​លោក​ក៏​ប្រឈម​នឹង​ការ​សម្រេច​បញ្ចប់​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ដែរ ដោយ​តម្រូវ​ឱ្យ​រក​ប្រភព​ជំនួយ​ផ្សេង​ទៀត ដើម្បី​ទ្រទ្រង់​សកម្មភាព​របស់​ខ្លួន។

នាយកប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​អ្នកសារព័ត៌មាន​ក្នុងវេទិកា​យុវជនថ្នាក់​ជាតិ​ដើម្បី​អបអរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២។​ (កាន់ វិច្ឆិកា/វីអូអេ)

លោក​បន្ថែម​ថា​ ការ​សម្រេច​បញ្ចប់​ជំនួយ​អភិវឌ្ឍន៍​នេះ ដោយ​សារ​មូល​ហេតុ​ចំនួន​ពីរ។ ទីមួយ​គឺ​បញ្ហា​អសន្តិសុខ ដូច​ជា​សង្រ្គាម​រុស្ស៊ី​និង​អ៊ុយក្រែន ការ​សម្រេច​ចិត្ត​របស់​ស៊ុយអែត​ចូល​សមាជិក​ភាព​របស់​អង្គការ​ណាតូ​ដែល​ទាមទារ​ឱ្យបរិច្ចាគ​ថវិកា​ជាតិ​ចូល​ទៅ​ក្នុង​ថវិកា​របស់​ណាតូ​។ មូលហេតុ​ទីពីរ លោក ប៉ិច ពិសី លើក​ឡើង​ថា​ មាន​ការ​វាយ​តម្លៃ​ថា​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ស៊ុយអែត​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​កន្លង​ទៅ «មិន​សូវ​បាន​ផល​វិជ្ជមាន» ជា​ពិសេស​ការ​លើក​កម្ពស់​ប្រជាធិប​តេយ្យ ការ​គោរព​សិទ្ធិ បញ្ហា​នីតិរដ្ឋ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក​បន្ថែម​ថា​ការ​សម្រេច​បញ្ចប់​ជំនួយ​នេះ​នឹង​មាន​ផល​ជះ​អវិជ្ជមាន​ភ្លាមៗ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់៣០​ស្ថាប័ន។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​ដក​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិ​របស់​ស៊ុយ​អែត​ចេញ​ពី​កម្ពុជា​នៅ​ក្នុង​ចុង​ឆ្នាំ​២០២៤​នេះ យើង​ឃើញ​ថា​នឹង​មាន​ផល​ប៉ះពាល់​ភ្លាមៗ​ហើយ​ដោយ​ផ្ទាល់​តែ​ម្តង​ទៅ​លើ​វិស័យ​សំខាន់ៗ​ដែល​កម្ពុជា​ត្រូវ​ការ​ចាំបាច់ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​គោរព​នូវ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ គោរព​នូវ​គោល​ការណ៍​សិទ្ធិមនុស្ស ហើយ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​ម្តង»។

បើ​តាម​លោក ប៉ិច ពិសី រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ ប្រទេស​ស៊ុយ​អែត​តាម​រយៈ​ទីភ្នាក់​ងារស៊ីដា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​កម្ពុជា​ជា​ពិសេស​លើ​ផ្នែក​អភិបាល​កិច្ច​ល្អ ការ​ដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិប​តេយ្យ បញ្ហា​នីតិរដ្ឋ បញ្ហា​យុត្តិធម៌ លើក​កម្ពស់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក ប៉ិច ពិសី បន្ថែម​ថា ​រដ្ឋាភិបាល​ស៊ុយអែត​អះអាង​ថា​ខ្លួន​នៅ​តែ​បន្តជំហរ និង​ការ​តាំង​ចិត្ត​ខ្ពស់​តាម​រយៈ​យុទ្ធសាស្រ្ត​ការបរទេស និង​ទីភ្នាក់​ងារ​ស៊ីដា​របស់​ខ្លួន ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិប​តេយ្យ បើ​ទោះ​មិន​មាន​កម្មវិធី​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ក្តី។

លោក ប៉ិច ពិសី បញ្ជាក់​ថា​៖ «ទោះ​បី​ជា​ដក​ពី​កម្ពុជា ក៏​ស៊ី​ដា​នៅ​តែ​បន្ត​ជួយ​កម្ពុជា​នៅ​ក្នុង​ក្រប​ខណ្ឌ​ដទៃ​ទៀត​ដែល​មាន​នៅ​ក្នុង​តំបន់ ឬ​ក្រប​ខណ្ឌ​សាកល​ជា​ដើម»។

