តន្រ្ដីករ​ចាប៉ី​ដងវែង លោក គង់ ណៃ ទទួល​មរណភាព

ព្រឹទ្ធាចារ្យ​ចាប៉ី​ជើង​ចាស់​គង់ ណៃ​ សម្ដែង​​នៅ​ក្នុង​មហោស្រពចាប៉ី​លើក​ទីមួយ​នៅ​សាល​មហោស្រព​ចតុមុខនៃ​រាជធានី​ភ្នំពេញ​​កាលពី ថ្ងៃអាទិត្យ​ទី​០៣​មេសា​នេះ។ (​ឡេង ឡែន/VOA)

ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ចាប៉ីដង​វែង លោក គង់ ណៃ បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ក្នុង​ជន្មាយុ​៨០​ឆ្នាំ។ នេះ​បើ​តាម​ការ​ចែក​រំលែក​របស់​ក្រុម​សិល្បករ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​កូន​ប្រុស​របស់​លោក។

លោក គង់ ណៃ បាន​ទទួល​មរណភាព​ដោយ​សារ​បញ្ហា​រោគាពាធ រួម​មាន​ជំងឺ​បញ្ហា​ទឹក​នោម​ផ្អែម​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កូន​ប្រុស​របស់​លោក គង់ ណៃ គឺលោក គង់ បូរាណ។

លោក គង់ ណៃ មាន​កូន​១១​នាក់ ស្លាប់​ម្នាក់។ កូន​របស់លោកទាំង១០​នាក់​ដែលនៅ​រស់ មានប្រុស​៦​នាក់ និង​ស្រី​៤​នាក់។

ព្រឹទ្ធាចារ្យគង់​ ណៃ ជា​តន្រ្តីករ​ចាប៉ី​ដង​វែង​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​មាន​គោរមងារ​ជា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ។ លោក​កើត​នៅ​ក្នុង​ឆ្នាំ​១៩៤៤ ហើយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​ការ​សោក​ស្ដាយចំពោះ​ការ​បាត់​បង់​សិល្បករ​តន្រ្ដី​ជំនាញ​ផ្នែក​ចាប៉ីដង​វែង​រូប​នេះ។