កាល​ពី​ចុង​ឆ្នាំ​២០២១ រដ្ឋាភិបាល​ស៊ុយ​អែត​បាន​បិទស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។ មុន​នឹង​ការ​សម្រេច​បិទ​ស្ថាន​ទូត​នេះ ស៊ុយអែត​ក៏​បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជាប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ​កាន់​តែ​ខ្លាំងក្លា។ រដ្ឋាភិបាល​ស៊ុយអែត​បញ្ជាក់​កាល​នោះ​ថា​ លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​«ការ​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ»។

ក្រោយ​ការ​សម្រេច​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​នេះ អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សហគមន៍​ប្រមាណ​១០០ស្ថាប័ន​បាន​ស្នើ​ឱ្យរដ្ឋាភិបាល​ស៊ុយ​អែត​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តី​សម្រេច​នេះ ឬ​ទុក​រយៈ​ពេល​វែង​បន្តិច​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ថវិកា​ពី​ប្រភព​ផ្សេង​មក​ជំនួស​។ ពួកគេ​មើល​ឃើញ​ថា​ការ​បញ្ចប់​កិច្ចសហប្រតិបត្តិ​នេះ​«នឹង​មាន​ផល​ប៉ះពាល់​ភ្លាមៗ​និង​ធ្ងន់ធ្ងរ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​មាន​កាតព្វ​កិច្ច​ទទួល​ខុសត្រូវ​ផ្នែក​ការងារ​ដ៏​លំបាក និង​ផ្លូវ​ច្បាប់​ផ្សេងៗ​សម្រាប់​បុគ្គលិក​និង​ប្រជាជន​កម្ពុជា​ដែល​ពួកគេ​ផ្តល់​សេវា»។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​នាយក​រដ្ឋ​មន្រ្តី​ស៊ុយអែត លោក Ulf Kristersson កាល​ពី​ខែ​មករា ដែល​វីអូអេ​ទទួល​បាន។

ជា​ការ​ឆ្លើយ​តប​នឹង​លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា អ្នកស្រី Diana Janse រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ និង​ពាណិជ្ជកម្ម​បរទេស បញ្ជាក់ក្នុង​លិខិត​ថា​រដ្ឋាភិបាល​ស៊ុយអែត​បាន​កាត់​បន្ថយ​ចំនួន​ប្រទេស​ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ជាមួយ ហើយ​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​ដែល​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ។

អ្នកស្រី​បញ្ជាក់​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ក្រសួង​ការបរទេស​ស៊ុយអែត​ផ្តល់ឱ្យ​វីអូអេ​ថា៖ «ដូច្នេះ​យើង​នឹង​ព្យាយាម​ឱ្យអស់​ពី​សមត្ថភាព​ដើម្បី​ធានា​ការ​បញ្ចប់​ជំនួយ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។ យើង​នឹង​ស្វែង​រក​កិច្ច​ពិភាក្សា​ជាមួយ​ម្ចាស់​ជំនួយ​និង​ដៃ​គូ​ដទៃ​ទៀត ដើម្បី​កាត់​បន្ថយ​ផល​វិបាក​អវិជ្ជមាន»។

បើ​តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ស៊ីដា ក្នុង​ឆ្នាំ​២០២៣ ជំនួយ​អភិវឌ្ឍន៍​របស់​ស៊ុយ​អែត​មក​កម្ពុជា​មាន​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក ដែល​ជួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។

លោក ណុប វី នាយក​ប្រតិបត្តិ​របស់​សមាគម​ខេមបូចា ថ្លែង​ថា​កន្លង​មក ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយ​អែត​មាន​ភាព​ចាំបាច់​និង​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ការ​ជួយ​ពង្រឹង​ដំណើរ​ការ​ប្រជាធិប​តេយ្យនិង​ពង្រឹង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា​ជំនួយ​នេះ​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សេរីភាព​សារព័ត៌មាន សារព័ត៌មាន​ឯករាជ្យ និង​គាំទ្រ​ការងារ​របស់​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់​ វិ

លោក​ប្រាប់​វីអូអេ​ថា៖ «នេះ​ជា​រឿង​មួយ​ដែល​មាន​ភាព​ចាំបាច់​ដែល​យើង​ទទូច​ដល់​រដ្ឋាភិបាលស៊ុយ​អែត​ឱ្យគាត់​ពិចារណា​នៅ​ក្នុង​ការ​បន្ត​ជួយ​ដល់​ការ​ពង្រឹង​អង្គការ​សង្គម​ស៊ីវិល ការ​ផ្តល់​មូលនិធិ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យអាច​បន្ត​កិច្ចការ​នៅ​ក្នុង​ការ​ជួយ​ការ​ពង្រឹង​អភិបាលកិច្ច​ ក៏​ដូច​ជា​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត»។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​ការ​កែ​លម្អ ដូច្នេះ​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​សារៈ​សំខាន់​ក្នុង​ការ​រួម​ចំណែក​ភាព​ជា​ដៃគូ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​មើល​ឃើញ​ថា​ ជំនួយ​របស់​ស៊ុយ​អែត​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យបាន​ពេញ​លេញ។

លោក ប៉ែន បូណា អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​មើល​ឃើញ​ថា ​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​នេះ ដោយ​សារ​ប្រទេស​ម្ចាស់​ជំនួយ​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​ការងារ​ទាំង​នេះ​បាន​ល្អ​ប្រសើរ​ហើយ ដូច្នេះ​មិន​ចាំបាច់​មាន​ជំនួយ​មក​ដល់​អង្គការ​សង្គម​ស៊ីវិល​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «រាជរដ្ឋាភិបាល​បាន​ខិត​ខំ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ មាន​ទាំង​វិស័យ​អប់រំ សុខាភិបាល​អី​គ្រប់​បែប​យ៉ាង។ អញ្ចឹង​គេ​មើល​ឃើញ​ថា​រាជរដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ហើយ គេ​ធ្វើការងារ​បាន​ល្អ​ហើយ អញ្ចឹង​គាត់​មិន​ចំណាយ​លុយ​ដល់​NGOs​ទៀត​ទេ។ នេះ​ជា​រឿង​របស់​គាត់​ទេ គាត់​គិត​ឃើញ​អញ្ចឹង បាន​ជា​គេ​សម្រេច​អញ្ចឹង​»។

លោក ប៉ែន បូណា បន្ថែម​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បានបំពេញ​ការងារ​ជួយ​កម្ពុជា​បាន​ច្រើន ប៉ុន្តែ​លោក​ថា​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​«សរសេរ​របាយ​ការណ៍​អាក្រក់»ពី​កម្ពុជា ដើម្បី​ទទួល​បាន​ជំនួយ។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្រសួងការបរទេស​របស់​ស៊ុយអែត​ប្រាប់វីអូអេ​កាល​ពី​ខែ​មករា​ថា​ រដ្ឋាភិបាល​ស៊ុយ​អែត​ចង់​ឱ្យជំនួយ​អភិវឌ្ឍន៍​របស់​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មាន​ប្រសិទ្ធ​ភាព តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​កន្លែង​ដែល​ល្អ​បំផុត។ ក្រសួង​ការបរទេស​បញ្ជាក់​ ថា​ធនធាន​មាន​កម្រិត ខណៈ​មាន​តម្រូវ​ការ​កើន​ឡើង​នៅ​បរទេស ដូច្នេះ​វា​តម្រូវ​ឱ្យរដ្ឋាភិបាល​ត្រូវ​តែ​ផ្តោត​លើ​អាទិភាព​ចាំបាច់។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​ស៊ុយ​អែត​នឹង​បន្ត​ជា​អ្នក​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​លើ​ផ្នែក​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​វេទិកា​ពហុភាគី និង​ក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប។រដ្ឋាភិបាល​ស៊ុយអែត​បញ្ជាក់​ថា​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​នេះ មិន​មែន​មាន​ន័យ​ថា​ជា​ការ​បញ្ចប់​ទាំង​ស្រុង​នៃ​ជំនួយ​របស់​ស៊ុយ​អែត​មក​កម្ពុជា​ឡើយ។

រហូត​មក​ដល់​ពេល​នេះ ក្រសួង​ការបរទេស​ស៊ុយ​អែត​មិន​ទាន់​អាច​បញ្ជាក់​ថា ​តើ​ស្ថានទូត​ស៊ុយអែត​ការិយាល័យ​ប្រចាំ​កម្ពុជា​នឹង​ត្រូវ​បិទ​ឬយ៉ាងណា​នោះ​ទេ ក្រោយ​រដ្ឋាភិបាលសម្រេច​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​នៅ​ចុង​ឆ្នាំ​នេះ៕